១១​ កញ្ញា ២០២៦

Written on 16/02/2026
Sokhorn Oem

ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី២៣ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ៩,១៦-១៩.២២-២៧)

បងប្អូនជាទីស្រឡាញ់!
ខ្ញុំមិនត្រូវអួតថា ការប្រកាសដំណឹងល្អជាកិត្តិយសរបស់ខ្ញុំ​នោះទេ ព្រោះជាភារកិច្ចមួយដែលខ្ញុំត្រូវតែធើ្វដោយខានមិនបាន។ ប្រសិនបើខ្ញុំមិន​ប្រកាសដំណឹងល្អទេ សូមឱ្យខ្ញុំវេទនាទៅចុះ!។ ប្រសិនបើខ្ញុំស្ម័គ្រចិត្តប្រកាសដំណឹងល្អ​ដោយខ្លួនឯង ខ្ញុំត្រូវតែទទួលប្រាក់បៀវត្សរ៍។ ផ្ទុយទៅវិញ បើកិច្ចការនេះជាភារកិច្ចរបស់ខ្ញុំ ខ្ញុំត្រូវតែបំពេញតាមតែព្រះអង្គផ្ទុកផ្ដាក់ឱ្យខ្ញុំធើ្វ។ ដូច្នេះ តើខ្ញុំទទួលប្រាក់​បៀវត្សរ៍ឯណា! បៀវត្សរ៍របស់ខ្ញុំ គឺការប្រកាសដំណឹងល្អដោយឥតគិតថ្លៃ ដោយឥត​​ប្រើសិទិ្ធជាអ្នកប្រកាសដំណឹងល្អឡើយ។ ទោះបីខ្ញុំជាមនុស្សមានសេរីភាព គ្មានជាប់​ចំណងរបស់នរណាក៏ដោយ ក៏ខ្ញុំសុខចិត្តដាក់ខ្លួនធើ្វជាទាសារបស់មនុស្សទាំងអស់ដែរ​​ ដើម្បីនាំមនុស្សឱ្យបានច្រើនមកថ្វាយព្រះគ្រីស្ដ។ កាលខ្ញុំនៅជាមួយអ្នកមានជំនឿ​​ទន់ខ្សោយ ខ្ញុំក៏ទៅជាអ្នកមានជំនឿទន់ខ្សោយដែរ ដើម្បីនាំអ្នកដែលមានជំនឿទន់ខ្សោយថ្វាយព្រះគ្រីស្ដ។ ខ្ញុំធើ្វឱ្យបានដូចមនុស្សទាំងអស់ក្នុងគ្រប់កាលៈទេសៈ ដើម្បី​សង្គ្រោះអ្នកខ្លះ តាមគ្រប់មធ្យោបាយទាំងអស់។ ព្រោះតែដំណឹងល្អ ខ្ញុំសុខចិត្ដធ្វើអ្វីៗទាំងអស់ដើម្បីអាចចូលរួមទទួលផលពីដំណឹងល្អនោះ។ បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកដែលរត់ប្រណាំងនៅកីឡាដ្ឋាន គេរត់ទាំង​អស់គ្នា ប៉ុន្ដែ មានតែម្នាក់ប៉ុណ្ណោះដែលទទួលពាន់រង្វាន់។ សូមបងប្អូនរត់តាមរបៀប​នោះដែរ ដើម្បីឱ្យទទួលរង្វាន់។ អ្នកប្រកួតកីឡាទាំងអស់តែងតែលត់ដំខ្លួន ដោយ​ធើ្វតាមក្បួនតម្រាគ្រប់យ៉ាង ដើម្បីទទួលភួងជ័យដែលតែងតែរលាយសាបសូន្យ រីឯយើងវិញ យើងនឹងទទួលភួងជ័យដែលមិនចេះរលាយសាបសូន្យឡើយ។ ហេតុនេះ​ ចំពោះរូបខ្ញុំ ខ្ញុំមិនរត់ដូចជាមិនស្គាល់ទីដៅនោះទេ ហើយខ្ញុំក៏មិនប្រដាល់ខ្យល់ដែរ។ ផ្ទុយទៅវិញ ខ្ញុំលត់ដំរូបកាយខ្ញុំយ៉ាងតឹងតែង ហើយខ្ញុំធើ្វម្ចាស់លើរូបកាយខ្លួនឯង​ ក្រែងដល់ ក្រោយពីបានប្រកាសដំណឹងល្អរួចហើយ នោះខ្លួនខ្ញុំផ្ទាល់បែរជាត្រូវគេជម្រុះ​​​ចោលទៅវិញ។

ទំនុកតម្កើងលេខ ៨៤ (៨៣),២-៦,១២ បទព្រហ្មគីតិ

២ ព្រះម្ចាស់លើពិភព ទូទាំងសព្វលើផែនដី  
  ខ្ញុំស្ម័គ្រពន់ពេកក្រៃ តំណាក់ថ្លៃព្រះអង្គណាស់ ។
៣ ខ្ញុំសែនអន្ទះសារ ចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់  
  ចង់ចូលព្រះវិហារព្រះ ជាអម្ចាស់ទាំងចិត្តកាយ ។
  ចិត្តចង់នៅជាមួយ ព្រះអង្គជួបមិនរសាយ  
  អស់ពីកម្លាំងកាយ មិនមានណាយរួមទាំងចិត្ត ។
៤ ត្រចៀកកាំនិងចាប ជាដរាបវានែបនិត្យ  
  សំបុកធើ្វនៅជិត អាសនៈពិតនៃព្រះអង្គ ។
៥ អស់អ្នកដែលបានស្នាក់ ក្នុងដំណាក់ដ៏ត្រចង់  
  មានសុខមង្គលផង សរសើរថ្កើងទ្រង់មិនឈប់ ។
៦ អ្នកណាដែលផ្អែកពឹង លើកម្លាំងព្រះជាម្លប់  
  ដ្បិតគេស្វែងមិនឈប់ ដំណាក់គាប់ដោយស្មោះសរ ។
១២ ព្រះជាម្ចាស់ដូចជា ខែលការពារប្រាកដជាក់  
  ជាពន្លឺភ្លឺច្បាស់ យើងម្នាក់ៗមានសេរី ។
  ព្រះអង្គតែងតែផ្ដល់ សុខមង្គលដល់ប្រុសស្រី  
  រស់នៅដោយប្រពៃ គ្មានទុក្ខភ័យផុតកង្វល់  

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ១៧,១៧)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្ដីពិត។ សូមប្រោសយើងខ្ញុំឱ្យបានបរិសុទ្ធ ដោយសារសេចក្ដីពិតនោះផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ​៦,៣៩-៤២) 

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅកាន់ក្រុមសាវ័កថា៖«មនុស្សខ្វាក់ពុំអាច​​នាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធើ្វដូច្នោះ មុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន។​ ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្ដែ សិស្សដែលបានទទួលចំណេះសព្វ​គ្រប់ អាចស្មើនឹងគ្រូបាន។ ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែករបស់​បងប្អូនអ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកផ្ទាល់ដូច្នេះ?។ បើអ្នកមើល​ធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផង ម្ដេចក៏ហ៊ាននិយាយទៅបងប្អូនថា ទុកឱ្យ​ខ្ញុំ​ផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?។​ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញ​ពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ល្មមនឹងផ្ដិតយកល្អងធូលីចេញពី​ភ្នែករបស់បងប្អូនអ្នកបាន»។