១៥ តុលា ២០២៦

Written on 17/02/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី២៨ ឆ្នាំ«គូ»
ពណ៌ស

បុណ្យរម្លឹក
សន្តីតេរេសានៃព្រះយេស៊ូ
ជាព្រហ្មចារិនីនៅក្រុងអាវីឡា និងជាគ្រូបាធ្យាយ

សូមចុចទីនេះ

នាងតេរេសា (១៥១៥-១៥៨២) កើតនៅក្រុងអាវីឡា (ប្រទេសអេស្ប៉ាញ)។ កាលនាងអាយុដប់ប្រាំបីឆ្នាំ នាងចូលបួសនៅអារាមកាមែល នៅក្រុងអាវីឡា។ ម្ភៃប្រាំពីរឆ្នាំក្រោយមក សន្តីតេរេសាស្ម័គ្រចិត្ត “ឬរងទុក្ខ ឬស្លាប់” ថ្វាយព្រះយេស៊ូ។ គាត់បានកែទម្រង់វិន័យក្រុមគ្រួសារកាមែលឱ្យបានស្របតាមក្បួនដើម ដោយបានបង្កើតអារាមជាច្រើនផង។ សន្តីតេរេសានិពន្ធសៀវភៅតំណាលអំពីដំណើរថ្វាយខ្លួនទៅព្រះជា​ម្ចាស់ ជាពិសេសអំពីការអប់រំអធិដ្ឋាន។ នៅឆ្នាំ ១៩៧០ សម្តេចប៉ាបប្រកាសថា សន្តីតេរេសានេះជា “គ្រូបាធ្យាយនៃព្រះសហគមន៍”។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ (អភ ១,១-១០)

ខ្ញុំប៉ូល ព្រះជាម្ចាស់សព្វព្រះហប្ញទ័យតែងតាំងជាសាសនទូតរបស់ព្រះគ្រីស្ដយេស៊ូ សូមជម្រាបមកបងប្អូនជាប្រជារាស្រ្ដដ៏វិសុទ្ធនៅក្រុងអេភេសូ ដែលជឿលើព្រះគ្រីស្ដ​​យេស៊ូ។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រីស្ដប្រណី​សន្ដោស និងប្រទានសេចក្ដីសុខសាន្ដដល់បងប្អូន។ សូមលើកតម្កើងព្រះជាម្ចាស់ និងព្រះបិតារបស់ព្រះយេស៊ូគ្រីស្ដ ដែលជាព្រះអម្ចាស់​នៃយើង! ព្រះអង្គបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខ​មកយើង ក្នុងអង្គព្រះគ្រីស្ដ។ ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ដ តាំងពីមុន​កំណើតពិភពលោកមក ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះ​ភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហប្ញទ័យស្រឡាញ់យើង។ ព្រះអង្គបានតម្រូវយើង​ទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ដ ស្របនឹង​ព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ ដើម្បីឱ្យយើងកោតសរសើរសិរីរុងរឿងនៃព្រះហប្ញទ័យប្រណីសន្ដោស ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទី​ស្រឡាញ់របស់ព្រះអង្គ។ ដោយយើងរួមក្នុងអង្គព្រះគ្រីស្ដនេះ ព្រះជាម្ចាស់បានលោះ​យើង ដោយព្រះលោហិតរបស់ព្រះគ្រីស្ដ និងលើកលែងទោសឱ្យយើងបានរួចពីបាបតាមព្រះហប្ញទ័យប្រណីសន្ដោសដ៏លើសលប់របស់ព្រះអង្គ។ ព្រះជាម្ចាស់ប្រណីសន្ដោស​យើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឱ្យយើងមានតម្រិះ និងប្រាជ្ញាវាងវៃគ្រប់យ៉ាង។ ព្រះអង្គ​បានប្រោសឱ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំងនៃព្រះហប្ញទ័យរបស់ព្រះអង្គ​តាមព្រះបំណងដ៏សប្បុរសដែលទ្រង់បានសម្រេចទុកជាមុនក្នុងព្រះហឫទ័យព្រះអង្គផ្ទាល់។ ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត​ គឺប្រមូលអ្វីៗសព្វសារពើដែលនៅលើមេឃ និងនៅលើផែនដីឱ្យរួមគ្នានៅក្នុងអង្គ​ព្រះគ្រីស្ដជាម្ចាស់តែមួយ។

ទំនុកតម្កើងលេខ ៩៨ (៩៧) ,១-៦ បទកាកគតិ

ចូរច្រៀងបទថ្មី ថ្វាយព្រះម្ចាស់ថ្លៃ កុំភ្លេចឡើយណា
  ដ្បិតទ្រង់ប្រព្រឹត្ត សព្វកិច្ចអស្ចារ្យ ដោយឫទិ្ធចេស្ដា
    យកជ័យជម្នះ
ព្រះម្ចាស់បង្ហាញ ប្រជាឱ្យឃើញ ពីការសង្គ្រោះ
  ព្រះអង្គសម្ដែង ឱ្យគេទាំងអស់ ឃើញសុចរិតស្មោះ
    របស់ព្រះអង្គ
ព្រះអង្គនៅតែ សម្ដែងឥតប្រែ ករុណាត្រចង់
  ព្រះទ័យស្មោះស្ម័គ្រ អ៊ីស្រាអែលផង សុចរិតឥតហ្មង
    ចង់ចាំទាំងអស់
  មនុស្សម្នាមូលមីរ រស់នៅគ្រប់ទី ឆ្ងាយទាំងស្រីប្រុស
  នៃភពផែនដី ឃើញការសង្គ្រោះ ព្រះម្ចាស់របស់
    យើងគ្រប់គ្នា
ជនទាំងប្រុសស្រី នៅលើផែនដី រៀបចំអង្គា
  អបអរសាទរ ថ្វាយព្រះនាមា ស្រែកហ៊ោរខ្ញៀវខ្ញា
    ដោយតូរ្យតន្រ្ដី
សូមផ្ញើចិត្តកាយ ដេញទាំងពិណថ្វាយ ព្រះធ្លាប់ប្រណី
  ព្រោះព្រះអង្គនោះ ធ្លាប់ថ្នមបមបី ថែទាំងយប់ថ្ងៃ
    រៀងរាល់វេលា
ចូរនាំគ្នាផ្លុំ ត្រែស្នែងប្រគុំ ថ្វាយព្រះរាជា
  អបអរសាទរ អង្គព្រះនាមា ខ្ពស់លើពសុធា
    គ្មានអ្វីស្មើព្រះ

 ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! អ្នកដែលចូលចិត្តធម្មវិន័យរបស់ព្រះអង្គ ព្រមទាំងសញ្ជឹងគិតអំពីធម្មវិន័យទាំងយប់ទាំងថ្ងៃ ពិតជាមានសុភមង្គលមែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១១,៤៧-៥៤)

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកធម្មាចារ្យថា៖«អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ​​​ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឱ្យព្យាការី ដែលបុព្វបុរសរបស់អ្នករាល់គ្នាបានសម្លាប់។ ​អ្នករាល់គ្នាធ្វើដូចច្នេះ បញ្ជាក់ថា អ្នករាល់គ្នាសមគំនិតនឹងអំពើដែលបុព្វបុរសរបស់អ្នករាល់គ្នាបានប្រព្រឹត្ត គឺគេបានសម្លាប់ពួកព្យាការី ហើយអ្នករាល់គ្នាបានសង់ផ្នូរ។ ហេតុនេះហើយ បានជាព្រះជាម្ចាស់ប្រកបដោយព្រះប្រាជ្ញាញាណ មានព្រះបន្ទូលថា៖​«យើងនឹងចាត់ព្យាការី ព្រមទាំងទូតរបស់យើងជាច្រើនឱ្យទៅរកគេ តែគេនឹង​សម្លាប់ខ្លះ ព្រមទាំងបៀតបៀនខ្លះទៀតផង»។ ដូច្នេះ មនុស្សជំនាន់នេះនឹងត្រូវ​ទទួលទោស ព្រោះបុព្វបុរសរបស់គេបានសម្លាប់ព្យាការី តាំងតែពីកំណើតពិភពលោក​មក គឺចាប់តាំងពីលោកអបិល រហូតដល់លោកសាការី ដែលត្រូវគេសម្លាប់នៅត្រង់ចន្លោះទីអាសនៈ និងទីសក្ការៈ។ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹង​ត្រូវទទួលទោស ព្រោះតែឃាតកម្មទាំងនោះជាមិនខាន។ «ពួកធម្មាចារ្យអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានបិទ​មាគ៌ាមិនឱ្យគេចូលទៅស្គាល់ព្រះជាម្ចាស់។ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងឃាត់អស់អ្នកដែលចង់ចូលមិនឱ្យគេចូកទៀតផង»។ ពេលព្រះយេស៊ូយាងចាកចេញពីទីនោះ ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ី នាំគ្នា​ប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលសួរព្រះអង្គអំពីរឿងផ្សេងៗជាច្រើនដែលសុទ្ធសឹងតែជាកលល្បិចរកចាប់កំហុសព្រះអង្គ។