ថ្ងៃសុក្រ រដូវបុណ្យចម្លង អាទិត្យទី០៥
ពណ៌ស
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ដោយព្រះអង្គលើកព្រះយេស៊ូឱ្យទទួលសិរីរុងរឿង ព្រះអង្គបានប្រោសឱ្យមនុស្សគ្រប់ជាតិសាសន៍ទៅជាបុត្រធីតារបស់ព្រះអង្គ។ សព្វថ្ងៃ ព្រះអង្គណែនាំព្រះសហគមន៍ឱ្យរួបរួមគ្នាជាធ្លុងតែមួយ ដោយសេចក្តីស្រឡាញ់។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំជាគ្រីស្តបរិស័ទធ្វើសញ្ញាសម្គាល់នៃគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គផង។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ១៥,២២-៣១)
ពេលនោះ ក្រុមគ្រីស្តទូត ក្រុមព្រឹទ្ធាចារ្យ និងព្រះសហគមន៍ទាំងមូលយល់ឃើញថា គួរតែជ្រើសយកបងប្អូនខ្លះក្នុងចំណោមពួកគេជាអ្នកដែលពួកបងប្អូនគោរពដើម្បីចាត់ឱ្យទៅក្រុងអន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ គេជ្រើសយកលោកយូដាសហៅ “បារសាបាស” និងលោកស៊ីឡាស។ ព្រះសហគមន៍ប្រគល់សំបុត្រមួយឱ្យលោកទាំងពីរនាំយកទៅ ដែលមានសេចក្តីដូចតទៅនេះ៖ «យើងជាគ្រីស្តទូត ជាព្រឹទ្ធាចារ្យ និងជាបងប្អូន សូមជម្រាបសួរមកបងប្អូនជាសាសន៍ដទៃដែលរស់នៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកស៊ីលីស៊ី។ យើងបានទទួលដំណឹងថា មានពួកយើងខ្លះនាំឱ្យបងប្អូនជ្រួលច្របល់មកពីពាក្យដែលគេនិយាយប្រាប់បងប្អូន បណ្តាលឱ្យបងប្អូនមានកង្វល់ក្នុងចិត្ត។ យើងពុំបានចាត់អ្នកទាំងនោះឱ្យមកទេ។ យើងទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើសយកគ្នាយើងខ្លះ ចាត់ឱ្យមកជួបបងប្អូនជាមួយលោកប៉ូល និងលោកបារណាបាសដ៏ជាទីស្រឡាញ់របស់យើងជាអ្នកដែលសុខចិត្តបូជាជីវិតបម្រើព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់របស់យើង។ ហេតុនេះយើងសុំចាត់លោកយូដាស និងលោកស៊ីឡាសឱ្យនាំពាក្យដដែលនេះយកមកជម្រាបបងប្អូនស្តាប់ផ្ទាល់តែម្តង។ ព្រះវិញ្ញាណដ៏វិសុទ្ធ និងយើងយល់ឃើញថា មិនគួរយកវិន័យណាផ្សេងទៀត ដែលមិនចាំបាច់មកបង្ខំបងប្អូនឱ្យប្រតិបត្តិតាមឡើយ ។ យើងគ្រាន់តែសុំឱ្យបងប្អូនចៀសវាងកុំប្រព្រឹត្តដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនព្រះក្លែងក្លាយ កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់ក និងកុំរួមរស់ជាមួយគ្នាដោយមិនបានរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្តិដូច្នេះបាននោះ ប្រពៃហើយ!។ សូមឱ្យបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត!»។ ពួកអ្នកតំណាងក៏លាគេចេញដំណើរទៅដល់ក្រុងអន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំ រួចប្រគល់សំបុត្រជូន។ គេអានសំបុត្រ ហើយគេមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះលើកទឹកចិត្តពួកគេ។
ទំនុកតម្កើងលេខ ៥៧ (៥៦), ៨-១២ បទកាកគតិ
| ៨ | បពិត្រព្រះម្ចាស់ | ខ្ញុំទុកចិត្តច្បាស់ | លើទ្រង់ក្រៃលែង |
| ទុកចិត្តទាំងស្រុង | បារមីជាក់ស្តែង | ខ្ញុំសូមសម្តែង | |
| បទទំនុកថ្មី | ។ | ||
| ៩ | ព្រលឹងខ្ញុំអើយ | កុំនៅកន្តើយ | ប្រញាប់ឃ្មាតខ្មី |
| ឱ! ឃឹមនិងពិណ | កុំនៅឆ្មើងឆ្មៃ | បន្លឺបទថ្មី | |
| ដាស់ថ្ងៃឱ្យរះ | ។ | ||
| ១០ | ឱ!ព្រះម្ចាស់អើយ | ទូលបង្គំនេះហើយ | នឹងតម្កើងព្រះ |
| នៅក្នុងចំណោម | ប្រជាទាំងអស់ | លើកព្រះដោយស្មោះ | |
| ឱ្យជាតិផ្សេងយល់ | ។ | ||
| ១១ | ដ្បិតព្រះហឫទ័យ | ករុណាប្រណី | ព្រះម្ចាស់ខ្ពស់ដល់ |
| ទៅលើផ្ទៃមេឃ | ឥតមានកិច្ចកល | បារមីខ្ពស់ដល់ | |
| វេហាស៌អាកាស | ។ | ||
| ១២ | ព្រះជាម្ចាស់អើយ | កុំនៅកន្តើយ | បង្ហាញឱ្យច្បាស់ |
| បារមីឧត្តុង | ឧត្តមត្រចះ | ព្រះខ្ពង់ខ្ពស់ណាស | |
| នៅលើមេឃា | ។ | ||
| សូមឱ្យសិរី | រុងរឿងថ្លាថ្លៃ | ភ្លឺមហិមា | |
| រស្មីចែងចាំង | នៅលើវេហាស៌ | ភ្លឺខ្លាំងអស្ចារ្យ | |
| លើដីទាំងមូល | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១៣,៣៤)
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានប្រទានវិន័យថ្មីដល់យើងគឺ៖ “អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១៥,១២-១៧)
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គ្មាននរណាមានសេចក្តីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្តូរជីវិតដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ។ បើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្តីដែលខ្ញុំបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។ ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្តនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្តសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់ឱ្យអ្នករាល់គ្នាដឹងហើយដែរ។ មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឱ្យទៅ និងបង្កើតផល ព្រមទាំងឱ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឱ្យអ្នករាល់គ្នាពុំខាន។ រីឯសេចក្តីដែលខ្ញុំបង្គាប់អ្នករាល់គ្នានោះ គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ យើងខ្ញុំនាំគ្នាអរព្រះគុណព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះបុត្រាដែលមានព្រះហឫទ័យស្រឡាញ់ រហូតដល់ស៊ូប្តូរជីវិតសម្រាប់យើងខ្ញុំ។ យើងខ្ញុំសូមថ្វាយខ្លួនទៅព្រះអង្គរួមជាមួយព្រះយេស៊ូ ដែលគង់នៅជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូមានព្រះបន្ទូលឱ្យយើងខ្ញុំដឹងសេចក្តីដែលទ្រង់បានឮពីព្រះបិតាមក ទ្រង់ក៏បានសម្តែងសេចក្តីស្រឡាញ់ដ៏លើសលប់របស់ព្រះអង្គឱ្យយើងខ្ញុំស្គាល់ផង។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំចេះស្រឡាញ់គ្នាទៅវិញ ទៅមក ដូចព្រះយេស៊ូបានស្រឡាញ់យើងខ្ញុំដែរ។

