០១ កញ្ញា ២០២៦

Written on 13/02/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី២២  ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ២,១០-១៦)

បងប្អូនជាទីស្រឡាញ់!
ព្រះវិញ្ញាណឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជម្រៅនៃព្រះ​ហ​ប្ញទ័យរបស់ព្រះជាម្ចាស់ក៏ទ្រង់ឈ្វេងយល់ដែរ។ ចំពោះមនុស្សគ្មាននរណាយល់អំពីខ្លួនឯង​បានក្រៅពីវិញ្ញាណដែលនៅក្នុងខ្លួនគេនោះទេ។ រីឯព្រះជាម្ចាស់ក៏ដូច្នោះដែរ គ្មាននរណា​ម្នាក់យល់អំពីព្រះអង្គបានក្រៅពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នោះឡើយ។ ចំពោះយើង យើងពុំបានទទួលវិញ្ញាណលោកីយ៍ទេ គឺយើងបានទទួលព្រះវិញ្ញាណ​ដែលមកពីព្រះជាម្ចាស់ ដើម្បីឱ្យយើងស្គាល់អ្វីៗដែលព្រះអង្គប្រោសប្រទានមកយើង។ យើងនិយាយសេចក្ដីទាំងនេះ ដោយមិនប្រើពាក្យពេចន៍ដែលប្រាជ្ញារបស់មនុស្សបង្រៀននោះ​ឡើយ គឺយើងប្រើតែពាក្យណាដែលព្រះវិញ្ញាណបង្រៀន ដើម្បីពន្យល់សេចក្ដីពិតខាង​វិញ្ញាណដល់មនុស្សដែលបានទទួលព្រះវិញ្ញាណ។ មនុស្សធម្មតា​មិនទទួលសេចក្ដីដែលមកពីព្រះ​វិញ្ញាណរបស់ព្រះជាម្ចាស់ទេ ព្រោះគេយល់ថា សេចក្ដី​ទាំងនោះជារឿងលេលា ហើយក៏គេពុំ​អាចយល់បានដែរ ព្រោះមានតែព្រះវិញ្ញាណប៉ុណ្ណោះទេដែលប្រទានឱ្យយើងអាចរិះគិតវិនិច្ឆ័យសេចក្ដីទាំងនោះបាន។ រីឯអ្នក​ដែលបានទទួលព្រះវិញ្ញាណ អ្នកនោះអាចរិះគិតវិនិច្ឆ័យបានទាំងអស់ ហើយគ្មាននរណាវិនិច្ឆ័យអ្នកនោះបានឡើយ ដ្បិតក្នុង​គម្ពីរមានចែងថា៖«តើនរណាស្គាល់គំនិត​របស់ព្រះអម្ចាស់? តើនរណាអាចថ្វាយយោបល់​ព្រះអង្គបាន?»។ រីឯយើងវិញយើងមានគំនិតរបស់ព្រះគ្រីស្ដហើយ!។

ទំនុកតម្កើងលេខ ១៤៥ (១៤៤) ,៨-១៤ បទកាកគតិ

ព្រះជាអម្ចាស់ ប្រកបដោយព្រះ ហប្ញទ័យត្រចង់
  ប្រណីសន្ដោស ករុណាហ្មត់ហ្មង អត់ធ្មត់កន្លង
    អាណិតមេត្តា
ព្រះជាអម្ចាស់ ព្រះទ័យសប្បុរស លើមនុស្សលោកា
  ទ្រង់មានព្រះទ័យ សន្ដោសករុណា មនុស្សគ្រប់អាត្មា
    រស់ពេញផែនដី
១០ បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ មានច្រើនពេកក្រៃ
  នាំគ្នាតម្កើង រុងរឿងសិរី រាស្រ្ដទាំងប្រុសស្រី
    ក៏ថ្កើងទ្រង់ដែរ
១១ គេនឹងរៀបរាប់ ព្រះរាជ្យគួរគាប់ រុងរឿងស្ថិតស្ថេរ
  របស់ព្រះអង្គ ឥតមានប្រួលប្រែ អានុភាពឥតកែ
    ព្រះអង្គនៅគង់
១២ ដើម្បីឱ្យមនុស្ស ទាំងស្រីទាំងប្រុស គ្រប់គ្នាបានដឹង
  ពីការអស្ចារ្យ របស់ព្រះអង្គ រស្មីរឿងរុង
    ចិញ្ចែងចិញ្ចាច
១៣ ព្រះរាជ្យព្រះអង្គ ស្ថិតនៅយូរលង់ ពេញដោយអំណាច
  គ្រងរាជ្យអស់កល្ប ព្រោះទ្រង់ជាសេ្ដច បារមីអង់អាច
    ស្ថិតយូរវស្សា
  ព្រះអម្ចាស់តែង គោរពឥតក្លែង បន្ទូលសន្យា
  អ្វីដែលទ្រង់ធើ្វ សុទ្ធតែអស្ចារ្យ សប្បុរសមេត្តា
    ករុណាអាសូរ
១៤ ព្រះអង្គលើកស្ទួយ អ្នកហេវហត់ព្រួយ ដួលយំស្រែកថ្ងូរ
  ទ្រង់លើកអ្នកអស់ សង្ឃឹមឱ្យឈរ ពង្រឹងជំហរ
    ឱ្យល្អវិញបាន

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (លក៧,១៦)

អាលេលូយ៉ា! អាលេលូយ៉ា!
«មានព្យាការីដ៏ប្រសើរម្នាក់បានមកនៅក្នុងចំណោមយើង! ព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្ដរបស់ព្រះអង្គហើយ»!​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ​៤,៣១-៣៧) 

ព្រះយេស៊ូទៅក្រុងកាផានុម ក្នុងស្រុកកាលីឡេ។ នៅទីនោះ ព្រះអង្គបង្រៀន​បណ្ដា​ជនជារៀងរាល់ថ្ងៃសប្ប័ទ។ មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំង អំពីបែបបទ​ដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។ នៅក្នុង​ធម្មសាលា មានបុរស​ម្នាក់ខ្មោចចូលស្រែកឡើងខ្លាំងៗថា៖«ព្រះយេស៊ូជាអ្នកភូមិ​ណាសារ៉ែតអើយ! តើព្រះអង្គចង់​ធើ្វអ្វីដល់យើង? ព្រះអង្គមកបំផ្លាញ់យើង។ ខ្ញុំស្គាល់​ព្រះអង្គហើយ! ព្រះអង្គជាព្រះដ៏វិសុទ្ធ​ដែលមកពីព្រះជាម្ចាស់​»។ ព្រះយេស៊ូគំរាមខ្មោច​នោះថា៖«ស្ងៀម! ចេញពីអ្នកនេះទៅ!»។ ខ្មោចក៏ផ្ដួលបុរសនោះនៅកណ្ដាលចំណោម​បណ្ដាជន រួចចេញទៅដោយពុំមានធើ្វឱ្យគាត់ឈឺ​ចាប់អ្វីឡើយ។ មនុស្សម្នាភ័យ​ស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖«ចុះពាក្យ​​សម្ដីរបស់លោកនេះអីក៏​ពូកែម្លេះ! មើល៍លោកមានអំណាច និងប្ញទ្ធានុភាព អាចបញ្ជាទៅខ្មោចឱ្យ​វាចេញ ហើយ​វាធើ្វតាម» ។ បន្ទាប់មក ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញ​តំបន់​នោះ។

​​