០១ កក្កដា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃពុធ រដូវធម្មតា អាទិត្យទី១៣ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស (អម ៥,១៤-១៥.២១-២៤)

ចូរខិតខំប្រព្រឹត្តអំពើល្អ កុំប្រព្រឹត្តអំពើអាក្រក់ឱ្យសោះ នោះអ្នករាល់គ្នានឹងមានជីវិតគង់វង្ស ហើយព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល នឹងគង់ជាមួយអ្នករាល់គ្នា ដូច​អ្នករាល់គ្នាធ្លាប់និយាយមកស្រាប់។ ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរកាត់ក្តីដោយគតិ​យុត្តិធម៌ ប្រហែលជាព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអាណិតអាសូរដល់ពូជពង្សលោកយ៉ូសែបដែលនៅសេសសល់។
យើងស្អប់ខ្ពើមពិធីបុណ្យរបស់អ្នករាល់គ្នា ហើយយើងក៏មិនអាចទ្រាំនឹងពិធីផ្សេងៗ ដែលអ្នករាល់គ្នាប្រារព្ធដែរ។ ពេលអ្នករាល់គ្នាយកតង្វាយដុត និងតង្វាយម្សៅមក​ឱ្យយើង យើងមិនពេញចិត្តទេ យើងក៏មិនរវីរវល់នឹងកូនគោដ៏ធាត់ៗដែលអ្នករាល់គ្នាយកមកធ្វើយញ្ញបូជាមេត្រីភាពដែរ។ ចូរឈប់ច្រៀងទំនុកតម្កើងដ៏ស្រកៀរ​ត្រចៀកនេះទៅ! យើងក៏មិនចង់ស្តាប់សំឡេងពិណរបស់អ្នករាល់គ្នាដែរ។ ផ្ទុយទៅវិញ ចូរគោរពច្បាប់ទុកដូចជាប្រភពនៃជីវិតរបស់អ្នករាល់គ្នា ហើយឱ្យយុត្តិធម៌ហូរចេញ​មក ដូចទឹកស្ទឹងដែលមិនចេះរីងស្ងួត»។

ទំនុកតម្កើងលេខ ៥០ (៤៩),៧-១០.១២-១៣.១៦-១៧ បទព្រហ្មគីតិ

ប្រជាជនបវរ នាំគ្នាមកស្តាប់ពាក្យពិត  
  អ៊ីស្រាអែលអើយកុំគិត យើងនេះពិតព្រះអ្នកហើយ
យើងមិនស្តីបន្ទោស អ្នកទាំងអស់ដែលបានថ្វាយ  
  យញ្ញបូជាទាំងឡាយ អចិន្ត្រៃមិនដែលអាក់
យើងមិនត្រូវការយក គោបាមកពីផ្ទះអ្នក  
  ពពែធាត់ដល់ថ្នាក់ ពីក្រោលអ្នកនោះឡើយណា
១០ ដ្បិតសត្វទាំងប៉ុន្មាន ដែលធ្លាប់មានក្នុងព្រឹក្សា  
  សត្វរាប់សែននោះណា គឺសុទ្ធជាកម្មសិទ្ធិយើង
១២ ប្រសិនបើយើងឃ្លាន យើងនឹងហ៊ានមិនបាច់ខ្វល់  
  អ្វីៗគ្មានសេសសល់ លើសកលយើងជាម្ចាស់
១៣ យើងមិនដែលត្រូវការ សាច់គោបាយើងស្អប់ណាស់  
  ហើយក្រៅអំពីនោះ យើងមិនប៉ះឈាមពពែ
១៦ ព្រះម្ចាស់មានបន្ទូល ទៅមនុស្សពាលឥតស្ទើរស្ទាក់  
  ហេតុអ្វីបានជាអ្នក សូត្រឥតអាក់ក្រឹត្យវិន័យ
  ហើយចេះតែទន្ទេញ ឥតទោម្នេញរៀងរាល់ថ្ងៃ  
  ពាក្យសម្ពន្ធមេត្រី ជាមួយយើងដូច្នេះណា
១៧ ប៉ុន្តែអ្នកថ្លោះធ្លោយ មិនស្តាប់ឡើយនូវវាចា  
  ទូន្មានគ្រប់អាត្មា អ្នកបែរជាចោលបង់បោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យក ១.១៨)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! ព្រះអង្គប្រទានជីវិតថ្មីឱ្យយើងខ្ញុំ ដោយសារព្រះបន្ទូលនៃសេចក្តីពិត។ ព្រះអង្គត្រាស់ហៅយើងខ្ញុំឱ្យទៅជាផលដំបូង មុនអ្វីៗទាំងអស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៨,២៨-៣៤)

ព្រះយេស៊ូ និងក្រុមសាវ័កទៅដល់ត្រើយម្ខាងនៃបឹងទីបេរីយ៉ាដ ក្នុងតំបន់កាដារ៉ា។ ពេលនោះ មានបុរសខ្មោចចូលពីរនាក់ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះ​អង្គ។ បុរសទាំងពីរនេះកាច​ណាស់ គ្មាននរណាហ៊ានដើរកាត់តាមនោះឡើយ។ អ្នកទាំងពីរស្រែកឡើងថា៖ «ព្រះបុត្រារបស់ព្រះជាម្ចាស់អើយ! តើព្រះអង្គចង់ធ្វើអ្វី​យើងខ្ញុំ? ព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខទោសយើងខ្ញុំមុនពេលកំណត់ឬ?»។ នៅឆ្ងាយពីនោះបន្តិច មានជ្រូកមួយហ្វូងធំកំពុងរកស៊ី។ ពួកខ្មោចអង្វរព្រះយេស៊ូ​ថា៖ «បើព្រះអង្គចង់ដេញយើងខ្ញុំ សូមបញ្ជូនយើងខ្ញុំឱ្យទៅចូលក្នុងជ្រូកមួយហ្វូង​នេះទៅ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅខ្មោចថា៖ «ទៅចុះ!»។ ពួកខ្មោចក៏ចេញពី​បុរសទាំងពីរ ហើយទៅចូលក្នុងជ្រូក។ ពេលនោះ ហ្វូងជ្រូកបោលចុះតាមជម្រាលភ្នំ​តម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់។ អ្នកថែរក្សាហ្វូងជ្រូក នាំគ្នាយករឿងនេះរត់ទៅ​ប្រាប់អ្នកភូមិ ព្រមទាំងរៀបរាប់ហេតុការណ៍អំពីបុរសខ្មោចចូលទាំងពីរនាក់នោះផង។ អ្នកភូមិទាំងអស់ក៏នាំគ្នាចេញមកគាល់ព្រះយេស៊ូ លុះបានឃើញហើយ គេអង្វរ​ព្រះអង្គឱ្យចាកចេញពីស្រុកភូមិរបស់គេ។