ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី០៤ ឆ្នាំ«គូ»
ពណ៌ក្រហម
បុណ្យរម្លឹក
សន្តីអាហ្គាថ ជាព្រហ្មចារិនី និងជាមរណសាក្សី
សូមចុចទីនេះ
សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី១ (១ពង្ស ២,១-៤.១០-១២)
ព្រះបាទដាវីឌជ្រាបថា ទ្រង់ជិតចូលទិវង្គហើយ ទ្រង់ហៅសាឡូម៉ូនជាបុត្រមកផ្តែផ្តាំថា៖«បិតាជិតលាចាកលោកនេះហើយ ចូរបុត្រមានចិត្តក្លាហាន ឱ្យសមជាមនុស្សពេញលក្ខណៈ! ចូរមានចិត្តស្មោះត្រង់នឹងព្រះអម្ចាស់ ជាព្រះរបស់បុត្រ។ ចូរប្រព្រឹត្តតាមព្រះហប្ញទ័យរបស់ព្រះអង្គជានិច្ច ហើយកាន់តាមវិន័យ តាមបញ្ជា តាមច្បាប់ និងតាមដំបូន្មានដែលមានចែងទុកក្នុងធម្មវិន័យរបស់លោកម៉ូសេ ដើម្បីឱ្យបុត្រមានជោគជ័យក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងគ្រប់ទីកន្លែងដែលបុត្រទៅ។ ពេលបុត្រប្រព្រឹត្តដូច្នេះ ព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយបិតាថា «បើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ាដែលខ្លួនដើរ ហើយមានចិត្តភក្តីចំពោះយើង ព្រមទាំងប្រតិបត្តិតាមយើងដោយស្មោះ និងគ្មានចិត្តវៀចវេរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែលជានិច្ច»។ ព្រះបាទដាវីឌសោយទិវង្គត ហើយគេបញ្ចុះសពស្តេចនៅបុរីព្រះបាទដាវីឌ។ ព្រះបាទដាវីឌគ្រងរាជ្យលើស្រុកអ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។ ព្រះបាទសាឡូម៉ូនជាបុត្រ ឡើស្នងរាជ្យព្រះបាទដាវីឌ ហើយរាជ្យរបស់ព្រះបាទសាឡូម៉ូនរឹងមាំណាស់។
ទំនុកតម្កើងរបាក្សត្រ ភាគទី១ ២៩,១០-១២ បទកាកគតិ
| ១០ | ឥឡូវនេះខ្ញុំ | មានបំណងធំ | ចង់ចងសម្ពន្ធ |
| | មេត្រីជាមួយ | ព្រះអង្គបន្ទាន់ | ជាព្រះនៃជន |
| | | ជាតិអ៊ីស្រាអែល | ។ |
| | ខ្ញុំសូមអង្វរ | ព្រះម្ចាស់បវរ | បារមីក្រាស់ក្រែល |
| | សូមទ្រង់ពង្វាង | ព្រះពិរោធដែល | គ្រប់គ្រងក្រវែល |
| | | លើយើងគ្រប់គ្នា | ។ |
| ១១ | ពេលនេះកូនចៅ | ទាំងអស់គ្នាត្រូវ | ឈប់ធ្វើខ្ជីខ្ជា |
| | ដ្បិតព្រះអម្ចាស់ | ជ្រើសអ្នករាល់គ្នា | បំពេញមុខងារ |
| | | បម្រើព្រះអង្គ | ។ |
| | ទ្រង់សព្វហប្ញទ័យ | លើអ្នកពេកក្រៃ | ឈរពីមុខទ្រង់ |
| | បម្រើកិច្ចការ | តាមព្រះបំណង | គ្រឿងក្រអូបផង |
| | | ដាក់ថ្វាយគ្មានទាស់ | ។ |
| ១២ | ពេលនោះកូនចៅ | លេវីមិននៅ | ក្រោកឡើងទាំងអស់ |
| | ជម្រះដំណាក់ | វិសុទ្ធឥតទាស់ | ថែមទាំងជម្រះ |
| | | ខ្លួនពួកគេផង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មក ១,១៥)
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយចូរនាំគ្នាជឿដំណឹងល្អចុះ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៦,៧-១៣)
ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កទាំងដប់ពីរនាក់មក រួចទ្រង់ចាត់គេពីរនាក់ៗឱ្យទៅជាលើកទីមួយ ទាំងប្រទានឱ្យគេមានអំណាចដេញខ្មោចផង។ ព្រះអង្គផ្តែផ្តាំគេមិនឱ្យយកអ្វីទៅជាមួយ ក្នុងពេលធ្វើដំណើរឡើយ លើកលែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬយកប្រាក់កាសជាប់នឹងខ្លួន ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយឡើយ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ បើនៅកន្លែងណាគេមិនព្រមទទួល មិនព្រមស្ដាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។ ក្រុមសាវ័កក៏ចេញទៅប្រកាស ឱ្យមនុស្សម្នាកែប្រែចិត្ដគំនិត។ គេដេញអារក្សជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសគេឱ្យបានជាសះស្បើយ។

