២២ មិថុនា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី១២ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី២ (២ពង្ស ១៧,៥-៨.១៣-១៥.១៨)

សេ្តចស្រុកអាស្ស៊ីរីឡើងមកវាយស្រុកអ៊ីស្រាអែលទាំងមូល ហើយឡោមព័ទ្ធក្រុម​សាម៉ារីអស់រយៈពេលបីឆ្នាំ។ នៅឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទហូសេ ស្តេចស្រុក​អាស្ស៊ីរីវាយយកបានក្រុងសាម៉ារី ហើយកៀរជនជាតិអ៊ីស្រាអែលទៅស្រុកអាស្ស៊ីរី។ ហេតុការណ៍នេះកើតឡើង ព្រោះតែជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ជាព្រះរបស់គេ ព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីប និងរំដោះពួកគេឱ្យរួចពីកណ្តាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្តេចស្រុកអេស៊ីប តែពួកគេបែរជាគោរពថ្វាយបង្គំព្រះដទៃទៅវិញ។ ពួកគេធ្វើតាមទំនៀមទម្លាប់របស់ប្រជាជាតិនានាដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខជនជាតិអ៊ីស្រាអែល ព្រះ​អម្ចាស់ព្រមានជន​ជាតិអ៊ីស្រាអែល និងជន​ជាតិយូដា តាមរយៈព្យាការី និងគ្រូទាយឆុត​ទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងក្រឹត្យវិន័យ​របស់់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុង នូវវិន័យដែលយើងបានប្រគល់ឱ្យ​ដូនតា​របស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកព្យាការីជាអ្នកបម្រើរបស់​យើង»។​ ប៉ុន្តែ ពួកគេពុំស្តាប់តាមទេ ពួកគេមានចិត្តរឹងចចេសដូចដូនតារបស់ពួកគេ ដែល​​មិនព្រមជឿលើព្រះអម្ចាស់ជាព្រះរបស់ខ្លួន។ ពួកគេបានបោះបង់ចោលវិន័យ​របស់ព្រះអង្គ ពួកគេផ្តាច់សម្ពន្ធមេត្រីដែលព្រះអង្គចងជាមួយដូនតារបស់ពួកគេ ពួកគេមិនអើពើនឹងព្រះបន្ទូលដែលព្រះអង្គព្រមានពួកគេ ហើយនាំគ្នាបែរទៅគោរព​ព្រះឥតបានការ ដែលបណ្តាលឱ្យខ្លួនទៅជាឥតបានការដែរ។ ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងជនជាតិអ៊ីស្រាអែល ព្រះអង្គដេញពួកគេ​ចេញឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គ នៅសល់តែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ។

ទំនុកតម្កើងលេខ ៦០ (៥៩),៣-៦.១៣-១៤ បទព្រហ្មគីតិ

ឱព្រះជាម្ចាស់អើយ ហេតុម្តេចឡើយក៏បោះបង់  
  ចោលខ្ញុំនៅត្រមង់ ព្រមទាំងឱ្យបរាជ័យ
  ទោះបីទ្រង់ពិរោធ ឬខ្ញាល់ក្រោធសូមប្រណី  
  ជួយខ្ញុំផុតពីក្ស័យ រួចពីដៃសត្រូវផង
ព្រះអង្គប្រើបារមី ឱ្យផែនដីប្រេះតែម្តង  
  របេះចេញទៀតផង សូមជួយផងភ្ជិតឱ្យជាប់
ព្រះអង្គធ្វើឱ្យរាស្ត្រ ទ្រង់ទាំងអស់រស់មិនគាប់  
  វេទនាមិនឈរឈប់ រងទោសទុក្ខក្តៅឈឺផ្សា
ព្រះអង្គបានប្រទាន ទង់ជ័យមានជាសញ្ញា  
  ដល់អ្នកខ្លាចចេស្តា អាចផុតពីបរាជ័យ
១៣ សូមយាងជួយយើងខ្ញុំ ឱ្យប្រឆាំងសត្រូវផង  
  ដ្បិតអ្វីសព្វទាំងពួង មកពីមនុស្សជួយមិនបាន
១៤ បើទ្រង់គង់ជាមួយ ខ្ញុំមិនព្រួយមិនរំខាន  
  ព្រះអង្គបង្ក្រាបបាន ពួកសាមាន្យឱ្យវិនាស

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប៤,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៧,១-៥) 

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «កុំថ្កោលទោសអ្នកដទៃឱ្យសោះ ដើម្បីកុំឱ្យព្រះជាម្ចាស់ថ្កោលទោសអ្នក​រាល់គ្នា។ អ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះជាម្ចាស់ក៏នឹងថ្កោលទោសអ្នក​រាល់គ្នាយ៉ាងនោះដែរ។ ព្រះអង្គនឹងវាល់ឱ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នា​វាល់ឱ្យអ្នកដទៃ។ ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែកបងប្អូន តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកដូច្នេះ?។ បើមានធ្នឹមនៅក្នុងភ្នែករបស់អ្នក ម្តេចក៏អ្នកនិយាយទៅបងប្អូនថា “ទុកឱ្យខ្ញុំផ្តិតយកល្អងធូលីចេញពីភ្នែកអ្នក?”។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញ​ច្បាស់ ល្មមនឹងផ្តិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។