០៧ កុម្ភៈ ២០២៦

Written on 10/09/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី០៤ ឆ្នាំ«គូ» 
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ (១ពង្ស ៣,៤-១៣)

ថ្ងៃមួយ ព្រះបាទសាឡូម៉ូនយាងទៅកាបូន ដើម្បីថ្វាយយញ្ញបូជា ដ្បិតទីនោះជាកន្លែងសក្ការៈសំខាន់ជាងគេ។ ព្រះរាជាថ្វាយសត្វមួយពាន់ ជាតង្វាយដុតទាំងមូល នៅលើអាសនៈនោះ។ ក្នុងពេលដែលព្រះបាទសាឡូម៉ូនគង់នៅកាបូន ព្រះអម្ចាស់បានសម្តែងព្រះអង្គឱ្យទ្រង់ឃើញក្នុងសុបិននិមិត្តនៅពេលយប់។ ព្រះជាម្ចាស់មានព្រះ​បន្ទូលថា៖​«បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់ឱ្យ!»។ ព្រះបាទសាឡូម៉ូនទូលថា៖«ព្រះអង្គបានសម្តែងព្រះហប្ញទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ គឺព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រោះបិតាទូលបង្គំរស់នៅដោយភក្តីភាព សុចរិតនិងមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ។ ព្រះអង្គនៅតែសម្តែងព្រះហប្ញទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ ដោយប្រោសប្រទានឱ្យទ្រង់មានបុត្រមួយអង្គ ឡើងស្នងរាជ្យនៅថ្ងៃនេះ។ បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ ព្រះអង្គបានតែងតាំងទូលបង្គំឱ្យឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌជាបិតាទូលបង្គំ។ ប៉ុន្តែ ទូលបង្គំនៅក្មេងខ្ចីពេកមិនទាន់ចេះគ្រប់គ្រង់ស្រុកនៅឡើយ។ ទូលបង្គំត្រូវដឹកនាំប្រជាជនដែលព្រះអង្គបានជ្រើស​រើស គឺប្រជាជនដ៏ច្រើនឥតគណនា។ ហេតុនេះ សូមព្រះអង្គប្រោសប្រទានឱ្យទូលបង្គំមានប្រាជ្ញាឈ្លាសវៃ ដើម្បីគ្រប់គ្រងប្រជារាស្រ្តរបស់ព្រះអង្គ ហើយឱ្យទូលបង្គំចេះវិនិច្ឆ័យ ស្គាល់ការល្អការអាក្រក់ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្រ្តដ៏ច្រើនឥតគណនារបស់ព្រះអង្គបាន?»។
ព្រះអម្ចាស់សព្វព្រះហប្ញទ័យនឹងសំណូមពររបស់ ព្រះបាទសាឡូម៉ូនណាស់ ព្រះអង្គក៏មានព្រះបន្ទូលថា៖«អ្នកមិនបានទូលសូមឱ្យមានអាយុវែង មានទ្រព្យសម្បត្តិស្តុកស្តម្ភ​ឬឱ្យខ្មាំងសត្រូវរបស់អ្នកត្រូវវិនាសឡើយ តែអ្នកទូលសូមឱ្យមានប្រាជ្ញាឈ្លាសវៃ និងការយល់ដឹង ដើម្បីគ្រប់គ្រងប្រជារាស្រ្តដោយយុត្តិធម៌។ ដូច្នេះ យើងនឹងធ្វើតាម សំណូម​ពរ​របស់អ្នក គឺយើងឱ្យអ្នកមានប្រាជ្ញា នឹងការយល់ដឹងដែលគ្មាននរណារម្នាក់អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្តី ឬទៅអនាគតក្តី។ លើសពីនេះ យើងក៏ផ្តល់ឱ្យអ្នកមានអ្វីៗដែលអ្នកមិនបានទូលសូមយើងដែរ គឺទ្រព្យសម្បត្តិ ភាពថ្កុំថ្កើងរុង​រឿង។ ក្នុងមួយជីវិតរបស់អ្នក គ្មានស្តេចណាមួយអាចប្រៀបស្មើនឹងអ្នកបានឡើយ»។

ទំនុកតម្កើងលេខ ១១៩ (១១៨),៩,១៤ បទពាក្យ ៧

៩ តើពួកយុវជនធ្វើយ៉ាងណា ឱ្យមានកិរិយាល្អត្រឹមត្រូវ  
  គឺប្រតិបត្តិត្រង់តាមផ្លូវ មាគ៌ាតទៅនៃព្រះអង្គ ។
១០ ទូលបង្គំខំស្វែងមិនមានឈប់ ទោះថ្ងៃឬយប់ចិត្តតម្រង់  
  កុំទុកឱ្យខ្ញុំនៅត្រមង់ កុំឱ្យវង្វេងពីវិន័យ ។
១១ ទូលបង្គំតាំងចិត្តថែរក្សា បន្ទូលសន្យាដ៏ប្រពៃ  
  នៅក្នុងចិត្តខ្ញុំមិនធ្វើអ្វី ឱ្យទាស់ព្រះទ័យទ្រង់ឡើយណា ។
១២ បពិត្រព្រះម្ចាស់ដ៏ឧត្តម ទូលបង្គំខ្ញុំលើកហត្ថា  
  តម្កើងព្រះអង្គសូមមេត្តា បង្រៀនខ្ញុំណាស្គាល់វិន័យ ។
១៣ ទូលបង្គំតែងតែពោលឥតឈប់ រៀបរាប់សព្វគ្រប់នូវសេចក្តី  
  ទាំងប៉ុន្មានដែលអម្ចាស់ថ្លៃ សម្រេចព្រះទ័យផ្តល់ជាទាន ។
១៤ ទូលបង្គំត្រេកអរជាអនេក ដោយបានពឹងផ្អែកដំបូន្មាន  
  ប្រៀបដូចជាខ្ញុំទទួលបាន សម្បត្តិថ្កើងថ្កានដ៏ស្តុកស្តម្ភ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,២៧

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គ​ជាគង្វាលដ៏ពិតប្រាដក! យើងខ្ញុំស្តាប់ព្រះសូរសៀងព្រះអង្គ យើងខ្ញុំដើរតាមព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៦,៣០-៣៤)

ក្រុមសាវ័កដែលព្រះយេស៊ូចាត់ឱ្យទៅ វិលត្រឡប់មកគាល់ព្រះអង្គវិញ​ រៀបរាប់ទូលព្រះអង្គអំពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងសេចក្តីទាំងអស់ដែលគេបានបង្រៀន។ មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើឱ្យព្រះយេស៊ូ និងក្រុមសាវ័ករក​ពេលបរិភោគពុំបាន​សោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ចូរនាំគ្នា​មកកន្លែងស្ងាត់ដាច់ឡែកពីបណ្តាជន សម្រាក់បន្តិចសិន»។ ព្រះយេស៊ូក៏យាងចុះទូកជាមួយក្រុមសាវ័ក ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែក។ ប៉ុន្តែ មានមនុស្សជាច្រើន​បានឃើញព្រះយេស៊ូ និងក្រុមសាវ័កចេញដំណើរទៅ គេក៏ស្គាល់ព្រះអង្គនិងសាវ័ក​​ហើយនាំគ្នារត់ចេញពីទីក្រុងនានាទៅមុន។​ កាលព្រះយេស៊ូយាងឡើងពីទូកមកទ្រង់​ទតឃើញមហាជនច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហប្ញទ័យអាណិតអាសូរគេពន់​ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបីដូចជាចៀមដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្តីផ្សេងៗជាច្រើន។