១៧ កុម្ភៈ ២០២៦

Written on 31/08/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី០៦ ឆ្នាំ«គូ» 
ពណ៌បៃតង 

សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប (យក ១,១២-១៨)

អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលព្រះ​ជាម្ចាស់បានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលព្រះអង្គបានសន្យានឹងប្រទានឱ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។ ពេលនរណាម្នាក់ជួបនឹងការល្បួងមិនត្រូវពោលថា៖ “ព្រះជាម្ចាស់ល្បួងខ្ញុំ” ឡើយ ដ្បិតគ្មានអ្វីអាចល្បួងព្រះជាម្ចាស់ឱ្យធ្វើអំពើអាក្រក់បានឡើយ ហើយព្រះអង្គផ្ទាល់ក៏មិនល្បួងនរណាដែរ។ ម្នាក់ៗជួប​នឹងការល្បួង មកតែពីចិត្តលោភលន់របស់ខ្លួនឯងផ្ទាល់ទាក់ទាញ និងលួងលោមបញ្ឆោត​ប៉ុណ្ណោះ។ ចិត្តលោភលន់រមែងតែងតែបង្កើតអំពើបាប លុះដល់អំពើបាបចម្រើនដល់​កំរិតហើយ ក៏បណ្តាលឱ្យស្លាប់។ បងប្អូនជាទីស្រឡាញ់​អើយ! សូមកុំយល់ច្រឡំឡើយ។ គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីស្ថានលើទាំងអស់ គឺ​មកពីព្រះបិតាដែលបង្កើតពន្លឺ។ ព្រះអង្គមិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងព្រះអង្គសូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។ ព្រះអង្គសព្វព្រះហប្ញទ័យបង្កើតយើងមកដោយារព្រះបន្ទូលនៃសេចក្តីពិត ដើម្បីឱ្យយើងបានទៅជាផលដំបូងម្យ៉ាងនៃអ្វីៗ​ទាំងអស់ដែលព្រះអង្គបង្កើតមក។

ទំនុកតម្កើងលេខ ៩៤ (៩៣),១២-១៥.១៨-១៩ បទព្រហ្មគីតិ

 

១២ បពិត្រព្រះអម្ចាស់ អ្នកដែលព្រះប្រៀនប្រដៅ  
  អប់រំព្រះវិន័យ អ្នកនោះហើយមានមង្គល
១៣ នៅថ្ងៃមានអាសន្ន ទ្រង់បន្ទន់គេលែងខ្វល់  
  មានរណ្តៅតម្កល់ ទុកសម្រាប់កប់មនុស្សពាល
១៤ ដ្បិតព្រះអង្គមិនបោះ ឱ្យនៅរស់ឈ្មោះតែលតោល  
  ព្រះអង្គក៏មិនចោល ចំណែកផ្ទាល់មរតកទ្រង់
១៥ ចៅក្រមនឹងកាត់ក្តី ដោយប្រពៃមិនបង្អង់  
  អ្នកដែលមានចិត្តត្រង់ តាមគន្លងយុត្តិធម៌
១៨ ពេលខ្ញុំពោលថាអស់ កម្លាំងខ្សោះជិតដួលប្រាណ  
  ព្រះអង្គទ្រខ្ញុំបាន តាមព្រះហប្ញទ័យស្ម័គ្រស្មោះ
១៩ ពេលណាមានកង្វល់ ទុក្ខខ្វាយខ្វល់រាប់មិនអស់  
  ព្រះអង្គទ្រង់សន្តោស ប្រោសឱ្យខ្ញុំអរសប្បាយ
 

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន ៧៨,២៤)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ចិញ្ចឹមប្រជារាស្រ្តរបស់ព្រះអង្គនៅវាលរហោស្ថាន ទ្រង់ប្រទានអាហារស្ថានសួគ៌ឱ្យគេបរិភោគឆ្អែត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៨,១៤-២១)

​ក្រុមសាវ័កភ្លេចយកនំប័ុងទៅជាមួយ។ នៅក្នុងទូក គេមាននំប័ុងតែមួយដុំ​ប៉ុណ្ណោះ។ ព្រះយេស៊ូមានព្រះបន្ទូលដាក់តឿនគេថា៖«ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារីស៊ី ព្រមទាំងមេម្សៅរបស់ស្តេចហេរ៉ូដឱ្យមែនទែន»។ ក្រុម​សាវ័កជជែកគ្នាថា៖ «លោកមានប្រសាសន៍ដូច្នេះមកពីយើងគ្មាននំប័ុងទេដឹង!»។ ព្រះយេស៊ូជ្រាបគំនិងពួកគេ ក៏មានព្រះបន្ទូលថា៖«ម្តេចក៏ជជែកគ្នាអំពីរឿងគ្មាននំប័ុង​ដូច្នេះ? តើអ្នករាល់គ្នាពុំទាន់ស្តាប់បាន ពុំទានយល់សេចក្តីទេឬ? ឬមួយអ្នករាល់គ្នា​មានចិត្តរឹងរូសឬ? អ្នករាល់គ្នាមានភ្នែកតែមើលមិនឃើញ មានត្រចៀកតែស្តាប់​មិនឮ!។ តើអ្នករាល់គ្នាចាំឬទេ កាលខ្ញុំកាច់នំប័ុងប្រាំដុំចែកឱ្យមនុស្សប្រាំពាន់នាក់ តើ​អ្នករាល់គ្នាប្រមូលនំប័ុងដែលសល់បានប៉ុន្មានល្អី?»។ គេទូលព្រះអង្គថា៖ «ដប់ពីរ​ល្អី»។ «ចុះកាលខ្ញុំកាច់នំប័ុងប្រាំពីរដុំចែកឱ្យបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?»។ គេទូលថា៖ «ប្រាំពីរជាល»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖​ «អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ?»។