១២ សីហា ២០២៦

Written on 13/02/2026
Sokhorn Oem

ថ្ងៃពុធ រដូវធម្មតា អាទិត្យទី១៩ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល (អគ ៩,១-៧;១០,១៨-២២)

ខ្ញុំឮព្រះអង្គមានព្រះបន្ទូលយ៉ាងខ្លាំងៗថា៖«អស់អ្នកដែលត្រូវធ្វើទោសក្រុងយេរូសាឡឹមអើយ! ចូរនាំគ្នាកាន់អាវុធសម្រាប់ប្រល័យជីវិតចូលមក!»។ ពេលនោះ​ខ្ញុំឃើញមានមនុស្សប្រាំមួយនាក់ចូលតាមទ្វារកំពែងខាងជើង ម្នាក់ៗកាន់អាវុធ​សម្រាប់ប្រហារជីវិត។ ក្នុងចំណោមអ្នកទាំងនោះ មានបុរសម្នាក់ពាក់អាវទេសឯកសុទ្ធ ស្ពាយប្រដាប់ប្រដាសរសេរនៅចង្កេះផង។ ពួកគេចូលមកឈរនៅខាងមុខអាសនៈ​លង្ហិន។ ពេលនោះ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលដែលស្ថិតនៅលើ​ខេរូប៊ីមអណ្តែតឡើងឆ្ពោះទៅមាត់ទ្វារព្រះ​ដំណាក់។ ព្រះអម្ចាស់ត្រាស់ហៅបុរសដែលពាក់អាវទេសឯកសុទ្ធ និងស្ពាយប្រដាប់ប្រដាសម្រាប់សរសេរនោះមក ហើយមានព្រះបន្ទូលទៅគាត់ថា៖«ចូរដើរកាត់ក្រុងយេរូសាឡឹម ហើយគូសសញ្ញាជើងក្អែកលើថ្ងាសអស់អ្នកដែលស្រែកថ្ងូរ និងព្រួយចិត្ដដោយឃើញអំពើគួរឱ្យស្អប់ខ្ពើមទាំងប៉ុន្មានដែលអ្នកក្រុងនេះប្រព្រឹត្ត»។ បន្ទាប់មក ខ្ញុំឮព្រះអង្គ​មានព្រះបន្ទូលទៅអ្នក​ឯទៀតៗថា៖«ចូរដើរតាមក្រោយគាត់ ហើយប្រហារអ្នកក្រុងនេះទៅ កុំអាណិតមេត្តា និងត្រាប្រណីពួកគេឡើយ! ចូរសម្លាប់ពួកគេទាំងអស់គ្នាឱ្យផុតពូជ គឺទាំងចាស់ ទាំងកំលោះ ទាំងក្រមុំ ទាំងក្មេង ទាំងស្រ្តី តែកុំប៉ះពាល់អស់អ្នកដែលមានសញ្ញាជើងក្អែកឡើយ។ ចូរចាប់ផ្តើមពីទីសក្ការៈរបស់យើងទៅ!»។ អ្នកទាំងនោះក៏ចាប់ផ្តើម​សម្លាប់ពួកព្រឹទ្ធាចារ្យដែលនៅខាងមុខព្រះដំណាក់ ។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖«ចូរធ្វើឱ្យព្រះដំណាក់ទៅជាសៅហ្មង ដោយទុក្ខសាកសពចោលពាសពេញ​ទីលាន រួចនាំគ្នាចេញទៅចុះ!»។ ពួកគេក៏ចេញទៅវាយប្រហារជីវិតប្រជាជននៅក្នុងទីក្រុង។ សិរីរុងរឿងរបស់ព្រះអម្ចាស់អណ្តែតឡើងពីមាត់ទ្វារព្រះដំណាក់ទៅសណ្ឋិត​លើពួកខេរូប៊ីម។ ខ្ញុំឃើញខេរូប៊ីមទាំងនោះទទះស្លាបហោះឡើយ ហើយកង់ក៏ទៅជាមួយដែរ។ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលសណ្ឋិតនៅលើខេរូប៊ីម​ ហើយ​ឈប់នៅមាត់ទ្វារកំពែងខាងកើតនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ពេលនោះ ខ្ញុំដឹង​ថា សត្វលោកដែលខ្ញុំបានឃើញនៅក្រោមព្រះនៃជនជាតិអ៊ីស្រាអែលក្បែរទន្លេ​កេបារ គឺខេរូប៊ីមនេះឯង។ ខេរូប៊ូមនីមួយៗមានមុខបួន មានស្លាបបួន ហើយនៅពីក្រោមស្លាបមានទ្រង់ទ្រាយដូចដៃមនុស្ស។ ខេរូប៊ីមទាំងនោះមានមុខដូចសត្វលោក ដែលខ្ញុំបានឃើញក្បែទន្លេកេបារបេះបិទ។ ខេរូប៊ីមនីមួយៗហើរទៅមុខយ៉ាងត្រង់។​

ទំនុកតម្កើងលេខ ១១៣ (១១២),១-៦ បទព្រហ្មគីតិ

អស់អ្នកបម្រើព្រះ ជាអម្ចាស់ចូរនាំគ្នា  
  សរសើរកុំរួញរា ថ្កើងនាមានៃព្រះម្ចាស់
ចូរតម្កើងព្រះនាម ព្រះម្ចាស់ភ្លាមកុំក្រឡះ  
  កុំភ្លេចព្រះអម្ចាស់ ពីពេលនេះរហូតទៅ
តាំងពីអារុណរះ ភ្លឺស្រឡះមានកំដៅ  
  ទល់ពេលថ្ងៃលិចទៅ ចូរសរសើរកុំឈប់សោះ
ព្រះអម្ចាស់គង់ស្ថិត លើប្រជាជាតិទាំងអស់  
  សិរីរុងរឿងខ្ពស់ ព្រះម្ចាស់ហួសផុតអាកាស
តើមាននរណាមួយ អាចធ្វើឱ្យដូចព្រះម្ចាស់  
  ព្រះអង្គគង់ខ្ពស់ណាស់ លើអាកាសវិសុទ្ធក្រៃ
ព្រះអង្គត្រួតពិនិត្យ យ៉ាងល្អន់ល្អិតមកផែនដី  
  លើមេឃមិនសល់អ្វី សព្វផែនដីមិនកំបាំង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ករ៥,១៩

អាលេលូយ៉ា! អាលេលូយ៉ា!
នៅក្នុងអង្គព្រះគ្រីស្ត ព្រះជាម្ចាស់បានលើកលែងទោសឱ្យមនុស្សលោក។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៨,១៥-២០) 

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ប្រសិនបើមានបងប្អូនណាម្នាក់ប្រព្រឹត្តអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះស្ងាត់ៗតែពីរនាក់ ហើយ​ស្តីប្រដៅគាត់ទៅ។ បើគាត់ស្តាប់អ្នក អ្នកនឹងរក្សាបងប្អូននោះមិនឱ្យបាត់ឡើយ តែបើគាត់មិនព្រមស្តាប់អ្នកទេ ចូរនាំម្នាក់ឬពីរនាក់ទៀតទៅជាមួយ ជួយដាស់តឿនដើម្បីសម្រួលរឿងទាំងអស់ដោយមានសាក្សីពីរឬបីនាក់។ ប្រសិនបើគាត់មិនព្រម​ស្តាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ព្រះសហគមន៍ ហើយបើគាត់នៅតែ​មិនព្រមស្តាប់ព្រះសហគមន៍ទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬដូចជា​អ្នកទារពន្ធចុះ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នករាល់គ្នា​ស្រាយនៅលើផែនដី ព្រះជាម្ចាស់នឹងស្រាយនៅស្ថានបរមសុខដែរ។ ខ្ញុំសុំប្រាប់ឱ្យ​អ្នករាល់គ្នាដឹងច្បាស់ទៀតថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដីនេះរួមចិត្តគំនិតគ្នាទូលសូមអ្វីក៏ដោយ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខនឹងប្រទានឱ្យជាមិនខាន ដ្បិតនៅទីណាមានពីរឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិត​នៅទីនោះជាមួយគេដែរ»។