០៦ សីហា ២០២៦

Written on 12/02/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ អាទិត្យទី១៨ រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស

បុណ្យគោរព
ព្រះអម្ចាស់សម្តែងសិរីរុងរឿងរបស់ព្រះអង្គ

សូមចុចទីនេះ

ព្រះយេស៊ូជាមនុស្សដ៏ពិតប្រាកដដូចគេដូចឯង ឯព្រះអង្គក៏ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែរ។ មានមួយថ្ងៃ សាវ័ករបស់ព្រះយេស៊ូបានយល់ខ្លះអំពីការអាថ៌កំបាំងអស្ចារ្យនេះ។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី (យរ ៣១,៣១-៣៤)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖«នៅគ្រាខាងមុខ យើងនឹងចងសម្ព័ន្ធមេត្រីថ្មីជាមួយកូនចៅអ៊ីស្រាអែល និងកូនចៅយូដា។ សម្ព័ន្ធមេត្រីថ្មីនេះមិនដូចសម្ព័ន្ធមេត្រីដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ នៅគ្រាដែលយើងដឹកដៃបុរសនោះនាំចេញពី​ស្រុកអេស៊ីបមកទេ។ ទោះបីយើងជាម្ចាស់របស់ពួកគេក្តី ក៏ពួកគេផ្តាច់សម្ព័ន្ធមេត្រីនោះដែរ។ រីឯសម្ព័ន្ធមេត្រីថ្មីដែលយើងនឹងចងជាមួយកូនចៅអ៊ីស្រា​អែលនៅពេលខាងមុខ​មានដូចតទៅ៖ យើងនឹងដាក់វិន័យរបស់យើងនៅក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារវិន័យនោះក្នុងចិត្តរបស់ពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជា​ប្រជារាស្ត្ររបស់យើង”។ គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយ​ប្រាប់បងប្អូនរបស់ខ្លួនថា“ត្រូវតែស្គាល់ព្រះអម្ចាស់”ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា ដ្បិតយើងអត់ឱនឱ្យគេ ចំពោះអំពើ​ទុច្ចរិតដែលគេបានប្រព្រឹត្ត ហើយយើងក៏មិននឹកនាពីអំពើបាបរបស់គេទៀតដែរ»។

ទំនុកតម្កើងលេខ ៥១ (៥០),១២-១៥.១៨-១៩ បទពាក្យ ៧

១២ ឱព្រះជាអម្ចាស់ខ្ញុំអើយ សូមជួយប្រោសឱ្យបរិសុទ្ធ  
  បង្កើតចិត្តថ្មីមាំមោះមុត រឹងប៉ឹងបំផុតដល់ខ្ញុំផង ។
១៣ សូមកុំបោះបង់រូបខ្ញុំចោល ឱ្យនៅតែលតោលឆ្ងាយព្រះអង្គ  
  កុំដកវិញ្ញាណដ៏ត្រចង់ វិសុទ្ធព្រះអង្គពីខ្ញុំឡើយ ។
១៤ សូមប្រោសឱ្យខ្ញុំអរសប្បាយ ព្រោះព្រះម្ចាស់ថ្លៃសង្គ្រោះហើយ  
  សូមគាំទ្រខ្ញុំកុំកន្តើយ ដោយប្រទានឱ្យធ្វើតាមផង ។
១៥ រូបខ្ញុំនឹងខំប្រៀនប្រដៅ មនុស្សពាលកម្លៅមិនឱ្យហ្មង  
  ឱ្យស្គាល់មាគ៌ាដ៏ត្រចង់ របស់ព្រះអង្គជាដរាប ។
១៨ ព្រះអង្គមិនដែលសព្វព្រះទ័យ ឱ្យដាក់យញ្ញថ្វាយច្រើនឬតិច  
  ទោះតង្វាយដុតទាំងមូលស្រេច ក៏ទ្រង់គ្មានកិច្ចចង់បានដែរ ។
១៩ យញ្ញដែលព្រះអង្គសព្វព្រះទ័យ ឱ្យរូបខ្ញុំថ្វាយរាល់ថ្ងៃខែ  
  គឺចិត្តសោកសៅទុក្ខឥតល្ហែ និងចិត្តកែប្រែលែងក្អេងក្អាង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ១៦,១៨១)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានសង់ព្រះសហគមន៍របស់ព្រះអង្គលើជំនឿរបស់គ្រីស្តទូតសិលា។ សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៦,១៣-២៣) 

នៅគ្រានោះ ព្រះយេស៊ូយាងមកដល់ស្រុកសេសារេភីលីព ព្រះអង្គមានព្រះបន្ទូលសួរក្រុមសាវ័កថា៖«តើមនុស្សទាំងឡាយថា បុត្រមនុស្សជានរណា?»។ គេទូលថា៖​«អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ត។ អ្នកខ្លះថា លោកជាព្យាការីអេលី។ អ្នកខ្លះទៀតថា លោកជាព្យាការីយេរេមី! ឬជាព្យាការីណាមួយរូប»។ ព្រះអង្គសួរគេ​ទៀតថា៖«ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកស៊ីម៉ូន​សិលាទូលព្រះអង្គថា៖«លោកជាព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖«ស៊ីម៉ូនកូនលោកយ៉ូណាស់​អើយ! អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្តីនេះមិនមែនដោយខ្លួនឯងទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខបានសម្តែងឱ្យអ្នកដឹង។ ខ្ញុំសុំប្រាប់អ្នកថា អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគ​មន៍របស់ខ្ញុំ។ សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ។ ខ្ញុំនឹងប្រគល់កូនសោ​ព្រះរាជ្យនៃស្ថានបរមសុខឱ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹង​ស្រាយនៅស្ថានបរមសុខដែរ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលហាមក្រុមសាវ័កមិនឱ្យប្រាប់នរណាថា ព្រះ​អង្គជាព្រះគ្រីស្តឡើយ។ តាំងពីពេលនោះមក ព្រះគ្រីស្តចាប់ផ្តើមបង្ហាញឱ្យក្រុម​សាវ័កដឹងថា ព្រះអង្គត្រូវយាងទៅក្រុងយេរូសាឡឹម។ នៅទីនោះ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ និងពួកធម្មាចារ្យនឹងនាំគ្នាធ្វើបាបព្រះអង្គឱ្យរងទុក្ខលំបាក​យ៉ាងខ្លាំងថែមទាំងធ្វើគុតព្រះអង្គទៀតផង តែនៅថ្ងៃទីបី ព្រះអង្គនឹងទទួលព្រះជន្មថ្មី​ដ៏រុងរឿង។ លោកសិលានាំព្រះយេស៊ូទៅដាច់ឡែកពីគេ ហើយទូលជំទាស់ថា៖​«បពិត្រព្រះអម្ចាស់! សូមព្រះជាម្ចាស់មេត្តាអាណិតកុំឱ្យការណ៍នេះកើតមានដល់​ព្រះអង្គឡើយ!»។ ព្រះយេស៊ូបែរមកមានព្រះបន្ទូលទៅលោកសិលាថា៖«នែ៎! មារ​សាតាំងអើយ! ថយទៅខាងក្រោយខ្ញុំ! ដ្បិតអ្នកកំពុងរារាំងផ្លូវខ្ញុំ គំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។