០៣ តុលា ២០២៦

Written on 17/02/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី២៦ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរលោកយ៉ូប (យប ៤២,១-៣.៥-៦.១២-១៧)

លោកយ៉ូបទូលព្រះអម្ចាស់ថា៖ «ទូលបង្គំទទួលស្គាល់ថា ព្រះអង្គអាចធ្វើគ្រប់កិច្ចការ​ទាំងអស់បាន ហើយគ្មានការអ្វីមួយដែលធ្វើឱ្យព្រះអង្គទាល់តម្រិះឡើយ។ ព្រះអង្គ​មានព្រះបន្ទូលមកទូលបង្គំថា “ម្ដេចអ្នកសង្ស័យលើគម្រោងការរបស់យើងដោយពោល​ពាក្យឥតខ្លឹមសារដូចច្នេះ?” ពិតមែនហើយ ទូលបង្គំបានថ្លែងនូវសេចក្ដីដ៏អស្ចារ្យដោយពុំដឹងខ្លួន គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញាដែលទូលបង្គំអាចយល់ និងអាចស្គាល់។ កាលពីមុន ទូលបង្គំគ្រាន់តែបានឮគេនិយាយអំពីព្រះអង្គ ឥឡូវនេះ ទូលបង្គំឃើញព្រះអង្គផ្ទាល់នឹងភ្នែកតែម្ដង។ ហេតុនេះ ទូលបង្គំសូមសារភាពកំហុស ហើយដាក់ខ្លួនដោយក្រាបនៅក្នុងធូលីដី និងផេះ»។ ព្រះអម្ចាស់ប្រទានពរដល់លោកយ៉ូបលើកនេះច្រើនជាងមុនទៅទៀត គឺលោកមានចៀមមួយម៉ឺនបួនពាន់ក្បាល អូដ្ឋប្រាំមួយពាន់ក្បាល គោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។ លោកមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ លោកដាក់ឈ្មោះកូនស្រីទីមួយថា«លលក»កូនស្រីទីពីរ«ផ្កាម្លីស» និងកូនស្រីទីបី​«សម្ជស្ស»។ ក្នុងស្រុកនោះទាំងមូល គ្មាននារីណាមានរូបឆោមល្អស្អាតដូចកូនស្រីរបស់លោកយ៉ូប​ទេ។ លោកយ៉ូបជាឪពុកក៏បានចែកមត៌កឱ្យនាងទាំងបី ដូចបងប្អូនប្រុសៗទាំងប្រាំពីរ​នាក់ដែរ។ ក្រោយមក លោកយ៉ូបរស់បានមួយរយសែសិបឆ្នាំទៀត លោកបានឃើញ​កូនចៅរបស់លោករហូតដល់បួនតំណ។ បន្ទាប់ពីមានអាយុយឺនយូរ សម្បូណ៌សប្បាយ​មក លោកយ៉ូបក៏លាចាកលោកនេះទៅ។

ទំនុកតម្កើងលេខ ១១៩ (១១៨) ,៦៦.៧១.៧៥.៩១.១២៥.១៣០ បទពាក្យ ៧

៦៦ សូមប្រាសប្រណីឱ្យខ្ញុំចេះ គិតគូរវៃឈ្លាសមានប្រាជ្ញា  
  ឱ្យស្គាល់វិន័យសព្វប្រការ ដ្បិតខ្ញុំនេះណាមិនក្រឡះ
៧១ ទូលបង្គំរងទុក្ខវេទនា នោះក៏គឺជាប្រពៃណាស់  
  ដើម្បីខ្ញុំបានរៀនឱ្យច្បាស់ ពីវិន័យព្រះដ៏ថ្លៃថ្លា
៧៥ បពិត្រព្រះម្ចាស់អើយខ្ញុំស្គាល់ ខ្ញុំដឹងខ្ញុំយល់ថាព្រះម្ចាស់  
  សម្រេចពីអ្វីសុចរិតច្បាស់ ទ្រង់ដាក់ទោសណាស់ក៏ត្រឹមត្រូវ
៩១ អ្វីៗទាំងអស់សព្វសារពើ ឥតប្រែប្រួលរើឬស្វិតក្រៀម  
  មកដល់សព្វថ្ងៃឥតលាក់លៀម សុទ្ធតែនៅក្រោមអំណាចព្រះ
       
  សូមប្តូរបទកាកគតិ    
១២៥ សូមមេត្តាព្រះ ប្រទានខ្ញុំចេះ កុំនៅបង្អង់
  ចេះពិចារណា ខុសត្រូវឆ្គាំឆ្គង ដំបូន្មានផង
    ទ្រង់ទូន្មានខ្ញុំ
       
  សូមប្តូរបទពាក្យ៧    
១៣០ ការស្វែងរកព្រះបន្ទូលទ្រង់ ឱ្យចិត្តភ្លឺស្វាងប្រាកដណាស់  
  ហើយធ្វើឱ្យអ្នកទន់ទាបចេះ ពិចារណាត្រិះរិះគូរគិត

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្ដែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១០,១៧-២៤) 

សាវ័កទាំងចិតសិបពីរនាក់ត្រឡប់មកវិញទាំងត្រេកអរ ហើយទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់អើយ! ដោយសារព្រះនាមព្រះអង្គ សូម្បីតែខ្មោចក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានឃើញមារសាតាំង​ធ្លាក់ចុះពីលើមេឃមក ដូចផ្លេកបន្ទោរ។ ខ្ញុំឱ្យអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និងខ្យាដំរី ព្រមទាំងបង្ក្រាបប្ញទិ្ធអំណាចគ្រប់យ៉ាងរបស់មារសត្រូវផង ហើយគ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាបានឡើយ។ ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ កុំត្រេកអរនឹងឃើញខ្មោចចុះចូលអ្នករាល់គ្នា គឺត្រូវត្រេកអរដោយអ្នករាល់គ្នាមានឈ្មោះកត់ទុក​នៅ​ស្ថានបរសុខវិញ»។ ខណៈនោះ ព្រះវិញ្ញាណធ្វើឱ្យព្រះយេស៊ូមានព្រះហប្ញទ័យរីករាយយ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់​​នៃផែនដី! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្ដែងការណ៍ទាំងនេះឱ្យមនុស្សតូចតាចយល់ តែទ្រង់បានលាក់មិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហប្ញទ័យសម្រេចដូចច្នេះ។ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗ​ទាំងអស់មកខ្ញុំ។ គ្មាននរណាស្គាល់ព្រះបុត្រា ក្រៅពីព្រះបិតា ហើយក៏គ្មាននរណា​ស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហប្ញទ័យសម្ដែងឱ្យស្គាល់នោះដែរ»។ បន្ទាប់មក ព្រះយេស៊ូបែរទៅរកសាវ័ក ហើយមានព្រះបន្ទូលដាច់ឡែកពីមហាជនទៅពួកគេថា៖«អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះអ្នករាល់គ្នាឃើញ​ហេតុការណ៍ទាំងអស់នេះ!។ ខ្ញុំសូមបញ្ជាក់ប្រាប់អ្នករាល់គា្នថា មានព្យាការី និងស្ដេច​ជាច្រើនចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរតែមិនបានឃើញ ហើយ​​គេចង់ឮសេចក្ដីដែលអ្នករាល់គា្នបានឮនេះដែរ តែមិនបានឮសោះ»។