ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី១៨ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី (យរ ២៨,១-១៧)
នៅឆ្នាំទីបួនក្នុងរជ្ជកាលព្រះបាទសេដេគីយ៉ា ជាស្តេចស្រុកយូដា គឺនៅខែទីប្រាំ លោកហាណានី ជាកូនរបស់លោកអាស្សួរ ដែលជាព្យាការីនៅភូមិកាបូនពោលមកព្យាការីយេរេមីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៅចំពោះមុខពួកបូជាចារ្យ និងប្រជាជនទាំងអស់ថា៖ «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូចតទៅ “យើងនឹងបំបាក់នឹមសេ្តចស្រុកបាប៊ីឡូន! ពីរឆ្នាំទៀត យើងនឹងនាំសម្ភារៈទាំងប៉ុន្មាននៃព្រះវិហារដែលនេប៊ូកានេសារជាស្តេចស្រុកបាប៊ីឡូនបានដឹកទៅនោះ យកមកទុកនៅកន្លែងនេះវិញ។ យើងក៏នាំយេកូនីយ៉ាបុត្ររបស់យ៉ូយ៉ាគីម ជាស្តេចស្រុកយូដា និងអ្នកស្រុកយូដាទាំងប៉ុន្មានដែលគេកៀរយកទៅជាឈ្លើយនៅស្រុកបាប៊ីឡូននោះត្រឡប់មកវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្តេចស្រុកបាប៊ីឡូន»។ ព្យាការីយេរេមីតបទៅព្យាការីហាណានីនៅចំពោះមុខពួកបូជាចារ្យ និងប្រជាជនទាំងអស់ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ថា៖ «សាធុ សូមព្រះអម្ចាស់ធ្វើតាមពាក្យរបស់លោក! សូមព្រះអម្ចាស់សម្រេចតាមពាក្យដែលលោកប្រកាសនេះចុះ! គឺសូមព្រះអង្គនាំសម្ភារៈរបស់ព្រះវិហារ និងប្រជាជនដែលគេកៀរយកទៅជាឈ្លើយសឹកនោះមកវិញ! ប៉ុន្តែ សូមស្តាប់សេចក្តីដែលខ្ញុំយកមកជម្រាបលោក និងប្រជាជនទាំងមូលឱ្យបានជ្រាបដូចតទៅនេះ ព្យាការីទាំងប៉ុន្មានដែលរស់នៅមុនយើងទាំងពីរនាក់បានថ្លែងព្រះបន្ទូលតាំងពីយូរយារណាស់មកហើយថា ប្រទេស និងនគរធំៗជាច្រើនត្រូវកើតសង្គ្រាម កើតអន្តរាយ និងកើតជំងឺអាសន្នរោគ។ ប្រសិនបើមានព្យាការីណាម្នាក់ប្រកាសថា ស្រុកបានសុខសាន្ត យើងអាចដឹងថា ព្រះអម្ចាស់បានចាត់ព្យាការីនោះឱ្យមកមែន លុះត្រាណាតែស្រុកបានសុខសាន្តដូចពាក្យគាត់ប្រកាស»។ ពេលនោះ ព្យាការីនីហាណានីដោះនឹមចេញពីស្មារបស់ព្យាការីយេរេមីមកកាច់បំបាក់ ហើយពោលនៅចំពោះមុខប្រជាជនទាំងអស់ដូចតទៅ៖«ព្រះអម្ចាស់មានព្រះបន្ទូលថា ពីរឆ្នាំទៀត យើងនឹងបំបាក់នឹមរបស់នេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន ហើយរំដោះប្រជាជាតិទាំងអស់»។ ព្យាការីយេរេមីក៏ដើរចេញពីកន្លែងនោះទៅ។ បន្ទាប់ពីព្យាការីហាណានីបំបាក់នឹមដែលស្ថិតនៅលើស្មារបស់ព្យាការីយេរេមីនោះ ព្រះអម្ចាស់មានព្រះបន្ទូលថា អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែយើងនឹងយកនឹមដែកមកដាក់ជំនួសវិញ។ ព្រះអម្ចាស់នៃពិភពលោកទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា យើងដាក់នឹមដែកលើប្រជាជាតិទាំងអស់ ដើម្បីបង្ក្រាបពួកគេឱ្យនៅក្រោមអំណាចនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងបម្រើនេប៊ូកានេសារ ហើយសូម្បីតែសត្វព្រៃក៏យើងប្រគល់ឱ្យស្តេចនោះដែរ»។ បន្ទាប់មក ព្យាការីយេរេមីមានប្រសាសន៍ទៅកាន់ព្យាការីហាណានីថា៖«លោកហាណានីអើយ! សូមស្តាប់ខ្ញុំសិន! ព្រះអម្ចាស់មិនបានចាត់លោកឱ្យមកទេ! លោកនាំប្រជាជននេះឱ្យសង្ឃឹមលើពាក្យមិនពិត។ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបណ្តេញអ្នកឱ្យចាកចេញពីផែនដីហើយ! ឆ្នាំនេះអ្នកត្រូវតែស្លាប់ ព្រោះអ្នកបានប្រកាសឱ្យគេបះបោរប្រឆាំងនឹងព្រះអម្ចាស់»។ ព្យាការីហាណានីក៏ទទួលមរណភាពនៅខែទីប្រាំពីរ នាឆ្នាំនោះ។
ទំនុកតម្កើងលេខ ១១៩ (១១៨),២៩.៤៣.៧៩-៨០.៩៥.១០២ បទពាក្យ ៧
| ២៩ | សូមឱ្យខ្ញុំចៀសចាកចេញផុត | ឆ្ងាយពីពាក្យភូតភរឫស្យា | |
| សូមជួយបង្ហាញក្តីករុណា | វិន័យថ្លៃថ្លាឱ្យខ្ញុំស្គាល់ | ។ | |
| ៤៣ | សូមកុំបណ្តោយខ្ញុំស្រដី | ពាក្យមិនប្រពៃមិនត្រឹមត្រង់ | |
| ដ្បិតខ្ញុំសង្ឃឹមលើព្រះអង្គ | ការសម្រេចទ្រង់ឥតសង្ស័យ | ។ | |
| ៧៩ | សូមអ្នកគោរពព្រះមកជុំ | នាំគ្នារកខ្ញុំកុំបង្អង់ | |
| ឱ្យខ្ញុំស្គាល់ពាក្យទូន្មានផង | របស់ព្រះអង្គល្អពេកក្រៃ | ។ | |
| ៨០ | សូមជួយរូបខ្ញុំឱ្យប្រព្រឹត្ត | តាមវិន័យក្រឹត្យរៀងរាល់ថ្ងៃ | |
| បានល្អឥតខ្ចោះមិនក្រឡៃ | រូបខ្ញុំគ្មានថ្ងៃត្រូវខ្មាសគេ | ។ | |
| ៩៥ | មានមនុស្សអាក្រក់ពាលឫស្យា | វាចង់ផ្តន្ទាខ្ញុំតែម្តង | |
| តែខ្ញុំនៅតែគិតបំណង | ស្វែងរកច្បាប់ទ្រង់និងវិន័យ | ។ |
សូមប្តូរទៅបទកាកគតិ
| ១០២ | ខ្ញុំមិនងាកគេច | អ្វីទ្រង់សម្រេច | ត្រឹមត្រូវឥតប្រែ |
| ដ្បិតទ្រង់ប្រដៅ | ខ្ញុំរាល់ថ្ងៃខែ | ខ្ញុំមិនគេចកែ | |
| ចាកចោលទ្រង់ឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន២៨,២៤)
អាលេលូយ៉ា! អាលេលូយ៉ា!
នៅក្នុងវាលរហោស្ថាន ព្រះជាម្ចាស់បានប្រទានអាហារឱ្យប្រជាជនរបស់ព្រះអង្គបរិភោគ។ ទ្រង់បានប្រទានឱ្យគេបរិភោគ អាហារមកពីស្ថានបរមសុខយ៉ាងឆ្អែតបរិបូរណ៍។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៤,២២-៣៦)
រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសាវ័ក ឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គ ហើយព្រះអង្គក៏ប្រាប់មហាជនឲ្យវិលត្រឡប់ទៅវិញដែរ។ កាលព្រះអង្គឲ្យមហាជនចេញផុតអស់ហើយ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ដាច់ឡែកពីគេ ដើម្បីអធិស្ឋាន។ លុះដល់យប់ ព្រះអង្គគង់នៅទីនោះតែមួយព្រះអង្គឯង។ ពេលនោះទូកចេញឆ្ងាយពីច្រាំង ហើយក៏ត្រូវរលកបក់បោក ព្រោះបញ្ច្រាសខ្យល់។ ដល់ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកពួកសាវ័ក។ កាលពួកគេឃើញព្រះអង្គយាងលើទឹកសមុទ្រ ដូច្នេះគេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង!» ព្រោះគេភ័យពេក។ រំពេចនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។ លោកសិលាទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើពិតជាលោកមែន សូមបញ្ជាឲ្យខ្ញុំអាចដើរលើទឹកទៅរកលោកផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញមក!» លោកសិលាក៏ចុះពីទូក ដើរលើទឹកឆ្ពោះទៅរកព្រះយេស៊ូ ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក។ លោកស្រែកឡើងថា៖ «លោកម្ចាស់អើយ សូមជួយខ្ញុំផង!»។ ព្រះយេស៊ូក៏លូកព្រះហស្តទាញគាត់ឡើងភ្លាម ទាំងមានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុដូចម្ដេចបានជាអ្នកមិនទុកចិត្តដូច្នេះ?»។ បន្ទាប់មក ព្រះអង្គ និងលោកសិលាចូលមកក្នុងទូក ហើយខ្យល់ក៏ស្ងប់។ អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ ទាំងពោលថា៖ «ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។ ព្រះយេស៊ូ និងពួកសាវ័កបានឆ្លងទៅដល់ត្រើយម្ខាងទៀត ត្រង់ស្រុកកេនេសារ៉ែត។ អ្នកស្រុកនោះស្គាល់ព្រះអង្គភ្លាម ហើយយកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់ទាំងមូល។ គេនាំអ្នកជំងឺទាំងអស់មករកព្រះអង្គ អង្វរសូមគ្រាន់តែពាល់ជាយព្រះពស្ដ្ររបស់ព្រះអង្គប៉ុណ្ណោះ អស់អ្នកដែលពាល់ បានជាសះស្បើយគ្រប់ៗគ្នា។

