ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី១៤ ឆ្នាំ«គូ»
ពណ៌បៃតង
បុណ្យរម្លឹក
សន្តបេណេឌិកតូ ជាចៅអធិការ
លោកបេណេឌិកតូ (៤៨០-៥៤៧) កើតនៅភូមិនូរស៊ី ក្នុងប្រទេសអ៊ីតាលី។ កាលលោកទៅរៀននៅទីក្រុងរ៉ូម លោកសម្រេចចិត្តទៅរស់នៅក្នុងកន្លែងស្ងាត់ដូចឥសីម្នាក់ ដើម្បីឱ្យបានស្គាល់ព្រះជាម្ចាស់។ យូរៗទៅ មានគ្រីស្តបរិស័ទទៅរស់នៅជាមួយ។ លោកតែងតាំងអារាមនៅភ្នំការស៊ីណូ ហើយចែងធម្មវិន័យសម្រាប់អ្នកទាំងនោះ ដែលជាព្រះសង្ឈនៃគ្រីស្តសាសនា។ ក្នុងធម្មវិន័យនោះ លោកខិតខំអប់រំព្រះសង្ឈឱ្យរម្ងាប់តណ្ហា និងស្ងប់ចិត្ត ដោយអធិដ្ឋាន ដោយធ្វើការផ្ទាល់ដៃ និងដោយរស់នៅជាក្រុមគ្រួសារបុព្វជិត ក្រោយការណែនាំរបស់ចៅអធិការ។ សន្តបេណេឌិកតូពិតជាអ្នកបង្កើតក្រុមព្រះសង្ឈនៃគ្រីស្តសាសនាមែននៅទ្វីបអឺរ៉ុបខាងលិខ។ សន្តបេណេឌិកតូជាឧបការីទ្វីបអឺរ៉ុប។
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស៦,១-៨)
នៅឆ្នាំដែលព្រះបាទអូស៊ីយ៉ាចូលទិវង្គត ខ្ញុំឃើញព្រះអម្ចាស់គង់លើបល្ល័ង្កដ៏ខ្ពស់បំផុត ជាយព្រះភូសាព្រះអង្គលាតពេញក្នុងព្រះវិហារ។ នៅលើព្រះអង្គ មានពពួកសេរ៉ាភីន។ សេរ៉ាភីននីមួយៗមានស្លាបប្រាំមួយ គឺស្លាបពីរសម្រាប់បាំងមុខ ស្លាបពីរសម្រាប់បាំងជើង និងស្លាបពីរទៀតសម្រាប់ហើរ។ ពពួកសេរ៉ាភីនទាំងនោះបន្លឺសំឡេងឆ្លើយឆ្លងគ្នាទៅវិញទៅមកថា៖«ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់ជាព្រះដ៏វិសុទ្ធ! ផែនដីទាំងមូលពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ!»។ សំឡេងសេរ៉ាភីនទាំងនោះ ធ្វើឱ្យកក្រើកទ្វារព្រះវិហារ ហើយមានផ្សែងហុយពេញព្រះដំណាក់។ ពេលនោះខ្ញុំលាន់មាត់ថា៖«ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ ហើយខ្ញុំក៏រស់នៅកណ្តាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញព្រះមហាក្សត្រ ជាព្រះអម្ចាស់នៃពិភពទាំងមូល»។ ខណៈនោះ សេរ៉ាភីនមួយហើរមករកខ្ញុំ ទាំងកាន់តង្កៀបកៀបរងើកភ្លើងពីអាសនៈ មកជាមួយផង រួចយករងើកភ្លើងនោះមកប៉ះមាត់ខ្ញុំទាំងប្រាប់ថា៖«រងើកភ្លើងនេះបានប៉ះនឹងបបូរមាត់លោក។ ដូច្នេះ ព្រះអម្ចាស់លើកលែងទោសឱ្យលោក ព្រះអង្គបានដកបាបចេញពីលោកហើយ»។ បន្ទាប់មក ខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ដែលមានព្រះបន្ទូលថា៖«តើយើងនឹងចាត់នរណាឱ្យទៅ? តើនរណានឹងនាំពាក្យរបស់យើងទៅ?»។ ខ្ញុំទូលឆ្លើយថា៖«ទូលបង្គំនៅទីនេះស្រាប់ហើយ! សូមព្រះអង្គចាត់ទូលបង្គំចុះ!»។
ទំនុកតម្កើងលេខ ៩៣ (៩២),១-២.៥ បទកាកគតិ
| ១ | ព្រះអម្ចាស់ជា | មហាក្សត្រា | រុងរឿងថ្កើងថ្កុំ |
| ទ្រង់ប្រកបដោយ | ចេស្តាឧត្តម | ផែនដីនៅមាំ | |
| ឥតរង្គើឡើយ | ។ | ||
| ២ | បល្ល័ង្កព្រះអង្គ | ស្ថិតស្ថេរឿងរុង | យូរលង់មកហើយ |
| ព្រះអង្គមានជន្ម | អស់កល្បអន្លាយ | ដើមមករៀងអាយ | |
| អង្វែងជានិច្ច | ។ | ||
| ៥ | បពិត្រព្រះម្ចាស់ | ក្រឹត្យវិន័យព្រះ | ត្រឹមត្រូវបរិសុទ្ធ |
| ដំណាក់ព្រះអង្គ | ល្អល្អះបំផុត | វិសេសវិសុទ្ធ | |
| អស់កល្បតទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (១សល៤,១៤)
អាលេលូយ៉ា! អាលេលូយ៉ា!
ប្រសិនបើមានគេត្មះតិះដៀលបងប្អូនព្រោះតែព្រះនាមរបស់ព្រះយេស៊ូគ្រីស្ត បងប្អូនពិតជាមានសុភមង្គលហើយ! ដ្បិតព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅលើបងប្អូន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១០,២៤-៣៣)
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កទាំងដប់ពីរនាក់ថា៖ «ពុំដែលមានសិស្សណាចេះជាងគ្រូឡើយ ហើយក៏ពុំដែលមានអ្នកបម្រើណាធំជាងម្ចាស់ដែរ។ បើសិស្សចេះបានដូចគ្រូ ហើយអ្នកបម្រើបានដូចម្ចាស់ នោះល្មមគ្រប់គ្រាន់ហើយ។ ប្រសិនបើគេឱ្យឈ្មោះម្ចាស់ផ្ទះថា “បេលសេប៊ូល” ទៅហើយ គេមុខជាឱ្យឈ្មោះអ្នកនៅក្នុងផ្ទះនោះ រឹតតែអាក្រក់ជាងនេះទៅទៀតមិនខាន។ កុំខ្លាចពួកអ្នកទាំងនោះឡើយ ដ្បិតកាណ៍លាក់កំបាំងទាំងអស់នឹងត្រូវបើកឱ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកឱ្យគេដឹងដែរ។ អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅពីលើផ្ទះ។ កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចសម្លាប់ព្រលឹងបាននោះឱ្យសោះ! គឺត្រូវខ្លាចព្រះជាម្ចាស់វិញ ព្រោះព្រះអង្គអាចធ្វើឱ្យទាំងព្រលឹង ទាំងរូបកាយធ្លាក់ទៅក្នុងភ្លើងនរកបាន។ ធម្មតាគេលក់ចាប់ពីរថ្លៃមួយសេន។ ទោះបីថោកយ៉ាងនេះក៏ដោយ ប្រសិនបើព្រះបិតារបស់អ្នករាល់គ្នាមិនយល់ព្រមទេនោះ ក៏គ្មានចាបណាមួយធ្លាក់ចុះដល់ដីបានឡើយ។ រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់នៅលើក្បាលអ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបទាំងអស់ទៅទៀត។ អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំក៏នឹងទទួលស្គាល់អ្នកនោះវិញនៅចំពោះព្រះភក្ត្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខដែរ។ រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមនុស្សលោក ខ្ញុំក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះនៅចំពោះព្រះភក្ត្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខដែរ»។

