២៧ សីហា ២០២៦

Written on 13/02/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី២១ ឆ្នាំ«គូ»
ពណ៌ស 

បុណ្យរម្លឹក
សន្តីម៉ូនិក

សូមចុចទីនេះ

អ្នកស្រីម៉ូនិក (៣៣២-៣៨៧) ជាគ្រីស្តបរស័ទជាតិរ៉ូម៉ាំងម្នាក់នៅក្នុងទ្វីបអាហ្វ្រិក។ នាងស៊ូទ្រាំយូរឆ្នាំ ទាំងអង្វរព្រះជាម្ចាស់ ទើបទាំងស្វាមីនាង ទាំងលោកអូគូស្តាំងជាកូននាង សុខចិត្តប្រែចរិយាខិលខូចចោល ហើយទទួលស្គាល់ព្រះយេស៊ូ។ សន្ត អំប្រាស ជាអភិបាលនៅព្រះសហគមន៍នៅក្រុងមីឡង់ជម្រាបសន្តីម៉ូនិកថា៖ “ដោយអ្នកបានហូរទឹកភ្នែកច្រើនយ៉ាងនេះ កូនមិនត្រូវវិនាសអន្តរាយឡើយ!”។ អ្នកស្រីម៉ូនិកទទួលមរណភាពនៅក្រុងអូស្ទីយ៉ាសោយ មានសន្តអូគូស្តាំងជួយលួងលោម។

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ១,១-៩)

ខ្ញុំប៉ូល ជាអ្នកដែលព្រះជាម្ចាស់សព្វព្រះហប្ញទ័យត្រាស់ហៅឱ្យធើ្វជាទូតរបស់ព្រះគ្រីស្ដ​យេស៊ូ ខ្ញុំ និងបងសូស្ដែន សូមជម្រាបមកព្រះសហគមន៍របស់ព្រះជាម្ចាស់នៅ​ក្រុងកូរិនថូស គឺជម្រាបមកដល់អស់អ្នកដែលព្រះជាម្ចាស់បានប្រោសឱ្យបានវិសុទ្ធ​ក្នុងអង្គព្រះគ្រីស្ដយេស៊ូ។ ព្រះអង្គត្រាស់ហៅបងប្អូនឱ្យទៅជាជនដ៏វិសុទ្ធរួមជាមួយអស់​អ្នកនៅគ្រប់ទីកន្លែង ដែលអង្វរ​ព្រះនាមព្រះយេស៊ូគ្រីស្ដជាព្រះអង្គម្ចាស់របស់យើង។ ព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់របស់គេ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។ សូម​ព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះ​អម្ចាស់យេស៊ូគ្រីស្ដប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្ដដល់បងប្អូន!។ ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់ព្រោះ​តែបងប្អូនជានិច្ច គឺព្រះអង្គបានប្រណី​សន្ដោស​ដល់បងប្អូន ដោយបងប្អូនរួមជាមួយព្រះគ្រីស្ដយេស៊ូ។ ដោយរួមជាមួយ​ព្រះអង្គ បងប្អូនបានបរិបូណ៌សព្វគ្រប់ទំាងអស់ ទំាងខាងព្រះបន្ទូល ទំាងខាងការស្គាល់​ព្រះអង្គ។ បងប្អូនផ្ដល់សក្ខីភាព​ចំពោះព្រះគ្រីស្ដយ៉ាងខ្ជាប់ខ្ជួន។ ហេតុនេះ នៅពេលដែលបងប្អូនកំពុងរង់ចំាព្រះយេស៊ូគ្រីស្ដជាព្រះ​អម្ចាស់របស់យើងសម្ដែងព្រះអង្គ​យ៉ាងរុងរឿងនោះ បងប្អូនមិនខ្វះព្រះអំណោយទានអ្វីឡើយ។ ព្រះអង្គនឹងធើ្វឱ្យបងប្អូន​បានរឹងប៉ឹងខ្ជាប់ខ្ជួនរហូតដល់ទីបំផុត ឥតមានទោសពែរ៍អ្វីនៅថ្ងៃ​ដែលព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់នៃយើងយាងមកដល់។ ព្រះជាម្ចាស់មានព្រះហប្ញទ័យស្មោះ​ត្រង់ ព្រះ​អង្គបានត្រាស់ហៅបងប្អូនឱ្យរួមរស់ជាមួយព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រីស្ដ​ជាព្រះអម្ចាស់នៃយើង។

ទំនុកតម្កើងលេខ ១៤៥ (១៤៤),២-៧ បទកាកគតិ

២ ខ្ញុំសូមតម្កើង ព្រះអង្គខ្ពស់ឡើង តទៅរៀងរៀប
  ខ្ញុំសូមសរសើរ ព្រះនាមល្អគាប់ អស់កល្បដរាប
    រហូតតទៅ ។
៣ ព្រះម្ចាស់ឧត្តម ប្រសើរសក្ដិសម ខ្ពង់ខ្ពស់ពេកកូវ
  យើងលើតម្កើង ព្រះនាមជាផ្លូវ ពេលនេះតទៅ
    រកអ្វីផ្ទឹមគ្មាន ។
៤ សូមឱ្យមនុស្ស ទំាងស្រីទំាងប្រុស នៅគ្រប់ជំនាន់
  លើកតម្កើងស្នា ព្រះហស្ដព្រះអង្គ ការអស្ចារ្យផង
    ដែលទ្រង់ប្រព្រឹត្ត ។
៥ ខ្ញុំរាប់ខ្ញុំរៀប ពីអានុភាព បារមីមានប្ញទ្ធិ
  សិរីរុងរឿង ព្រះអង្គមានពិត ខ្ញុំសញ្ជឹងគិត
    គ្រប់ស្នាព្រះហស្ដ ។
៦ គេនឹងថ្លាថ្លែង អានុភាពស្ញប់ស្ញែង បារមីខ្ពង់ខ្ពស់
  ខ្ញុំក៏ថ្លាថ្លែង កិច្ចការទំាងអស់ ជាស្នាព្រះហស្ដ
    ទ្រង់ធើ្វហូរហែរ ។
៧ គេនឹងរំឭក ទំាងថ្ងៃយប់ព្រឹក តទៅឥតប្រែ
  ព្រមទំាងប្រកាស ក្ដីសប្បុរសដែរ សុចរិតឥតល្ហែ
    របស់ព្រះអង្គ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ២៤,៤២

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតីឱ្យមែនទែន! ដ្បិត​អ្នករាល់​គ្នាពុំដឹងថា បុត្រមនុស្សនឹងយាងមកដល់ពេលណាឡើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២៤,៤២-៥១) 

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កអំពីពេលព្រះអង្គយាងមកវិញដូចតទៅ៖“ចូរប្រុងស្មារតីឱ្យមែនទែន​ ដ្បិតអ្នករាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងយាងមកដល់ នៅពេលណាឡើយ។ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងថា ចោរចូលមកប្លន់​ថ្មើរណានោះ គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយឱ្យចោរចូលមកប្លន់ផ្ទះគាត់បាន​ឡើយ។ ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងយាងមកដល់នៅវេលា​ដែលអ្នករាល់គ្នាពុំបានគិត។ បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ហើយឈ្លាសវៃ ម្ចាស់មុខជា​ផ្ទុកផ្ដាក់ឱ្យអ្នកបម្រើនោះមើលខុសត្រូវលើ​អ្នកបម្រើឯទៀតៗក្នុងការចែកម្ហូបអាហារឱ្យគេតាម​ពេលកំណត់ជាពុំខាន។ ពេល​ម្ចាស់​ត្រលប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួន​ដូច្នេះ អ្នក​ម្រើនោះប្រាកដជាមានសុភមង្គលហើយ!។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងថា ​ម្ចាស់មុខជាផ្ទុកផ្ដាក់ឱ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទំាងប៉ុន្មានរបស់លោកថែម​ទៀតផង។ ផ្ទុយទៅវិញ បើអ្នកបម្រើនោះមានចិត្តអាក្រក់ ហើយគិតថា៖«ម្ចាស់អញ​ក្រមកដល់​ណាស់ គាត់វាយអ្នកបម្រើឯទៀតៗ ព្រមទំាងទៅស៊ីផឹកជាមួយអ្នកប្រមឹក។ ពេលម្ចាស់វិលត្រឡប់មកផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចំា ឬនៅពេល​ដែលគាត់មិនដឹង លោក​នឹងធើ្វទោសគាត់ជាទម្ងន់ ហើយឱ្យគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺឱ្យ​ទៅនៅកន្លែងយំសោកខឹងសង្កៀតធ្មេញ»។