២២ កញ្ញា ២០២៦

Written on 16/02/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី២៥ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរសុភាសិត (សុភ ២១,១-៦.១០-១៣)

ព្រះហប្ញទ័យរបស់ស្ដេច ប្រៀបបាននឹងទឹកនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់​ ព្រះអង្គផ្អៀងព្រះហស្ដទៅខាងណា ទឹកហូរទៅខាងនោះ។ មនុស្សគ្រប់ៗរូបតែងយល់​ថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រឹមត្រូវ ក៏ប៉ុន្ដែ មានតែព្រះអម្ចាស់ទេដែលឈ្វេងយល់ចិត្តរបស់មនុស្ស។ ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះយុត្ដិធម៌ និងសេចក្ដីទៀង​ត្រង់ ជាងការថ្វាយយញ្ញបូជាទៅទៀត។ ទឹកមុខក្រអឺតក្រទម និងចិត្តប្រហើន បង្ហាញ​ឱ្យឃើញនូវអំពើបាបរបស់មនុស្សអាក្រក់។ អ្នកដែលធើ្វការអ្វីមួយដោយពិចារណា​យ៉ាងម៉ត់ចត់ រមែងទទួលផលបរិបូណ៌ រីឯអ្នកដែលធើ្វអ្វីមួយដោយតក់ក្រហល់ តែង​តែជួបអត្តខាត់។ អ្នកដែលរកទ្រព្យសម្បត្តិបានដោយបោកប្រាស់គេ ជាមនុស្សបញ្ឆោត​ខ្លួនឯង ហើយរត់ទៅរកសេចក្ដីស្លាប់។ មនុស្សពាលគិតតែពីធ្វើបាបគេ សូម្បីតែមិត្ត​សម្លាញ់របស់ខ្លួនក៏វាមិនត្រាប្រណីដែរ។ បើដាក់ទោសមនុស្សចំអកឡកឡឺយ នោះនឹងធើ្វឱ្យមនុស្សល្ងង់មានប្រាជ្ញា។ បើទូន្មានអ្នកមានប្រាជ្ញានោះគេនឹងទទួលចំណេះ។ ព្រះដ៏សុចរិតតែងតែឃ្លាំមើលក្រុមគ្រួសាររបស់មនុស្សអាក្រក់ ហើយធើ្វឱ្យគេ​អន្ដរាយ។ អ្នកណាធើ្វជាថ្លង់ មិនឮសម្រែករបស់មនុស្សទុគ៌ត លុះពេលមានអាសន្ន​ស្រែកហៅឱ្យគេជួយនឹងគ្មាននរណាអើពើឡើយ។

ទំនុកតម្កើងលេខ ១១៩ (១១៨) ,១.២៧.៣០.៣៤-៣៥.៤៤ បទកាកគតិ

អ្នកណាដែលមាន កិរិយាជាប់ប្រាណ ត្រឹមត្រូវឥតខ្ចោះ
  ប្រតិបត្តិតាម ធម្មវិន័យព្រះ អ្នកនោះប្រទះ
    តែសុខមង្គល
  សូមដូរទៅជាបទពាក្យ ៧    
២៧ ទាំងប្រោសប្រទានឱ្យខ្ញុំយល់ សព្វទាំងប្ញសគល់នូវអត្ថន័យ  
  បញ្ជាព្រះអង្គខ្ញុំរំពៃ ការអស្ចារ្យក្រៃទ្រង់ទាំងអស់
៣០ ខ្ញុំប្ដេជ្ញាចិត្តជឿស្មោះត្រង់ ទៅលើព្រះអង្គឥតមានខ្វល់  
  ជឿដោយចិត្តស្មោះឥតសេសសល់ តាមបង្គំគាល់ព្រះបញ្ជា
៣៤ សូមព្រះប្រទាននូវប្រាជ្ញា ឱ្យខ្ញុំភ្លឺថ្លាសព្វទាំងអស់  
  របស់ព្រះអង្គកុំចន្លោះ កាន់តាមឥតខ្ចោះដោយស្ម័គ្រចិត្ត
៣៥ សូមណែនាំខ្ញុំតាមមាគ៌ា វិន័យធម្មាច្បាប់ក្រមក្រឹត្យ  
  ដ្បិតខ្ញុំស្រឡាញ់ហើយពេញចិត្ត វិន័យនោះពិតល្អត្រចង់
៤៤ ទូលបង្គំនឹងគោរពតាម បញ្ញត្តិបម្រាមទាំងវិន័យ  
  របស់ព្រះអង្គរៀងរាល់ថ្ងៃ ជានិច្ចលុះក្ស័យសូន្យជីវី

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (លក៩,៥-៩)

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តតាម អ្នកនោះពិតជាមានសុភមង្គលមែន! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៨,១៩-២១) 

មាតា និងបងប្អូនរបស់ព្រះយេស៊ូនាំគ្នាមករកព្រះអង្គ ប៉ុន្ដែ មិនអាចចូលទៅជិត​ព្រះអង្គបានឡើយ ព្រោះមានមនុស្សច្រើនពេក។ មានគេទូលព្រះអង្គថា៖«ម្ដាយ​លោក និងបងប្អូនលោកនៅខាងក្រៅចង់ជួបលោក»។ ព្រះយេស៊ូមានព្រះបន្ទូលទៅ​គេថា៖«អស់អ្នកដែលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រតិបត្តិតាម គឺអ្នក​នោះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ»។