១៣ មិថុនា ២០២៦

Written on 04/02/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី១០ ឆ្នាំ«គូ»
 ពណ៌ស 

បុណ្យរម្លឹក
ព្រះបេះដូងដ៏និម្មលរបស់ព្រះនាងព្រហ្មចារិនីម៉ារី

សូមចុចទីនេះ

ព្រះនាងម៉ារីមានចិត្តគំនិតភ្ជាប់នឹងព្រះជាម្ចាស់ជានិច្ច មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួនខ្លះឡើយ។ ព្រះនាងម៉ារីជឿព្រះបន្ទូព្រះជាម្ចាស់ និងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ។ ដូច្នេះ ព្រះនាងធ្វើជាគំរូដល់គ្រីស្តបរិស័ទ។

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ (១ពង្ស ១៩,១៩-២១)

 ព្យាការីអេលីក៏ចាកចេញពីទីនោះ​ទៅ លោកជួបនឹងលោកអេលីសេ ជាកូនរបស់លោកសាផាតកំពុងតែភ្ជួរស្រែ។ មានអ្នកភ្ជួរទាំងអស់ដប់ពីរនាក់ ហើយគាត់កំពុងភ្ជួរក្រោយគេបង្អស់។ ព្យាការីអេលី​ចូលទៅជិតគាត់ រួចបោះអាវធំរបស់លោក បោះទៅលើគាត់។ ពេលនោះ ស្រាប់តែ​លោកអេលីសេទុកគោចោល ហើយរត់ទៅតាមព្យាការីអេលីជម្រាបថា៖«សូមអនុញ្ញាត​​ឱ្យខ្ញុំប្របាទទៅលាឪពុកម្តាយរបស់ខ្ញុំប្របាទសិន រួចខ្ញុំប្របាទនឹងទៅតាមលោក»។ លោកអេលីឆ្លើយថា៖«ចូរទៅវិញចុះ ខ្ញុំមិនឃាត់អ្នកទេ!»។ លោកអេលីសេចាកចេញ​ពីព្យាការីអេលីត្រឡប់មកកន្លែងភ្ជួរវិញ។ គាត់យកគោទាំងពីរក្បាលទៅសម្លាប់ធ្វើជា​យញ្ញបូជា យកនង្គ័លធ្វើជាអុសដុតចំអិនសាច់ ចែកឱ្យអស់អ្នកដែលនៅទីនោះ​បរិភោគ។ បន្ទាប់មក គាត់ក្រោកឡើងដើរតាមព្យាការីអេលី ហើយនៅបម្រើលោក។

ទំនុកតម្កើងលេខ ១៦ (១៥),១-២.៥.៧-១០ បទពាក្យ ៧

១ ឱ!ព្រះជាម្ចាស់ដ៏ឧត្តម សូមការពារខ្ញុំឱ្យសុខសាន្ត  
  ដ្បិតទូលបង្គំសុំផ្ញើប្រាណ ជ្រកក្រោមទីស្ថានម្លប់បារមី ។
២ ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថា ព្រះអង្គពិតជាអម្ចាស់ថ្លៃ  
  ក្រៅពីព្រះអង្គឥតមានអ្វី ផ្តល់មង្គលជ័យគ្រាអាសន្ន ។
៥ បពិត្រព្រះអម្ចាស់ឧត្តម ព្រះអង្គជាចំណែកស្រស់ស្រាយ  
  មត៌កនៃខ្ញុំឥតក្លែងក្លាយ ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា ។
៧ ខ្ញុំសូមតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គនេះសែនមោះមុត  
  ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ ទោះយប់ងងឹតក៏តឿនដែរ ។
៨ ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ ដែលជាទម្លាប់ទ្រង់គង់ក្បែរ  
  ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ ខ្ញុំមិនបែកបែរញាប់ញ័រឡើយ ។
៩ ហេតុនេះបានជាខ្ញុំរីករាយ ត្រេកអរសប្បាយបានល្ហែល្ហើយ  
  ខ្ញុំបានសម្រាកកាយធូរស្បើយ ដោយសុខសាន្តហើយផុតកង្វល់ ។
១០ ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ ឱ្យរងទុក្ខធំស្លាប់សោតសល់  
  ព្រះអង្គក៏មិនបណ្តោយដល់ សពបម្រើផ្ទាល់ស្អុយរលួយ  

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ទន១៩,៩

អាលេលូយ៉ា! អាលេលូយ៉ា! 
ធម្មវិន័យរបស់ព្រះអម្ចាស់ធ្វើឱ្យមនុស្សសប្បាយចិត្ត ធម្មវិន័យរបស់ព្រះអង្គបំភ្លឺចិត្តគំ​និតឱ្យយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៥,៣៣-៣៧)

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមគេថា៖ «អ្នករាល់គ្នាធ្លាប់ឮសេចក្តីដែលមានថ្លែងប្រាប់បុព្វបុរសថា “កុំបំភ្លេចពាក្យ​សម្បថចោលឡើយ។ ត្រូវតែធ្វើតាមគ្រប់ពាក្យដែលអ្នកបានស្បថនឹងព្រះអម្ចាស់”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំស្បថឱ្យសោះ។ កុំស្បថដោយយកមេឃជាសាក្សីឡើយ ព្រោះមេឃជាបល្ល័ងរបស់ព្រះជាម្ចាស់ ក៏កុំស្បថដោយ​យក​ផែនដីជាសាក្សីដែរ ព្រោះផែនដីជាកំណល់ទ្រព្រះបាទារបស់ព្រះអង្គ។ កុំស្បថដោយយកក្រុងយេរូសាឡឹមជាសក្សី ព្រោះក្រុងយេរូសាឡឹមជាក្រុងរបស់ព្រះមហាក្សត្រដ៏​ឧត្ដម។ កុំស្បថដោយយកក្បាលអ្នកជាសាក្សី ព្រោះអ្នកពុំអាចធ្វើឱ្យសក់របស់អ្នកទៅជាសឬខ្មៅបានឡើយ សូម្បីតែមួយសរសៃក៏ពុំបានផង។ ត្រូវនិយាយឱ្យទៀងទាត់ បើ “មែន” ឱ្យប្រាកដជា “មែន” បើ “ទេ” ឱ្យប្រាកដជា “ទេ”។ រីឯពាក្យពន្លើស​សុទ្ធតែ​មកពីមារកំណាចទាំងអស់»។