០៧ សីហា ២០២៦

Written on 12/02/2026
Sokhorn Oem

ថ្ងៃសុក្រ អាទិត្យទី១៨ រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីណាហ៊ុម ណហ ២,១.៣; ៣,១-៣.៦-៧

មើលហ្ន៎! អ្នកនាំដំណឹងល្អស្តីអំពីសន្តិភាពកំពុងតែរត់នៅលើភ្នំ។ អ្នកស្រុកយូដាអើយ! ចូរនាំគ្នាធ្វើពិធីបុណ្យ និងពិធីលាបំណន់ទៅ! ដ្បិតពួកជនពាលមិនឈ្លានពានអ្នកទៀតទេ គេវិនាសសូន្យទាំងស្រុងហើយ!។ អ៊ីស្រាអែលប្រៀបដូចជាដើមទំពាំងបាយជូរដែលពួកចោរប្លន់កម្ទេចមែកធាងអស់។ ព្រះអម្ចាស់នឹងយាងមកលើកកិតិ្តយសរបស់កូនចៅលោកយ៉ាកុប ហើយធ្វើឱ្យអ៊ីស្រាអែលបានរុងរឿងដូចដើមឡើងវិញ។ ក្រុងនីនីវេដែលជញ្ជក់ឈាម! អ្នកត្រូវវេទនាហើយ! មានការកុហក អំពើឃោរឃៅ និងការលួចប្លន់គ្រប់ទីកន្លែង។ ស្តាប់ចុះ! ស្នូររំពាត់ សន្ធឹកកង់រទេះចំបាំង ទ័ពសេះបោលយ៉ាងលឿន រទេះចំបាំងបោះពួយទៅមុខ។ កងទ័ពសេះវាយសម្រុកចូលមក មុខដាវរបស់គេភ្លឺច្រាល ហើយលំពែងរបស់គេក៏ភ្លឺផ្លេក។ គេប្រល័យជីវិតមនុស្សនៅគ្រប់ទីកន្លែង សាកសពនៅគរលើគ្នា។ ចំនួនមនុស្សស្លាប់មានច្រើនឥតគណនា បើដើរទៅកន្លែងណាក៏ប្រទះសាកសពដែរ។ ក្រុងនីនីវេអើយ! យើងនឹងបោះសំរាមមកលើនាង យើងនឹងឱ្យនាងធ្លាក់ក្នុងភក់ជ្រាំ ទុកជាការព្រមានដល់អ្នកឯទៀតៗ។ ពេលគេឃើញនាង គេនឹងរត់ចេញឆ្ងាយទាំងពោលថា “នីនីវេវិនាសហើយ! គ្មាននរណាអាណិតនាង គ្មាននរណាសម្រាលទុក្ខនាងទេ!”។

ទំនុកតម្កើងធ​ម្មវិន័យទី២ ៣២,៣៦.៣៩.៤១ បទពាក្យ ៧

៣៦ ដ្បិតព្រះអម្ចាស់ទ្រង់អាសូរ ប្រជាជនថ្ងូរទ្រង់វិនិច្ឆ័យ  
  អាណិតបម្រើមិនឱ្យក្ស័យ ទោះមានទោសពៃរ៍ទ្រង់សន្តោស
៣៩ ចូរអ្នករាល់គ្នាទទួលស្គាល់ កុំនឹកពិភាល់ត្រូវជាខុស  
  គឺយើងនេះហើយប្រណីប្រោស ជាព្រះអម្ចាស់តែមួយគត់
  គ្មានព្រះឯណាក្រៅពីយើង បំផ្លាញរំលើងតែអត់ធ្មត់  
  ប្រទានជីវិតមិនឱ្យក្សត់ របួសប្រាកដថែឱ្យជា
៤១ យើងសំលៀងដាវបម្រុងជាប់ វិនិច្ឆ័យកាប់កប់មនុស្សម្នា  
  ដែលហ៊ានប្រឆាំងចិត្តពាធា យើងមិនរួញរាធ្វើបាបធ្ងន់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ៥,១០

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាត្រូវគេបៀតបៀន ព្រោះតែបានធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុភមង្គល ដ្បិតគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៦,២៤-២៨) 

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«បើអ្នកណាចង់មកតាមក្រោយខ្ញុំ អ្នកនោះត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមក​តាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនិងបាត់បង់ជីវិត ប៉ុន្តែ អ្នកណាបាត់បង់​ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។ បើមនុស្សម្នាក់បានពិភពលោកទាំងមូល​មកធ្វើជាសម្បត្តិផ្ទាល់ខ្លួន តែបាត់បង់ជីវិតនោះ តើមានប្រយោជន៍អ្វី?។ តើមនុស្សអាចយកអ្វីមកប្តូរនឹងជីវិតរបស់ខ្លួនបាន?។ លុះដល់បុត្រមនុស្សប្រកបដោយសិរីរុងរឿងនៃព្រះបិតារបស់ព្រះអង្គយាង​មកជាមួយពួកទេវទូតរបស់ព្រះអង្គ ទ្រង់នឹង​ប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ត។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកខ្លះដែលនៅទៅនេះ នឹងមិនស្លាប់មុនបានឃើញបុត្រមនុស្សយាងមកគ្រងព្រះរាជ្យ»។