១២ ឧសភា ២០២៦

Written on 08/06/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវបុណ្យចម្លង អាទិត្យទី០៦ ឆ្នំា«គូ»
ពណ៌ស 

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រទានសេរីភាព និងអំណរសប្បាយដ៏ពិតប្រាកដ ដល់អស់​អ្នក​ជឿ​សង្ឃឹម​​​លើព្រះអង្គ នៅពេលយើងខ្ញុំជួបឧបសគ្គនានា សូមទ្រង់ព្រះមេត្តាលើកទឹកចិត្តយើងខ្ញុំឱ្យមានអំណរ និង​សេចក្តី​​សង្ឃឹមជានិច្ចផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ១៦,២២-៣៤)

នៅក្រុងភីលីព បណ្តាជនលើកគ្នាមកប្រឆាំងលោកប៉ូល និងលោកស៊ីឡាស។ ពួកអាជ្ញាធរបញ្ជា​ឱ្យគេ​ដោះ​សម្លៀក​បំពាក់លោកទាំងពីរចេញ រួចបញ្ជាឱ្យវាយនឹងរំពាត់។ ក្រោយពីបានវាយលោកទាំងពីរច្រើនរំពាត់ហើយ គេយកទៅចោលក្នុងទីឃុំឃាំង ទាំងបញ្ជាឱ្យយាមយ៉ាងមធ្យ័តផង។ ឆ្មាំគុកយកលោកទាំងពីរទៅឃុំក្នុងគុកងងឹត និងដាក់ខ្នោះជើងតាមបញ្ជាដែលគាត់បានទទួល។ ប្រមាណជាពាក់កណ្តាលអធ្រាត្រ លោកប៉ូល និងលោកស៊ីឡាសនាំគ្នាអធិដ្ឋាន និងច្រៀង​សរសើរ​តម្កើង​ព្រះ​ជាម្ចាស់។ អ្នកទោសឯទៀតៗស្តាប់លោកទាំងពីរ។ រំពេចនោះ ស្រាប់​តែមាន​រញ្ជួយផែនដី​យ៉ាងខ្លាំង​ បណ្តាល​ឱ្យ​កក្រើក​ដល់គ្រឹះទីឃុំឃាំង ទ្វារគុកទាំងប៉ុន្មានរបើកឡើងភ្លាម រីឯច្រវាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។ ពេលនោះ ឆ្មាំគុកភ្ញាក់ឡើង។ លុះគាត់ឃើញទ្វារគុករបើកដូច្នេះ គាត់ក៏ហូតដាវ​បម្រុងនឹងសម្លាប់ខ្លួនឯង ព្រោះនឹក​ស្មានថា អ្នកទោសរត់បាត់អស់ហើយ។ ប៉ុន្តែ លោកប៉ូលស្រែកឡើងយ៉ាងខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី! យើង​ទាំងអស់​គ្នា​នៅឯនេះទេ!»។ ឆ្មាំគុកសុំឱ្យគេយកភ្លើង​មក រួចប្រញាប់ប្រញាល់ចូលទៅក្នុងគុក។ គាត់ក្រាបចុះនៅមុខលោក​ប៉ូល ​និងលោកស៊ីឡាសទាំងញាប់ញ័រ។ គាត់នាំលោកទាំងពីរចេញមកក្រៅ ហើយសួរថា៖ «លោកម្ចាស់! តើខ្ញុំ​ប្របាទ​ត្រូវ​​ធ្វើ​យ៉ាងណា ដើម្បី​ឱ្យព្រះជាម្ចាស់សង្គ្រោះខ្ញុំប្របាទ?»។ លោកទាំងពីរតបទៅគាត់​វិញថា៖ «សូមជឿ​លើព្រះ​អម្ចា​ស់​យេស៊ូទៅ!​ នោះព្រះជាម្ចាស់នឹងសង្គ្រោះលោក ព្រមទាំងសង្គ្រោះក្រុមគ្រួសាររបស់លោកផងដែរ»។ បន្ទាប់​មក លោកទាំងពីរប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់គាត់ និងប្រាប់អ្នកទាំងប៉ុន្មានដែលនៅក្នុងផ្ទះគាត់។ ពេលនោះ ឆ្មាំ​គុកនាំលោកទាំងពីរមកលាងស្នាមរបួសឱ្យទាំង​យប់ ហើយគាត់ និងក្រុមគ្រួសារគាត់ក៏ទទួលពិធីជ្រមុជទឹកភ្លាម។ គាត់នាំលោកទាំងពីរឡើងទៅផ្ទះ ហើយរៀបចំម្ហូបអាហារជូន។ គាត់ និងក្រុមគ្រួសារគាត់មានអំណរ​សប្បាយ​ដោយ​បានជឿលើព្រះជាម្ចាស់។

ទំនុកតម្កើងលេខ ១៣៨ (១៣៧), ១-៣.៧-៨ បទកាកគតិ

១ ខ្ញុំសូមតម្កើង ព្រះម្ចាស់ខ្ពស់ឡើង អស់ពីដួងចិត្ត
  នៅមុខទេវតា ទូលបង្គំស្មូត្របទ តម្កើងថ្វាយថ្វាត់
    ដល់ព្រះអង្គថ្លៃ ។
២ ខ្ញុំក្រាបបែរមុខ តម្រង់ទៅរក វិហារប្រពៃ
  ខ្ញុំលើកតម្កើង ព្រះនាមថ្លាថ្លៃ ដោយព្រះហឫទ័យ
    ស្មោះស្ម័គ្រឥតស្បើយ ។
៣ នៅថ្ងៃដែលខ្ញុំ ស្រែកអង្វរសុំ ព្រះអង្គតបឆ្លើយ
  ព្រះអង្គប្រទាន ឥតមានកន្តើយ ឱ្យខ្ញុំបានស្បើយ
    ក្នុងចិត្តក្លាហាន ។
៧ ពេលទូលបង្គំ ជួបអាសន្នធំ ទ្រង់ឥតជិនណាយ
  ជួយការពារខ្ញុំ វាយខ្មាំងខ្ចាត់ខ្ចាយ សង្គ្រោះខ្ញុំដោយ
    ឫទ្ធិបារមី ។
៨ បពិត្រព្រះម្ចាស់ ការគ្រប់យ៉ាងនេះ ពិតជាប្រពៃ
  ព្រះអង្គប្រកប ដោយព្រះហឫទ័យ ករុណាក្រៃ
    ឥតបីបោះបង់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១,៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូគ្រីស្ត! ព្រះអង្គពិតជា​សាក្សីដ៏​ស្មោះ​​ត្រង់​មែន ព្រះអង្គ​ប្រសូត​ក្នុង​ចំណោម​​មនុស្សស្លាប់មុនគេបង្អស់។
ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឱ្យរួចពីបាប ដោយ​សារ​ព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១៦,៥-១១)

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់​ក្រុម​សាវ័ក​ថា៖ «ឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលបានចាត់ខ្ញុំឱ្យមក ហើយក្នុងចំណោមអ្នករាល់គ្នា គ្មាន​នរណា​សួរ​ខ្ញុំ​ថា៖ ​”តើ​​លោកអញ្ជើញទៅណា” ឡើយ។ ពេលឮខ្ញុំនិយាយដូច្នេះ អ្នករាល់គ្នាព្រួយចិត្តខ្លាំងណាស់។ ប៉ុន្តែ ខ្ញុំសូមប្រាប់អ្នក​រាល់​គ្នាតាមត្រង់ថា បើខ្ញុំទៅទើបមានប្រយោជន៍ដល់អ្នករាល់គ្នា។ បើខ្ញុំមិនទៅទេ ព្រះអង្គដែលជួយការពារមិនយាង​មក​រកអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ បើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឱ្យមករកអ្នករាល់គ្នា។ កាលណា​ព្រះអង្គយាង​មក​ដល់​ ព្រះអង្គនឹងចោទប្រកាន់មនុស្សលោកថា គេយល់ខុសអំពីបាប អំពីសេចក្តីសុចរិត និងអំពីការកាត់ទោស គឺគេ​យល់​ខុសអំពីបាប ព្រោះគេមិនជឿលើខ្ញុំ អំពីសេចក្តីសុចរិត ព្រោះខ្ញុំទៅឯព្រះបិតាហើយ អ្នករាល់​គ្នា​មិន​ឃើញខ្ញុំ​ទៀត​​ទេ អំពីការកាត់ទោស ព្រោះចៅហ្វាយរបស់មនុស្សលោកនេះទទួលទោសរួចហើយ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ យើងខ្ញុំនាំគ្នានឹករឭកដល់ព្រះយេស៊ូជាព្រះបុត្រាមាន​ជ័យ​ជំនះ​លើមារ ជាចៅហ្វាយរបស់មនុស្សលោក។ សូមទ្រង់ព្រះមេត្តាប្រោស​ប្រទាន​ឱ្យយើងខ្ញុំ​ចូល​រួមជា​មួយ​ព្រះអង្គ​ក្នុង​​កិច្ចសង្គ្រោះនេះ និងមានជ័យជំនះលើ​សេចក្តីអាក្រក់គ្រប់បែបយ៉ាងផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រទានព្រះបន្ទូល និងព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំធ្វើជាអាហារ។ សូម​ទ្រង់ព្រះមេត្តាប្រោសឱ្យព្រះវិញ្ញាណយាងមកការពារយើងខ្ញុំតាមព្រះបន្ទូលសន្យារបស់ព្រះយេស៊ូ។ សូមឱ្យព្រះ​វិញ្ញាណ​បំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយល់អំពីការ សង្គ្រោះរបស់ព្រះអង្គកាន់តែច្បាស់ឡើងៗផង។