ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី២៤ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ១៥,១២-២០)
បងប្អូនជាទីស្រឡាញ់!
យើងប្រកាសថា ព្រះគ្រីស្ដទទួលព្រះជន្មដ៏រុងរឿង។ ប្រសិនបើពិតដូច្នេះមែន ហេតុអ្វីបានជាមានអ្នកខ្លះក្នុងចំណោមបងប្អូនបែរជាពោលថា មនុស្សស្លាប់មិនទទួលជីវិតថ្មីដូច្នេះ?។ ប្រសិនបើមនុស្សស្លាប់មិនទទួលជីវិតថ្មីទេនោះ ព្រះគ្រីស្ដក៏មិនបានទទួលព្រះជន្មដ៏រុងរឿងដែរ ហើយបើព្រះគ្រីស្ដមិនបានទទួលព្រះជន្មដ៏រុងរឿងទេ សេចក្ដីដែលយើងប្រកាសមុខជាគ្មានន័យអ្វីសោះឡើយ ហើយជំនឿរបស់បងប្អូនក៏គ្មានន័យអ្វីដែរ។ បើដូច្នេះ បានសេចក្ដីថា យើងជាសាក្សីក្លែងក្លាយអំពីព្រះជាម្ចាស់ ដោយផ្ដល់សក្ខីភាពខុសថា ព្រះអង្គបានប្រោសព្រះគ្រីស្ដឱ្យទទួលព្រះជន្មដ៏រុងរឿង ប៉ុន្ដែ ព្រះអង្គមិនបានប្រោសព្រះគ្រីស្ដឱ្យទទួលព្រះជន្មដ៏រុងរឿងឡើយ ប្រសិនបើមនុស្សស្លាប់ទៅហើយនោះមិនរស់ឡើងវិញទេ! បើមនុស្សស្លាប់ទៅមិនទទួលជីវិតថ្មីទេ ព្រះគ្រីស្ដក៏មិនទទួលព្រះជន្មដ៏រុងរឿងដែរ ហើយបើព្រះគ្រីស្ដមិនបានទទួលព្រះជន្មដ៏រុងរឿងទេ ជំនឿរបស់បងប្អូនគ្មានន័យអ្វីទាល់តែសោះ បងប្អូននៅតែជាប់បាបដដែល។ រីឯអស់អ្នកដែលស្លាប់រួមជាមួយព្រះគ្រីស្ដ ក៏ត្រូវវិនាសសាបសូន្យទាំងអស់គ្នាដែរ។ ស្រសិនបើយើងសង្ឃឹមទៅលើព្រះគ្រីស្ដសម្រាប់តែជីវិតនេះប៉ុណ្ណោះយើងជាអ្នកវេទនាជាងគេបំផុត ក្នុងចំណោមមនុស្សទាំងអស់ហើយ!។ ក៏ប៉ុន្ដែ ព្រះគ្រីស្ដពិតជាទទួលព្រះជន្មដ៏រុងរឿងមែន។ ព្រះអង្គទទួលព្រះជន្មដ៏រុងរឿង ទុកជាផលដំបូងមុនគេបង្អស់ក្នុងចំណោមមនុស្សស្លាប់។
ទំនុកតម្កើងលេខ ១៧ (១៦) ,១.៦-៨.១៥ បទពាក្យ ៧
| ១ | ឱព្រះអម្ចាស់សូមសណ្ដាប់ | ទូលបង្គំប្រាប់សំណូមពរ | |
| ដ៏ល្អត្រឹមត្រូវស្រស់បវរ | សូមរកយុត្តិធម៌ឱ្យរូបខ្ញុំ | ។ | |
| សូមយកព្រះហប្ញទ័យវែកញែក | និងសូរសម្រែកទូលបង្គំ | ||
| សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ | ដែលអង្វរសុំដោយត្រង់ស្មោះ | ។ | |
| ៦ | ឱព្រះអម្ចាស់នៃខ្ញុំអើយ | ខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ | |
| ហៅរកព្រះម្ចាស់មិនបែកបែរ | សូមកុំងាករេផ្ទៀងព្រះកាណ៌ | ។ | |
| ៧ | ព្រះអង្គតែងតែសង្រ្គោះអ្នក | ដែលមកជ្រកស្នាក់ដោយមេត្តា | |
| ក្រោមម្លប់បារមីដ៏អស្ចារ្យ | ឱ្យរួចពីការគាបសង្កត់ | ។ | |
| ៨ | សូមថែរក្សាទូលបង្គំ | ដូចកែវភ្នែកកុំឱ្យបង់បាត់ | |
| ការពារខ្ញុំដូចបក្សីសត្វ | ក្រុងកូនកម្សត់របស់វា | ។ | |
| ១៥ | ចំពោះខ្ញុំវិញគឺប្រព្រឹត្ត | តាមក្ដីសុចរិតមិនអាស្រូវ | |
| ខ្ញុំឃើញព្រះភក្ត្រទ្រង់គង់នៅ | ទើបផុតងហ្មងសៅពេលភ្ញាក់ឡើង |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ១១,២៥)
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ! ព្រោះទ្រង់បានសម្ដែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៨,១-៣)
ព្រះយេស៊ូយាងទៅតាមក្រុង តាមភូមិនានា ទាំងប្រកាស និងនាំដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ សាវ័កទាំងដប់ពីររូបទៅជាមួយព្រះអង្គ ហើយមានស្រ្ដីខ្លះទៀតដែលព្រះអង្គបានប្រោសឱ្យជាពីជំងឺ និងបណ្ដេញខ្មោចឱ្យចេញ ក៏តាមទៅជាមួយដែរ គឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា ដែលព្រះអង្គបានដេញខ្មោចប្រាំពីរចេញពីនាង នាងយ៉ូហាណាជាភរិយារបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូដ នាងស៊ូសាណា ព្រមទាំងស្រ្ដីឯទៀតៗជាច្រើនដែលបានចំណាយធនធានរបស់ខ្លួនដើម្បីទំនុកបម្រុងព្រះយេស៊ូ និងសាវ័ករបស់ព្រះអង្គ។

