០៤ មករា ២០២៦

Written on 14/10/2026
Sokhorn Oem

ថ្ងៃអាទិត្យ បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
ពណ៌ស

ព្រះគ្រីស្តពិតជាពន្លឺបំភ្លឺចិត្តគំនិតមនុស្សគ្រប់ៗរូប ទោះជាគេមានឋានៈ វណ្ណៈ បុណ្យស័ក្តិ ឬកាន់សាសនាណាក្តី។ មនុស្សទាំងអស់ក៏ត្រូវនាំគ្នាគោរពព្រះគ្រីស្តតាមអរិយធម៌ខ្ពង់ខ្ពស់នៃជាតិរៀងៗខ្លួន។ ព្រះយេស៊ូពិតជា “ព្រះគ្រីស្ត” គឺព្រះអង្គយាងមកបំពេញសេចក្តីសង្ឃឹម និងសេចក្តីរង់ចាំរបស់មនុស្សគ្រប់ជាតិសាសន៍ និងបំពេញតាមសេចក្តីទាំងប៉ុន្មានដែលគេស្វះស្វែងរកតាមសាសនានីមួយៗ។ ព្រះគ្រីស្តយាងមកធ្វើឱ្យសាសនាទាំងអស់បានពេញលក្ខណៈ។ ព្រះសហគមន៍ “កាតូលិក” (ពាក្យ “កាតូលិក” មានន័យថា “ទូទៅ”) ជាសញ្ញាសម្គាល់របស់មនុស្សជាតិទាំងមូល ដែលចូលរួមគ្នាជាធ្លុងតែមួយ។

ពាក្យអង្វរនៅពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គ​ចាត់ព្រះបុត្រាឱ្យយាងមកបំភ្លឺមនុស្សគ្រប់ជាតិសាសន៍ឱ្យស្គាល់ព្រះអង្គ និងឱ្យស្គាល់តម្លៃ​ដ៏ខ្ពង់ខ្ពស់នៃជីវិតរបស់ខ្លួនផង។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យខិតខំស្វែង​រកសេចក្តីពិតជានិច្ច! សូមពង្រឹងជំនឿយើងខ្ញុំផង!។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ៦០,១-៦)

ក្រុងយេរូសាឡឹមអើយ! ចូរក្រោកឡើង! ចូរបញ្ចាំងពន្លឺឡើង! ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ សូមមើល! ផែនដី ទាំងមូលនៅងងឹតស្លុង ហើយភាពអន្ធការគ្របលើប្រជាជនទាំងឡាយ តែពន្លឺរបស់ព្រះអម្ចាស់រះឡើងបំភ្លឺអ្នក សិរីរុងរឿងរបស់ព្រះអង្គក៏លេចមកដូចថ្ងៃរះចាំងមកលើអ្នកដែរ។ ប្រជាជាតិនានានាំគ្នាដើរទៅរកពន្លឺរបស់អ្នក ហើយស្តេចទាំងឡាយក៏ដើរទៅរករស្មីដែលចាំងចេញពីអ្នកដែរ។ ចូរងើបមុខឡើង មើលជុំវិញខ្លួន! មនុស្សទាំងអស់​ជួបជុំគ្នា ដើរតម្រង់មករកអ្នក។ កូនប្រុសៗរបស់អ្នកនឹងមកពីទីឆ្ងាយ ហើយប្រជាជាតិនានាក៏បីកូនស្រីៗរបស់អ្នកមកដែរ។ ពេលណាអ្នកឃើញ អ្នកនឹងត្រេក​អរសប្បាយរីករាយនិងរំភើបចិត្ត។ គេនឹងនាំភោគសម្បត្តិពីខាងនាយសមុទ្រមកឱ្យអ្នក ហើយធនធានរបស់ប្រជាជាតិនានា ក៏នឹងហូរមកដល់អ្នកដែរ។ សត្វអូដ្ឋទាំងហ្វូងៗនឹងមកពេញទីក្រុង គឺអូដ្ឋរបស់ពួកម៉ាឌីយ៉ាន និងពួកអេផា។ អ្នកស្រុកសាបាទាំងអស់នឹងនាំគ្នាមក ពួកគេយកមាស និងកំញានមកជាមួយផង ហើយលើកតម្កើងការអស្ចារ្យដែលព្រះអម្ចាស់បានប្រព្រឹត្ត។

ទំនុកតម្កើងលេខ ៧២ (៧១),១-២.៧-១៣ បទកាកគតិ

១. ព្រះជាម្ចាស់អើយ សូមប្រទានឱ្យ រាជបុត្រនេះចេះ
  វិនិច្ឆ័យក្តី តាមព្រះតម្រិះ សុចរិតវិសេស
    របស់ព្រះអង្គ ។
២. សូមឱ្យរាជា គ្រប់គ្រងគ្រប់គ្នា ប្រជារាស្ត្រទ្រង់
  ដោយយុត្តិធម៌ សុចរិតផូរផង់ វិសេសឥតហ្មង
    ត្រឹមត្រូវតាមច្បាប់ ។
៧. សូមឱ្យសេចក្តី សុចរិតថ្លាថ្លៃ ចម្រើនខ្ពង់ខ្ពស់
  នៅក្នុងរជ្ជកាល រាជាអង្គនោះ កុំបីមានទាស់
    សុខសាន្តតទៅ ។
៨. សូមព្រះរាជា គ្រប់គ្រងកុំរា កុំឱ្យហ្មងសៅ
  ពីសមុទ្រមួយ មិនបង្អង់នៅ រហូតដល់ទៅ
    ស្រុកដាច់ស្រយាល ។
៩. ប្រជាដែលរស់ តាមវាលទាំងនោះ នឹងត្រេកត្រអាល
  ក្រាបថ្វាយបង្គំ គ្រប់សម័យកាល សត្រូវច្រួសច្រាល
    វិនាសអាសារ ។
១០. អស់ស្តេចទាំងឡាយ នឹងយកតង្វាយ មកថ្វាយករុណា
  ឥតមានខកខាន មួយវេលាណា ទាំងកោះនានា
    យកមកទាំងអស់ ។
១១. ស្តេចទាំងប៉ុន្មាន ឥតមានខកខាន ចូលរួមដោយស្មោះ
  ក្រាបថ្វាយបង្គំ រាជាទាំងអស់ ប្រជាទាំងនោះ
    បម្រើករុណា ។
១២. ទ្រង់នឹងរំដោះ អ្នកក្រទាំងអស់ ដោយធម៌មេត្តា
  អ្នកទុគ៌តស្រែ សុំក្តីករុណា ព្រះអង្គរក្សា
    អ្នកគ្មានទីពឹង ។
១៣. ទ្រង់សែនអាណិត អាសូរពេកពិត អ្នកអត់លំនឹង
  និងជនកម្សត់ គ្មានអ្វីរំពឹង ព្រះអម្ចាស់នឹង
    សង្គ្រោះជីវិត ។

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ (អស ៣,២-៣.៥-៦)

បងប្អូនជាទីស្រឡាញ់! បងប្អូនបានឮគេនិយាយអំពីមុខងារដែលព្រះជាម្ចាស់ប្រណីសន្តោសផ្ញើឱ្យខ្ញុំបំពេញ ដើម្បីជាប្រយោជន៍ដល់បងប្អូននោះហើយគឺព្រះអង្គបានបង្ហាញ​គម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គឱ្យខ្ញុំស្គាល់។ ព្រះជាម្ចាស់ពុំបានបង្ហាញគម្រោងការនេះឱ្យមនុស្សជំនាន់ដើម ដូចព្រះអង្គបង្ហាញឱ្យក្រុមគ្រីស្តទូត និងឱ្យព្យាការី​ដ៏សុទ្ធ​របស់ព្រះអង្គនាបច្ចុប្បន្នកាល ស្គាល់ដោយសារព្រះវិញ្ញាណនោះឡើយ គឺថាដោយសារ​ដំណឹងល្អ សាសន៍ដ៏ទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងព្រះកាយតែមួយ និងមានសិទ្ធិទទួលព្រះពរតាមព្រះបន្ទូលសន្យារួមជាមួយសាសន៍អ៊ីស្រាអែលក្នុងអង្គព្រះ​គ្រីស្តយេស៊ូដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ២,២)

អាលេលូយ៉ា! អាលេលូយ៉ា!
យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គរះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ។​​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២,១-១២)

ព្រះយេស៊ូប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយូដា នារជ្ជកាលព្រះបាទហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើត មកដល់ក្រុងយេរូសាឡឹម សួរថា៖​«ព្រះមហាក្សត្ររបស់ជនជាតិយូដាដែលទើបនឹងប្រសូតទ្រង់គង់នៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ»។ កាលព្រះបាទហេរ៉ូដឮដំណឹងនេះ ទ្រង់រន្ធត់ព្រះហឫទ័យយ៉ាងខ្លាំង ហើយអ្នកក្រុងយេរូសាឡឹមទាំងអស់ក៏រន្ធត់ចិត្តជាមួយព្រះអង្គដែរ។ ព្រះរាជាត្រាស់ហៅនាយបូជាចារ្យ និង​ពួកធម្មាចារ្យទាំងប៉ុន្មានរបស់ប្រជាជនមក ដើម្បីសួរគេពីកន្លែងដែលព្រះគ្រីស្តត្រូវប្រសូត។ គេទូលស្តេចថា ព្រះគ្រីស្តត្រូវប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយ៉ូដា ដ្បិតមានសេចក្តីចែងទុកមកដោយសារព្យាការីថា៖ “ភូមិបេថ្លេហិមជាដែនដីយូដាអើយ! ក្នុង​បណ្តាក្រុងសំខាន់ៗនៃស្រុកយូដា អ្នកមិនមែនតូចជាងគេទេ ដ្បិតនឹងមានគង្វាលម្នាក់កើតចេញពីអ្នក លោកនឹងថែរក្សាជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង”។ ពេលនោះព្រះបាទហេរ៉ូដហៅពួកហោរាចារ្យមកជាសម្ងាត់ សួរបញ្ជាក់អំពីពេលដែលផ្កាយរះឡើង។ បន្ទាប់មក ទ្រង់ចាត់ហោរាចារ្យទាំងនោះឱ្យទៅភូមិបេថ្លេហិម ដោយមានរាជឱង្ការថា៖«សុំអស់លោកនាំគ្នាទៅចុះ ហើយស៊ើបសួរដំណឹងអំពីព្រះឱរសនោះឱ្យបានច្បាស់លាស់។ កាលបានឃើញហើយ ចូរមកប្រាប់យើងវិញផង ដើម្បីឱ្យយើងទៅថ្វាយបង្គំព្រះអង្គដែរ»។ ក្រោយពីបានទទួលរាជឱង្ការហើយ គេក៏នាំគ្នាចេញទៅ។ ពេលនោះផ្កាយដែលគេឃើញនៅទិសខាងកើត នាំមុខគេរហូតដល់កន្លែងដែលព្រះឱរស គង់ទើបឈប់។ កាលហោរាចារ្យទាំងនោះឃើញផ្កាយ គេសប្បាយចិត្តពន់ប្រមាណ។ គេចូលទៅក្នុងផ្ទះ ឃើញព្រះឱរសគង់នៅជាមួយនាងម៉ារីជាមាតា គេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ រួចបើកហិបយកជំនូនរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេស​មកថ្វាយព្រះអង្គ។ បន្ទាប់មក គេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់គេក្នុងសុបិននិមិត្តមិនឱ្យវិលទៅគាល់ព្រះបាទហេរ៉ូដវិញឡើយ។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពួកហោរាចារ្យពីដើមយកកំញាន និងជ័រល្វីងមកថ្វាយព្រះបុត្រាព្រះអង្គ! យើងខ្ញុំមិនយកទ្រព្យសម្បត្តិថ្លៃថ្លាមកថ្វាយដូចគេទេ គឺយើងខ្ញុំសូមយកប្រាក់ ធូប ផ្កា ទៀន នំ និងស្រា ដែលជានិមិត្តរូបនៃជីវិតរបស់ខ្លួន។ យើងខ្ញុំក៏សូមថ្វាយ កាយ វាចា ចិត្ត មកថ្វាយទៀតផង។ សូមទ្រង់ព្រះមេត្តាបញ្ចូលយើងខ្ញុំក្នុងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ធម៌លើកតម្កើង

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានបំភ្លឺចិត្តគំនិតមនុស្សគ្រប់ជាតិសាសន៍ ដោយចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្ស។ ព្រះ​បុត្រាពិតជាពន្លឺដែលបំភ្លឺមនុស្សលោកមែន! ព្រះអង្គក៏បានប្រោសមនុស្សដែលជឿលើព្រះបុត្រាឱ្យមានសេចក្តីសង្ឃឹមយ៉ាងមាំដែរ។ យើងខ្ញុំលែងដើរក្នុងទីងងឹតទៀតហើយ គឺយើងខ្ញុំពិតជាមានទីដៅមែន! យើងខ្ញុំស្គាល់ធម៌មេត្តាករុណារបស់ព្រះអង្គចំពោះមនុស្ស ហើយយើងខ្ញុំក៏អាចជួបជុំគ្នាបានដោយចិត្តស្រឡាញ់ដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ ដើម្បីប្រកាសថា៖ “សន្តវិសុទ្ធ!”។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គណែនាំយើងខ្ញុំឱ្យស្គាល់ព្រះគ្រីស្តជាពន្លឺដែលបំភ្លឺមនុស្សលោក សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យទទួលស្គាល់សញ្ញាសម្គាល់នៃវត្តមានរបស់ព្រះអង្គក្នុងពិភពលោកនេះ ព្រមទាំងពង្រឹងជំនឿ និងសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង!