ថ្ងៃសៅរ៍ សប្តាហ៍បុណ្យចម្លង អាទិត្យទី០២
ពណ៌ស
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយព្រះប្រាជ្ញាញាណវាងវៃ ព្រះអង្គតែងតែណែនាំព្រះសហគមន៍តាមព្រះហឫទ័យព្រះអង្គ។ សូមទ្រង់ព្រះមេត្តាជួយយើងខ្ញុំឱ្យដោះស្រាយបញ្ហានៃព្រះសហគមន៍សព្វថ្ងៃ ក្រោមពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យព្រះបន្ទូលព្រះអង្គបានឮសុសសាយពាសពេញក្នុងពិភពលោកផង។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ៦,១-៧)
នៅគ្រានោះ ចំនួនសាវ័កចេះតែកើនឡើងជាលំដាប់។ គ្រីស្តបរិស័ទដែលនិយាយភាសាក្រិកនាំគ្នារអ៊ូរទាំទាស់នឹងគ្រីស្តបរិស័ទជាតិយូដាដែលនិយាយភាសាហេប្រឺថា នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ ពួកហេប្រឺមិនសូវយកចិត្តទុកដាក់នឹងស្ត្រីមេម៉ាយខាងពួកខ្លួនទេ។ គ្រីស្តទូតទាំងដប់ពីរនាក់ក៏កោះហៅក្រុមសាវ័កទាំងអស់មក ហើយមានប្រសាសន៍ថា៖ «មិនគួរឱ្យយើងចោលការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបម្រើតុឡើយ។ ហេតុនេះ បងប្អូនអើយ សូមនាំគ្នាជ្រើសរើសយកបុរសប្រាំពីរនាក់ក្នុងចំណោមបងប្អូន ដែលជាអ្នកមានកេរ្តិ៍ឈ្មោះល្អ ហើយពោរពេញដោយព្រះវិញ្ញាណ និងប្រាជ្ញាឈ្លាសវៃ។ យើងនឹងតែងតាំងគេឱ្យបំពេញមុខងារនេះ។ រីឯយើងវិញ យើងនឹងគិតតែពីអធិដ្ឋាន និងបម្រើព្រះបន្ទូល»។ ក្រុមសាវ័កទាំងប៉ុន្មានពេញចិត្តនឹងសេចក្តីស្នើនេះណាស់ គេក៏ជ្រើសយកលោកស្ទេផាន ដែលពោរពេញដោយជំនឿ និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកភីលីព លោកប្រូគ័រ លោកនីកាន័រ លោកទីម៉ូន លោកប៉ាមេណាស និងលោកនីកូឡាសជាអ្នកស្រុកអន់ទីយ៉ូក ដែលចូលសាសនាយូដា។ គេនាំអ្នកទាំងនោះមកជួបក្រុមគ្រីស្តទូត ក្រុមគ្រីស្តទូតក៏នាំគ្នាអធិដ្ឋាន ហើយដាក់ដៃពីលើអ្នកទាំងនោះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ។ ចំនួនសាវ័កនៅក្រុងយេរូសាឡឹមបានកើនឡើងជាច្រើនឥតគណនា ហើយមានពួកបូជាចារ្យដ៏ច្រើនលើសលប់សុខចិត្តប្រតិបត្តិតាមជំនឿដែរ។
ទំនុកតម្កើងលេខ ៣៣ (៣២), ១-២.៤-៥.១៨-១៩ បទព្រហ្មគីតិ
| ១ | មនុស្សដែលសុចរិត | អបអរពិតលើកតម្កើង | |
| មានតែមនុស្សទៀងត្រង់ | ដែលចិត្តចង់កោតសរសើរ | ។ | |
| ២ | ដេញពិណលើកតម្កើង | ព្រះនៃយើងគ្មានអ្វីស្មើ | |
| លេងចាប៉ីបណ្តើរ | ដេញបង្ហើរខ្សែដប់ថ្វាយ | ។ | |
| ៤ | ដ្បិតព្រះជាអម្ចាស់ | បន្ទូលច្បាស់ពិតទៀងត្រង់ | |
| ព្រះអង្គតែងផ្ចិតផ្ចង់ | ហើយតម្រង់តាមសន្យា | ។ | |
| ៥ | ព្រះអង្គសព្វព្រះទ័យ | នឹងសេចក្តីពិតសត្យា | |
| សុចរិតគ្រប់ប្រការ | ហើយរក្សាយុត្តិធម៌ | ។ | |
| ផែនដីទាំងមូលថ្លែង | ខំសម្តែងដោយអំណរ | ||
| ពីហឫទ័យបវរ | ករុណាល្អព្រះជាម្ចាស់ | ។ | |
| ១៨ | ព្រះអង្គតាមរក្សា | អស់អ្នកណាដែលខ្លាចព្រះ | |
| អ្នកពឹងលើអម្ចាស់ | ក៏សប្បុរសមានមេត្តា | ។ | |
| ១៩ | ព្រះអង្គបានសង្គ្រោះ | គេឱ្យរស់មានសង្ខារ | |
| ផុតពីក្តីមរណា | នៅក្នុងគ្រាដែលអត់ឃ្លាន | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តជាព្រះនៃយើងមានព្រះជន្មរស់ឡើងវិញ! ព្រះអង្គជាព្រះជាម្ចាស់ដែលបានបង្កើតពិភពលោកទាំងមូល និងជាព្រះសង្គ្រោះរបស់មនុស្សលោក!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ៦,១៦-២១)
ព្រះយេស៊ូបានប្រទាននំប៉័ងឱ្យប្រជាជនប្រាំពាន់នាក់រួចហើយ លុះដល់ល្ងាច ក្រុមសាវ័កនាំគ្នាចុះទៅមាត់សមុទ្រ។ គេជិះទូកឆ្លងទៅភូមិកាផានុម នៅត្រើយម្ខាង។ ពេលនោះងងឹតហើយ តែព្រះយេស៊ូពុំទាន់យាងមករកគេនៅឡើយទេ ខ្យល់បក់បោកមកយ៉ាងខ្លាំង បណ្តាលឱ្យទឹកសមុទ្រមានរលកធំៗ។ កាលគេចែវទូកបានចម្ងាយប្រមាណជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូយាងលើសមុទ្រចូលមកជិតទូក គេភ័យខ្លាចជាខ្លាំង។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំទេតើ កុំខ្លាចអី!»។ ក្រុមសាវ័កចង់យាងព្រះអង្គចូលមកក្នុងទូក តែរំពេចនោះ ទូកក៏ទៅដល់ត្រើយ ចំកន្លែងដែលគេបម្រុងនឹងទៅ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយព្រះប្រាជ្ញាញាណយ៉ាងឈ្លាសវៃ ព្រះអង្គណែនាំព្រះសហគមន៍អាចឱ្យពុះពារឧបសគ្គនានាបាន។ នៅពេលថ្វាយអភិបូជានេះ សូមព្រះអង្គទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមកផ្តល់សេចក្តីសុខសាន្តដ៏ពិតប្រាកដ ដល់ព្រះសហគមន៍ ជាព្រះកាយព្រះគ្រីស្ត គឺព្រះវិញ្ញាណដែលគង់នៅជាមួយព្រះបិតា និងព្រះបុត្រា អស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ! ព្រះអង្គបានប្រទានព្រះបន្ទូល និងព្រះកាយព្រះគ្រីស្តធ្វើជាអាហារសម្រាប់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូមឱ្យយើងខ្ញុំជឿជាក់ថា ព្រះបុត្រាព្រះអង្គគង់នៅជាមួយយើងខ្ញុំជានិច្ច និងណែនាំ ព្រះសហគមន៍ផង។

