០២ កុម្ភៈ ២០២៦

Written on 15/09/2026
Sokhorn Oem

បុណ្យគោរព
ថ្វាយព្រះឱរសយេស៊ូនៅក្នុងព្រះវិហារយេរ៉ូសាឡឹម
ពណ៌ស

សែសិបថ្ងៃក្រោយព្រះយេស៊ូប្រសូត ព្រះនាងម៉ារី និងលោកយ៉ូសែបយកព្រះ​ឱរស​យេស៊ូ​ទៅ​ថ្វាយ​ព្រះជាម្ចាស់ក្នុងព្រះវិហារក្រុងយេរ៉ូសាឡឹមតាមធម្មវិន័យរបស់លោកម៉ូសេ (ដណ១៣,១១-១៣)។ ព្រះសហគមន៍យល់ឃើញថា ពេលព្រះយេស៊ូយាងចូលក្នុងព្រះវិហារ ក៏ដូចជា​ព្រះជាម្ចាស់​ផ្ទា​ល់​​យាងមក ចូលតាមពាក្យទំនាយរបស់ព្យាការីម៉ាឡាគី (អត្ថបទទី ១)។ព្រះយេស៊ូរួម​សាមគ្គី​ជា​មួយ​មនុស្សលោកទាំងមូល ព្រះអង្គពិតជាមហាបូជាចារ្យរបស់យើង។ ទ្រង់យាងចូលក្នុងព្រះវិហារ ដើម្បី​ផ្សះផ្សាមនុស្សលោកទាំងអស់ ឱ្យជានាជាមួយព្រះជាម្ចាស់ (អត្ថបទទី ២)។ ព្រះយេ​ស៊ូពិត​ជា​ពន្លឺ​​ដែលបំភ្លឺមនុស្សលោក (ដំណឹងល្អ)។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្ប​ជានិ​ច្ច​! ​ព្រះអង្គស្រឡាញ់មនុស្សលោកយ៉ាងខ្លាំង រហូតដល់ចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គឱ្យប្រសូត្រមក​ជា​មនុស្ស​ដូចយើងខ្ញុំ។ នៅថ្ងៃនេះ យើងខ្ញុំនាំគ្នានឹកដល់ពេលព្រះបុត្រាយាងចូលព្រះវិហារក្រុងយេរូសាឡឹម។ សូ​ម​​ទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យថ្វាយខ្លួនទៅព្រះអង្គដែលរួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម គឺ​ព្រះ​យេស៊ូដែលមានព្រះជន្មគង់នៅរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែង​តរៀងទៅ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីម៉ាឡាគី (មគ ៣,១-៤)

ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងចាត់ទូតរបស់យើងឱ្យទៅមុន​ ដើម្បីរៀប​ចំផ្លូវ​សម្រាប់​យើង។ រំពេចនោះ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គ។ រីឯគ្រីស្តទូតនៃសម្ពន្ធមេត្រីដែលអ្នករាល់គ្នារង់ចាំកំពុងតែមកហើយ។ ប៉ុន្តែ នៅថ្ងៃដែលព្រះអង្គយាងមកដល់ តើ​នរណាអាចទ្រាំបាន? នៅពេលព្រះអង្គលេចមក តើនរណាអាចឈរបាន? ដ្បិតព្រះអង្គ​ប្រៀប​បាន​នឹង​ភ្លើង​រប​ស់​​ជាងដែក និងដូចសាប៊ូរបស់អ្នកបោកសម្លៀកបំពាក់។ ព្រះអង្គនឹងកាត់ក្តីដូចជាងទងអង្គុយរំលាយ និងបន្សុទ្ធ​សាច់ប្រាក់។ ព្រះអង្គនឹងជម្រះកូនចៅលេវីឱ្យបានវិសុទ្ធ ព្រះអង្គនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធមាសនិងប្រាក់។ ពួក​គេ​​នឹងនាំតង្វាយត្រឹមត្រូវតាមវិន័យមកថ្វាយព្រះអម្ចាស់ដោយចិត្តស្មោះត្រង់។ ពេលនោះ ព្រះអម្ចាស់​សព្វ​ព្រះ​ហឫ​ទ័យទទួលតង្វាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមដូចកាលពីដើមនៅជំនាន់មុនៗ។

ទំនុកតម្កើង ២៤ (២៣),៧​-១០ បទពាក្យ ៧

ឱទ្វារទាំងឡាយចូរកក្រើក ចូរអ្នកខំបើកកុំឈរឈប់  
  ចូរបើកចំហទាំងថ្ងៃយប់ មហាក្សត្រជាម្លប់យាងចូលមក
តើព្រះមហាក្សត្រជានរណា រុងរឿងថ្លៃថ្លាជាជម្រក  
  គឺព្រះដែលខ្លាំងធ្លាប់ច្បាំងមក មានជ័យមានជោគលើពិភព
ឱទ្វារទាំងឡាយចូរកក្រើក ចូរអ្នកខំបើកកុំឈរឈប់  
  ចូរបើកចំហទាំងថ្ងៃយប់ មហាក្សត្រជាម្លប់យាងចូលមក
១០ តើព្រះមហាក្សត្រជានរណា រុងរឿងថ្លៃថ្លាជាជម្រក  
  គឺទ្រង់ជាម្ចាស់ពិភពលោក ពីដើមរៀងមកលុះឥឡូវ

អត្ថបទទី២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ (ហប ២,១៤-១៨)

ដោយមនុស្សទាំងអស់ជាប់សាច់ឈាមជាមួយគ្នា ព្រះអង្គក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយ​ព្រះអង្គសោយទិវង្គត ដើម្បីកម្ទេចមារដែលមានអំណាច​លើសេចក្តីស្លាប់ និងដើម្បី​រំដោះ​អស់​អ្នក​ដែល​ជាប់​ជាទាសករមួយជីវិត ព្រោះតែខ្លាចស្លាប់។ ព្រះយេស៊ូពិតជាពុំបានយាងមកជួយពួកទេវទូតទេ គឺព្រះ​អង្គ​មក​ជួយពូជពង្សរបស់លោកអប្រាហាំវិញ។ ហេតុនេះហើយបានជាព្រះអង្គត្រូវតែ​មានលក្ខណៈដូច​បងប្អូន​របស់​ព្រះអង្គគ្រប់ជំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជាចារ្យដែលមានចិត្តមេត្តាករុណា មានចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើព្រះជាម្ចាស់ និងដើម្បីរំដោះប្រជាជនឱ្យរួចផុតពីបាបផង។ ដោយព្រះអង្គផ្ទាល់បានរងទុក្ខលំបាក នៅ​ពេល​ជួបការល្បងល ព្រះអង្គក៏អាចជួយអស់អ្នកដែលជួបនឹងការល្បងលបានដែរ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (២ធម ១,១០)

អាលេលូយ៉ា! អាលេលូយ៉ា!
កូននេះជាពន្លឺដែលបំភ្លឺឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ! កូននេះ​ជាសិរីរុងរឿងរបស់អ៊ីស្រាអែល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ២,២២-៤០ (ឬយ៉ាងខ្លី ២២-៣២)

ដល់ពេលកំណត់ដែលលោកយ៉ូសែប និងនាងម៉ារីត្រូវធ្វើពិធីជំរះកាយឱ្យបានបរិសុទ្ធ​តាមធម្មវិន័យ​របស់​លោកម៉ូសេ អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម ដ្បិត​ក្នុងធម្មវិន័យ​របស់​ព្រះ​អម្ចាស់​មានចែងទុក្ខមកថា “កូនប្រុសច្បងទាំងអស់ ត្រូវញែកថ្វាយព្រះអម្ចាស់”។ អ្នកទាំងពីរថ្វាយ​យញ្ញ​បូជា​តាម​ធម្មវិន័យរបស់ព្រះអម្ចាស់មានចែងទុកមក គឺថ្វាយ “លលកមួយគូ ឬព្រាបស្ទាវពីរ”។ នៅក្រុងយេរូសាឡឹមមានបុរសម្នាក់ឈ្មោះ ស៊ីម៉ូន ជាមនុស្សសុច្ចរិត។ គាត់គោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្ត្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើគាត់ ហើយសម្តែងឱ្យគាត់ដឹងថា គាត់មិនត្រូវស្លាប់ ដរាបមិនទាន់បានឃើញព្រះគ្រីស្តដែលព្រះអម្ចាស់ចាត់ឱ្យមកទេនោះ។ ព្រះវិញ្ញាណនាំលោកតាស៊ីម៉ូនចូលក្នុងព្រះវិហារ។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់តាមធម្មវិន័យ លោកតាស៊ីម៉ូនយកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះព្រះអង្គបានសម្រេចតាមព្រះបន្ទូលសន្យាហើយ។ ដូច្នេះ សូមឱ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គលាចាកលោកនេះទៅដោយសុខសាន្តផងចុះ ដ្បិតភ្នែកទូលបង្គំបាន​ឃើញ​ការ​សង្គ្រោះ ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់ គឺជាពន្លឺដែល​នាំឱ្យមនុស្សគ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ»។ មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្តីដែលលោកតាស៊ីម៉ូនមានប្រសាសន៍អំពីព្រះឱរស​ណា​ស់។ លោកតាស៊ីម៉ូនជូនពរលោកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីជាមាតាថា៖ «ព្រះ​ជាម្ចាស់​បាន​ចាត់​បុត្រនេះមក ដើម្បីឱ្យជនជាតិអ៊ីស្រាអែលច្រើនអ្នកដួលឬងើបឡើងវិញ។ បុត្រនេះជាទីសម្គាល់មួយបង្ហាញ​អំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ បុត្រនេះ​ធ្វើ​ឱ្យ​គំនិត​លាក់​កំបាំងរបស់មនុស្សជាច្រើនលេចច្បាស់ឡើង រីឯនាងវិញនាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវ​មួយ​មក​ចាក់ទម្លុះដួងចិត្តរបស់នាង»។ មានព្យាការីម្នាក់ឈ្មោះ ហាណ្ណា ជាកូនរបស់លោកផានូអែល ក្នុងកុលសម្ព័ន្ធអរស៊ែរ។​ គាត់រៀប​ការ​បាន​ប្រាំ​​ពីរឆ្នាំ ប្តីគាត់ក៏ទទួលមរណៈភាពចោលទៅ  គាត់នៅមេម៉ាយរហូត ឥឡូវនេះ​ គាត់​មានវ័​យ​ចាស់​ណាស់​ទៅ​ហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិន​ទៅណាឆ្ងាយពីព្រះវិហារទេ ​គាត់នៅគោរព​បម្រើ​ព្រះអង្គ​ទាំង​យប់ទាំង​ថ្ងៃ ដោយតមអាហារ និងអធិដ្ឋានផង។ ពេលនោះលោកយាយហាណ្ណាក៏នៅទីនោះដែរ គាត់សរសើរ​តម្កើង​ព្រះ​ជាម្ចាស់ រួចតំណាលអំពីព្រះឱរសនោះប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់យាងមក​លោះ​ក្រុង​យេរូសា​ឡឹម។ កាលមាតារបស់ព្រះយេស៊ូបានបំពេញកិច្ចការទាំងអស់ស្របតាមគម្ពីរវិន័យ​របស់​ព្រះអម្ចាស់​សព្វ​គ្រប់​ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសារ៉ែតជាភូមិរបស់គាត់ ក្នុងស្រុកកាលីឡេវិញ។ ព្រះកុមារ​មានវ័​យ​ចម្រើន​ឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និងពោរពេញទៅដោយព្រះប្រាជ្ញាញាណ។ ព្រះ​ជាម្ចាស់​គាប់​ព្រះហឫទ័យនឹងព្រះកុមារនេះណាស់ ។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់! ព្រះអង្គសព្វព្រះហឬទ័យទទួលសក្ការបូជារបស់ព្រះយេស៊ូ ជាព្រះ​បុត្រា​ដែល​បាន​បូជាព្រះជន្ម ដើម្បីផ្សះផ្សាមនុស្សលោកឱ្យជានានឹងព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យចូល​រួម​ក្នុង​សក្ការ​បូជារបស់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ។

ធម៌លើកតម្កើង

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់​នៅ​អស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ និងសូមអរព្រះគុណព្រះអង្គនៅថ្ងៃនេះ ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គបានថ្វាយខ្លួនទៅព្រះអង្គក្នុងព្រះវិហារ។ព្រះវិញាណរបស់ព្រះអង្គបានប្រកាសថា ព្រះ​យេ​ស៊ូ​ពិត​ជា​​ពន្លឺដែលបំភ្លឺមនុស្សលោក។ ព្រះយេស៊ូក៏ពិតជាមហាបូជាចារ្យដែលបើក​ផ្លូវឱ្យយើង​ខ្ញុំអាច​ចូលគាល់​ព្រះ​អង្គ​ផង ។ អាស្រ័យហេតុនេះហើយ បានជាយើង​ខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ទទួល​​​ព្រះ​សង្គ្រោះរបស់យើងខ្ញុំ  ហើយសូមលើកតម្កើងព្រះអង្គនៅពេលនេះ ដោយប្រកាសថា៖ ព្រះដ៏វិសុទ្ធ! ព្រះ​ដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ ! 

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសព្រះយេស៊ូឱ្យមកបំពេញសេចក្តីសង្ឃឹមរបស់លោក​ស៊ីម៉ូន និងសេចក្តីសង្ឃឹមរបស់មនុស្សលោក ដោយចាត់ព្រះយេស៊ូជាព្រះគ្រីស្តឱ្យយាងមកក្នុងលោកនេះ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យទទួលព្រះយេស៊ូទុកជាព្រះគ្រីស្តដែលផ្តល់សុភមង្គលដ៏ពិតប្រាកដសព្វថ្ងៃនេះដែរ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ ដែលមានព្រះជន​គង់នៅ​អស់​កល្ប​ជា​អង្វែង​តរៀងទៅ ។