២៩ មិថុនា ២០២៦

Written on 09/02/2026
Sokhorn Oem

បុណ្យឱឡារិក សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
ពណ៌ក្រហម

លោកសិលាទទួលភារកិច្ចធ្វើជាថ្មដារ ជាគ្រឹះសម្រាប់កសាងព្រះសហគមន៍។ ទោះបីលោកមានជំនឿយ៉ាងមុតមាំក្តី ក៏លោកត្រូវដាក់ខ្លួន ព្រោះលោកបានក្បត់ព្រះយេស៊ូដែរ លោកក៏ត្រូវផ្ញើជីវិតទាំងស្រុងទៅលើព្រះហឫទ័យមេត្តករុណារបស់ព្រះអង្គ ដែលអត់ទោសឱ្យលោកថែមទៀត។ ដូច្នេះ លោកអាចណែនាំព្រះសហគមន៍បាន ពុំមែនដោយកាន់អំណាចតាមរបៀបលោកី​យ៍ទេ គឺដោយមានចិត្តស្រឡាញ់ ហើយបម្រើគ្រីស្តបរិស័ទដែលជាអ្នកបាបដូចលោកឱ្យរួបរួមគ្នា។ លោកសូល ហៅ “ប៉ូល” មិនបានស្គាល់ព្រះយេស៊ូនៅពេលព្រះអង្គរស់នៅស្រុកប៉ាលេស្ទីនទេ។ លោកបដិសេដធ៍មិនព្រមទទួលស្គាល់ព្រះអង្គទុកជាព្រះគ្រីស្តទៅទៀត ហើយធ្វើទុក្ខបុកម្នេញគ្រីស្តបរិស័ទផង។ តែព្រះយេស៊ូបង្ហាញព្រះអង្គឱ្យលោកស្គាល់ ដោយសារព្រះសហគមន៍ដែលលោកបៀតបៀនធ្វើបាបនោះ។ ព្រះអង្គក៏ចាត់លោកឱ្យទៅប្រកាសដំណឹងល្អរបស់ព្រះអង្គ ដល់សាសន៍ផ្សេងៗពីជនជាតិអ៊ីស្រាអែល។ លោកសិលាជាគោល ដែលធ្វើឱ្យព្រះសហគមន៍រួបរួមគ្នាជាធ្លុងតែមួយ។ រីឯលោកប៉ូលវិញ លោកដាស់តឿនព្រះសហគមន៍ ខិតខំនាំដំណឹងល្អដល់មនុស្សគ្រប់ជាតិសាសន៍។ លោកទាំងពីរដូចបញ្ជាក់លក្ខណៈពីរយ៉ាងនៃព្រះសហគមន៍។ ដោយព្រះសហគមន៍យល់ថា ការនឹងរឭកដល់គ្រីស្តទូតពីរនេះជាការមួយដ៏សំខាន់ ព្រះ​សហគមន៍ចាត់ចែងឱ្យធ្វើពិធីក្នុងរយៈពេលពីរថ្ងៃ។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំមានអំណរដោយនឹករឭកដល់សន្តសិលា និងសន្តប៉ូល។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំជាគ្រីស្តបរិស័ទទាំងឡាយឱ្យកាន់តាមការប្រៀនប្រដៅរបស់លោកទាំងពីរដោយចិត្តស្មោះ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្ដទូត (កក ១២,១-១១)

នៅគ្រានោះ ព្រះបាទហេរ៉ូដអាគ្រីប៉ាបានចាប់ផ្តើមបៀតបៀនសមាជិកខ្លះនៃព្រះសហគមន៍។ ទ្រង់បានឱ្យគេប្រហារជីវិតលោកយ៉ាកុប ជាបងរបស់លោកយ៉ូហាន។ ដោយយល់ឃើញថា ជនជាតិយូដាពេញចិត្ត ទ្រង់ក៏ចាត់ឱ្យគេទៅចាប់លោកសិលាថែមទៀត។ ពេលនោះ​ជាពេលបុណ្យនំប៉័ងឥតមេ។ ក្រោយពីបានចាប់លោកសិលា យកទៅឃុំឃាំងរួចហើយ ស្តេចក៏បញ្ជាឱ្យទាហានបួនក្រុមយាមលោក ក្នុងក្រុមនីមួយៗមានគ្នាបួននាក់។ ព្រះបាទហេរ៉ូដមានបំណងនឹងកាត់ទោសលោកនៅមុខប្រជាជន ក្រោយបុណ្យចម្លង។ ដូច្នេះ លោកសិលាជាប់នៅក្នុងមន្ទីឃុំឃាំងនៅពេលនោះ។ ព្រះសហគមន៍នាំគ្នាទូលអង្វរព្រះជាម្ចាស់ឥតស្រាកស្រាន្ត សូមព្រះអង្គជួយលោក។ នៅយប់មុនពេលដែលព្រះបាទហេរ៉ូដយកលោកសិលាទៅកាត់ទោស លោកសម្រាន្តទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង ហើយក៏មានទាហានយាមនៅមាត់ទ្វារពន្ធធានាគារដែរ។ ពេលនោះទេវទូតព្រះអម្ចាស់មកដល់ ហើយមានពន្លឺភ្លឺក្នុងទី​ឃុំឃាំង។ ទេវទូតដាស់លោកសិលា ដោយកេះលោកពីចំហៀងទាំងពោថា៖ “សូមក្រោកឡើងជាព្រញាប់!”។ ច្រវ៉ាក់ក៏របូតធ្លាក់ពី​ដៃលោក។ ទេវទូតពោលថា៖ “សូមក្រវាត់ចង្កេះហើយពាក់ស្បែកជើងទៅ!” លោកក៏ធ្វើតាម។ ទេវទូតពោលមកលោកទៀត​ថា៖ “សូមពាក់អាវក្រៅ ហើយអញ្ជើញមកតាមខ្ញុំ”។ លោកសិលាក៏ចេញពីទីឃុំឃាំងដើរតាមក្រោយទេវទូតទៅ។ លោកពុំនឹកស្មានថា ការដែលទេវទូតកំពុងធ្វើនេះជាការពិតទេ លោកស្មានថាយល់សប្តិ។ ទេវទូត និងលោកសិលាឆ្លងផុតកន្លែងងយាមទីមួយ និងកន្លែងយាមទីពីរ ហើយមកដល់ទ្វាដែកដែលបែរទៅរកទីក្រុង ទ្វារនោះរបើកនៅមុខអ្នកទាំងពីរ។ អ្នកទាំងពីរដើរទៅតាមដងផ្លូវមួយ ហើយរំពេចនោះស្រាប់​តែទេវទូតចេញបាត់ពីលោកសិលាទៅ។ លោកសិលាដឹងខ្លួនក៏ពោលថា៖ “ឥឡូវនេះ ខ្ញុំដឹងថា ហេតុការណ៍នេះជាការពិតមែនព្រះអម្ចាស់បានចាត់ទេវទូតរបស់ព្រះអង្គមកដោះលែងខ្ញុំឱ្យរួចពីកណ្តាប់ដៃរបស់ស្តេចហេរ៉ូដ និងរួចពីបំណងដែលប្រជាជនយូដាបម្រុងធ្វើមកលើខ្ញុំ”។

ទំនុកតម្កើងលេខ ៣៤ (៣៣),១.៦ បទកាកគតិ

២ ខ្ញុំអរព្រះគុណ អម្ចាស់ពេកពន់ គ្រប់ពេលវេលា
  សូមលើកតម្កើង ព្រះអង្គគ្រប់គ្រា ឥតមានរួញរា
    ឈប់ឈរសោះឡើយ ។
៣ ខ្ញុំខ្ពស់មុខព្រោះ ព្រះម្ចាស់សង្គ្រោះ ខ្ញុំមិនកន្តើយ
  ចូរអ្នកទន់ទាប ស្តាប់កុំព្រងើយ នឹងបានធូរស្បើយ
    អំណរខ្លាំងក្លា ។
៤ សូមមកប្រកា​​​ស នឹងខ្ញុំឱ្យច្បាស់ ដោយពោលឡើងថា
  ព្រះម្ចាស់ថ្កុំថ្កើង រុងរឿងក្រៃណា យើងនាំគ្នីគ្នា
    តម្កើងព្រះអង្គ ។
៥ ខ្ញុំបានស្វែងរក ព្រះម្ចាស់តបមក ឥតមានបង្អង់
  ទ្រង់បានរំដោះ ខ្ញុំអស់ទុក្ខផង តក់ស្លុតមួរហ្មង
    ឆ្លងផុតទាំងអស់ ។
៦ អ្នកដែលសម្លឹង ឆ្ពោះទៅព្រះអង្គ បានសុខឥតមោះ
  ផុតអស់ទុក្ខសោក វិយោគរងគ្រោះ ពួកគេទាំងនោះ
    មិនខកចិត្តឡើយ ។
៧ អស់អ្នកកម្សត់ និងមនុស្សទុរគត គេស្រែកដង្ហោយ
  ហៅរកព្រះម្ចាស់ ទ្រង់សណ្តាប់ហើយ សង្គ្រោះគេឱ្យ
    ផុតពីគ្រោះកាច ។
៨ ទេវទូតរបស់ ព្រះម្ចាស់ទាំងអស់ ថែទាំអ្នកខ្លាច
  រក្សាការពារ គេក្រោមអំណាច រំដោះឱ្យរួច
    ផុតពីទុក្ខភ័យ ។
៩ ចូរអ្នកផ្អែកពឹង ពិសោធន៍ឱ្យដឹង ថាព្រះម្ចាស់ថ្លៃ
  ទ្រង់មានមេត្តា សប្បុរសពេកក្រៃ អស់ជនប្រុសស្រី
    មានជ័យមង្គល ។

អត្ថបទទី២៖ សូមថ្លែងលិខិតទី ២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ (២ធម ៤,៦-៨.១៧-១៨)

បងប្អូនជាទីស្រឡាញ់!
ខ្ញុំបានបូជាជីវិតរួចហើយ ហើយក៏ដល់ពេលកំណត់ដែលខ្ញុំត្រូវចាកចេញពីលោកនេះដែរ។ ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ ឥឡូវនេះ ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិតបម្រុងភួងជ័យនៃសេចក្តីសុចរិតទុកសម្រាប់ខ្ញុំ ហើយព្រះអង្គនឹងប្រទានឱ្យខ្ញុំនៅថ្ងៃដែលព្រះអង្គយាងមក ទ្រង់មិនត្រឹមតែប្រទានឱ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឱ្យអស់អ្នកដែលមានចិត្តស្រឡាញ់ទន្ទឹមរងចាំព្រះអង្គយាងមកយ៉ាងឧិឡារិកនោះដែរ។ គេបោះចោលខ្ញុំទាំងអស់គ្នា។ មានតែព្រះអម្ចាស់ប៉ុណ្ណោះ ដែលគាំទ្រ និងប្រទានឱ្យខ្ញុំមានកម្លាំង ដើម្បីឱ្យខ្ញុំអាចប្រកាសព្រះបន្ទូលយ៉ាងក្បោះក្បាយ ឱ្យសាសន៍ដទៃទាំងអស់គ្នាស្តាប់។ ព្រះអង្គក៏បានដោះលែងខ្ញុំ ដើម្បីឱ្យខ្ញុំចូលទៅក្នុងព្រះរាជ្យរបស់ព្រះអង្គនៅស្ថានបរមសុខ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀង​ទៅ! អាម៉ែន!។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ១៦,១៣-១៩)

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៦,១៣-១៩)

ព្រះយេស៊ូយាងមកដល់ស្រុកសេសារេភីលីពព្រះអង្គមានព្រះបន្ទូលសួរពួកសាវ័កថា៖ «មនុស្សទាំងឡាយថា បុត្រមនុស្សជានណា?​»។ គេទូលថា៖ “អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ត​ អ្នកខ្លះថា លោកជាព្យាការីអេលី អ្នកខ្លះទៀតថា លោកជាព្យាការីយេរេមី ឬជាព្យាការីណាមួយរូប”។ ព្រះអង្គសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានណាដែរ?»។ លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖ “លោកជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ”។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ! អ្នកពិតជាមនុស្សមានសុភមង្គលមែន អ្នកដឹងសេចក្តីនេះមិនមែនដោយខ្លួនឯងទេ គឺព្រះបិតារបស់ខ្ញុំដែល​គង់​នៅស្ថានបរមសុខបានសម្តែងឱ្យអ្នកដឹង។ ខ្ញុំសុំប្រាប់អ្នកថា អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍​របស់ខ្ញុំ។ សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍បានឡើយ ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យនៃស្ថានបរមសុខឱ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចង់នៅលើស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី ព្រះជាម្ចាស់​ក៏នឹងស្រាយនៅស្ថានបរមសុខដែរ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសសន្តសិលា និងសន្តប៉ូល ឱ្យមានចិត្តក្លាហាន ហ៊ានបូជាជីវិតថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយដែលយើងខ្ញុំសូមថ្វាយព្រះអង្គនៅថ្ងៃនេះដោយអនុគ្រោះ សូមប្រោសយើងខ្ញុំឱ្យសុខចិត្តដើរតាមព្រះអង្គដោយចិត្តស្មោះ។

ធម៌លើកតម្កើង

បពិត្រព្រះជាម្ចាស់ជាព្រះបិតាដ៏វិសុទ្ធបំផុត ប្រកបដោយតេជានុភាពសព្វប្រការ ហើយមានព្រះជន្មអស់កល្បជានិច្ច! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ និងសូមលើកតម្កើងព្រះអង្គ។ នៅថ្ងៃនេះ យើងខ្ញុំនាំគ្នានឹងរឭកដល់គ្រីស្តទូតសិលា និងប៉ូល។ សន្តសិលាបានប្រកាសជំនឿមុនគេ ហើយសន្តប៉ូលបកស្រាយជំនឿនេះឱ្យបានច្បាស់។ សន្តសិលាតែងតាំងព្រះសហគមន៍ដោយប្រកាសដំណឹងល្អអំពីការសង្គ្រោះដល់សាសន៍ដ៏ទៃ។ គ្រីស្តទូតទាំងពីរខិតខំប្រព្រឹត្តការងារតាមព្រះអំណោយទានរៀងៗខ្លួន ដើម្បីប្រមែប្រមូលមហាគ្រួសាររបស់ព្រះគ្រីស្ត។ នៅថ្ងៃនេះ គ្រីស្តទូតទាំងពីរទទួលសិរីរុងរឿងរួមជាមួយគ្នា ហើយទទួលគារវកិច្ចតែមួយដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមរួមជាមួយទេវទូត និងសន្តបុគ្គលទាំងឡាយសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយសូរស័ព្ទតែមួយថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”

ពាក្យអរព្រះគុណ

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានកម្លាំងថ្មីឱ្យយើងខ្ញុំក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួបរួមគ្នាជាព្រះសហគមន៍ ដូចគ្រីស្តបរិស័ទដើមដំបូង ដែលព្យាយាមកាច់នំប៉័ង ព្យាយាមស្តាប់ការប្រៀនប្រដៅរបស់ក្រុមគ្រីស្តទូត មានចិត្តថ្លើមតែមួយ មានសេចក្តីស្រឡាញ់របស់ព្រះអង្គនៅជាមួយផង។