១៧ មិថុនា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃពុធ រដូវធម្មតា អាទិត្យទី១១ ឆ្នាំ«គូ»
ពណ៌បៃតង 

 

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី២ (២ពង្ស ២,១-១៤)

នៅគ្រាដែលព្រះអម្ចាស់ឱ្យខ្យល់កួចលោកអេលីឡើងទៅស្ថានបរមសុខនោះ លោកអេលី និងលោកអេលីសេ ចាកចេញពីគីលកាល់ទៅជាមួយគ្នា។ លោកអេលីមាន ប្រសាសន៍ទៅកាន់លោកអេលីសេថា៖ «ចាំខ្ញុំនៅទៅនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឱ្យទៅបេតអែល»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏ធ្វើដំណើរទៅបេតអែល។ មានព្យាការីមួយក្រុមនៅបេតអែល ចេញមកជួបលោកអេលីសេជម្រាបថា៖ «តើលោកជ្រាបឬទេថា ថ្ងៃនេះព្រះអម្ចាស់លើកគ្រូរបស់លោកឡើងទៅលើមេឃ»។ លោកឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។ លោកអេលីមានប្រសាសន៍ទៅគាត់ថា៖ ​«អេលីសេ​អើយ! ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឱ្យទៅក្រុងយេរីខូ»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏ទៅដល់ក្រុងយេរីខូ។ មានព្យាការីមួយក្រុមនៅក្រុងយេរីខូ នាំគ្នាមកជិតលោកអេលីសេជម្រាបថា៖ «តើលោកជ្រាបទេថា ថ្ងៃនេះព្រះអ​ម្ចាស់លើកគ្រូរបស់លោកឡើងទៅលើមេឃ»។ លោកឆ្លើយថា៖«ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។ លោកអេលីមានប្រសាសន៍ទៅគាត់ថា៖«ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឱ្យទៅទន្លេយ័រដាន់»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏បន្តដំណើរទៅមុខទៀត។ មានព្យាការីហាសិបនាក់ ដើរតាមពីក្រោយ ហើយឈរពីចម្ងាយ។ លោកទាំងពីរ ឈប់នៅមាត់ទន្លេយ័រដាន់។ ពេលនោះ លោកអេលី​យក​អាវធំរបស់លោក​មកមូរ ហើយវាយទឹកទន្លេ ទឹកក៏ញែកចេញពីគ្នា។ លោកទាំងពីរដើរកាត់បាតទន្លេ។ កាលលោកទាំងពីរឆ្លងផុតហើយ លោកអេលីមានប្រសាសន៍ទៅកាន់លោកអេលីសេថា៖ «បើអ្នកចង់បានអ្វីពីខ្ញុំ ចូរសុំឱ្យបានមុនពេលព្រះអម្ចាស់លើកខ្ញុំឡើងទៅឆ្ងាយពីអ្នក!»។ លោកអេលីសេឆ្លើយថា៖ «សូមមេត្តាឱ្យវិញ្ញាណដែលស្ថិតនៅលើលោកមកសណ្ឋិតលើខ្ញុំបន្តពីលោក ទុកជាមត៌ក!»។ លោកអេលីមានប្រសាសន៍ថា៖ «សំណូមពររបស់អ្នកពិបាកណាស់! ប៉ុន្តែ ប្រសិនបើអ្នកមើលឃើញខ្ញុំក្នុងពេលដែលព្រះអម្ចាស់លើកខ្ញុំឡើងទៅឆ្ងាយពីអ្នក នោះសំណូមពររបស់អ្នកពិតជាបានសម្រេច។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមើលមិនឃើញខ្ញុំទេ សំណូមពររបស់អ្នកក៏ពុំបានសម្រេចដែរ»។ ក្នុងពេលដែលលោកទាំងពីរដើរបណ្តើរ និយាយគ្នាបណ្តើរ ស្រាប់តែមានរទេះជាភ្លើង ទឹមដោយសេះភ្លើង មកញែកលោកទាំងពីរឱ្យឃ្លាតចេញពីគ្នា។ ពេលនោះ ខ្យល់ក៏កួចលោកអេលីឡើងទៅស្ថានបរមសុខ។ កាលលោកអេលីសេឃើញដូច្នេះ លោកស្រែកថា៖​ «លោកឪពុក! លោកឪពុកអើយ! លោកប្រៀបដូចជារទេះចម្បាំង និង​ទ័ពសេះរបស់អ៊ីស្រាអែល!»។ បន្ទាប់មក លោកមើលលោកអេលីលែងឃើញទៀត។ លោកយកសម្លៀកបំពាក់របស់លោកមកហែកជាពីរ រួចរើសអាវធំរបស់លោកអេលី​ដែលជ្រុះមកលើលោកនោះ ហើយត្រឡប់ទៅមាត់ទន្លេយ័រដាន់វិញ។ លោកអេលីសេ​យកអាវធំរបស់លោកអេលីវាយទឹកទន្លេ ទាំងមានប្រសាសន៍ថា៖ «តើព្រះ​អម្ចាស់ជា​ព្រះរបស់លោកអេលី គង់នៅទីណា?»។ ពេលដែលលោកវាយទឹកនោះ ទឹកក៏ញែក​ចេញពីគ្នា ហើយលោកដើរឆ្លងកាត់ទៅ។

ទំនុកតម្កើងលេខ ៣១ (៣០),២០-២១.២៤-២៥ បទកាកគតិ

២០ បពិត្រព្រះម្ចាស់ ព្រះទ័យសន្តោស វិសេសថ្កើងថ្កាន
  ដល់អ្នកគោរព កោតខ្លាចគ្រប់ប្រាណ មិនដែលរំខាន
    អ្នកជ្រកជាមួយ ។
២១ ព្រះអង្គទ្រង់លាក់ គេនៅក្បែរភក្ត្រ ឱ្យផុតពីព្រួយ
  ពីមនុស្សទុច្ចរិត ព្រះអង្គតែងជួយ ឱ្យនៅជាមួយ
    ក្នុងព្រះពន្លា ។
២៤ សូមឱ្យអស់អ្នក គោរពស្មោះស្ម័គ្រ ព្រះម្ចាស់ជាធំ
  នាំគ្នាស្រឡាញ់ ព្រះខ្ពស់ឧត្តម ការពារឧបត្ថម្ភ
    រក្សាអ្នកជឿ ។
  តែព្រះអង្គដាក់ ទោសតឹងដល់ថ្នាក់ អ្នកគ្មានជំនឿ
  មនុស្សព្រហើន កាចកោងមិនជឿ អ្នកគ្មានជំនឿ
    ព្រះអង្គផ្តន្ទា ។
២៥ អស់អ្នកទុកចិត្ត សង្ឃឹមស្មោះពិត ព្រះម្ចាស់លោកា
  ចូរមានកម្លាំង ទឹកចិត្តហានក្លា នោះព្រះមុខជា
    ការពារសុខសាន្ត ។

ពិធីអបអរសាទរព្រះគម្ពីរគម្ពីរដំណឹងល្អ ទន១,២,៣,៤

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាចូលចិត្តធម៌វិន័យរបស់ព្រះអម្ចាស់ជាមនុស្សសុចរិត មានចិត្តស្រឡាញ់អាណិតមេត្តាដល់គេ អ្នកនោះពិតជាមានសុភមង្គលហើយ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៦,១.៦.១៦-១៨) 

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួក​គេថា៖ «កុំធ្វើបុណ្យទាននៅមុខមនុស្សម្នា ដើម្បីឱ្យគេឃើញនោះឡើយ។ ធ្វើ​បែបនេះ អ្នករាល់គ្នាពុំទទួលរង្វាន់អ្វីពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថាន​បរមសុខទេ។ ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្តែងៗ ដូចពួកមាន​ពុតតែងធ្វើនៅក្នុងធម្មសាលា ឬនៅតាមដងផ្លូវ ដើម្បីឱ្យមនុស្សម្នាកោតសរសើរនោះ​ឡើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ! រីឯអ្នកវិញ កាលណាដៃស្តាំអ្នកធ្វើទាន មិនបាច់ឱ្យដៃឆ្វេងដឹងឡើយ ដើម្បី​ឱ្យទានរបស់អ្នកនៅស្ងាត់កំបាំង ហើយព្រះបិតារបស់អ្នកទតឃើញអំពើដែលអ្នកធ្វើ នៅក្នុងទីស្ងាត់កំបាំង ទ្រង់ប្រទានរង្វាន់មកអ្នកវិញ។ កាលណាអ្នករាល់គ្នាអធិដ្ឋាន កុំធ្វើដូចពួកអ្នកមានពុត ដែលចូលចិត្តឈរអធិដ្ឋាននៅក្នុងធម្មសាលា និងនៅត្រង់​ថ្នល់កែង ដើម្បីឱ្យមនុស្សម្នាឃើញនោះឡើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា​ ពួកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាអ្នកអធិដ្ឋាន ត្រូវ​ចូលទៅក្នុងបន្ទប់បិទទ្វារឱ្យជិត ហើយទូលទៅកាន់ព្រះបិតា​រសបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រ​ទានរង្វាន់មកអ្នកជាពុំខាន។ កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀមដូចពួកអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខឱ្យអ្នកដទៃឃើញថា ខ្លួនតមអាហារ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាអ្នកតមអាហារ ត្រូវលាបទឹកអប់លើក្បាល ហើយលុបមុខផង កុំឱ្យមនុស្សម្នាឃើញថា អ្នកតមឡើយ ឱ្យតែព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំងទតឃើញប៉ុណ្ណោះ។ ពេលនោះព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាមិនខាន»។