ថ្ងៃអាទិត្យ រដូវធម្មតា អាទិត្យទី១៤ ឆ្នាំ«ក»
ពណ៌បៃតង
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយព្រះហប្ញទ័យសប្បុរសយ៉ាងក្រៃលែង! ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកទ្រទ្រង់មនុស្សលោក និងឱ្យសម្រុះសម្រួលយើងខ្ញុំឱ្យជានានឹងព្រះអង្គ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូមប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់ប្រព្រឹត្តតែកិច្ចការណាដែលសមនឹងឋានៈរបស់ខ្លួនផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីសាការី (សក ៩,៩-១០)
ប្រជាជនក្រុងស៊ីយ៉ូនអើយ! ចូរមានអំណររីករាយខ្លាំងឡើង! ប្រជាជនក្រុងយេរូសាឡឹមអើយ! ចូរស្រែកហ៊ោដោយសប្បាយ! មើលហ្ន៎ ! ព្រះមហាក្សត្ររបស់អ្នកយាងមករកអ្នកហើយ។ ព្រះអង្គសុចរិត ព្រះអង្គមានជ័យជម្នះ ព្រះអង្គមានព្រះហប្ញទ័យស្លូតបូត ព្រះអង្គគង់នៅលើខ្នងលា គឺព្រះអង្គគង់នៅលើខ្នងកូនលា។ ព្រះអង្គនឹងយករទេះចម្បាំងចេញពីស្រុកអេប្រាអ៊ីម យកទ័ពសេះចេញពីក្រុងយេរូសាឡឹម។ ព្រះអង្គកាច់បំបាក់ធ្នូដែលគេប្រើធ្វើសង្គ្រាម។ ព្រះអង្គនឹងប្រកាសប្រាប់ប្រជាជាតិនានាអំពីសន្តិភាព។ ព្រះអង្គនឹងគ្រប់គ្រងពីសមុទ្រម្ខាងទៅសមុទ្រម្ខាងទៀត ហើយចាប់ពីទន្លេអឺប្រាតរហូតដល់ទីដាច់ស្រយាលនៃផែនដី។
ទំនុកតម្កើងលេខ ១៤៥ (១៤៤), ១-២.៨-១១.១៣-១៤ បទកាកគតិ
| ១ | បពិត្រព្រះម្ចាស់ | ជាក្សត្ររបស់ | រូបទូលបង្គំ |
| ពេលនេះខ្ញុំកោត | នាមព្រះឧត្តម | អស់កល្បយូរលង់ | |
| ជារៀងដរាប | ។ | ||
| ២ | ខ្ញុំសូមតម្កើង | ព្រះអង្គខ្ពស់ឡើង | តទៅរៀងរៀប |
| ខ្ញុំសូមសរសើរ | ព្រះនាមល្អគាប់ | អស់កល្បដរាប | |
| រហូតតទៅ | ។ | ||
| ៨ | ព្រះជាអម្ចាស់ | ប្រកបដោយព្រះ | ហប្ញទ័យត្រចង់ |
| ប្រណីសន្តោស | ករុណាហ្មត់ហ្មង | អត់ធ្មត់កន្លង | |
| អាណិតមេត្តា | ។ | ||
| ៩ | ព្រះជាអម្ចាស់ | ព្រះទ័យសប្បុរស | លើមនុស្សលោកា |
| ទ្រង់មានព្រះទ័យ | សន្តោសករុណា | មនុស្សគ្រប់អាត្មា | |
| រស់ពេញផែនដី | ។ | ||
| ១០ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
| នាំគ្នាតម្កើង | រុងរឿងសិរី | រាស្ត្រទាំងប្រុសស្រី | |
| ក៏ថ្កើងទ្រង់ដែរ | ។ | ||
| ១១ | គេនឹងរៀបរាប់ | ព្រះរាជ្យគួរគាប់ | រុងរឿងស្ថិតស្ថេរ |
| របស់ព្រះអង្គ | ឥតមានប្រួលប្រែ | អានុភាពឥតកែ | |
| ព្រះអង្គនៅគង់ | ។ | ||
| ១៣ | ព្រះរាជ្យព្រះអង្គ | ស្ថិតនៅយូរលង់ | ពេញដោយអំណាច |
| គ្រងរាជ្យអស់កល្ប | ព្រោះទ្រង់ជាស្តេច | បារមីអង់អាច | |
| ស្ថិតយូរវស្សា | ។ | ||
| ព្រះអម្ចាស់តែង | គោរពឥតក្លែង | បន្ទូលសន្យា | |
| អ្វីដែលទ្រង់ធ្វើ | សុទ្ធតែអស្ចារ្យ | សប្បុរសមេត្តា | |
| ករុណាអាសូរ | ។ | ||
| ១៤ | ព្រះអង្គលើកស្ទួយ | អ្នកហេវហត់ព្រួយ | ដួលយំស្រែកថ្ងូរ |
| ទ្រង់លើកអ្នកអស់ | សង្ឃឹមឱ្យឈរ | ពង្រឹងជំហរ | |
| ឱ្យល្អវិញបាន | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម (រម ៨,៩.១១-១៣)
បងប្អូនជាទីស្រឡាញ់!
ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូន បងប្អូនមិនមែននៅខាងលោកីយ៍ទៀតទេ គឺនៅខាងព្រះវិញ្ញាណ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ត អ្នកនោះមិនមែនជាកូនចៅរបស់ព្រះអង្គទេ។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មថ្មីដ៏រុងរឿង សណ្ឋិតនៅក្នុងបងប្អូនមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រីស្តឱ្យមានព្រះជន្មថ្មីនោះ ទ្រង់ក៏នឹងប្រទានឱ្យរូបកាយរបស់បងប្អូនដែលរមែងតែងតែស្លាប់នេះ មានជីវិតដោយសារព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ។ បងប្អូនអើយ! ហេតុនេះយើង មានជំពាក់ម្យ៉ាង តែមិនមែនជំពាក់ខាងលោកីយ៍ ដើម្បីរស់តាមលោកីយ៍ទៀតឡើយ។ ប្រសិនបើបងប្អូនពឹងផ្អែកលើព្រះវិញ្ញាណ ដើម្បីរំលាយរបៀបរស់នៅតាមលោកីយ៍វិញ បងប្អូនមុនតែមានជីវិត។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ១១,២៥)
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃពិភព! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចស្គាល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១១,២៥-៣០)
នៅពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលឡើងថា៖ «បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអាថ៌កំបាំងនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់ តែទ្រង់បានលាក់មិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហប្ញទ័យសម្រេចដូច្នេះ។ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់ព្រះបុត្រា ក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតា ក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហប្ញទ័យសម្តែងឱ្យស្គាល់នោះដែរ។ អស់អ្នកដែលនឿយហត់ និងលីបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន។ នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាដ៏មានព្រះជន្មរស់នៅអស់កល្បជានិច្ច! សូមទ្រង់ព្រះមេត្តាទទួលតង្វាយដែលបានមកពីកម្លាំងញើសឈាមរបស់យើងខ្ញុំ ដោយអនុគ្រោះ។ សូមបង្រួបបង្រួមមនុស្សលោកទាំងអស់ឱ្យរួមគ្នាជាធ្លុងតែមួយ ដូចសក្ការបូជានេះជាសញ្ញាសម្គាល់ស្រាប់។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំធ្វើជាអាហារ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្គាល់សេចក្តីពិតអំពីព្រះរាជ្យព្រះអង្គកាន់តែច្បាស់ឡើងៗ និងឱ្យយើងខ្ញុំដើរតាមគន្លងធម៌របស់ព្រះគ្រីស្តដោយចិត្តអង់អាចជានិច្ចផង។

