២៦ មិថុនា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី១២ ឆ្នាំ«គូ»
 ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី២ (២ពង្ស ២៥,១-១២)

ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេគីយ៉ា នៅថ្ងៃទីដប់នៃខែទីដប់ ព្រះចៅ​នេប៊ូកានេសារជាស្តេចស្រុកបាប៊ីឡូន បានលើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។ ពួកគេឡោមព័ទ្ធក្រុងនេះរហូតដល់ថ្ងៃទីដប់មួយនៃរជ្ជកាលព្រះបាទសេដេគីយ៉ា។ នៅថ្ងៃទីប្រាំបួននៃខែបួន ពេលដែលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ហើយ​ប្រជាជននៅក្នុងស្រុកលែងមានអាហារបរិភោគទៀតនោះ ពួកខ្មាំងបានទម្លុះកំពែងក្រុងមួយកន្លែង។ ទោះបីកងទ័ពខាល់ដេឡោមព័ទ្ធទីក្រុងក្តី ពួកទាហានរត់​ចេញពីទី​ក្រុងនៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរក្បែរឧទ្យានហ្លួង ហើយ​​រត់តាមផ្លូវ ឆ្ពោះទៅវាលអារ៉ាបា។ កងទ័ពខាល់ដេនាំគ្នាដេញតាមទាន់ព្រះបាទ​សេដេគីយ៉ា នៅវាលទំនាបជិតក្រុងយេរីខូ។ ពេលនោះ កងទ័ពទាំងមូលរបស់ស្តេច​រត់បែកខ្ញែកគ្នាអស់។ ពួកគេក៏ចាប់ស្តេចបញ្ជូនទៅព្រះចៅនេប៊ូកានេសារនៅក្រុង​រីបឡា ហើយគេប្រកាសកាត់ទោសព្រះបាទសេដេគីយ៉ា។ គេបានអាករបុត្រទាំងអស់របស់ព្រះបាទសេដេគីយ៉ានៅចំពោះព្រះភក្ត្រព្រះបាទសេដេគីយ៉ា។ បន្ទាប់មក​ ព្រះ​ចៅ​នេប៊ូកានេសារឱ្យគេចាក់ភ្នែករបស់ព្រះបាទសេដេគីយ៉ា រួចដាក់ច្រវាក់លង្ហិន​ពីរជាន់ នាំយកទៅស្រុកបាប៊ីឡូន។ នៅថ្ងៃទីប្រាំពីរ ខែប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរជ្ជកាលព្រះចៅនេប៊ូកានេសារ ស្តេច​ស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដន ជារាជប្រតិភូដែលបម្រើស្តេចស្រុក​បាប៊ីឡូន បាន​មកដល់ក្រុងយេរូសាឡឹម។ លោកដុតកម្ទេចព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់​របស់សេ្តច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេសផ្ទះរបស់ពួកអភិជន។ កងទ័ព​ខាល់ដេទាំងមូលដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូក៏បានរំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។ លោកនេប៊ូសារ៉ាដនជាប្រតិភូ កៀរប្រជាជនដែលនៅសេសសល់ក្នុងទីក្រុង អស់អ្នកដែលបានរត់ទៅចុះចូលនឹងសេ្តចបាប៊ីឡូន ព្រមទាំងបណ្តាជនដែលនៅសេសសល់យកទៅជាឈ្លើយសឹក។ ប៉ុន្តែ លោករាជប្រតិភូទុកឱ្យប្រជាជនតូចតាខ្លះរស់នៅ​ក្នុងស្រុក ដើម្បីដាំទំពាំងបាយជូរ និងភ្ជួរស្រែ។

ទំនុកតម្កើងលេខ ១៣៧ (១៣៦),១-៦ បទពាក្យ ៧

១ យើងអង្គុយនឹកគិតរិះរេ នៅមាត់ទន្លេបាប៊ីឡូន  
  យំនឹកស្រណោះក្រុងស៊ីយ៉ូន ធ្មេចភ្នែកក៏ឃើញក្នុងនេត្រា ។
២ ព្រះច័ន្ទចោលរស្មីឆ្អៅឆ្អិន យើងបានព្យួរពិណយើងនោះណា  
  ព្យួរជាប់នៅលើដើមរុក្ខា រួចចោលភក្ត្រាមើលទៅឆ្ងាយ ។
៣ ពេលនោះពួកអ្នកដែលចាប់យើង គេសុំឱ្យច្រៀងបទសប្បាយ  
  គេពោលថាចូរច្រៀងបរិយាយ ក្រុងស៊ីយ៉ូនឱ្យយើងស្តាប់ផង ។
៤ តើឱ្យយើងច្រៀងបទតម្កើង ថ្វាយព្រះនៃយើងពេលនេះម្តង  
  នៅលើទឹកដីដ៏សៅហ្មង នៃបរទេសផងដូចម្តេចកើត ។
៥ ឱក្រុងយេរូសាឡឹមអើយ ខ្ញុំមិនភ្លេចឡើយក្រុងល្អឆើត  
  បើខ្ញុំភ្លេចអ្នកភ្លេចកំណើត សូមដៃខ្ញុំពើតស្ពឹកចុកចាប់ ។
៦ ប្រសិនបើខ្ញុំមិនជឿជាក់ មិនចាត់ទុកអ្នកដូចខ្ញុំប្រាប់  
  ជាអំណរដ៏ខ្លាំងក្លាគាប់ សូមអណ្តាតជាប់រឹងជិតជុំ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ៨,១៧)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូបានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៨,១-៤)

កាលព្រះយេស៊ូយាងចុះពីលើភ្នំមកវិញ មានមហាជនជាច្រើននាំគ្នាដើរតាមព្រះអង្គ។ ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គ ហើយទូលថា៖ «លោកម្ចាស់អើយ! ប្រសិនបើលោកយល់ព្រម សូមប្រោសខ្ញុំប្របាទឱ្យជាស្អាតបរិសុទ្ធផង»។ ព្រះយេស៊ូលូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឱ្យបានស្អាតបរិសុទ្ធចុះ»។ រំពេចនោះ គាត់ក៏បានជាស្អាតបរិសុទ្ធពីរោគឃ្លង់ភ្លាម។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្នឱ្យមែនទែន កុំនិយាយប្រាប់ឱ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវតែទៅបង្ហាញខ្លួន​ដល់លោកបូជាចារ្យ ហើយថ្វាយតង្វាយ ដូចលោកមូសេបានបង្គាប់មក ដើម្បីជាសក្ខី​ភាពបញ្ជាក់ថា អ្នកបានជាមែន!» ។