០២ កក្កដា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី១៣ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស (អម ៧,១០-១៧)

ពេលនោះ លោកអម៉ាស៊ីយ៉ា ជាបូជាចារ្យនៅបេតអែល ចាត់គេឱ្យទៅទូល​ព្រះបាទយេរ៉ូបោម ជាស្តេចស្រុកអ៊ីស្រាអែលថា៖ «លោក​អម៉ូសកំពុងញុះញង់ប្រជាជន​អ៊ីស្រាអែល ឱ្យបះបោរប្រឆាំងនឹងព្រះករុណា។ ស្រុកយើងមិនអាចទ្រាំទ្រនឹងពាក្យឃោសនារបស់គាត់តទៅមុខទៀតបានឡើយ ដ្បិតគាត់ពោលថា ព្រះបាទយេរ៉ូប៉ោមនឹងត្រូវសុគតដោយមុខដាវ ហើយជនជាតិអ៊ីស្រាអែលទាំងមូលនឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីទឹកដីរបស់ខ្លួន»។ លោកអម៉ាស៊ីយ៉ាពោលមកកាន់ព្យាការីអម៉ូសថា៖ «នែ៎! អ្នកទាយឆុតអើយ! ចូរចេញពីទីនេះរត់ទៅស្រុកយូដាវិញទៅ! នៅស្រុកនោះ អ្នក​អាចរកស៊ីទាយចិញ្ចឹមជីវិតបាន! កុំទាយនៅបេតអែលនេះទៀតឱ្យសោះ ដ្បិតទីនេះ ជាទីសក្ការៈ និងជាវិហាររបស់ហ្លួង»។ ព្យាការីអម៉ូសឆ្លើយថា៖ «កាលពីដើម ខ្ញុំ​ពុំមែនជាព្យាការីឬជាសមាជិកនៃក្រុមព្យាការីទេ គឺខ្ញុំជាអ្នកឃ្វាលគោ និងជាអ្នកចម្ការ។ ប៉ុន្តែ ព្រះអម្ចាស់យកខ្ញុំពីក្រោយហ្វូងគោ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “ទៅ! ចូរទៅថ្លែងពាក្យក្នុងនាមយើងប្រាប់អ៊ីស្រាអែល ជាប្រជាជនរបស់យើង”។ ចំណែកឯ​លោកវិញ ដោយលោកហាមខ្ញុំមិនឱ្យថ្លែងព្រះបន្ទូលប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ជាពូជពង្សលោកអ៊ីសាក សូមលោកស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចតទៅ៖ ព្រះអង្គ​មានព្រះបន្ទូលថា ប្រពន្ធលោកនឹងធ្វើជាស្ត្រីពេស្យានៅកណ្តាលទីក្រុង ហើយកូនប្រុស កូនស្រីរបស់លោក នឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់លោកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនលោកផ្ទាល់ នឹងត្រូវស្លាប់នៅលើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជន​អ៊ីស្រាអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។

ទំនុកតម្កើងលេខ ១៩ (១៨),៨-១១ បទកាកគតិ

៨ ព្រះធម្មវិន័យ ល្អល្អះឥតបី ប្រសើរថ្កើងថ្កាន
  ផ្តល់កម្លាំងចិត្ត ឥតមានស្រាកស្រាន្ត មនុស្សល្ងង់ប្រែប្រាណ
    ជាមានប្រាជ្ញា ។
៩ បញ្ជារបស់ ព្រះម្ចាស់ទាំងអស់ ត្រឹមត្រូវសត្យា
  ឱ្យចិត្តអំណរ សប្បាយក្រៃណា បំភ្លឺចិន្តា
    ថ្លៃថ្លាត្រចង់ ។
១០ ការគោរពកោត ព្រះអម្ចាស់សោត វិសេសយល់យង់
  ស្ថិតស្ថេរចីរកាល តទៅគង់វង់ ការវិនិច្ឆ័យទ្រង់
    ក៏សុទ្ធត្រឹមត្រូវ  
១១ គួរឱ្យប្រាថ្នា ចង់បានណាស់ណា ជាងមាសឆ្អិនឆ្អៅ
  ផ្អែមជាងទឹកឃ្មុំ ខែចេត្រពេកកូវ ដែលហូរចេញទៅ
    ចាកពីបង្គង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន១៤៧ ១,៣)

អាលេលូយ៉ា! អាលេលូយ៉ា!
គួរឱ្យយើងនាំគ្នាធ្វើបុណ្យលើកតម្កើងព្រះជាម្ចាស់! ការសរសើរលើកតម្កើងព្រះអង្គ ពិតជាការដ៏ល្អប្រពៃ! ព្រះអង្គមើលថែទាំមនុស្សមានចិត្តសោកសង្រេង ទ្រង់ព្យាបាលមុខរបួសរបស់គេ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៩,១-៨) 

នៅគ្រានោះ ព្រះយេស៊ូយាងចុះទូកឆ្លងសមុទ្រទៅក្រុងកាផានុម ជាក្រុងរបស់ព្រះ​អង្គវិញ។ ពេលនោះមានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកពិការ​ថា៖ «កូនអើយ! ចូរក្លាហានឡើង ព្រះជាម្ចាស់អត់ទោសឱ្យអ្នកបានរួចពីបាប​ហើយ!»។ ពួកធម្មចារ្យខ្លះឮដូច្នេះ ក៏នឹកក្នុងចិត្តថា៖ «អ្នកនេះប្រមាថព្រះជា​ម្ចាស់!» ។ ព្រះយេស៊ូឈ្វេងយល់គំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលថា៖ ​«ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់បែបនេះ? បើខ្ញុំនិយាយថា “ព្រះជាម្ចាស់អត់ទោសឱ្យអ្នករួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ” តើឃ្លា​មួយណាស្រួលនិយាយជាង? ប៉ុន្តែ ខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងថា នៅក្នុងលោកនេះ​បុត្រមនុស្សមានអំណាចនឹងអត់ទោស ឱ្យមនុស្សបានរួចពីបាប»។ ព្រះអង្គក៏មាន​​ព្រះបន្ទូលទៅអ្នកខ្វិនថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញ​ទៅ!»។ អ្នកខ្វិនក៏ក្រោកឡើង ហើយដើរត្រឡប់ទៅផ្ទះវិញ។ កាលមហាជនឃើញដូច្នេះ គេកោតខ្លាចជាខ្លាំង ទាំងនាំគ្នាលើកតម្កើងសិរីរុងរឿង​ព្រះជាម្ចាស់ ដែលបានប្រោសប្រទានអំណាចដ៏អស្ចារ្យយ៉ាងនេះដល់មនុស្សលោក។