២៧ ឧសភា ២០២៦

Written on 03/02/2026
Sokhorn Oem

ថ្ងៃពុធ រដូវធម្មតា អាទិត្យទី០៨  ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតសិលា (១សល ១,១៨-២៥)

បងប្អូនជាទីស្រឡាញ់!
បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានលោះបងប្អូន​ឱ្យរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរសរបស់បងប្អូន មិនមែន​ដោយសារអ្វីៗដែលរមែងតែងតែរលាយសាបសូន្យ ដូចជាមាសឬប្រាក់ទេ គឺ​​ដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះ​គ្រីស្ត ដែលប្រៀបបាននឹងកូនចៀមដ៏ល្អ​ឥត​​ខ្ចោះ ឥតស្លាកស្នាម។ ព្រះជាម្ចាស់បានជ្រើសតាំងព្រះគ្រីស្តមុនកំណើតពិភព​លោក​ទៅទៀត ហើយបានបង្ហាញព្រះអង្គឱ្យមនុស្សលោកឃើញ នៅគ្រាចុងក្រោយ​នេះ ព្រោះតែបងប្អូន។ ដោយសារព្រះគ្រីស្ត បងប្អូន​ជឿលើព្រះជាម្ចាស់ ដែលបានប្រោស​ព្រះអង្គឱ្យទទួលព្រះជន្មថ្មីដ៏រុងរឿង ហើយប្រទានសិរីរុងរឿងមកព្រះអង្គ ដើម្បីឱ្យ​បងប្អូនមានជំនឿ និងមានសង្ឃឹមលើព្រះជាម្ចាស់។ បងប្អូនបានជម្រះព្រលឹងឱ្យបានបរិសុទ្ធ ដោយស្តាប់តាមសេចក្តីពិត ដើម្បីឱ្យ​បងប្អូនចេះស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រដូចបងប្អូនបង្កើត។ ចូរស្រឡាញ់គ្នាទៅវិញទៅមកឱ្យអស់ពីដួងចិត្ត!។ ព្រះជាម្ចាស់បានប្រោសបងប្អូនឱ្យកើតជាថ្មី មិនមែន​ដោយពូជដែលតែងតែរលួយទេ គឺដោយពូជមិនចេះរលួយ។ ពូជនេះគឺព្រះបន្ទូល​របស់ព្រះជាម្ចាស់ ព្រះបន្ទូលនេះផ្តល់ជីវិត ហើយនៅស្ថិតស្ថេរជាដរាប ដ្បិតមនុស្ស​គ្រប់ៗរូបប្រៀបបាននឹងស្មៅ រីឯសិរីរុងរឿងទាំងប៉ុន្មានរបស់គេ ប្រៀបបាននឹងស្មៅ​តែងតែក្រៀម ហើយផ្កាក៏រុះរោយដែរ។ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះអម្ចាស់នៅស្ថិតស្ថេរអស់កល្បជានិច្ច។ ព្រះបន្ទូលនេះគឺជាដំណឹងល្អ ដែលគេបាននាំយកមកជូនបងប្អូន។

ទំនុកតម្កើងលេខ ១៤៧,១២-១៥,១៩-២០ បទព្រហ្មគិត

១២ ក្រុងយេរូសាឡឹម កុំស្ងាត់ស្ងៀមនៅរេរង់  
  ព្រមទាំងក្រុងស៊ីយ៉ូន ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់
១៣ ដ្បិតព្រះអង្គការពារ អ្នករាល់គ្នាបានសុខណាស់  
  ទ្រង់ឱ្យពរដល់រាស្ត្រ ដែលរស់ពាសពេញទីក្រុង
១៤ ទ្រង់ប្រទានទឹកដី មានសេរីសុខត្រចង់  
  សន្តិភាពគ្រប់ជ្រោយជ្រុង ស្រូវបម្រុងច្រើនមហិមា
១៥ នៅលើផ្ទៃផែនដី ស្រស់ប្រិមប្រិយ៍ទ្រង់បញ្ជា  
  ផ្សព្វផ្សាយគ្រប់ទិសា ពីបញ្ជាព្រះអម្ចាស់
១៩ ព្រះអង្គបានសម្តែង ការជាក់ស្តែងឱ្យគេស្គាល់  
  ពូជយ៉ាកុបមិនខ្វល់ ពីបន្ទូលរបស់ទ្រង់
  ព្រះអង្គប្រទានក្រឹត្យ វិន័យពិតមិនបង្អង់  
  ព្រះបញ្ជាផ្សេងផង ឱ្យជាតិអ៊ីស្រាអែលដឹង
២០ ព្រះម្ចាស់ពុំបានប្រោស ការទាំងអស់ជាដំណឹង  
  ឱ្យជាតិសាសន៍ផ្សេងដឹង​ ស្គាល់វិន័យព្រះអង្គឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មក ១០,៤៥)

អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះដើម្បីបម្រើគេ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១០,៣២-៤៥)

នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹមជាមួយក្រុមសាវ័ក។ ព្រះ​អង្គយាងនាំមុខគេ ក្រុមសាវ័កភ័យខ្លាចជាខ្លាំង រីឯអស់អ្នកដែលដើរតាមក្រោយក៏ភិតភ័យដែរ។ ព្រះយេស៊ូនាំក្រុមសាវ័កទាំងដប់ពីរនាក់មកជាមួយព្រះអង្គសាជាថ្មី រួចមានព្រះបន្ទូលអំពីហេតុការណ៍ដែលនឹងកើតមានដល់ព្រះអង្គថា៖ «ឥឡូវនេះ យើង​ឡើងទៅក្រុងយេរូសាឡឹម។ បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃពួកនាយក​​បូជាចារ្យ និងពួកធម្មាចារ្យ។ គេនឹងកាត់ទោសប្រហារជីវិតលោក គេនឹងបញ្ជូនលោកទៅក្នុងកណ្តាប់ដៃរបស់សាសន៍ដទៃ ពួកនោះនឹងចំអកឱ្យលោក ព្រមទាំង​ស្តោះទឹកមាត់ដាក់លោក។ គេនឹងវាយធ្វើបាបលោក រួចសម្លាប់លោកទៀតផង ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ បន្ទាប់មក លោកយ៉ាកុប និងលោកយ៉ូហានជាកូនលោកសេបេដេ ចូលមកគាល់​ព្រះយេស៊ូ​ទូលថា៖ «ព្រះគ្រូ ! សូមលោកមេត្តាយល់ព្រមតាមពាក្យសុំរបស់យើងខ្ញុំផង»។ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «តើអ្នកទាំងពីរចង់ឱ្យខ្ញុំធ្វើអ្វី?»។ គេទូលព្រះអង្គថា៖ «ពេលព្រះគ្រូគ្រងរាជ្យប្រកបដោយសិរីរុងរឿង សូមប្រទានឱ្យយើងខ្ញុំបានអង្គុយអមព្រះគ្រូផង គឺម្នាក់នៅខាងស្តាំ ម្នាក់នៅខាងឆ្វេង»។ ព្រះយេស៊ូ​មានព្រះបន្ទូលថា៖ «អ្នកទាំងពីរមិនដឹងថា ខ្លួនសុំអ្វីឡើយ តើអ្នកអាចទទួលពែងដែល​ខ្ញុំត្រូវទទួលនោះបានឬទេ? អ្នកអាចទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានឬទេ»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំអាចទទួលបាន»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកនឹងទទួលពែងដែលខ្ញុំត្រូវទទួល និងទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានមែន ចំពោះឯរឿងដែលអ្នកចង់អង្គុយនៅខាងស្តាំ និងខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសម្រេចបានឡើយ ព្រោះកន្លែងនោះបម្រុងទុកសម្រាប់តែអ្នកដែល​ព្រះជាម្ចាស់បានសម្រេចឱ្យប៉ុណ្ណោះ»។ ពេលសាវ័កទាំងដប់នាក់ទៀតឮដូច្នេះ ពួកគេទាស់ចិត្តនឹងលោកយ៉ាកុប និងលោក​យ៉ូហានជាខ្លាំង។ ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កទាំងអស់មក ហើយមានព្រះបន្ទូល​ថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ អ្នកដែលគេចាត់ទុកជាមេគ្រប់គ្រងស្រុក តែងតែជិះជាន់ប្រជារាស្ត្ររបស់ខ្លួន រីឯអ្នកធំតែងតែប្រើអំណាចខ្លួនលើប្រជារាស្ត្រ។ ក្នុង​ចំណោមអ្នករាល់គ្នា មិនមែនដូច្នេះទេ។ ផ្ទុយទៅវិញ បើមានម្នាក់ចង់ធ្វើធំជាងគេ​ក្នុងចំណោមអ្នករាល់គ្នា ត្រូវឱ្យអ្នកនោះបម្រើអ្នករាល់គ្នាវិញ។ ក្នុងចំណោមអ្នក​រាល់គ្នា បើមានម្នាក់ចង់ធ្វើមេគេ ត្រូវធ្វើជាទាសកររបស់គេគ្រប់គ្នាសិន ដ្បិតបុត្រ​មនុស្សមកក្នុងពិភពលោកនេះ មិនមែនដើម្បីឱ្យគេបម្រើលោកទេ គឺលោកមក​បម្រើគេវិញ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង »។