២០ មិថុនា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី១១ ឆ្នាំ«គូ»
ពណ៌បៃតង 

 

សូមថ្លែងព្រះគម្ពីររបាក្សត្រភាគទី២ ២របា ២៤,១៧-២៥

ក្រោយពេលលោកយេហូយ៉ាដាទទួលមរណភាពផុតទៅ ពួកមេដឹកនាំរបស់ជនជាតិ​យូដា នាំគ្នាក្រាបថ្វាយបង្គំព្រះយ៉ូអាស ហើយព្រះរាជាទ្រង់ព្រះសណ្តាប់ពួកគេ។ ពួកគេបោះបង់ចោលព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន ហើយ​គោរពបម្រើព្រះអាសេរ៉ា និងព្រះក្លែងក្លាយឯទៀតៗ។ កំហុសនេះបណ្តាលឱ្យព្រះ​អម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងអ្នកស្រុកយូដា ព្រមទាំងអ្នកក្រុងយេរូសាឡឹម។ ព្រះអម្ចាស់បានចាត់ពួកព្យាការីទៅក្នុងចំណោមពួកគេ ដើម្បីណែនាំពួកគេឱ្យវិលមករកព្រះអង្គវិញ។ ព្យាការីប្រៀនប្រដៅពួកគេ តែពួកគេមិនយកចិត្តទុកដាក់ស្តាប់ឡើយ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ យាងមកសណ្ឋិតលើលោកសាការី ដែលត្រូវ​ជាកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ លោកប្រឈមមុខទល់នឹងប្រជាជន ហើយ​​ប្រកាសថា៖«ព្រះជាម្ចាស់មានព្រះបន្ទូលដូចតទៅ ហេតុអ្វីបានជាអ្នករាល់គ្នាបំពាន​លើបទបញ្ជារបស់ព្រះអម្ចាស់? ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ព្រះអង្គក៏​នឹងបោះបង់ចោលអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាធ្វើអ្វីក៏មិនបានសម្រេចដែរ»។ ប្រជាជនឃុបឃិតគ្នាប្រឆាំងនឹងលោកសាការី ហើយគេយកដុំថ្មគប់សម្លាប់លោកនៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់តាមបញ្ជារបស់ស្តេច។ ព្រះបាទយ៉ូអាសពុំនឹកឃើញសេចក្តីសប្បុរស ដែលលោក​យេហូយ៉ាដា ជាឪពុករបស់លោកសាការី បាន​សម្តែងចំពោះព្រះអង្គទេ គឺទ្រង់ប្រហារជីវិតកូនរបស់លោក។ នៅពេលស្លាប់ លោកសាការីពោលថា៖«សូមព្រះអម្ចាស់ទតមើល ហើយរកយុត្តិធម៌ចុះ!»។ មួយឆ្នាំកន្លងមកទៀត កងទ័ពស៊ីរីបានឡើងមកវាយព្រះបាទយ៉ូអាស។ ពួកគេមក​ដល់ស្រុកយូដា និងក្រុងយេរូសាឡឹម។ ពួកគេកាប់សម្លាប់មេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជន ហើយបញ្ជូនជ័យភ័ណ្ឌទាំងអស់ ទៅថ្វាយសេ្តចនៅក្រុងដាម៉ាស។ កងទ័ពស៊ីរីមានចំនួនតែបន្តិចប៉ុណ្ណោះ តែព្រះអម្ចាស់បានប្រគល់កងទ័ពយូដាដែលមានគ្នា​ច្រើន ទៅក្នុងកណ្តាប់ដៃរបស់ពួកគេ ព្រោះជនជាតិយូដាបោះបង់ចោលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ដូច្នេះ ព្រះជាម្ចាស់បានប្រើជនជាតិស៊ីរី សម្រាប់ដាក់ទោសព្រះបាទយ៉ូអាស។ បន្ទាប់មក កងទ័ពស៊ីរីចាកចេញទៅទុកឱ្យព្រះបាទយ៉ូអាស​ប្រឈួនជាទម្ងន់។ ពួករាជបម្រើឃុបឃិតគ្នាប្រឆាំងនឹងស្តេច ដើម្បីសងសឹក ចំពោះ​ឃាតកម្មទៅលើកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ គេធ្វើគុតសេ្តចនៅ​ក្នុង​ក្រឡាបន្ទំ រួចយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ តែគេមិនបញ្ចុះនៅក្នុងផ្នូរ​ជា​មួយស្តេចឯទៀតៗទេ។

ទំនុកតម្កើងលេខ ៨៩ (៨៨),៤-៥.២៩-៣៤ បទកាកគតិ

៤ យើងចងសម្ពន្ធ មេត្រីបន្ទាន់ ចុះខសន្យា
  ជ្រើលោកដាវីឌ ហើយតែងតាំងជា បម្រើការពារ
    ឥតមានប្រែប្រួល ។
៥ យើងនឹងតាំងពង្ស ពូជអ្នកឱ្យគង់ នៅជុំត្រកូល
  តាំងរាជ្យឱ្យអ្នក នៅបានសុខស្រួល គ្មានអ្វីប្រែប្រួល
    អង្វែងដរាប ។
២៩ យើងនឹងបញ្ចេញ ឥតមានទោម្នេញ ដោយចិត្តប្រណី
  នឹងរក្សាទុក សម្ពន្ធមេត្រី ចងជាប់មិនស្រាយ
    មិនគេចប្រែប្រួល ។
៣០ យើងនឹងតែងតាំង ត្រកូលពូជពង្ស ឱ្យរស់សុខស្រួល
  ស្ថិតស្ថេរអស់កល្ប ដាវីឌតែមួយ ល្បីល្បាញរញ្ជួយ
    ដូចមេឃខៀវខ្ចី ។
៣១ បើសិនពូជពង្ស ដាវីឌបោះបង់ ចោលធម្មវិន័យ
  ហើយឈប់ដើរតាម មាគ៌ាប្រពៃ ធ្វើងើយមិនស្តី
    មិនតាមបញ្ជា ។
៣២ ប្រសិនបើគេ បំពានវៀចវេរ កែប្រែសាវា
  ហើយលែងប្រតិបត្តិ តាមបទបញ្ជា វិន័យនានា
    របស់ផងយើង ។
៣៣ យើងនឹងប្រដៅ ពួកឆោតល្ងង់ខ្លៅ បង្កតែរឿង
  យើងដាក់ទណ្ឌកម្ម ទារុណធ្ងន់ឡើង កំហុសមានច្រើន
    គេបានប្រព្រឹត្ត  
៣៤ ប៉ុន្តែយើងតែង បញ្ជាក់សម្តែង សេចក្តីអាណិត
  ស្មោះស្ម័គ្រនឹងគេ ឥតប្រែមានល្បិច ឬចង់បែគេច
    បែកចិត្តចោលឡើយ  

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (១ករ ៨,៩)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តដែលមានសម្បត្តិដ៏​ច្រើន ទ្រង់បានដាក់ខ្លួនធ្វើជាអ្នកក្រ ដើម្បីឱ្យយើងបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៦,២៤-៣៤)

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖«គ្មានអ្នកណាម្នាក់អាចបម្រើម្ចាស់ពីរបានទេ ព្រោះអ្នកនោះនឹងស្រឡាញ់ម្ចាស់ម្នាក់ ខ្លាំងជាងម្ចាស់ម្នាក់ទៀត យកចិត្តទុកដាក់បម្រើម្នាក់ ច្រើនជាងម្នាក់ទៀតជាពុំ​ខាន។ អ្នករាល់គ្នាក៏ពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យ​សម្បត្តិទុកជាព្រះផងបានឡើយ។ ហេតុនេះហើយ បានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា កុំ​​ឱ្យ​ខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬសម្លៀកបំពាក់សម្រាប់បិទបាំង​កាយឡើយ។ ជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយក៏មានតម្លៃលើសសម្លៀក​បំពាក់ទៅទៀត។ ចូររំពៃមើលបក្សាបក្សីនៅលើមេឃ វាមិនដែលសាបព្រោះ មិន​ដែលច្រូតកាត់ មិនដែលប្រមូលដាក់ជង្រុកឡើយ ប៉ុន្តែ ព្រះបិតារបស់អ្នករាល់គ្នាដែល​គង់នៅស្ថានបរមសុខទ្រង់ចិញ្ចឹមវា។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានតម្លៃលើស​បក្សាបក្សីទាំងនោះទៅទៀត។ ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឱ្យវែងបានដែរ សូម្បីតែបន្តិច​ក៏មិនបានផង។ ហេតុដូចម្តេច បានជាអ្នករាល់គ្នាខ្វល់ខ្វាយអំពីសម្លៀកបំពាក់?។ ចូរ​សង្កេតមើលផ្កានៅតាមវាល វាដុះឡើងយ៉ាងណា។ វាមិនដែលធ្វើការនឿយហត់ ឬ​ត្បាញរវៃឡើយ ប៉ុន្តែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពី​សម័យដែលទ្រង់មានសិរីរុងរឿងដ៏ប្រសើរបំផុតនោះក៏ដោយ ក៏ទ្រង់គ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។ មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្តល់សម្រស់ឱ្យផ្កាដែលរីកនៅតាមវាលថ្ងៃនេះ តែថ្ងៃស្អែកត្រូវគេដុតចោលយ៉ាងហ្នឹង​ទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត? ហេតុ​នេះ កុំខ្វល់ខ្វាយដោយពោល​ថា “​យើងនឹងមានអ្វីបរិភោគ មានអ្វីស្លៀកពាក់?” នោះ​ឡើយ ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះទេ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯ​ព្រះបិតាដែលគង់នៅស្ថានបរមសុខ ទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ ចូរ​ស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន ទើប​​ព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត កុំខ្វល់ខ្វាយអំពីហេតុការណ៍ដែលនឹងកើតមានឡើងនៅថ្ងៃស្អែកឡើយ ចាំស្អែកសឹមគិតពីរឿងថ្ងៃស្អែកទៅ! បើ​មានការលំបាកកើតឡើងនៅថ្ងៃណា ត្រូវដោះស្រាយសម្រាប់តែថ្ងៃនោះបានហើយ»។