ថ្ងៃសុក្រ អាទិត្យទី១៧ រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស
បុណ្យរម្លឹក
សន្តអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
លោកអ៊ីញ៉ាស (១៤៩១-១៥៥៦) កើតនៅភូមិឡូយ៉ូឡា (ប្រទេសអេស្ប៉ាញសព្វថ្ងៃ)។ លោកប្រកបការងារជាទាហាន។ ជួនជាលោកត្រូវរបួសពេលច្បាំងវាយសម្រុកទីក្រុងមួយ។ ពេលព្យាបាលមុខរបួស លោកអានគម្ពីរ ហើយទទួលស្គាល់ព្រះយេស៊ូទុកជាព្រះសង្គ្រោះរបស់ខ្លួន រួចលោកទៅស្មឹងស្មាធិ៍សមាធិនៅគុហារភ្នំមង់រែស ហើយប្រែចិត្តគំនិតទាំងស្រុង។ លោកចែកចាយការពិសោធន៍ខាងព្រះវិញ្ញាណឱ្យមិត្តសម្លាញ់ដើម្បី “លើកតម្កើងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះជាម្ចាស់” នៅឆ្នាំ ១៥៣៤ លោកអ៊ីញ៉ាស និងមិត្ត សម្លាញ់ខ្លះធ្វើសច្ចាប្រណិធាននៅក្រុងប៉ារីស និងបម្រើព្រះជាម្ចាស់អស់មួយជីវិត។ នេះជាដើមកំណើតនៃ “សមាគមសហជីវិនរបស់ព្រះយេស៊ូ”។
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី (យរ ២៦,១-៩)
នៅដើមរជ្ជកាលព្រះបាទយ៉ូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូស៊ីយ៉ា ជាស្តេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមីដូចតទៅនេះ គឺព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចូរទៅឈរក្នុងទីលានព្រះវិហារ ហើយនាំពាក្យទាំងប៉ុន្មានដែលយើងបង្គាប់អ្នកទៅប្រកាសប្រាប់ប្រជាជនពីគ្រប់ទីក្រុងក្នុងស្រុកយូដាដែលមកថ្វាយបង្គំក្នុងព្រះវិហារ។ ចូរប្រកាសប្រាប់គេ កុំចន្លោះពាក្យណាមួយឡើយ។ ប្រហែលជាពួកគេស្តាប់ ហើយម្នាក់ៗកែប្រែកិរិយាមារយាទរបស់ខ្លួន។ ដូច្នេះ យើងនឹងមិនដាក់ទោសគេតាមអំពើអាក្រក់ដែលពួកគេប្រព្រឹត្ត ដូចយើងបានសម្រេចនោះទេ។ អ្នកត្រូវប្រាប់ពួកគេដូចតទៅ ព្រះអម្ចាស់មានព្រះបន្ទូលថា ប្រសិនបើអ្នករាល់គ្នាមិនស្តាប់យើង ហើយមិនប្រព្រឹត្តតាមធម្មវិន័យដែលយើងបានដាក់ឱ្យអ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាមិនស្តាប់ពាក្យព្យាការីជាអ្នកបម្រើរបស់យើងដែលយើងបានចាត់ឱ្យមកប្រៀនប្រដៅអ្នករាល់គ្នាជារៀងរហូតមកទេ នោះយើងនឹងធ្វើឱ្យព្រះវិហារនេះវិនាសដូចទីសក្ការៈនៅស៊ីឡូ ហើយយើងនឹងធ្វើឱ្យប្រជាជាតិទាំងអស់នៅលើផែនដីឃើញថា ក្រុងនេះជាក្រុងត្រូវបណ្តាសា»។ ពួកបូជាចារ្យ ពួកព្យាការី និងប្រជាជនទាំងអស់ឮលោកយេរេមីប្រកាសពាក្យទាំងនេះនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ កាលលោកយេរេមីប្រកាសសេចក្តីទាំងប៉ុន្មានដែលព្រះអម្ចាស់បញ្ជាឱ្យលោកប្រកាសប្រាប់ប្រជាជនទាំងអស់ចប់សព្វគ្រប់ហើយ ពួកបូជាចារ្យ ពួកព្យាការី និងប្រជាជននាំគ្នាចាប់លោកទាំងពោលថា៖«ឯងត្រូវតែស្លាប់! ឯងត្រូវស្លាប់! ហេតុដូចម្តេចបានជាឯងទាយក្នុងព្រះនាមរបស់ព្រះអម្ចាស់ថា ព្រះវិហារនេះនឹងត្រូវវិនាសដូចទីសក្ការៈនៅស៊ីឡូ ហើយថា ក្រុងនេះនឹងត្រូវខ្ទេចខ្ទីគ្មានមនុស្សរស់នៅដូច្នេះ»។
ទំនុកតម្កើងលេខ ៦៩ (៦៨),២.៥.៨.១០.១៤ បទកាកគតិ
| ២ | ឱ!ព្រះជាម្ចាស់ | សូមជួយសង្គ្រោះ | ឱ្យរួចខ្លួនផង |
| ទឹកដល់ច្រមុះ | ខ្ញុំភ័យកន្លង | ស្លាប់គ្រានេះម្តង | |
| តៃហោងសូន្យបង់ | ។ | ||
| ៥ | ខ្មាំងទូលបង្គំ | នាំគ្នាស្អប់ខ្ញុំ | មានច្រើនអនេក |
| ពួកវាទាំងនោះ | ពុំអាចដាក់លេខ | ច្រើនក្រាស់ស្កះស្អេក | |
| ជាងសរសៃសក់ | ។ | ||
| ពួកគេទាំងនោះ | កម្លាំងខ្លាំងហួស | មិននៅដំអក់ | |
| គេចង់ព្យាបាទ | ខ្ញុំមនុស្សត្រង់ស្មោះ | មិនលួចអ្វីសោះ | |
| ឱ្យខ្ញុំសងគេ | ។ | ||
| ៨ | ខ្ញុំទ្រាំឱ្យគេ | ប្រមាថដៀលជេរ | មើលងាយពេកក្រៃ |
| ព្រោះតែព្រះអង្គ | ខ្មាសគេស្ទើរក្ស័យ | អាប់ឱនសេរី | |
| ព្រោះតែព្រះអង្គ | ។ | ||
| ១០ | នោះមកពីខ្ញុំ | ចិត្តនៅមូលផ្តុំ | ស្រឡាញ់ខ្លាំងណាស់ |
| ដំណាក់ព្រះអង្គ | គេតិះដៀលត្មះ | តែពាក្យទាំងនោះ | |
| ត្រូវធ្លាក់លើខ្ញុំ | ។ | ||
| ១៤ | ឱ!ព្រះអម្ចាស់ | ពេលឥឡូវនេះ | សូមទ្រង់សម្តែង |
| ហឫទ័យសន្តោស | ករុណាធំធេង | សង្គ្រោះកុំលែង | |
| សូមឆ្លើយតបផង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ហប១,១-២)
អាលេលូយ៉ា! អាលេលូយ៉ា!
នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើងដោយសារពួកព្យាការី។ ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលមកយើងដោយសារព្រះបុត្រា។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៣,៥៤-៥៨)
នៅគ្រានោះ ព្រះយេស៊ូយាងត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ។ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងធម្មសាលារបស់គេ ធ្វើឱ្យគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេពោលថា៖«តើគាត់បានទទួលប្រាជ្ញា និងឫទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះពីណាមក?។ អ្នកនេះជាកូនរបស់ជាងឈើ ម្តាយរបស់គាត់ឈ្មោះនាងម៉ារី បងប្អូនគាត់ឈ្មោះយ៉ាកុប យ៉ូសែប ស៊ីម៉ូន យូដាស ទេតើ! ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានក៏រស់នៅក្នុងភូមិជាមួយយើងដែរ។ ដូច្នេះ គាត់ដឹងសេចក្តីទាំងនេះពីណាមក?» ហេតុនេះហើយ បានជាគេមិនអាចជឿព្រះអង្គបាន។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ធម្មតា គេមើលងាយព្យាការីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!»។ នៅទីនោះ ព្រះយេស៊ូពុំបានធ្វើការអស្ចារ្យឡើយ ព្រោះគេគ្មានជំនឿ។

