២៨ មករា ​២០២៦

Written on 20/09/2026
Sokhorn Oem

ថ្ងៃពុធ រដូវធម្មតា អាទិត្យទី០៣ ឆ្នាំ«គូ»
ពណ៌ស

បុណ្យរម្លឹក សន្តថូម៉ាស នៅអគីណូ
ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
សូមចុចទីនេះ

​លោកថូម៉ាស (១២២៥-១២៧៤) កើតក្នុងវង្សត្រកូលអភិជនអ៊ីតាលី។ កាលអាយុបាន ១៦​ឆ្នាំ លោកសម្រេចចិត្តចូលបួសក្នុងក្រុមគ្រួសារដូមី​នី​កូ​ដែលទើបនឹងកើតឡើង។ ញាតិសន្តាន​របស់​លោក​មិន​ព្រមឱ្យលោកចូលបួសទេ ហើយបងប្អូនក៏ទៅចាប់លោកនាំចេញពីអារាមថែមទៀត​ផង​។ ទោះ​ជា​យ៉ាង​នេះក៏ដោយ ក៏លោកនៅតែទៅបន្តការអប់រំតទៅទៀត ហើយរៀននៅក្រុងកូឡូញ (ប្រទេស​អា​ល្លឺម៉ង់​) និងនៅ​មហា​វិទ្យាល័យក្រុង​ប៉ារីស (ប្រទេសបារាំង)។ លោកទៅជាសាស្ត្រាចារ្យនៅក្រុងប៉ារី ក្រុង​រ៉ូម និងក្រុងណាប៉ូលី (ប្រ​ទេសអ៊ីតាលី)។ លោករៀបរៀងធ្វើសំយោគរវាង​លទ្ធិនៃគ្រីស្តសាសនាដែលលោកទទួលពីដូនតា និងវប្បធម៌នៃសម័យរបស់លោកដោយយកទស្សនវិជ្ជាលោកអរីស្តូត និង​លោក​ប្លា​តុង​មក​រិះ​គិត។ លោកបានសរសេរសៀវភៅជាច្រើនក្បាលដែលប្រមែលប្រមូលយោបល់ទេវវិទ្យានៃគ្រីស្តសាសនា ហើយមានឥទ្ធិពលយ៉ាងខ្លាំងរហូតមកដល់សព្វថ្ងៃនេះ។

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល (២​សម ៧,៤-១៧)

នៅ​យប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកណាថានថា៖ «ចូរទៅប្រាប់ដាវីឌ​ជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ “មិនមែនអ្នកទេ ដែល​នឹងសង់ដំណាក់ឱ្យយើងនៅ។ តាំងពីថ្ងៃដែលយើងនាំជនជាតិអ៊ីស្រាអែលចាកចេញពី​ស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ។ ផ្ទុយទៅវិញយើងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដោយស្នាក់នៅតែក្នុងជំរំនិងព្រះពន្លា។ គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រាអែលទាំងមូល យើងមិនដែលបង្គាប់ដល់មេដឹកនាំកុលសម្ពន្ធអ៊ីស្រាអែលណាមួយឱ្យសង់ដំណាក់ ធ្វើអំពីឈើដ៏មានតម្លៃសម្រាប់យើងទេ”។ ហេតុនេះ អ្នកត្រូវប្រាប់ដាវីដជាអ្នកបម្រើយើងថា ព្រះអម្ចាស់នៃ​ពិភពទាំងមូល ទ្រង់មានព្រះបន្ទូលដូចតទៅ“កាលអ្នកនៅជាគង្វាលចៀម នៅឡើយ​យើងយកអ្នកចេញពីវាលស្មៅមក ដើម្បីឱ្យអ្នកធ្វើជាមេដឹកនាំជនជាតិ អ៊ីស្រាអែល​ជាប្រជារាស្រ្តរបស់យើង។ យើងស្ថិតនៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកនៅ យើងបានកំចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក។ យើងបានធ្វើឱ្យអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចអ្នកធំទាំងឡាយនៅលើផែនដី។ យើងបានប្រគល់ស្រុកមួយ​ឱ្យអ៊ីស្រាអែលជាប្រជារាស្រ្តរបស់យើង យើងឱ្យគេតាំងទីលំនៅជាប់លាប់រហូតឥតមាននរណាមករំខានសោះឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណា ជិះជាន់ពួកគេដូចកាល ពីមុន ឬដូចនៅគ្រាដែលយើងបានតែងតាំងពួកវីរបុរស ឱ្យគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្រ្តរបស់យើង។ យើងឱ្យអ្នកបានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវ ទាំងអស់។ ព្រះអម្ចាស់ផ្ទាល់នឹងកសាងតំណាក់ឱ្យព្រះអ្នក។ ពេលណាអ្នកលាចាក លោកនេះ ទៅ​ជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឱ្យពូជពង្សរបស់អ្នកឡើងស្នងរាជ្យ យើងក៏នឹងពង្រឹងរាជ្យរបស់គេផង។ គឺបុត្រនោះហើយ ដែលនឹងសង់ដំណាក់មួយ សម្រាប់យើង។ យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេ ឱ្យនៅស្ថិតស្ថេររហូតតរៀងទៅ។ យើងនឹងធ្វើជាឪពុករបស់គេ ហើយគេក៏ជាកូនរបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វី ខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។ ប៉ុន្តែ យើងនឹងមិនដកសេចក្តីសប្បុរសចេញពីគេ ដូចយើងធ្វើចំពោះស្តេចសាអ៊ូលដែលយើងបានបោះបង់​ចោល ហើយតែងតាំងអ្នកជំនួសនោះទេ។ ពូជពង្សនិងរាជសម្បត្តិរបស់អ្នក នឹង នៅស្ថិតស្ថេររហូតតរៀងទៅ។ រាជបល្ល័ង្ករបស់អ្នកក៏នឹងបានរឹងមាំរហូតតរៀងទៅដែរ»​។​ លោកណាថានទូលថ្វាយព្រះបាទដាវីឌនូវសេចក្តីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោកក្នុងសុបិន្តនិមិត្តនោះ។

ទំនុកតម្កើងលេខ ៨៩ (៨៨),៤-៥.២៧-៣០ បទកាកគតិ

យើងចងសម្ពន្ធ មេត្រីបន្ទាន់ ចុះខសន្យា
  ជ្រើសលោកដាវីឌ ហើយតែងតាំងជា បម្រើការពារ
    ឥតមានប្រែប្រួល
យើងនឹងតាំងពង្ស ពូជអ្នកឱ្យគង់ នៅជុំត្រកូល
  តាំងរាជ្យឱ្យអ្នក នៅបានសុខស្រួល គ្មានអ្វីប្រែប្រួល
    អង្វែងដរាប
២៧ ដាវីឌហៅយើង បិតាមិនឆ្មើង ថាថ្មខែងហំ
  ដែលបានសង្រ្គោះ រំដោះរូបខ្ញុំ បានឡើងឧត្តម​
    ខ្ពង់ខ្ពស់សង្ហា
២៨ រី​ឯយើងវិញ យើងនឹងបំពេញ ដាវីឌស្ងួនភ្ងារ
  តាំងជាបុត្រច្បង របស់យើងណា ស្តេចធំអស្ចារ្យ
    នៅលើផែនដី
២៩ យើងនឹងបញ្ចេញ ឥតមានទោម្នេញ ដោយចិត្តប្រណី
  នឹងរក្សាទុក សម្ពន្ធមេត្រី ចងជាប់មិនស្រាយ
    មិនគេចប្រែប្រួ
៣០ យើងនឹងតែងតាំង ត្រកូលពូជពង្ស ឱ្យរស់សុខស្រួល
  ស្ថិតស្ថេរអស់កល្ប ដាវីឌតែមួយ ល្បីល្បាញរញ្ជួយ
    ដូចមេឃខៀវខ្ចី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (លក ៨,១១)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានព្រោះព្រះបន្ទូលរបស់ព្រះអង្គក្នុងដួងចិត្តយើង។ អ្នកទទួលព្រះបន្ទូលនេះ និងធ្វើឱ្យ​ព្រះបន្ទូលនេះបង្កើតផល ពិតជាមានសុភមង្គល!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៤,១-២០)

ព្រះយេស៊ូចាប់ផ្តើមបង្រៀនបណ្តាជននៅតាមឆ្នេរសមុទ្រម្តងទៀត។ មានបណ្តាជនច្រើនកុះករ នាំគ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយនៅក្បែរមាត់ច្រាំង ឯបណ្តាជនអង្គុយនៅលើគោកតាមឆ្នេរសមុទ្រ។ ព្រះអង្គប្រើពាក្យប្រស្នាមកបង្រៀនគេ អំពីសេចក្តីជាច្រើន។ ព្រះអង្គបង្រៀនគេថា៖ ​«ចូរស្តាប់! អ្នកសាបព្រោះ ចេញទៅព្រោះស្រូវពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី គ្រាប់​ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ លុះដល់ថ្ងៃក្តៅ ពន្លកដែលដុះឡើងនោះ ក៏ក្រៀមស្វិតអស់ ព្រោះប្ញសចាក់មិនបានជ្រៅ។ មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដី មានបន្លា បន្លាក៏ដុះឡើង រួមរឹតស្រូវ មិនឱ្យបង្កើតផលបានឡើយ។ គ្រាប់ពូជ​ឯទៀតៗធ្លាក់ទៅលើដីមានជីវជាតិល្អ គ្រាប់ពូជនោះក៏ដុះឡើង ហើយលូតលាស់បង្កើត​ផល ខ្លះឱ្យផលមួយជាសាមសិប ខ្លះទៀតឱ្យមួយជាហុកសិប និងខ្លះទៀតមួយជា​មួយរយ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖«អស់អ្នកដែលឮពាក្យនេះ សូម​យកទៅពិចារណាចុះ!»។ កាលព្រះយេស៊ូគង់នៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែល​នៅជាមួយព្រះអង្គ និងសវ័កទាំងដប់ពីរនាក់ ទូលសួរព្រះអង្គអំពីពាក្យប្រាស្នាទាំង​នោះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានឱ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ។ រីឯអ្នកដទៃ គេឮសេចក្តី​ទាំងអស់ជាពាក្យប្រស្នាវិញ។ ដូច្នេះទោះបី គេខំប្រឹងមើលក៏ពុំឃើញ គេខំប្រឹងស្តាប់​ក៏ពុំយល់ដែរ ក្រែងលោគេប្រែចិត្តគំនិត ហើយព្រះជាម្ចាស់នឹងអត់ទោសឱ្យគេ»។ ព្រះ​យេស៊ូមានព្រះបន្ទូលទៀតថា៖ «បើអ្នករាល់គ្នាមិនយល់ប្រស្នានេះផង ធ្វើម្តេចនឹងឱ្យអ្នករាល់គ្នាយល់ប្រស្នាឯទៀតៗបាន!»។ អ្នកព្រោះស្រូវ សាបព្រោះព្រះបន្ទូល។ អ្នកខ្លះប្រៀបបីដូចជាផ្លូវដែលព្រះបន្ទូលបានធ្លាក់ទៅលើ កាលបានស្តាប់ព្រះបន្ទូល​ហើយ មារសាតាំងក៏មកឆក់យកព្រះបន្ទូលដែលបានព្រោះក្នុងចិត្តគេភ្លាម។ អ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្តាប់ព្រះបន្ទូលហើយ​គេទទួលយកភ្លាមដោយអំណរ ប៉ុន្តែ គេពុំទុកឱ្យព្រះបន្ទូល ចាក់ប្ញសនៅក្នុងខ្លួនគេឡើយ គឺគេជាប់ចិត្តតែមួយភ្លែត។ លុះដល់មានទុក្ខវេទនា ឬត្រូវគេបៀតបៀនព្រោះតែ​ព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ អ្នកខ្លះទទួលគ្រាប់ពូជនៅលើដី ដែល​មានបន្លា គេបានស្ដាប់ព្រះបន្ទូលដែរ ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតនៅក្នុងលោក ចិត្ត​លោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តប៉ងប្រាថ្នាផ្សេងៗ រឹបរួតព្រះបន្ទូល មិនឱ្យ​បង្កើតផលបានឡើយ។ រី​ឯអ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានជីជាតិល្អ កាលបានស្តាប់ព្រះបន្ទូលហើយគេក៏ទទួលយក ហើយបង្កបង្កើតផល អ្នកខ្លះបានមួយជា​សាមសិប អ្នកខ្លះបានមួយជាហុកសិប អ្នកខ្លះទៀតបានមួយជាមួយរយ»។