១៥ មេសា ២០២៦

Written on 05/07/2026
Sokhorn Oem

ថ្ងៃពុធ សប្តាហ៍បុណ្យចម្លង អាទិត្យទី០២
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! រៀងរាល់ឆ្នាំ យើងខ្ញុំជាព្រះសហគមន៍នាំគ្នានឹករំពឹងអំពីព្រះអង្គបានប្រោសព្រះយេស៊ូឱ្យក្រោកឈរឡើងពីចំណោមមនុស្សស្លាប់។ ព្រះអង្គបានប្រោសយើងខ្ញុំឱ្យមានកិត្តិយស ឱ្យមានចិត្តសង្ឃឹម និងឱ្យមានជីវិតថ្មីដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ៥,១៧-២៦)

ពេលនោះលោកមហាបូជាចារ្យ និងអស់អ្នកដែលនៅជាមួយលោកទាំងប៉ុន្មាន គឺពួកខាងគណៈសាឌូស៊ីមានចិត្តក្តៅក្រហាយជាខ្លាំង។ គេលើកគ្នាទៅចាប់ក្រុម​គ្រីស្ត​ទូត យកមកឃុំឃាំងនៅពន្ធនាគារសាធារណៈ។ លុះដល់យប់ មានទេវទូតរបស់​ព្រះ​អម្ចាស់មកបើកទ្វារពន្ធនាគារឱ្យក្រុមគ្រីស្តទូតចេញទាំងពោលថា៖ «សូមអញ្ជើញ​ទៅឈរក្នុងព្រះវិហារ ហើយប្រកាសព្រះបន្ទូលទាំងអស់ដែលផ្តល់ជីវិតនេះឱ្យ​ប្រជាជនស្តាប់ទៅ»។ កាលបានឮពាក្យទេវទូត ក្រុមគ្រីស្តទូតនាំគ្នាចូលទៅក្នុងព្រះ​វិហារតាំងពីព្រលឹម ហើយនាំគ្នាបង្រៀនប្រជាជន។ លោកមហាបូជាចារ្យ និងអស់អ្នកដែលនៅជាមួយលោក កោះហៅក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូល គឺព្រឹទ្ធ​សភានៃប្រជាជន​អ៊ីស្រាអែលមក​ជួបជុំគ្នា រួចចាត់អ្នកយាមឱ្យទៅនាំក្រុមគ្រីស្តទូត​ពីពន្ធនាគារមក។ ពេលទៅដល់ទីឃុំឃាំង គេពុំឃើញក្រុមគ្រីស្តទូតទេ។ គេ​នាំគ្នាវិលមកវិញ​រាយ​ការណ៍ជម្រាបអង្គប្រជុំថា៖ «យើងខ្ញុំឃើញទីឃុំឃាំងនៅ​បិទជិតល្អណាស់ ហើយពួកអ្នកយាមក៏​​ឈរ​​យាម​​នៅ​ខាងមុខ​ទ្វារដែរ ​តែពេល​យើងខ្ញុំបើកទ្វារ ពុំឃើញ​មាននរណាម្នាក់នៅក្នុងទីនោះសោះ»។ កាលមេកងរក្សា​ព្រះវិហារ និងពួកនាយកបូជាចារ្យឮដូច្នោះ គេមិនដឹងជាត្រូវគិតយ៉ាងណាអំពីក្រុមគ្រីស្តទូត ​និងអំពីហេតុការណ៍ដែល​កើតឡើងនោះឡើយ។ ពេលនោះ មានម្នាក់ចូលមកជម្រាបអង្គប្រជុំថា៖ «ពួកអ្នកដែលអស់លោកបានចា​ប់​​ឃុំឃាំង​កំពុងតែឈរបង្រៀនប្រជាជនក្នុងព្រះវិហារឯណោះ!»។ មេកងរក្សាព្រះវិហារក៏នាំទាហានចេញទៅចាប់ក្រុមគ្រីស្តទូតបណ្តើរមក តែឥតមាន​ធ្វើ​បាបអ្វីទេ ព្រោះគេខ្លាចប្រជាជន​យកដុំថ្មគប់។

ទំនុកតម្កើងលេខ ៣៤ (៣៣),២-៩ បទកាកគតិ

ខ្ញុំអរព្រះគុណ អម្ចាស់ពេកពន់ គ្រប់ពេលវេលា
  សូមលើកតម្កើង ព្រះអង្គគ្រប់គ្រា ឥតមានរួញរា
    ឈប់ឈរសោះឡើយ
ខ្ញុំខ្ពស់មុខព្រោះ ព្រះម្ចាស់សង្រ្គោះ ខ្ញុំមិនកន្តើយ
  ចូរអ្នកទន់ទាប ស្តាប់កុំព្រងើយ នឹងបានធូរស្បើយ
    អំណរខ្លាំងក្លា
សូមមកប្រកាស នឹងខ្ញុំឱ្យច្បាស់ ដោយពោលឡើងថា
  ព្រះម្ចាស់ថ្កុំថ្កើង រុងរឿងក្រៃណា យើងនាំគ្នីគ្នា
    តម្កើងព្រះអង្គ
ខ្ញុំបានស្វែងរក ព្រះម្ចាស់តបមក ឥតមានបង្អង់
  ទ្រង់បានរំដោះ ខ្ញុំអស់ទុក្ខផង តក់ស្លុតមួរហ្មង
    ឆ្លងផុតទាំងអស់
អ្នកដែលសម្លឹង ឆ្ពោះទៅព្រះអង្គ បានសុខឥតមោះ
  ផុតអស់ទុក្ខសោក វិយោគរងគ្រោះ ពួកគេទាំងនោះ
    មិនខកចិត្តឡើយ
អស់អ្នកកម្សត់ និងមនុស្សទុរគត គេស្រែកដង្ហោយ
  ហៅរកព្រះម្ចាស់ ទ្រង់សណ្តាប់ហើយ សង្រ្គោះគេឱ្យ
    ផុតពីគ្រោះកាច
ទេវទូតរបស់ ព្រះម្ចាស់ទាំងអស់ ថែទាំអ្នកខ្លាច
  រក្សាការពារ គេក្រោមអំណាច រំដោះឱ្យរួច
    ផុតពីទុក្ខភ័យ
ចូរអ្នកផ្អែកពឹង ពិសោធន៍ឱ្យដឹង ថាព្រះម្ចាស់ថ្លៃ
  ទ្រង់មានមេត្ដា សប្បុរសពេកក្រៃ អស់ជនប្រុសស្រី
    មានជ័យមង្គល

អបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ៣,១៦)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក
ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ៣,១៦-២១)

ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជា​ព្រះអង្គ​ប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច គឺមិនឱ្យគេវិនាសឡើយ។ ព្រះ​ជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមក្នុងលោកនេះ ពុំមែន​ដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្រ្គោះមនុស្សលោកដោយសារ​ព្រះបុត្រាវិញ។ អ្នកជឿលើព្រះបុត្រា មិនត្រូវទទួលទោសទេ រីឯអ្នកមិន​ជឿវិញ បានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។ ហេតុដែលបណ្តាលឱ្យមានទោសនោះ គឺពន្លឺបានយាងមកក្នុងពិភពលោក ប៉ុន្តែមនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ដ្បិតអំពើរបស់គេសុទ្ធតែអាក្រក់។ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែល​ខ្លួនគេប្រព្រឹត្ត។ ផ្ទុយទៅវិញ អស់អ្នកដែលប្រព្រឹត្តតាមសេចក្តីពិត តែងតែ​ចូលមករកពន្លឺ ដើម្បីឱ្យគេឃើញថា អំពើដែលខ្លួនប្រព្រឹត្តនោះ ស្របតាម​ព្រះជាម្ចាស់មែន។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះបិតាដែលស្រឡាញ់មនុស្សលោកយ៉ាងខ្លាំងជាទីបំផុត! ព្រះអង្គចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គឱ្យយាងមកដើម្បីឱ្យអស់អ្នកជឿសង្ឃឹមលើព្រះបុត្រាទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ យើងខ្ញុំសូមផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គក្នុងអភិបូជានេះ ដោយរួមជាមួយព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀង​ទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! កាលពីដើមព្រះអង្គបានប្រោសប្រទានឱ្យសាវ័កដែលជាមនុស្សកំសាក ហ៊ានពុះពារឧបសគ្គនានា ប្រកាសព្រះបន្ទូលដែលផ្តល់ជីវិតឱ្យមនុស្សលោក។ សូមទ្រង់ព្រះមេត្តាប្រទានសេចក្តីក្លាហានឱ្យយើងខ្ញុំផង សូមឱ្យយើងខ្ញុំហ៊ានធ្វើសាក្សីពីជំនឿរបស់យើងខ្ញុំគ្រប់ពេលវេលា។