១៨ កុម្ភៈ ២០២៦

Written on 30/08/2026
Sokhorn Oem

ថ្ងៃពុធ​ បុណ្យរោយផេះ
រដូវសែសិបថ្ងៃ

ពណ៌ស្វាយ

“ចូរប្រែចិត្តគំនិត និងជឿដំណឹងល្អចុះ”។ ក្នុងរដូវអប់រំពិសេស គ្រីស្តបរិស័ទយកចិត្តទុកដាក់ប្រែចិត្ត ដើម្បីវិលទៅរកព្រះជាម្ចាស់ដែលត្រាស់ហៅខ្លួនឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ។ នេះជា “ដំណឹងល្អ” មួយដ៏អស្ចារ្យ!។ យើងជាគ្រីស្តបរិស័ទយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលសូមព្រះអង្គប្រែចិត្តគំនិតរបស់យើង ឱ្យយកចិត្តទុកដាក់ពង្រឹងទំនាក់ទំនងរបស់ខ្លួនផ្ទាល់ជាមួយព្រះយេស៊ូ។

ពាក្យអធិដា្ឋនពេលចូល

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គត្រាស់ហៅយើងខ្ញុំជាគ្រីស្តបរិស័ទ ឱ្យវិលត្រលប់មករកព្រះអង្គវិញ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមកកែតម្រង់ចិត្តគំនិតយើងខ្ញុំ។ សូមប្រទានឱ្យយើងខ្ញុំមានកម្លាំង អាចរម្ងាប់កិលេសតណ្ណាគ្រប់បែបយ៉ាងផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូអែល (យអ២,១២-១៨)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាវិលត្រលប់មករកយើងវិញដោយស្មោះអស់ពីចិត្ត» ប្រសិនបើអ្នករាល់គ្នាប្រែចិត្តគំនិតដូច្នេះ ប្រហែលជាព្រះអង្គមិនដាក់ទោសអ្នករាល់គ្នាទេមើលទៅ! ប្រហែលជាព្រះអង្គនឹងប្រទានពរដល់អ្នករាល់គ្នាវិញហើយ អ្នករាល់គ្នានឹងមានប្រេង ម្សៅ ស្រា ធ្វើជាគ្រឿងសក្ការបូជាថ្វាយព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាផង!។ ចូរផ្លុំត្រែនៅក្រុងស៊ីយ៉ូនឡើង! ចូរប្រកាសឱ្យអ្នកស្រុកធ្វើពិធីតមអាហារដើម្បីឱ្យបានវិសុទ្ធ ចូរប្រកាសប្រាប់អ្នកស្រុកទាំងអស់ឱ្យមកជួបជុំគ្នាធ្វើបុណ្យដ៏មហោឡារិកមួយ។ ចូរអញ្ជើញប្រជាជនទាំងអស់ឱ្យមកជួបជុំជាព្រះសហគមន៍ ចូរកោះហៅព្រឹទ្ធាចារ្យឱ្យចូលរួបរួមគ្នា និងប្រមូលទាំងក្មេងៗ ទាំងទារក ដែល​កំពុងបៅដោះឱ្យជួបជុំគ្នាផង!។ ចូរឱ្យគូរស្វាមីភរិយាថ្មោងថ្មីចេញពីបន្ទប់។ អស់លោកបូជាចារ្យដែលជាអ្នកគោរពបម្រើព្រះអម្ចាស់ត្រូវទៅយំនៅចន្លោះខ្លោងទ្វារព្រះវិហារ និងអាសនៈ ហើយទូលអង្វរថា៖ «បពិត្រព្រះអម្ចាស់! សូមអាណិតអាសូរប្រជាជនព្រះអង្គផង! សូមកុំបណ្តោយឱ្យប្រជាជាតិដទៃមើលងាយ និងចំអកដាក់ប្រជាជនផ្ទាល់របស់ព្រះអង្គឡើយ! សូមសង្រ្គោះយើងខ្ញុំផង! ក្រែងគេមើលងាយដោយពាលថា តើព្រះរបស់ប្រជាជន អ៊ីស្រាអែលគង់នៅឯណា?»។ នៅពេលនោះ ព្រះអម្ចាស់ស្រឡាញ់ប្រជាជនរបស់ព្រះអង្គលើសប្រជាជននានា ហើយទ្រង់អាណិតអាសូរដល់ប្រជាជនរបស់ព្រះអង្គផង។

ទំនុកតម្កើងលេខ ៥១ (៥០),៣-៦.១២-១៤.១៧ បទពាក្យ ៧

ឱ! ព្រះជាម្ចាស់ទូលបង្គំ សូមលើកទោសខ្ញុំហើយមេត្តា  
  តាមព្រះហប្ញទ័យករុណា លើសលប់អស្ចារ្យព្រះអង្គផង
  សូមលើកលែងទោសឱ្យទូលបង្គំ ផុតទុកក្រៀមក្រំគ្រានេះម្តង  
  ព្រះទ័យអាណិតអាសូរផង ព្រោះតែព្រះអង្គឥតមានខ្ចោះ
សូមជួយលុបលាងខ្ញុំឱ្យជ្រះ ឱ្យស្អាតស្រឡះពីកំហុស  
  ជួយជម្រះខ្ញុំស្អាតផងចុះ ឱ្យបរិសុទ្ធអស់អំពីបាប
ខ្ញុំដាក់ខ្លួនប្រាណសុំទទួល ឥតមានប្រែប្រួលសុំសារភាព  
  រូបទូលបង្គំបានសាងបាប ដិតដក់នៅជាប់ក្នុងអារម្មណ៍
ខ្ញុំបានប្រព្រឹត្តអំពើទាស់ ព្រះហប្ញទ័យស្មោះព្រះនៃខ្ញុំ  
  ហើយប្រព្រឹត្តរឿងមិនសក្តិសម ក្បត់ព្រះឧត្តមធ្វើពាលា
  ទោះជាព្រះអង្គដាក់ទុក្ខទោស ទៅតាមកំហុសខ្ញុំយ៉ាងណា  
  ទ្រង់នៅសុចរិតបរិសុទ្ធថ្លា ទោះជាម្តេចម្តាទ្រង់គ្មានខុស
១២ ឱ! ព្រះជាអម្ចាស់ខ្ញុំអើយ សូមជួយប្រោសឱ្យបរិសុទ្ធ  
  បង្កើតចិត្តថ្មីមាំមោះមុត រឹងប៉ឹងបំផុតដល់ខ្ញុំផង
១៣ សូមកុំបោះបង់រូបខ្ញុំចោល ឱ្យនៅតែលតោលឆ្ងាយព្រះអង្គ  
  កុំដកវិញ្ញាណដ៏ត្រចង់ វិសុទ្ធព្រះអង្គពីខ្ញុំឡើយ
១៤ សូមប្រោសឱ្យខ្ញុំអរសប្បាយ ព្រោះព្រះម្ចាស់ថ្លៃសង្រ្គោះហើយ  
  សូមគាំទ្រខ្ញុំកុំកន្តើយ ដោយប្រទានឱ្យធ្វើតាមផង
១៧ ឱ! ព្រះអម្ចាស់កុំស្ទាក់ស្ទើរ ជួយខ្ញុំបន្លឺសំឡេងផង  
  ខ្ញុំនឹងប្រកាសឱ្យរំពង ពាក្យលើកតម្កើងទ្រង់ឥតភ្លេច

អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើរជូនគ្រីស្តបរិស័ទក្រុងកូរិថូស (២ករ ៥,២០-៦,២)

បងប្អូនជាទីស្រឡាញ់!
យើងជាទូតរបស់ព្រះគ្រីស្ត គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូនតាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រីស្តថា៖ ទុកឱ្យព្រះជាម្ចាស់ផ្សះផ្សាបងប្អូនឱ្យជានានឹងព្រះអង្គវិញទៅ!។ ព្រះគ្រីស្តគ្មានបាបទាល់តែសោះ តែព្រះជាម្ចាស់បានធ្វើឱ្យព្រះអង្គទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឱ្យបានសុចរិតរួមជាមួយព្រះគ្រីស្តដែរ។ ដោយយើងធ្វើការរួមជាមួយព្រះជាម្ចាស់ យើងសូមទូន្មានបងប្អូនថា កុំទទួលការប្រណីសន្តោសរបស់ព្រះជាម្ចាស់យកមកទុកចោលជាអសារឥត ការឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងបានឆ្លើយតបមកអ្នក នៅគ្រាណាដែលយើងគាប់ចិត្ត យើងបានជួបអ្នកនៅថ្ងៃណាដែលយើងសង្រ្គោះមនុស្សលោក»​។ គ្រាដែលព្រះជាម្ចាស់គាប់ព្រះហប្ញទ័យ គឺឥឡូវនេះហើយ! ថ្ងៃដែលព្រះជាម្ចាស់សង្រ្គោះមនុស្សលោក គឺឥឡូវនេះហើយ! ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន ៨០,៨.១៩-២០)

បន្ទរ បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គ ជាសេចក្តីពិត! ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ!
អត្ថបទ ឱ! ព្រះអម្ចាស់អើយ! សូមនាំយើងខ្ញុំមកវិញ យើងខ្ញុំនឹងមិនបែកចិត្តពីព្រះអង្គទៀតឡើយ។
សូមនាំយើងខ្ញុំមកវិញ! នោះយើងខ្ញុំនឹងបានរួចជីវិត!
បន្ទរ បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត! ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ!
*ក្នុងរដូវសែសិបថ្ងៃ ពិធីអបអរសាទគម្ពីររដំណឹងល្អមានបន្ទរមួយ(ប) ឃ្លារដកស្រង់ពីគម្ពីរ(គ) និងត្រូវសូត្របន្ទរម្តងទៀត។

​សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៦,១-៦.១៦-១៨)

នៅគ្រានោះ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «កុំធ្វើបុណ្យទាននៅមុខមនុស្សម្នា ដើម្បី​ឱ្យគេឃើញនោះឡើយ។ ធ្វើបែបនេះ អ្នករាល់គ្នាពុំទទួលរង្វាន់អ្វីពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខទេ។ ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្តែងៗដូចពួកមានពុតតែងធ្វើនៅក្នុងធម្មសាលា ឬនៅតាមដងផ្លូវ ដើម្បីឱ្យមនុស្សម្នាកោតសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាដៃស្តាំអ្នកធ្វើទាន មិនបាច់ឱ្យដៃឆ្វេងដឹងឡើយ ដើម្បីឱ្យទានរបស់អ្នកនៅស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកទតឃើញអំពើដែលអ្នកធ្វើនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកឱ្យអ្នកវិញ។ កាលណាអ្នករាល់គ្នាអធិដ្ឋាន កុំធ្វើដូចពួកអ្នកមានពុតឡើយ គេចូលចិត្តឈរអធិដ្ឋាននៅក្នុងធម្មសាលា និងនៅត្រង់ថ្នល់កែង ដើម្បីឱ្យមនុស្សម្នាឃើញ។ ខ្ញុំសូមប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាអ្នកអធិដ្ឋានត្រូវចូលទៅក្នុងបន្ទប់ បិទទ្វារឱ្យជិត ហើយទូលទៅកាន់ព្រះបិតារបស់អ្នកដែលគង់​នៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាពុំខាន។ កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀមដូចពួកអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខឱ្យអ្នកដទៃឃើញថា ខ្លួនតមអាហារ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាឱ្យដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាអ្នកតមអាហារ ត្រូវចាក់ទឹកអប់លើក្បាល ហើយលុបមុខផង កុំឱ្យមនុស្សម្នាឃើញថា អ្នកតមឡើយ ឱ្យតែព្រះបិតារបស់អ្នកដែលគង់នៅទីស្ងាត់កំបាំងទ្រង់នឹងប្រទានរង្វាន់មកអ្នកជាមិនខាន»។

ពិធីរោយផេះ

កាលជំនាន់ដើម ជនជាតិអ៊ីស្រាអែលតែងតែរោយផេះលើក្បាលធ្វើជាសញ្ញាសម្គាល់ថា គេកាន់ទុក្ខ ឬសូមឱ្យព្រះជាម្ចាស់លើកលែងទោសឱ្យគេផង។ នៅដើមរដូវអប់រំពិសេសនេះ យើងជាគ្រីស្តបរិស័ទក៏សូមព្រះអង្គលើកលែងទោសឱ្យយើងដែរ សូមព្រះអង្គប្រែចិត្តគំនិតយើងផង។

ពាក្យអធិដ្ឋាន សូមព្រះជាម្ចាស់ប្រទានពរដល់គ្រីស្តបរិស័ទ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យលើកលែងទោសឱ្យអស់អ្នក ដែលដាក់ខ្លួន និងស្ម័គ្រចិត្តកែប្រែចិត្តគំនិត។ សូមទ្រង់ព្រះមេត្តាទទួលពាក្យអង្វររបស់យើងខ្ញុំ។ សូមប្រទានពរឱ្យយើងខ្ញុំដែលហៀបនឹងរោយផេះលើខ្លួន សូមជម្រះចិត្តគំនិតយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចចូលរួមជាមួយព្រះបុត្រាដែលសោយទិវង្គត និងមានព្រះជន្មថ្មី ហើយសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

-​ ក្នុងពេលរោយផេះ លោកបូជាចារ្យមានប្រសាសន៍ថា៖

  «ចូលកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ» មក ១,១៥
 
  «ចូរអ្នកនឹកថា អ្នកកើតពីធូលីដីមក ហើយអ្នកក៏នឹងត្រលប់ទៅជាធូលីដីដែរ» កណ ៣,១៩

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅថ្ងៃចូលរដូវអប់រំពិសេស យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមជាមួយសក្ការៈបូជារបស់ព្រះយេស៊ូ សូមព្រះអង្គប្រែចិត្តគំនិតយើងខ្ញុំឱ្យមានចិត្តស្រឡាញ់ព្រះអង្គ និងអ្នកដទៃយ៉ាងពិតប្រាកដ។ ដូច្នេះ យើងខ្ញុំអាចចូលរួមជាមួយព្រះ យេស៊ូ ដែលទ្រង់សោយទុក្ខលំបាក ព្រមទាំងមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ធម៌លើកតម្កើង

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែងអើយ! ពេលចាប់ផ្តើមរដូវអប់រំពិសេសនេះ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំផ្ចង់ចិត្តគំនិតមករកព្រះអង្គវិញ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ។ គឺព្រះគ្រីស្តនេះហើយ ដែលបង្ហាញមាគ៌ាឱ្យយើងខ្ញុំរួចផុតពីកិលេសតណ្ណា។ ព្រះគ្រីស្តប្រទានឱ្យយើងខ្ញុំស្មឹងស្មាធិ អធិដ្ឋាន មានចិត្តសទ្ធាជ្រះថ្លា អាចរម្ងាប់ចិត្តលោភលន់។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយសន្តបុគ្គលទាំងឡាយ ដើម្បីប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!”។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតនៃព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំជាអាហារ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គ មកញុាំងចិត្តគំនិតយើងខ្ញុំ សូមឱ្យយើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាមយុតិ្តធម៌ និងមេត្តាករុណា ដើម្បីឱ្យយើងខ្ញុំគាប់ព្រះហប្ញទ័យព្រះអង្គ និងបានជាសះស្បើយផង!។