១៦ កុម្ភៈ ២០២៦

Written on 01/09/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី០៦ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប (យក ១,១-១១)

ខ្ញុំយ៉ាកុបជាអ្នកបម្រើព្រះជាម្ចាស់ និងជាអ្នកបម្រើព្រះអម្ចាស់យេស៊ូគ្រីស្ត សូម​ជម្រាបមកកុលសម្ព័ន្ធទាំងដប់ពីរ ដែលបែកខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូម​ជ្រាប។
បងប្អូនអើយ! ទុក្ខលំបាក់គ្រប់យ៉ាងដែលបងប្អូនត្រូវឆ្លងកាត់នោះ សូមចាត់ទុកថាជាការដែលធ្វើឱ្យបងប្អូនមានអំណរដ៏បរិបូណ៌វិញ ដោយដឹងថា ការល្បងមើលជំនឿ​របស់បងប្អូននឹងនាំឱ្យបងប្អូនចេះស៊ូទ្រាំ។ ក៏ប៉ុន្តែ ត្រូវឱ្យការស៊ូទ្រាំនេះបង្កើតចេញជាផលដ៏ល្អគ្រប់លក្ខណៈ ដើម្បីឱ្យបងប្អូនបានគ្រប់លក្ខណៈ មានគុណសម្បត្តិល្អសព្វគ្រប់ឥតខ្វះត្រង់ណាឡើយ។ ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នក​នោះត្រូវតែទូលសូមពីព្រះជាម្ចាស់។ ព្រះអង្គនឹងប្រទានឱ្យជាមិនខាន ដ្បិតទ្រង់ប្រទានឱ្យមនុស្សទាំងអស់ ដោយព្រះហប្ញទ័យទូលាយឥតបន្ទោសឡើយ។ ក៏ប៉ុន្តែ អ្នកនោះ​ត្រូវទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកដែលមានចិត្តសង្ស័យ ប្រៀប​បាននឹងរលកសមុទ្រ ត្រូវបក់បោកចុះឡើងទៅតាមខ្យល់។ មនុស្សប្រភេទនេះមិនត្រូវ​នឹកស្មានថា នឹងបានទទួលអ្វីពីព្រះអម្ចាស់ឡើយ ព្រោះគេជាមនុស្សមានចិត្តពីរ មិនដែលនឹងនក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនប្រព្រឹត្តទេ។ សូមឱ្យបងប្អូនដែលក្រីក្របានខ្ពស់មុខឡើង ដោយព្រះជាម្ចាស់លើកតម្កើងគេហើយ។ រីឯបងប្អូនដែលជាអ្នកមាន​វិញ​ ក៏ត្រូវខ្ពស់មុខឡើងដែរ ដោយព្រះជាម្ចាស់បន្ទាបគេចុះ ដ្បិតអ្នកមាននឹងត្រូវ​រុះរោយទៅដូចផ្កា។ លុះដល់ថ្ងៃរះពេញកំដៅហើយ ដើមក៏ស្វិតក្រៀម ផ្កាក៏រុះរោយហើយលំអររបស់វាក៏រលាយបាត់ទៅ។ អ្នកមានក៏នឹងត្រូវរុះរោយបាត់ទៅជាមួយកិច្ចការ​ដែលខ្លួនប្រព្រឹត្តដែរ។

ទំនុកតម្កើងលេខ ១១៩ (១១៨),៦៧-៦៨.៧១-៧២.៧៥-៧៦ បទពាក្យ ៧

៦៧ កាលគ្រាមុននោះខ្ញុំវង្វេង កណ្តោចកណ្តែងវេទនាណាស់  
  តែឥឡូវនេះខ្ញុំយល់ច្បាស់ ខ្ញុំខំស្ទាស្ទុះតាមបញ្ជា ។
៦៨ ទ្រង់មានព្រះហប្ញទ័យសប្បុរស ករុណាសន្តោសមនុស្សលោកា  
  សូមបង្រៀនក្រឹត្យក្រមធម្មា វិន័យបញ្ជាតរៀងទៅ ។
៧១ ទូលបង្គំរងទុក្ខវេទនា ក៏គឺជាការប្រពៃណាស់  
  ដើម្បីខ្ញុំបានរៀនឱ្យច្បាស់ ពីវិន័យព្រះដ៏ថ្លាថ្លៃ ។
៧២ ធម្មវិន័យដែលព្រះអង្គបាន ប្រកាសឱ្យកាន់មានតម្លៃ  
  ប្រសើរជាងមាសពេជ្រចរណៃ ជាងប្រាក់ក្រាស់ក្រៃច្រើនលើសលប់ ។
៧៥ បពិត្រព្រះម្ចាស់អើយខ្ញុំស្គាល់ ខ្ញុំដឹងខ្ញុំយល់ថាព្រះម្ចាស់  
  សម្រេចពីអ្វីសុចរិតណាស់ ទោះទ្រង់ដាក់ទោសក៏ត្រឹមត្រូវ ។
៧៦ សូមទ្រង់មេត្តាជួយសំរាល ទុក្ខខ្ញុំឱ្យស្រាលកុំឱ្យនៅ  
  តាមទ្រង់សន្យាកុំហ្មងសៅ ដល់ខ្ញុំដែលត្រូវជាបម្រើ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១៤,៦.៩)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់! ព្រះអង្គពិតជាផ្លូវ ជាសេចក្តីពិត និងជាជីវិត! អ្នកណាជឿលើព្រះអង្គ អ្នកនោះទទួលស្គាល់ព្រះបិតា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៨,១១-១៣)

ពួកខាងគណៈផារីស៊ីមកដល់ ហើយនាំគ្នាជជែកជាមួយព្រះយេស៊ូ ដើម្បីល្បងល​មើលព្រះអង្គ គេសូមឱ្យព្រះអង្គសម្តែងទីសម្គាល់ដ៏អស្ចារ្យមួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់។ ព្រះយេស៊ូដកដង្ហើមធំ រួចមានព្រះបន្ទូលថា៖ «ហេតុអ្វី​បានជាមនុស្សជំនាន់នេះ ចង់ឃើញទីសម្គាល់ដូច្នេះ? ខ្ញុំសុំប្រាប់ឱ្យអ្នករាលគ្នាដឹងច្បាស់ថា ព្រះជាម្ចាស់មិនឱ្យគេឃើញទីសម្គាល់ណាឡើយ»។ បន្ទាប់មក ព្រះអង្គយាងចាក​ចេញពីគេ ចុះទូកឆ្លងទៅត្រើយម្ខាងវិញ។​