០១ ឧសភា ២០២៦

Written on 19/06/2026
Sokhorn Oem

ថ្ងៃសុក្រ រដូវបុណ្យចម្លង អាទិត្យទី០៤
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រព្រឹត្តតាមព្រះបន្ទូលសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំ គឺព្រះ​អង្គ​បានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះអង្គក៏បានសង្គ្រោះយើងខ្ញុំ​ឱ្យមានសេរីភាព​ពេញ​ទី​ដែរ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ សូម​ឱ្យយើងខ្ញុំអាចយល់គម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ១៣,២៦-៣៣)

ក្នុងធម្មសាលាក្រុងអន់ទីយ៉ូក លោកប៉ូលមានប្រសាសន៍ថា៖ «បងប្អូនជាពូជពង្សលោកអប្រាហាំ និងបងប្អូន​ដែល​គោរពកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានចាត់ព្រះបន្ទូលស្តី​អំពី​ការសង្គ្រោះមកឱ្យយើង​ទាំងអស់​គ្នា​ហ្នឹង​ហើយ ដ្បិតអ្នកក្រុងយេរូសាឡឹម និងពួកមេដឹកនាំរបស់គេពុំបានដឹងថា ព្រះយេស៊ូជានរណាឡើយ។ គេ​បាន​កាត់​ទោស​​ព្រះអង្គស្របទៅនឹងសេចក្តីដែលព្យាការីថ្លែងទុកមក ហើយដែលគេអាន​ជារៀងរាល់ថ្ងៃសប្ប័ទ។ ទោះបី​គេ​រក​កំហុសអ្វីមកកាត់ទោសលោកមិនឃើញក៏ដោយ ក៏គេនៅតែសុំឱ្យលោកពីឡាតធ្វើគុតព្រះអង្គដែរ។ កាលគេបានធ្វើស្របនឹងសេចក្តីដែលមានចែងទុកអំពីព្រះអង្គចប់សព្វគ្រប់ហើយ គេក៏យកព្រះសព​ព្រះអង្គ​ចុះ​ពី​ឈើឆ្កាង ទៅបញ្ចុះក្នុងផ្នូរ។ ប៉ុន្តែ ព្រះជាម្ចាស់​បានតើ​ន​ព្រះអង្គ​ឱ្យភ្ញាក់ឡើងពី​ចំណោមមនុស្សស្លាប់ ព្រះយេស៊ូ​បាន​បង្ហាញ​ខ្លួនឱ្យអស់អ្នកដែលបានរួមដំណើរជាមួយព្រះអង្គតាំងពីស្រុកាលីឡេ​រ​ហូតទៅដល់ក្រុងយេរូសាឡឹម។ ពួក​គេ​ឃើញ​ព្រះអង្គអស់រយៈជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នកទាំងនោះធ្វើជាសាក្សីរបស់ព្រះអង្គនៅ​ចំពោះប្រជាជនទៀតផង។ រីឯយើងខ្ញុំវិញ យើងខ្ញុំសូមជូនដំណឹងល្អនេះប្រាប់​បង​​ប្អូនថា ព្រះបន្ទូលដែលព្រះជាម្ចាស់សន្យា​ជា​មួយ​បុព្វបុរស​របស់យើង ព្រះអង្គ​បានធ្វើតាមដើម្បីជាប្រយោជន៍ដល់យើង ដែលជាពូជពង្សរបស់លោកទាំងនោះហើយ គឺព្រះ​អង្គបានប្រោសព្រះយេស៊ូឱ្យក្រោកឈរឡើងពីចំណោមមនុស្សស្លាប់ ដូចមាន​ចែងទុកក្នុងទំនុកតម្កើងទីពីរ​ថា “ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែល​បានបង្កើតព្រះអង្គមកនៅថ្ងៃនេះ”»។

ទំនុកតម្កើងលេខ ២, ៧-១១ បទពាក្យ ៧

ខ្ញុំនឹងថ្លែងក្រឹត្យព្រះអម្ចាស់ មានបន្ទូលច្បាស់យ៉ាងមោះមុត  
  ថា៖«ព្រះអង្គនេះពិតជាបុត្រ ដែលយើងបង្កើតនៅថ្ងៃនេះ»
បើព្រះអង្គសុំយើងនឹងផ្តល់ ប្រជាជាតិដល់ទ្រង់ទាំងអស់  
  ឱ្យព្រះអង្គទុកជាមត៌ក ផែនដីទាំងអស់ជាកម្មសិទ្ធិ
ទ្រង់នឹងបង្រ្កាបមិនទុកទេ ឱ្យអស់ពួកគេទើបអស់ចិត្ត  
  ដំបងដែកវាយជនទុច្ចរិត កំពាចកំពិតដូចភាជន៍បែក
១០ ស្តេចទាំងឡាយអើយឥឡូវនេះ ចូរគិតត្រិះរិះកុំរារែក  
  អស់អ្នកគ្រប់គ្រងកុំអល់អែក ត្រូវចេះបែងចែកទទួលយក
១១ នូវការអប់រំក៏ប្រពៃ បម្រើម្ចាស់ថ្លៃដោយចូលមក  
  គោរពកោតខ្លាចក្រាបលុតក្រោក គាល់រកព្រះអង្គទាំងញាប់ញ័រ
 

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១៤ ,៦.៩)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់! ព្រះអង្គពិតជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ អ្នកណាជឿលើព្រះអង្គ អ្នកនោះក៏ទទួលស្គាល់ព្រះបិតាដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១៤,១-៦)

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅ​កាន់ក្រុម​សាវ័កថា៖ «កុំរន្ធត់ចិត្តធ្វើអ្វី អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ សុំជឿលើខ្ញុំផង។ ក្នុងដំណាក់របស់ព្រះបិតាខ្ញុំមានលំនៅជាច្រើន។ បើពុំដូច្នោះទេ ខ្ញុំមិន​បាន​ប្រាប់អ្នក​រាល់​គ្នា​ថា ខ្ញុំទៅរៀបចំកន្លែងទុកឱ្យអ្នករាល់គ្នាឡើយ។ ពេលខ្ញុំទៅរៀបចំកន្លែងទុកឱ្យអ្នករាល់គ្នារួចហើយ ខ្ញុំនឹង​ត្រឡប់​មក​វិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឱ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។ ឯកន្លែងដែលខ្ញុំទៅនោះ អ្នក​រាល់​គ្នាក៏ស្គាល់ផ្លូវទៅដែរ»។ លោកថូម៉ាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ធ្វើដូចម្តេចឱ្យយើងខ្ញុំអាចស្គាល់ផ្លូវទៅបាន បើយើង​ខ្ញុំ​មិន​​ដឹងថាព្រះអង្គ​យាងទៅទីណាផងនោះ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្តីពិត និង​ជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំជឿថា ព្រះយេស៊ូពិតជាផ្លូវ ជាសេចក្តីពិត និងជាជីវិតមែន។ ដោយ​ទ្រង់​សោយទិវង្គត់ ព្រះយេស៊ូបង្ហាញមាគ៌ាឆ្ពោះទៅកាន់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ។ ក្នុង​អភិបូ​ជា​នេះ សូមឱ្យយើងខ្ញុំស្ម័គ្រចិត្តបូជាជីវិតរួមស្លាប់ជាមួយព្រះយេស៊ូ ដើម្បីឱ្យរួមរស់នៅក្នុងព្រះដំណាក់ព្រះអង្គអស់កល្ប​ជានិច្ចផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា ក្នុងអភិបូជានេះ ព្រះអង្គបានប្រោសឱ្យយើងខ្ញុំចូលរួមយ៉ាងជិត​ស្និតក្នុង​សក្ការៈបូជារបស់ព្រះយេស៊ូជាព្រះបុត្រា។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំកុំឱ្យរន្ធត់ចិត្តឡើយ។ សូមឱ្យយើង​ខ្ញុំ​រួម​រស់ជាមួយព្រះគ្រីស្តក្នុងគ្រប់កិច្ចការប្រចាំជីវិត ដើម្បីឱ្យថ្ងៃណាមួយ យើងខ្ញុំទៅរួមរស់ជាមួយព្រះអង្គនៅស្ថាន​បរមសុខផង។