២៩ កក្កដា ២០២៦

Written on 11/02/2026
Sokhorn Oem

ថ្ងៃពុធ អាទិត្យទី១៧ រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស


បុណ្យរម្លឹក
សន្តម៉ាថា សន្តីម៉ារី និងសន្តឡាសា

សូមចុចទីនេះ

នាងម៉ាថារស់នៅភូមិបេថានីជាមួយនាងម៉ារី និងលោកឡាសា។ ព្រះយេស៊ូស្រឡាញ់រាប់អានអ្នកទាំងបីនោះ។ ពេលព្រះអង្គយាងទៅផ្ទះ នាងម៉ាថាយកចិត្តទុកដាក់ទទួលព្រះយេស៊ូ ដោយយល់ថា ព្រះអង្គជាព្រះគ្រីស្ត។ តែព្រះយេស៊ូបង្រៀនឱ្យនាងដឹងថា សាវ័ករបស់ព្រះអង្គមិនត្រឹមតែបម្រើអ្នកដ៏ទៃដោយចិត្តស្រឡាញ់ប៉ុណ្ណោះទេ គឺត្រូវស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងនឹកសញ្ជឹងគិតដូចនាងម៉ារីជាប្អូន ដើម្បីឱ្យស្គាល់ព្រះហឫទ័យមេត្តាករុណាដ៏ទូលំទូលាយរបស់ព្រះអង្គ។ ប្រសិនបើសាវ័កធ្លាប់អធិដ្ឋាន ទាំងនឹកសញ្ជឹងគិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ កិច្ចការដែលខ្លួនប្រព្រឹត្តនោះរឹតតែប្រសើរឡើង។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី (យរ ១៥,១០.១៦-២១)

អ្នកម្តាយអើយ! តើបង្កើតខ្ញុំមកធ្វើអ្វី? បើខ្ញុំវេទនាបែបនេះ! អ្នកស្រុកទាំងអស់នាំគ្នា​ជំទាស់ ហើយរករឿងឈ្លោះជាមួយនឹងខ្ញុំ។ ខ្ញុំពុំបានជំពាក់ប្រាក់គេ ហើយក៏គ្មាននរណាជំពាក់ប្រាក់ខ្ញុំដែរ តែពួកគេជេរប្រទេចផ្តាសាខ្ញុំគ្រប់ៗគ្នា។ ពេលទូលបង្គំឮព្រះបន្ទូលរបស់ព្រះអង្គ ទូលបង្គំត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់។ ព្រះបន្ទូលរបស់ព្រះអង្គធ្វើឱ្យចិត្តទូលបង្គំពោរពេញទៅដោយអំណរ និងសុភមង្គល។ ព្រះជាអម្ចាស់នៃពិភព​ទាំងមូលអើយ! ទូលបង្គំជាអ្នកបម្រើផ្ទាល់របស់ព្រះអង្គ ទូលបង្គំពុំបានអង្គុយសប្បាយរួម​ជាមួយពួកលេងសើចឡើយ គឺព្រះអង្គជំរុញទូលបង្គំឱ្យនៅដោយឡែកពីគេ ដ្បិត​ទូលបង្គំពោរពេញទៅដោយកំហឹងរួមជាមួយព្រះអង្គដែរ។ ហេតុអ្វីបានជា​ទូលបង្គំចេះតែឈឺចុកចាប់ជានិច្ចបែបនេះ? ហេតុអ្វីបានជាមុខរបួសទូលបង្គំមិនព្រមជាសះដូច្នេះ? តើព្រះអង្គ​ពិតជាធ្វើឱ្យទូលបង្គំខកចិត្ត ដូចប្រភពទឹកដែលហូរមិនទៀងទាត់ឬ?។ ព្រះអម្ចាស់​មានព្រះបន្ទូលមកខ្ញុំវិញថា៖«ប្រសិនបើអ្នកវិលត្រឡប់មករកយើង នោះយើងនឹងប្រគល់​មុខងារឱ្យអ្នកនៅ​បម្រើយើងដូចដើមឡើងវិញ។ ប្រសិនបើអ្នកពោលពាក្យមានខ្លឹមសារ​ជាជាងពោលពាក្យឥតបានការ យើងនឹងប្រើអ្នកឱ្យនាំពាក្យរបស់យើង។ ពេលនោះ​ជនជាតិយូដានឹងវិលមករកអ្នក គឺមិនមែនអ្នកទេដែលនឹងទៅរកពួកគេ។ យើងនឹងធ្វើ​ឱ្យអ្នកប្រៀបបីដូចជាកំពែងលង្ហិនដ៏មាំនៅចំពោះមុខប្រជាជននេះ ពួកគេនឹងនាំគ្នា​វាយប្រហារអ្នកតែពុំអាចឈ្នះអ្នកបានឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីសង្គ្រោះ និងរំដោះអ្នក។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងរំដោះអ្នកឱ្យរួចផុតពីកណ្តាប់ដៃរបស់មនុស្សអាក្រក់ យើងនឹងដោះលែងអ្នកពីអំណាចរបស់មនុស្សឃោរឃៅ»។

ទំនុកតម្កើងលេខ ៥៩ (៥៨),២-៥.១០-១១.១៧-១៨ បទកាកគតិ

២ ឱព្រះម្ចាស់អើយ សូមកុំកន្តើយ ជួយរំដោះខ្ញុំ
  ឱ្យរួចពីខ្មាំង សត្រូវតូចធំ វាមានគំនុំ
    ចង់ចាប់ធ្វើបាប ។
៣ សូមជួយរំដោះ ជីវិតឱ្យរស់ ជារៀងដរាប
  ផុតពីពួកពាល ពីអ្នកសាងបាប អាក្រក់ឆ្អេះឆ្អាប
    ពួកមនុស្សស្រេកឈាម ។
៤ ឱព្រះអម្ចាស់ ទោះខ្ញុំពុំខុស ក៏គេព្យាយាម
  ចាំស្ទាក់ប្រហារ ជីវិតខ្ញុំភ្លាម ពួកគេព្យាយាម
    ប្រឆាំងជានិច្ច ។
៥ ទោះខ្ញុំមិនខុស ក៏ពួកទាំងនោះ នៅតែមានល្បិច
  ពួនចាំស្ទាក់ចាប់ រូបខ្ញុំមិនភ្លេច សូមកុំកែគេច
    បែរភក្ត្រមើលផង ។
១០ ទូលបង្គំខំប្រឹង មើលទៅព្រះអង្គ មិនឱ្យខានខក
  ទ្រង់ជាកម្លាំង កំពែងជម្រក មិនឱ្យខ្មាំងមក
    ពាធាបំភ័យ ។
១១ ព្រះរបស់ខ្ញុំ ហឫទ័យទូលំ ទូលាយឥតបី
  មេត្តាករុណា សន្តោសប្រណី ឱ្យខ្ញុំសប្បាយ
    ដោយខ្មាំងចាញ់ដៃ ។
១៧ រីឯខ្ញុំវិញ ក្នុងចិត្តពោរពេញ សរសើរមិនឈប់
  ច្រៀងលើកតម្កើង ព្រះម្ចាស់ជាម្លប់ ថ្លែងមិនឈរឈប់
    ហឫទ័យមេត្តា ។
  ពេលព្រឹកព្រលឹម ថ្លែងទាំងញញឹម ពីក្តីករុណា
  របស់ព្រះអង្គ ជាកំពែងការ ជួយខ្ញុំនេះណា
    ពេលអាសន្នភ័យ ។
១៨ បពិត្រព្រះម្ចាស់ ព្រះអង្គជាព្រះ មានឫទិ្ធបារមី
  ទូលបង្គំនឹងស្មូត បទតម្កើងថ្វាយ ព្រះអង្គនេះហើយ
    ជាកំពែងមាំ ។

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (មថ១១,២៥)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ​ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអស្ចារ្យនៃព្រះរាជ្យ ឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ១៣,៤៤-៤៦) 

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅកាន់បណ្តាជនថា៖«ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រក​កំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្តត្រេកអរជាខ្លាំង ក៏ចេញទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់ទិញដីស្រែនោះ។ ម្យ៉ាងទៀត ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាអ្នកជំនួញម្នាក់ដែលស្វែង​រកទិញពេជ្រល្អៗ។ កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលប់ហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់មកទិញពេជ្រនោះ»។

ឬសូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ១១,១៩-២៧

មានជនជាតិយូដាជាច្រើននាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និងនាងម៉ារីក្នុងពេលប្អូនស្លាប់។ កាលនាងម៉ាថាដឹងថា ព្រះយេស៊ូយាង​មក ដល់ នាងក៏ចេញទៅទទួលព្រះអង្គ រីឯនាងម៉ារីវិញ នាងអង្គុយនៅក្នុងផ្ទះ។ នាងម៉ាថាទូលព្រះយេស៊ូថា៖ “លោកម្ចាស់! ប្រសិនបើលោកបាននៅទីនេះ ប្អូននាងខ្ញុំមិនស្លាប់ទេ។ ប៉ុន្តែ ឥឡូវនេះ នាងខ្ញុំដឹងថា បើលោកសុំអ្វីពីព្រះជាម្ចាស់ក៏ដោយ ព្រះអង្គមុខជាប្រទានឱ្យមិន​ខាន”​។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«ប្អូននាងនឹងរស់ឡើងវិញ»។ នាងទូលទៅព្រះអង្គវិញថា៖ “នាងខ្ញុំដឹងហើយ នៅថ្ងៃចុងក្រោយបំផុត កាលណាមនុស្សស្លាប់នឹងរស់ឡើងវិញ ប្អូននាងខ្ញុំក៏នឹងរស់ឡើងវិញដែរ”។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់នាងវិញថា៖ «ខ្ញុំហ្នឹងហើយដែលប្រោសមនុស្សរស់ឡើងវិញ ខ្ញុំនឹងផ្តល់ឱ្យគេមានជីវិត។ អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ទៅហើយក៏ដោយក៏នឹងរស់ជាមិនខាន។ រីឯអស់អ្នកដែលកំពុងតែមានជីវិតនៅរស់ ហើយជឿលើខ្ញុំ មិនស្លាប់នោះឡើយ តើនាងជឿសេចក្តីនេះឬទេ?»។ នាងម៉ារីទូលព្រះអង្គថា៖ “បពិត្រព្រះអម្ចាស់! ខ្ញុំម្ចាស់ជឿថា ព្រះអង្គពិតជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះអង្គ ដែលត្រូវ​យាងមកក្នុងពិភពលោកនេះមែន!”។