០៩ មិថុនា ២០២៦

Written on 04/02/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី១០ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ (១ពង្ស ១៧,៧-១៦)

នៅសម័យនោះ គ្មានភ្លៀងធ្លាក់ក្នុងស្រុកទាំងមូល តាមបង្គាប់ព្យាការីអេលី។ ពេល​នោះ ទឹកជ្រោះកេរីតក៏រីងដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីអេលីថា៖ «ចូរក្រោកឡើង! ធ្វើដំណើរទៅសារិបតា ជាក្រុងរបស់ជនជាតិស៊ីដូន ហើយស្នាក់​អាស្រ័យនៅទីនោះចុះ។ យើងបានបង្គាប់ឱ្យស្ត្រីមេម៉ាយម្នាក់ចិញ្ចឹមអ្នក»។ លោក​ក្រោកឡើងធ្វើដំណើរទៅក្រុងសារិបតា។ លុះដល់មាត់ទ្វារក្រុង លោកឃើញស្ត្រីមេម៉ាយម្នាក់កំពុងតែរើសអុស។ លោកហៅស្ត្រីនោះមក ហើយមានប្រសាសន៍ទៅកាន់នាងថា៖ «សូមទៅយកទឹកឱ្យខ្ញុំផឹកបន្តិច»។ នាងក៏ទៅយកទឹកទៅ។ លោកហៅនាងប្រាប់​ទៀតថា៖ «សូមយកនំប័ុងឱ្យខ្ញុំមួយដុំផង»។ នាងតបថា៖ «នាងខ្ញុំសូមជំរាបលោក​ក្នុងព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ហើយដែលជាព្រះរបស់លោកថា នាងខ្ញុំគ្មាននំប័ុងទេ នាងខ្ញុំនៅសល់តែម្សៅមួយក្តាប់ក្នុងខាប និងប្រេងប​ន្តិចនៅក្នុងដប​ប៉ុណ្ណោះ។ នាងខ្ញុំកំពុងតែរើសអុសពីរអង្កត់នេះ យកទៅដុតនំប័ុង សម្រាប់នាងខ្ញុំ និង​កូនទទួល​ទាន។ ពេលទទួលទានរួចហើយ យើងខ្ញុំទាំងពីរនាក់ម្តាយកូននឹងស្លាប់ទាំង​អស់គ្នា»។ ព្យាការីអេលីមានប្រសាសន៍ទៅកាន់នាងថា៖ «កុំខ្លាចអី្វឡើយ! សូមចូល​ទៅផ្ទះ ធ្វើតាមពាក្យនាងចុះ ប៉ុន្តែ សូមដុតនំប័ុងមួយដុំតូចយកមកឱ្យខ្ញុំជាមុនសិន រួច​សឹមដុតសម្រាប់នាង និងកូនរបស់នាង ដ្បិតព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ម្សៅក្នុងខាបនឹងមិនចេះអស់ទេ ហើយប្រេងនៅក្នុងដបក៏មិនចេះ​អស់ដែរ រហូតដល់ថ្ងៃដែលព្រះអម្ចាស់បង្អុរភ្លៀងមកលើផែនដី”»។ នាងក៏ចេញទៅធ្វើតាមពាក្យដែលព្យាការីអេលីបានប្រាប់។ ពួកគេមានអាហារ​បរិភោគជាយូរថ្ងៃ ទាំងនាង ទាំងកូននាង និងព្យាការីអេលី គឺម្សៅមិនចេះរលោះពី​ខាប ប្រេងក៏មិនចេះរលោះពីដប ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងដោយ​សារព្យាការីអេលី។

ទំនុកតម្កើងលេខ ៤,២-៥.៧-៩ បទពាក្យ ៧ 

២ ឱព្រះម្ចាស់ថ្លៃបវរ ដែលរកយុត្តិធម៌ឱ្យយើងខ្ញុំ  
  ពេលទូលបង្គំអង្វរសុំ សូមតបមកខ្ញុំកុំបង្អង់ ។
  ពេលយើងខ្ញុំមានទុក្ខធុរៈ ព្រះអង្គថ្នមថ្នាក់មិនឱ្យឆ្គង  
  យើងបានធូរស្បើយផុតសៅហ្មង សូមសណ្តាប់ផងដោយមេត្តា ។
៣ តើពួកមនុស្សទាំងអស់នោះ ជាន់ឈ្លីកិត្តិយសខ្ញុំដល់ណា  
  ហើយចូលចិត្តអ្វីមិនបានការ និយាយមុសាដល់ណាទៀត? ។
៤ ត្រូវដឹងថាព្រះជាអម្ចាស់ តែងប្រណីប្រោសមិនរវាត  
  ពេលខ្ញុំស្រែករកព្រះអង្គឆ្លៀត ស្តាប់ខ្ញុំមិនឃ្លាតជាប់ជានិច្ច ។
៥ ចូរស្អប់អំពើណាអាក្រក់ ស្មោកគ្រោកកខ្វក់មានកល្បល្បិច  
  កុំប្រព្រឹត្តបាបទោះច្រើនតិច ពេលដេកកុំភ្លេចពិចារណា ។
៧ មានមនុស្សជាច្រើនតែងពោលថា តើមាននរណានាំតម្រង់  
  សុភមង្គលដ៏ត្រចង់ ឱ្យយើងខ្ញុំផងសូមទតចុះ ។
៨ ព្រះអង្គបានដាក់ក្តីអំណរ សប្បាយអបអរចិត្តស្រស់បស់  
  ជាងពេលប្រមូលផលទាំងអស់ និងពេលច្រូតបេះផលផ្លែផ្កា ។
៩ ពេលទូលបង្គំចូលដំណេក ទូលបង្គំដេកស្កប់កាយា  
  ព្រះអង្គឱ្យមនុស្សក្នុងលោកា បានសុខរមនាតទៅអើយ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ៣,១៩,២១

អាលេលូយ៉ា! អាលេលូយ៉ា!
ពន្លឺយាងមកក្នុងពិភពលោក អ្នកដែលប្រព្រឹត្តតាមសេចក្តីពិត តែងតែចូលមករកពន្លឺ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៥,១៣-១៦)

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលមកកាន់ពួកគេថា៖ «អ្នករាល់គ្នាជាអំបិលសម្រាប់មនុស្សលោក ប៉ុន្តែ បើអំបិលបាត់ជាតិប្រៃហើយ តើគេនឹងយកអ្វីមកធ្វើឱ្យប្រៃឡើងវិញបាន?។ អំបិលនោះគ្មានប្រយោជន៍អ្វីទៀតទេ គឺមានតែ​បោះចោលទៅខាងក្រៅឱ្យមនុស្សដើរជាន់ប៉ុណ្ណោះ។ អ្នករាល់គ្នាជាពន្លឺ​សម្រាប់បំភ្លឺមនុស្សលោក។ គេមិនអាចលាក់កំបាំងក្រុងណាដែលសង់នៅលើភ្នំបាន​ឡើយ។ គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើនោះទេ គឺគេតែងយក​ចង្កៀង ទៅដាក់លើជើងចង្កៀងវិញ ហើយចង្កៀងនោះបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។ ចូរឱ្យពន្លឺរបស់អ្នករាល់គ្នាបំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ»។