២៧ មិថុនា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី១២ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរសំណោក (សណ ២,២.១០-១៤.១៨-១៩)

ព្រះអម្ចាស់បានកម្ទេចទីលំនៅទាំងប៉ុន្មានរបស់លោកយ៉ាកុបដោយឥតត្រាប្រណី។ ក្នុងពេលព្រះអង្គក្រេវក្រោធ ព្រះអង្គរំលំកំពែងក្រុងរបស់ស្រុកយូដា ព្រះអង្គបានបន្ទាប​បន្ថោកនគរ និងមេដឹកនាំរបស់នគរនេះ។ ពួកព្រឹទ្ធាចារ្យរបស់ក្រុងស៊ីយ៉ូននាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្តីលែងកើត។ ពួកគេរោយធូលីដីលើក្បាល ហើយស្លៀកបាវកាន់​ទុក្ខ។ ស្រីក្រមុំនៅក្រុងយេរូសាឡឹមនាំគ្នាដើរឱនមុខយ៉ាងអាម៉ាស់។ ខ្ញុំយំទាល់តែ​ហើមភ្នែក ចិត្តខ្ញុំខ្លោចផ្សារ ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ ព្រោះតែមហន្តរាយនៃប្រជាជន​របស់ខ្ញុំ។ កូនក្មេង និងទារកដេកដួលនៅតាមផ្លូវក្នុងបុរីនេះ។ ពួកវាយំទារអាហារ ​និងទឹកពីម្តាយ ពួកវាដេកដួលនៅតាមផ្លូវក្នុងទីក្រុង ដូចអ្នករបួស ហើយផុតដង្ហើម​នៅលើទ្រូងម្តាយ។ ក្រុងស៊ីយ៉ូនអើយ! ខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀត។ នាងក្រមុំ​ស៊ីយ៉ូនអើយ! តើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹម ដើម្បីសម្រាលទុក្ខនាងបាន? ដ្បិត​មហន្តរាយរបស់នាងធំដូចមហាសាគរ! តើនរណាអាចព្យាបាលនាងបាន? ពួកព្យាការីរបស់នាងបាននាំសុបិននិមិត្តឥតបានការ និងឥតខ្លឹមសារមកប្រាប់នាង ពួកគេពុំបាន​បង្ហាញអំពើអាក្រក់របស់នាង ដើម្បីស្តារស្រុករបស់នាងឡើងវិញឡើយ ផ្ទុយទៅវិញ ពួកគេនាំតែសុបិននិមិត្តឥតបានការមកបញ្ឆោតនាង។ កំពែងក្រុងស៊ីយ៉ូនអើយ! ចូរ​ស្រែកអង្វរព្រះអម្ចាស់យ៉ាងអស់ពីចិត្ត ចូរបង្ហូរទឹកភ្នែកឱ្យហូរដូចទឹកទន្លេ ចូរយំ​​ទាំងថ្ងៃទាំងយប់ឥតស្រាកស្រាន្តឡើយ។ ចូរក្រោកឡើង! ចូរបន្លឺសំឡេងមួយយប់​ទល់ភ្លឺ! ចូរថ្លែងទុក្ខព្រួយថ្វាយព្រះអម្ចាស់ដោយឥតលាក់លៀមអ្វីឡើយ។ ចូរលើក​ដៃអង្វរព្រះអង្គ។ សូមទ្រង់ប្រណីសន្តោសជីវិតក្មេងៗដែលដេកដួលនៅតាមផ្លូវព្រោះអត់ឃ្លាន។

ទំនុកតម្កើងលេខ ៧៤(៧៧),១-៧.១៩-២០.២២ បទព្រហ្មគីតិ

១ បពិត្រព្រះម្ចាស់អើយ ចុះម្តេចឡើយក៏ព្រះអង្គ  
  ឈប់នឹកហើយបោះបង់ ឱ្យរញង់នៅកំព្រា ។
  ម្តេចក៏ទ្រង់ពិរោធ យើងរហូតឱ្យវេទនា  
  ភ្លេចអស់រាស្ត្រប្រជា ធ្លាប់គាំពារត្រាប្រណី ។
២ កុំភ្លេចព្រះសហគមន៍ ដែលទ្រង់សុំមកថ្នមបី  
  ជាកម្មសិទ្ធិប្រពៃ សូមអាល័យភ្នកនឹកនា ។
  គឺពួកកុលសម្ពន្ធ ដែលទ្រង់បានលោះមកជា  
  មរតកថ្លៃមហិមា រកពណ៌នាក៏ពុំបាន ។
  សូមនឹកដល់បងប្អូន ភ្នំស៊ីយ៉ូនល្អថ្កើងថ្កាន  
  ទ្រង់យកជាទីស្ថាន គង់នៅបានក្តីសុខដុម ។
៣ សូមយាងមកវិហារ ដែលគ្រាំគ្រាយូរខែឆ្នាំ  
  សក្ការៈត្រូវខ្ទេចខ្ទាំ លែងរឹងមាំខ្មាំងបំផ្លាញ ។
៤ បច្ចាមិត្រព្រះអង្គ ស្រែករំពងគ្រប់ទីស្ថាន  
  ដែលព្រះអង្គធ្លាប់បាន ជួបនឹងយើងរៀងរាល់ថ្ងៃ ។
៥ ពួកគេប្រៀបបានទៅ ផ្លែពូថៅអ្នកកាប់ព្រៃ  
  គេប្រឹងឥតសំចៃ រៀងរាល់ថ្ងៃឥតឈប់ឈរ ។
៦ គេយកផ្លែពូថៅ វាយសំដៅក្បាច់ដ៏ល្អ  
  រចនាស្រស់បវរ មិនឈប់ឈរមិនស្រណោះ ។
៧ គេដុតទីសក្ការ ដ៏ថ្លៃថ្លាចោលទាំងអស់  
  បន្ថោកដំណាក់ព្រះ ជាអម្ចាស់ឥតមានក្រែង ។
១៩ កុំប្រគល់ជីវិត រាស្រ្តកំសត់របស់ទ្រង់  
  ទៅក្នុងដៃពួកខ្មាំង បែរប្រឆាំងនឹងទ្រង់ឡើយ ។
២០ សូមនឹងដល់សម្ពន្ធ ច្រើនជំនាន់យូរមកហើយ  
  រាស្ត្រភ័យព្រួយឥតស្បើយ ពាលនៅឡើយពាសពេញស្រុក ។
២២ ឱព្រះជាម្ចាស់អើយ កុំកន្តើយការពារផង  
  ព្រះនាមល្អឥតហ្មង ពួកល្ងើល្ងង់ជេរខ្លាំងណាស់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ៨,១៧)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូបានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៨,៥-១៧)

នៅគ្រានោះ ព្រះយេស៊ូយាងចូលក្រុងកាផានុម។ មាននាយទាហានរ៉ូម៉ាំងម្នាក់ចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖ «លោកម្ចាស់! អ្នកបម្រើរបស់ខ្ញុំប្របាទដេកស្តូកស្តឹងនៅឯផ្ទះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង»។ ព្រះអង្គមានព្រះបន្ទូលទៅលោកថា៖ «ខ្ញុំ​នឹងទៅមើលគាត់ឱ្យបានជា»។ នាយទាហានទូលព្រះអង្គថា៖ «លោកម្ចាស់ ខ្ញុំ​ប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងលោកអញ្ជើញ ចូលក្នុងផ្ទះខ្ញុំប្របាទឡើយ សូមលោកគ្រាន់តែមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះ អ្នកបម្រើរបស់ខ្ញុំប្របាទនឹងបាន​ជា​សះស្បើយមិនខាន។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហាននៅ​ក្រោមបញ្ជាខ្ញុំប្របាទដែរ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឱ្យទៅ គេនឹងទៅ បើប្រាប់​ម្នាក់ទៀតឱ្យមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបម្រើឱ្យធ្វើការអ្វីមួយ គេនឹង​ធ្វើតាម» ។ កាលព្រះយេស៊ូទ្រង់ព្រះសណ្តាប់ដូច្នេះ ព្រះអង្គស្ងើចសរសើរណាស់ ហើយ​មានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញមនុស្សណាមានជំនឿបែបនេះ នៅស្រុកអ៊ីស្រាអែល​ឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នា​ថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិច មកចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យនៃស្ថានបរមសុខ ជាមួយលោក អប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ រីឯអស់អ្នកដែលព្រះជាម្ចាស់តម្រូវឱ្យ​ចូលក្នុងព្រះរាជ្យកាលពីមុន ព្រះជាម្ចាស់បែរជាដេញឱ្យទៅនៅខាងក្រៅ ក្នុងទីងងឹតវិញ ជាកន្លែងដែលគេយំសោកខឹងសង្កៀតធ្មេញ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូល​​​ទៅនាយទាហានរ៉ូម៉ាំងថា៖ «អញ្ជើញត្រឡប់ទៅវិញទៅ សុំឱ្យបានសម្រេចតាមជំនឿរបស់លោកចុះ!»។ អ្នកបម្រើក៏បានជាសះស្បើយនៅពេលនោះ។ បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅផ្ទះលោកសិលា ទតឃើញម្តាយក្មេករបស់គាត់សម្រាន្តនៅលើគ្រែកំពុងគ្រុន។ ព្រះអង្គពាល់ដៃគាត់ គាត់ក៏បាត់គ្រុន ហើយក្រោកឡើងបម្រើព្រះអង្គ។ លុះដល់ល្ងាច គេនាំមនុស្សខ្មោចចូលជាច្រើននាក់មករកព្រះអង្គ ព្រះអង្គក៏ដេញខ្មោចដោយមានព្រះបន្ទូល ហើយប្រោសអ្នកជំងឺឱ្យបានជាគ្រប់ៗគ្នា ស្របតាមសេចក្តីដែលព្យាការីអេសាយបានថ្លែងទុក​មកថា៖ «ព្រះអង្គបានដកយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ»។