ថ្ងៃអាទិត្យ រដូវបុណ្យចម្លង អាទិត្យទី០២
(ព្រះហឫទ័យមេត្តាករុណា)
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែងហួសពីការស្មាន! សូមព្រះអង្គទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ កុំឱ្យមានចិត្តសង្ស័យឡើយ។ សូមប្រោសយើងខ្ញុំឱ្យយល់កាន់តែច្បាស់អំពីអត្ថន័យអគ្គសញ្ញាជ្រមុជទឹក ដែលបានជម្រះយើងខ្ញុំអំពីព្រះវិញ្ញាណដែលប្រទានជីវិតថ្មីឱ្យយើងខ្ញុំ និងអំពីព្រះលោហិតដ៏ប្រសើរ ដែលបានរំដោះយើងខ្ញុំផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ២,៤២-៤៧)
នៅសម័យដើមនៃព្រះសហគមន៍ បងប្អូនទាំងអស់ព្យាយាមស្តាប់សេចក្តីបង្រៀនរបស់ក្រុមគ្រីស្តទូត ព្យាយាមរួមរស់ជាមួយគ្នាជាបងប្អូន ព្យាយាមធ្វើពិធីកាច់នំប៉័ង និងព្យាយាមអធិដ្ឋាន។ មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា ដ្បិតក្រុមគ្រីស្តទូតបានសម្តែងឫទ្ធិបាដិហារិយ៍ និងធ្វើទីសម្គាល់ផ្សេងៗជាច្រើន។ អស់អ្នកដែលបានជឿលើព្រះអម្ចាស់ មានចិត្តគំនិតតែមួយ ហើយយករបស់របរដែលខ្លួនមានមកដាក់រួមគ្នាទាំងអស់។ គេលក់ទ្រព្យសម្បត្តិ និងអ្វីៗជារបស់ខ្លួន យកប្រាក់មកចែកគ្នាតាមសេចក្តីត្រូវការរបស់ពួកគេម្នាក់ៗ។ ជារៀងរាល់ថ្ងៃ គេរួមចិត្តគំនិតគ្នា ព្យាយាមចូលព្រះវិហារ ធ្វើពិធីកាច់នំប៉័ងនៅតាមផ្ទះ ព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និងដោយចិត្តស្មោះសរផង។ គេនាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនទាំងមូលគោរពរាប់អាន ពួកគេទាំងអស់គ្នា។ ព្រះអម្ចាស់បន្ថែមចំនួនអ្នកដែលព្រះអង្គបានសង្គ្រោះមកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។
ទំនុកតម្កើងលេខ ១១៨ (១១៧),១.៤.១៣-១៤.១៩.២១-២៥ បទពាក្យ ៧
| ១ | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះទ័យថ្លៃ | |
| សប្បុរសករុណាត្រាប្រណី | ស្ថិតស្ថេររាល់ថ្ងៃរហូតទៅ | ។ | |
| ៤ | អស់អ្នកគោរពកោតខ្លាចព្រះ | ក៏ត្រូវប្រកាសឱ្យក្តែងៗ | |
| ដូចអុីស្រាអែលកុំបីក្រែង | ហឫទ័យស្ញប់ស្ញែងនៅស្ថិតស្ថេរ | ។ | |
| ១៣ | ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំង | ខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ | |
| រកឱ្យព្រះជួយឆាប់រហ័ស | ពេលនោះព្រះម្ចាស់ទ្រង់យាងមក | ។ | |
| ១៤ | ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំ | ខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក | |
| មានព្រះនាមព្រះផុតទុក្ខសោក | ព្រះអង្គចេញមកច្បាំងការពារ | ។ | |
| ១៩ | ចូរនាំគ្នាបើកទ្វារឱ្យមនុស្ស | សុចរិតស្រីប្រុសមកប្រញាប់ | |
| ខ្ញុំនឹងចូលទៅឱ្យបានដប | នឹងថ្លែងរៀបរាប់អរគុណទ្រង់ | ។ | |
| ២១ | ខ្ញុំនឹងតម្កើងព្រះអម្ចាស់ | ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់ | |
| តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ | ថែមទាំងថ្នាក់ថ្នមខ្ញុំដិតដល់ | ។ | |
| ២២ | ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំ | ប្រែជារឹងមាំបែរជាកល់ | |
| ជើងសសរផ្ទះមាំឥតខ្វល់ | ល្បីល្បាញឮដល់សព្វជាតិសាសន៍ | ។ | |
| ២៣ | ព្រះអង្គសម្រេចការអស្ចារ្យ | ដោយឫទ្ធិថ្លៃថ្លានៃអម្ចាស់ | |
| អស្ចារ្យពេកក្រៃយើងឃើញច្បាស់ | គួរស្ញប់ស្ញែងណាស់គួរគោរព | ។ | |
| ២៤ | ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស | កំណត់ទុកច្បាស់ឱ្យយើងឈប់ | |
| នាំគ្នាសប្បាយកុំនៅជ្រប់ | គ្រប់ភូមិគ្រប់ស្រុកអរទាំងអស | ។ | |
| ២៥ | ឱព្រះអម្ចាស់សូមសង្រ្គោះ | ឱ្យខ្ញុំល្បីឈ្មោះមានសម្រស់ | |
| មានជោគមានជ័យខ្លាំងឥតខ្ចោះ | យើងនឹកអាឡោះអាល័យណាស់ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតសិលា ១ (សល ១,៣-៩)
សូមសរសើរតម្កើងព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង។ ព្រះជាម្ចាស់បានប្រោសយើងឱ្យកើតជាថ្មីដោយប្រោសព្រះយេស៊ូគ្រីស្តឱ្យក្រោកឈរឡើងពីចំណោមមនុស្សស្លាប់ មានព្រះជន្មថ្មីដ៏រុងរឿង ស្របតាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ ដូច្នេះ យើងមានសេចក្តីសង្ឃឹមដែលមិនចេះសាបសូន្យ ហើយយើងនឹងទទួលមត៌កដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ ព្រះជាម្ចាស់បម្រុងទុកមត៌កនេះឱ្យបងប្អូននៅស្ថានបរមសុខ ហើយឫទ្ធានុភាពរបស់ព្រះអង្គ ថែរក្សាបងប្អូនដោយសារជំនឿ ដើម្បីឱ្យបងប្អូនទទួលការសង្រ្គោះដែលព្រះអង្គបានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសម្តែងនៅចុងក្រោយបំផុត។ ហេតុនេះហើយ បានជាបងប្អូនមានចិត្តរីករាយយ៉ាងខ្លាំង ទោះបីពេលនេះបងប្អូនព្រួយចិត្តដោយជួបនឹងទុក្ខលំបាកផ្សេងៗក្នុងមួយរយៈពេលខ្លីក៏ដោយ។ ទុក្ខលំបាកទាំងនេះនឹងលត់ដំជំនឿរបស់បងប្អូនឱ្យមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសម្រាំងក្នុងភ្លើង។ នៅថ្ងៃដែលព្រះយេស៊ូគ្រីស្តសម្តែងខ្លួនឱ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្តិយសជាមិនខាន។ បងប្អូនមិនដែលបានឃើញព្រះអង្គទេ តែបងប្អូនស្រឡាញ់ ព្រះអង្គ ទោះបីបងប្អូននៅតែពុំទាន់ឃើញព្រះអង្គក្តី ក៏បងប្អូនជឿលើព្រះអង្គ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន ព្រោះបងប្អូនបានទទួលការសង្រ្គោះសម្រាប់ព្រលឹងខ្លួនដែលជាទីដៅនៃជំនឿរបស់បងប្អូន។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ២០,២៩)
អាលេលូយ៉ា! អាលេលូយ៉ា!
លោកថូម៉ាសបានឃើញព្រះអម្ចាស់ ហើយបានជឿ។ អ្នកជឿដោយឥតបានឃើញ ពិតជាមានសុភមង្គលហើយ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ២០,១៩-៣១)
នៅល្ងាចថ្ងៃអាទិត្យក្រោយព្រះយេស៊ូសោយទិវង្គត ក្រុមសាវ័កនៅក្នុងផ្ទះ ខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែព្រះយេស៊ូយាងមកឈរនៅកណ្តាលចំណោមពួកគេ ហើយមានព្រះបន្ទូលថា៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត!»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅព្រះហស្ត និងនៅត្រង់ឆ្អឹងជំនីរឱ្យគេឃើញផង។ ក្រុមសាវ័កសប្បាយចិត្តជាខ្លាំង ដោយបានឃើញព្រះអម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេសាជាថ្មីថា៖«សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត! ដូចព្រះបិតាបានចាត់ខ្ញុំឱ្យមកយ៉ាងណា ខ្ញុំចាត់អ្នករាល់គ្នាឱ្យទៅយ៉ាងនោះដែរ»។ បន្ទាប់ពីមានព្រះបន្ទូលហើយ ព្រះអង្គផ្លុំលើពួកគេ ទាំងមានព្រះបន្ទូលថា៖«ចូរទទួលព្រះវិញ្ញាណ!។ បើអ្នករាល់គ្នាលើកលែងទោសអ្នកនោះឱ្យរួចពីបាប ព្រះជាម្ចាស់ ក៏នឹងលើកលែងទោសអ្នកនោះឱ្យរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។ កាលព្រះយេស៊ូយាងមកនោះ លោកថូម៉ាសហៅឌីឌីម ជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំងដប់ពីរមិនបាននៅជាមួយពួកគេទេ។ សាវ័កឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់»។ ប៉ុន្តែ គាត់និយាយទៅពួកគេវិញថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅបាតដៃ មិនបានដាក់ម្រាមដៃក្នុងស្នាមដែកគោល ហើយបើខ្ញុំមិនបានដាក់ដៃត្រង់ឆ្អឹងជំនីររបស់លោកទេ ខ្ញុំមិនជឿជាដាច់ខាត»។ ប្រាំបីថ្ងៃក្រោយមក ក្រុមសាវ័កជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មី លោកថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះ ទ្វារផ្ទះខ្ទាស់ជាប់ ព្រះយេស៊ូយាងមកឈរនៅកណ្តាលចំណោមពួកគេទាំងមានព្រះបន្ទូលថា៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តី សុខសាន្ត!»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ។ លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំមែន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គលហើយ!»។ ព្រះយេស៊ូបានធ្វើទីសម្គាល់ជាច្រើនទៀតឱ្យក្រុមសាវ័កឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។ រីឯសេចក្តីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឱ្យអ្នករាល់គ្នាជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត និងពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយឱ្យអ្នករាល់គ្នាដែលជឿមានជីវិតដោយរួមជាមួយព្រះអង្គ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយពីយើងខ្ញុំទាំងអស់គ្នាជាបុត្រធីតាដែលកើតជាថ្មី ដោយរួមជាមួយព្រះគ្រីស្ត។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមនឹងសក្ការបូជារបស់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាពិសេស នៅថ្ងៃនេះដែលព្រះគ្រីស្តបានបូជាព្រះជន្ម ដូចជាកូនចៀមដែលគេធ្លាប់យកទៅធ្វើយញ្ញក្នុងបុណ្យចម្លង។ ព្រះគ្រីស្តបានប្រោសបុត្រធីតាជាច្រើនឱ្យទទួលជីវិតអស់កល្បជានិច្ច!។ អស់អ្នកជឿក៏អាចចូលព្រះរាជ្យនៃស្ថានបរមសុខបានដែរ។ ពិតមែនហើយ! ដោយព្រះគ្រីស្តសោយទិវង្គត ព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួចពីអំណាចនៃសេចក្តីស្លាប់! ដោយព្រះគ្រីស្តមានព្រះជន្មថ្មី យើងខ្ញុំម្នាក់ៗក៏ទទួលជីវិតថ្មីដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំជាប្រជាជនដែលទទួលអគ្គសញ្ញាជ្រមុជទឹកទូទាំងសកលលោកមានអំណរសប្បាយ ហើយសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។
ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គប្រោសយើងខ្ញុំឱ្យទទួលជីវិតថ្មី ដោយយើងខ្ញុំជឿលើព្រះបុត្រាដែលសោយទិវង្គត និងទទួលព្រះជន្មថ្មីដ៏រុងរឿង។ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណព្រះអង្គយាងមកប្រែចិត្តគំនិតយើងខ្ញុំ ឱ្យអាចរស់នៅតាមឋានៈរបស់ខ្លួនជាបុត្រធីតាព្រះអង្គផង។

