២០ កុម្ភៈ ២០២៦

Written on 28/08/2026
Sokhorn Oem

ថ្ងៃសុក្រ រដូវសែសិបថ្ងៃ ក្រោយពិធីរោយផេះ
ពណ៌ស្វាយ

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ក្នុងរដូវអប់រំពិសេសនេះ សូមព្រះអង្គថែរក្សា និងគាំទ្រយើងខ្ញុំជាមនុស្សទន់ខ្សោយ។ សូមប្រោសយើងខ្ញុំឱ្យមានកម្លាំងពលំ អាចរម្ងាប់កិលេសតណ្ហា និងមានចិត្តស្រឡាញ់ព្រះអង្គផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ៥៨,១-៩ក)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖​ «ចូរស្រែកឱ្យអស់ទំហឹង កុំខ្លាចបែកបំពង់ក! ចូរបន្លឺសម្លេងឱ្យលាន់ឮរំពង ខ្លាំងដូចសំឡេងត្រែ! ចូរប្រាប់ប្រជាជនរបស់យើងឱ្យស្គាល់កំហុសរបស់ខ្លួន ចូរប្រាប់ជនជាតិអ៊ីស្រាអែលឱ្យស្គាល់អំពើបាបរបស់គេផង។ រៀងរាល់ថ្ងៃ គេសាកសួរចង់ស្គាល់បំណងរបស់យើង។ គេធ្វើហាក់ដូចជា ប្រជាជាតិមួយដែលប្រព្រឹត្តអំពើសុចរិតឥតបោះបង់ធម្មវិន័យព្រះរបស់គេទេ។ គេទាមទារសុំឱ្យយើងវិនិច្ឆ័យពួកគេតាមយុតិ្តធម៌ ព្រមទាំងចង់ឱ្យយើងស្ថិតនៅជាមួយគេ»។ ពួកគេតែងពោលថា៖ «យើងតមអាហារបានប្រយោជន៍អ្វី បើព្រះអង្គមិនទតមើលផងនោះ? យើងបន្ទាបខ្លួនបានប្រយោជន៍អ្វី បើព្រះអង្គមិនចាប់អារម្មណ៍ផងនោះ?» យើងប្រាប់ពួកគេវិញថា៖ «នៅថ្ងៃដែលអ្នករាល់គ្នាតមអាហារ អ្នករាល់គ្នាតែងតែឆ្លៀតរកប្រយោជន៍ រកកម្រៃ អ្នករាល់គ្នាជិះជាន់ធ្វើបាបកម្មកររបស់ខ្លួនថែមទៀតផង។ អ្នករាល់គ្នាតមអាហារទាំងរករឿងឈ្លោះប្រកែកគ្នា និងវាយតប់គ្នាយ៉ាងឃោរឃៅ។ បើអ្នករាល់គ្នាតមអាហារបែបនេះ យើងស្តាប់ពាក្យអង្វររបស់អ្នករាល់គ្នាដូចម្តេចកើត។ អ្នករាល់គ្នាតមអាហារ និងបន្ទាបខ្លួនបែបនេះស្មានថាយើងពេញចិត្តឬ? អ្នករាល់គ្នាឱនក្បាលដូចដើមកក់ត្រូវខ្យល់បក់ អ្នករាល់គ្នាក្រាបលើបាវ និងអង្គុយលើផេះ ស្មានថាជាការតមអាហារដែលគាប់ចិត្តយើងឬ? ការតមអាហារដែលគាប់ចិត្តយើងមានដូចតទៅ គឺត្រូវដោះលែងជន​ណាដែលអ្នកយកមកដាក់ច្រវាក់ដោយអយុតិ្តធម៌ ត្រូវដោះ​នឹមដែលអ្នកដាក់លើគេនោះចេញ ត្រូវដោះលែងជនកម្សត់ដែលត្រូវគេសង្កត់សង្កិន ឱ្យមានសេរីភាពឡើងវិញ។ សរុបសេចក្តីទៅ ត្រូវបំបាក់នឹមគ្រប់យ៉ាង។ ត្រូវចែកអាហារឱ្យអ្នកស្រេកឃ្លាន ត្រូវទទួលជនក្រីក្រដែលគ្មានទីជម្រកឱ្យស្នាក់នៅជាមួយ។ បើឃើញជនណាម្នាក់គ្មានសម្លៀកបំពាក់ ត្រូវចែកឱ្យគ្នាស្លៀកពាក់ផង មិនត្រូវគេចខ្លួនពីបងប្អូនណាដែលមកពឹងពាក់អ្នកឡើយ។ បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នកនឹងលេចចេញមកដូចថ្ងៃរះ ស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់ៗរហ័ស។ សេចក្តីសុចរិតរបស់អ្នកនឹងស្ថិតនៅពីមុខអ្នកជានិច្ច ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ក៏ស្ថិតនៅពីក្រោយអ្នកដែរ។ ប្រសិនបើអ្នកស្រែកអង្វរ ព្រះអម្ចាស់នឹងព្រះសណ្តាប់អ្នក។ បើអ្នកស្រែកហៅព្រះអង្គ នោះទ្រង់នឹងមានព្រះបន្ទូលតបមកវិញថា ”យើងមកហើយ!”។»

ទំនុកតម្កើងលេខ ៥១(៥០), ៣-៦.១៨-១៩ បទពាក្យ ៧

 
៣ ឱ! ព្រះជាម្ចាស់ទូលបង្គំ សូមលើកទោសខ្ញុំហើយមេត្តា  
  តាមព្រះហប្ញទ័យករុណា លើសលប់អស្ចារ្យព្រះអង្គផង ។
  សូមលើកទោសឱ្យទូលបង្គំ ផុតទុក្ខក្រៀមក្រំគ្រានេះម្តង  
  ព្រះទ័យអាណិតអាសូរផង ព្រោះតែព្រះអង្គឥតមានខ្ចោះ ។
៤ សូមជួយលុបលាងខ្ញុំឱ្យជ្រះ ឱ្យស្អាតស្រឡះពីកំហុស  
  ជួយជម្រះខ្ញុំស្អាតផងចុះ ឱ្យបរិសុទ្ធអស់អំពើបាប ។
៥ ខ្ញុំដាក់ខ្លួនប្រាណសុំទទួល ឥតមានប្រែប្រួលសុំសារភាព  
  រូបទូលបង្គំបានសាងបាប ដិតដក់នៅជាប់ក្នុងអារម្មណ៍ ។
៦ ខ្ញុំបានប្រព្រឹត្តអំពើទាស់ ព្រះហប្ញទ័យស្មោះព្រះនៃខ្ញុំ  
  ហើយប្រព្រឹត្តរឿងមិនសក្តិសម ក្បត់ព្រះឧត្តមធ្វើពាលា ។
  ទោះជាព្រះអង្គដាក់ទុក្ខទោស ទៅតាមកំហុសខ្ញុំយ៉ាងណា  
  ទ្រង់នៅសុចរិតបរិសុទ្ធថ្លា ទោះជាម្តេចម្តាទ្រង់គ្មានខុស ។
១៨ ព្រះអង្គមិនដែលសព្វព្រះទ័យ ឱ្យដាក់យញ្ញថ្វាយច្រើនឬតិច  
  ទោះតង្វាយដុតទាំងមូលស្រេច ក៏ទ្រង់គ្មានកិច្ចចង់បានដែរ ។
១៩ យញ្ញដែលព្រះអង្គសព្វព្រះទ័យ ឱ្យរូបខ្ញុំថ្វាយរាល់ថ្ងៃខែ  
  គឺចិត្តសោកសៅទុក្ខឥតល្ហែ និងចិត្តកែប្រែលែងក្អេងក្អាង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (អម ៥,១៤)

ប សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជាព្រះប្រាជា្ញញាណនៅស្ថិត​ស្ថេរអស់កល្បជានិច្ច
របស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ! សូមលើក​តម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
គ ចូរយកចិត្តទុកដាក់ធ្វើអំពើល្អ កុំប្រព្រឹត្តអំពើអាក្រក់ឱ្យសោះ ដើម្បីឱ្យអ្នករាល់គ្នាមានជីវិត
ហើយព្រះអម្ចាស់គង់នៅជាមួយអ្នករាល់គ្នា។
ប សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជា………….

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (៩,១៤-១៥)

ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានចូលមកគាល់ព្រះយេស៊ូហើយទូលថា៖ «យើងខ្ញុំ និងពួកខាងគណៈផារីស៊ីតមអាហារ។ ចុះហេតុដូចម្តេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬ? ទេ!។ ថ្ងៃក្រោយពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមចូលរួមនឹងសក្ការបូជាររបស់ព្រះយេស៊ូ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យបានគាប់ព្រះហប្ញទ័យព្រះអង្គ និងយកចិត្តទុកដាក់លះបង់ប្រយោជន៍របស់ខ្លួនផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ! ព្រះអង្គបានប្រទានឱ្យយើងខ្ញុំទទួលព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត។ សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំឱ្យរួចពីបាប សូមប្រោសយើងខ្ញុំឱ្យបានជាសះស្បើយផង។