០២ មីនា ២០២៦

Written on 18/08/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវសែសិបថ្ងៃ អាទិត្យទី០២
ពណ៌ស្វាយ

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមានព្រះបញ្ជាឱ្យយើងខ្ញុំលត់ដំរូបកាយ ដើម្បីប្រែចិត្តគំនិត សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ឱ្យជៀសផុតពីអំពើបាប ព្រមទាំងឱ្យរស់នៅស្របតាមសេចក្តីស្រឡាញ់របស់ព្រះអង្គផង។

សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល (ដន ៩,៤-១០)

ខ្ញុំដានីអែល ទូលអង្វរព្រះអម្ចាស់ជាព្រះរបស់ខ្ញុំ ហើយទទួលសារភាពចំពោះព្រះអង្គដូចតទៅ៖ “បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះដ៏ឧត្តមគួរស្ញែងខ្លាច! ព្រះអង្គតែងតែកាន់តាមសម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច ហើយមានព្រះហប្ញទ័យមេត្តាករុណាចំពោះអស់អ្នកដែល ស្រឡាញ់និងប្រតិបត្តិតាមព្រះបញ្ជារបស់ព្រះអង្គ!។ យើងខ្ញុំបានប្រព្រឹត្តអំពើបាបប្រព្រឹត្ត ខុស ប្រព្រឹត្តអំពើអាក្រក់ និងបះបោរប្រឆាំងព្រះអង្គ យើងខ្ញុំក៏បានងាកចេញពិវិន័យនិង ដំបូន្មានរបស់ព្រះអង្គ។ យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្តាប់អស់លោកព្យាការីជាអ្នកបម្រើ របស់ព្រះអង្គ ដែលបានថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអង្គ ថ្វាយស្តេច ប្រាប់នាម៉ឺន ប្រាប់ បុព្វបុរស និងប្រជាជនទាំងមូលនៅក្នុងស្រុកទេ។ បពិត្រព្រះអម្ចាស់! មានតែព្រះអង្គទេដែលសុចរិត! រីឯយើងខ្ញុំសព្វថ្ងៃនេះ យើងខ្ញុំត្រូវអាម៉ាស់ គឺទាំងអ្នកស្រុកយូដា ទាំងអ្នក ក្រុងយេរូសាឡឹម និងជនជាតិអ៊ីស្រាអែលទាំងមូល ទាំងអ្នកនៅជិត និងអ្នកនៅឆ្ងាយ គឺអ្នកដែលព្រះអង្គបានបណ្តេញឱ្យទៅរស់នៅតាមស្រុកទាំងប៉ុន្មាន ព្រោះតែយើងខ្ញុំបានប្រព្រឹត្តខុសចំពោះព្រះអង្គ។ បពិត្រព្រះអម្ចាស់! យើងខ្ញុំទាំងអស់គ្នា ទាំងស្តេច ទាំងនាម៉ឺន ទាំងបុព្វបុរស ត្រូវអាម៉ាស់មុខព្រោះតែយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ! យើងខ្ញុំបានបះបោរប្រឆាំងនឹងព្រះអង្គ តែព្រះអង្គប្រកបដោយព្រះហប្ញទ័យអាណិតអាសូរ ហើយតែងតែលើកលែងទោសឱ្យយើងខ្ញុំជានិច្ច។ យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំទេ! យើងខ្ញុំក៏ពុំបានធ្វើតាមដំបូន្មានដែលព្រះអង្គប្រទានមកយើងខ្ញុំដោយសារអស់លោកព្យាការីជាអ្នបម្រើរបស់ព្រះអង្គឡើយ។

ទំនុកតម្កើងលេខ ៧៩ (៧៨), ៥.៨-៩.១១.១៣ បទពាក្យ ៧

ឱ! ព្រះជាម្ចាស់ទូលបង្គំ ម្តេចទ្រង់សំងំដូចជិនណាយ  
  តើថ្ងៃណាទៅទើបទ្រង់ស្រាយ ពិរោធឱ្យឆ្ងាយមកស្រោចស្រង់
សូមកុំចាប់ទោសយកកំហុស ព្រោះបុព្វបុរសខ្ញុំខុសឆ្គង  
  មេត្តាលើកលែងទោសកំហុសម្តង អាណិតខ្ញុំផងដ្បិតលិចលង់
ឱព្រះជាម្ចាស់ព្រះសង្គ្រោះ សូមទ្រង់យាងចុះកុំបង្អង់  
  ដោយយល់សិរីដ៏រឿងរុង មេត្តាព្រះអង្គជួយផងណា
១១ សូមស្តាប់សំឡេងឈ្លើយថ្ងូរថ្ងួច លាន់ឮគ្រលួចគួរស្រណោះ  
  សូមប្រើបារមីជួយរំដោះ អ្នកដែលមានទោសដល់មរណា
១៣ ឯពួកយើងខ្ញុំដែលជារាស្ត្រ ដូចចៀមទាំងអស់របស់ទ្រង់  
  នាំគ្នាតម្កើងលើកព្រះអង្គ អស់កល្បយូរលង់អង្វែងទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ៦, ៦៣,៦៨

បពិត្រព្រះយេស៊ូជាអម្ចាស់! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ! ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណនិងជីវិត។
ព្រះបន្ទូលព្រះអង្គផ្តល់ជីវិតអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
បពិត្រព្រះយេស៊ូជាអម្ចាស់! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ! ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណនិងជីវិត។
 

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៦,៣៦-៣៨) 

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្តាជនថា៖ «ចូរមានចិត្តមេត្តាករុណាដូចព្រះបិតារបស់អ្នករាល់គ្នា ដែលមានព្រះហប្ញទ័យមេត្តាករុណា។ កុំថ្កោលទោសអ្នកដទៃឱ្យ​សោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្តន្ទាទោសអ្នកដទៃឱ្យសោះ នោះព្រះជាម្ចាស់នឹងលើកលែងទោសឱ្យអ្នករាល់គ្នា។ ចូរធ្វើអំណោយដល់អ្នកដទៃនោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ទ្រង់នឹងប្រទានមកយ៉ាងបរិបូរណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាស់ឱ្យអ្នក តាមរង្វាល់ដែលអ្នកវាស់ឱ្យអ្នកដទៃ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំដោយអនុគ្រោះ។ ព្រះអង្គបានត្រាស់ហៅយើងខ្ញុំឱ្យគោរពបម្រើព្រះអង្គ និងថ្វាយអភិបូជានេះ។ សូមទ្រង់ព្រះមេត្តា្កការពារយើងខ្ញុំ ឱ្យជៀសផុតពីការលោភលន់គ្រប់បែបយ៉ាងផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះយេស៊ូឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យបានជាសះស្បើយ សូមតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យស្វែងរកសម្បត្តិនៃស្ថានបរមសុខផង។