២៦ កក្កដា ២០២៦

Written on 11/02/2026
Sokhorn Oem

ថ្ងៃអាទិត្យ  រដូវធម្មតា អាទិត្យទី១៧ ឆ្នាំ«ក»
ពណ៌បៃតង 

បុណ្យរម្លឹក
សន្តីហាណ្ណា និងសន្តយ៉ូហាគីម
(មាតាបិតារបស់ព្រះនាងម៉ារី)

សូមចុចទីនេះ

គ្មាននណារម្នាក់ដឹងច្បាស់ថា ឪពុកម្តាយរបស់នាងម៉ារីជានរណាទេ សូម្បីតែឈ្មោះក៏គ្មាននរណាដឹងដែរ តែគ្រីស្តបរិស័ទពីដើមតែងតែតំណាលរឿងដ៏សែនពិរោះអំពីនាងម៉ារី កាលនៅកុមារនៅឡើយ។ ទោះបីរឿងទាំងនេះគ្មានសារៈសំខាន់ក្នុងជំនឿរបស់គ្រីស្តបរិស័ទក៏ដោយ ក៏យើងអាចគោរពឪពុកម្តាយនាងម៉ារីដែលបានអប់រំកូនស្រីរបស់ខ្លួនតាមរបៀបដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ដែរ។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គតែងតែការពារ ថែរក្សាអស់អ្នកដែលផ្ញើជីវិតទាំងស្រុងលើព្រះអង្គ។ ប្រសិនបើព្រះអង្គមិនជួយណែនាំទេ យើងខ្ញុំពុំអាចប្រព្រឹត្តកិច្ចការដ៏ពេញលក្ខណៈណាមួយបានឡើយ។ សូមទ្រង់ព្រះមេត្តា ប្រោសយើងខ្ញុំឱ្យចេះប្រើសម្បត្តិក្នុងលោកនេះ ដោយភ្ជាប់ចិត្តនឹងសម្បតិ្តសួគ៌ជានិច្ច! សូមពង្រឹងជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រទី១ (១ ពង្ស ៣,៥.៧-១២)

ព្រះបាទសាឡូម៉ូនគង់នៅភូមិកាបូន។ ព្រះអម្ចាស់បានសម្តែងព្រះអង្គឱ្យព្រះបាទសាឡូម៉ូនឃើញក្នុងសុបិននិមិត្តនៅពេលយប់។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់ឱ្យ!»។ ព្រះបាទសាឡូម៉ូនទូលឆ្លើយថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ ព្រះអង្គតែងតាំងទូលបង្គំឱ្យឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌ ជាបិតាទូលបង្គំ។ ប៉ុន្តែ ទូលបង្គំនៅក្មេងខ្ចីពេក មិនទាន់ចេះគ្រប់គ្រងស្រុកនៅឡើយ។ ទូលបង្គំត្រូវដឹកនាំប្រជារាស្ត្រដែលព្រះអង្គបានជ្រើសរើស គឺប្រជាជនដ៏ច្រើនឥតគណនា។ ហេតុនេះ សូមព្រះអង្គប្រោសប្រទានឱ្យទូលបង្គំមានប្រាជ្ញាឈ្លាសវៃ ដើម្បីគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គ ហើយឱ្យទូលបង្គំចេះវិនិច្ឆ័យ ស្គាល់ការល្អ ការអាក្រក់។ បើមិនដូច្នោះទេ តើមាននរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើនឥតគណនារបស់ព្រះអង្គបាន?»។ ព្រះអម្ចាស់គាប់ព្រះហប្ញទ័យនឹង​ការ​ទូល​សូម​របស់​ព្រះ‌បាទ​សាឡូម៉ូន​ណាស់ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «អ្នកមិនបានទូលសូមឱ្យមានអាយុវែង មានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬឱ្យខ្មាំងសត្រូវរបស់អ្នកត្រូវវិនាសឡើយ តែអ្នកទូលសូមឱ្យមានប្រាជ្ញាឈ្លាសវៃ និងចេះពិចារណា ដើម្បីគ្រប់គ្រងប្រជារាស្ត្រដោយយុត្តិធម៌។ ដូច្នេះ យើងនឹងធ្វើតាមសំណូមពររបស់អ្នក គឺយើងឱ្យអ្នកមានប្រាជ្ញា និងចេះពិចារណា។ ទោះបីពីមុនក្តី ឬទៅអនាគតក្តី គ្មាននរណាម្នាក់អាចប្រៀបស្មើនឹងអ្នកបានឡើយ»។

ទំនុកតម្កើងលេខ ១១៩ (១១៨), ៥៧.៧២.៧៦-៧៧.១២៧-១៣០ បទពាក្យ ៧

៥៧ បពិត្រព្រះម្ចាស់អើយខ្ញុំសូម បង្គំទូលព្រមព្រះអង្គថា  
  ធ្វើតាមបញ្ជាកុំសាវា ជាកេរថ្លៃថ្លារបស់ខ្ញុំ ។
៧២ ធម្មវិន័យដែលទ្រង់បាន ប្រកាសឱ្យកាន់មានតម្លៃ  
  ប្រសើរជាងមាសពេជ្រចរណៃ ជាងប្រាក់ក្រាស់ក្រៃច្រើនលើសលប់ ។
៧៦ សូមទ្រង់មេត្តាជួយសម្រាល ទុក្ខខ្ញុំឱ្យស្រាលកុំឱ្យនៅ  
  តាមទ្រង់សន្យាកុំហ្មងសៅ ដល់ខ្ញុំដែលត្រូវជាបម្រើ ។
៧៧ សូមទ្រង់បង្ហាញធម៌មេត្តា ឱ្យមានជីវ៉ារស់គ្រាន់បើ  
  លើលោកីយ៍នេះខ្ញុំបម្រើ តាមវិន័យធម៌ដោយរីករាយ ។
       
  សូមប្តូរទៅជាបទកាកគតិ    
១២៧ ខ្ញុំស្រឡាញ់ព្រះ វិន័យអម្ចាស់ ពេកក្រៃមិនភ្លេច
  ស្រឡាញ់ជាងមាស រស្មីរំលេច ជាងប្រាក់ជាងពេជ្រ
    ទាំងឡាយទៅទៀត ។
១២៨ យើងខ្ញុំយល់ថា ច្បាប់គ្រប់ប្រការ ឥតបីឃ្លាងឃ្លាត
  សុទ្ធតែត្រឹមត្រូវ ឥតមានរវាត ខ្ញុំតែងឈ្លបឆ្លៀត
    ត្រងត្រាប់គ្រប់យ៉ាង ។
       
  សូមប្តូរទៅជាបទពាក្យ៧    
១២៩ ដំបូន្មាននៃព្រះអម្ចាស់ ល្អវិសេសណាស់គ្រប់ពាក្យពេចន៍  
  ហេតុនេះខ្ញុំធ្វើតាមជានិច្ច ឥតបីមានភ្លេចភ្លាត់របេះ ។
១៣០ ការស្វែងរកព្រះបន្ទូលទ្រង់ ឱ្យចិត្តភ្លឺស្វាងប្រាកដណាស់  
  ហើយធ្វើឱ្យអ្នកទន់ទាបចេះ ពិចារណាត្រិះរិះគូរគិត ។

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម (រម ៨,២៨-៣០)

បងប្អូនជាទីស្រឡាញ់!
យើងដឹងថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឱ្យអស់អ្នកស្រឡាញ់ព្រះជាម្ចាស់បានទទួលផលល្អ។ ព្រះអង្គបានត្រាស់ហៅគេ ស្របតាមគម្រោងការរបស់ព្រះអង្គ។ អស់អ្នកដែលព្រះអង្គបានជ្រើសរើស ទ្រង់ក៏បានតម្រូវគេទុកជាមុនឱ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គដែរ ដើម្បីឱ្យព្រះបុត្រាបានទៅជារៀមច្បងក្នុងបណ្តាបងប្អូនជាច្រើន។ អស់អ្នកដែលព្រះអង្គបានតម្រូវទុកជាមុននោះ ទ្រង់ក៏បានត្រាស់ហៅ ហើយអ្នកដែលព្រះអង្គបានត្រាស់ហៅនោះ ទ្រង់ក៏ប្រោសឱ្យគេបានសុចរិត។ រីឯអស់អ្នកដែលព្រះអង្គប្រោសឱ្យបាន​សុចរិត ទ្រង់ក៏ប្រទានឱ្យគេមានសិរីរុងរឿងដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ១១,២៥)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃពិភពទាំងមូល! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចស្គាល់!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៤៤-៥២ (ឬយ៉ាងខ្លី ១៣,៤៤-៤៦)

ព្រះយេស៊ូមានព្រះបន្ទូលមកកាន់បណ្តាជនជាពាក្យប្រស្នាថា៖ «ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រកកំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្តត្រេកអរជាខ្លាំង ក៏ចេញទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់ទិញដីស្រែនោះ។ ម្យ៉ាងទៀត ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាអ្នកជំនួញម្នាក់ ដែលស្វែងរកទិញពេជ្រល្អៗ។ កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលប់ហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់មក​ទិញពេជ្រនោះ។

ប្រសិនបើអានយ៉ាងខ្លី សូមឈប់ត្រឹមនេះ

ព្រះរាជ្យនៃស្ថានបរមសុខក៏ប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។ ពេលជាប់បានត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ រីឯត្រីមិនល្អវិញគេបោះចោល។ នៅអវសានកាលនៃពិភពលោកក៏នឹងកើតមានដូច្នេះដែរ។ ពួកទេវទូតនាំគ្នាមកញែកមនុស្សទុច្ចរិត ចេញពីចំណោមមនុស្សសុចរិត រួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ។ នៅទីនោះ មានតែសម្រែកយំសោក ខឹងសង្កៀតធ្មេញ។ តើអ្នករាល់គ្នាយល់សេចក្តីទាំងនេះឬទេ?»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «បាទ យល់!»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ហេតុនេះហើយ បានជាធម្មាចារ្យ ណាដែលបានទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យទាំងចាស់ទាំងថ្មីចេញពីឃ្លាំងរបស់គាត់»។

ពាក្យថ្វាយតង្វាយ 

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយតង្វាយដែលកើតមកពីធម៌មេត្តាករុណារបស់ព្រះអង្គ។ យើងខ្ញុំក៏សូមថ្វាយ កាយ វាចា ចិត្ត រួមជាមួយដែរ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយទាំងនេះដោយអនុគ្រោះ ទាំងរួមបញ្ចូលយើងខ្ញុំក្នុងសក្ការបូជារបស់ព្រះយេស៊ូ គ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលត្រាស់ហៅយើងខ្ញុំឱ្យចូលរួមក្នុងពិធីជប់លៀងនេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្រេកឃ្លានតែព្រះបន្ទូលព្រះអង្គ ព្រមទាំងឱ្យមានកម្លាំងក្លាហាន បង្ហាញធម៌មេត្តាករុណារបស់ព្រះអង្គចំពោះមនុស្សលោកផង។