ថ្ងៃពុធ រដូវធម្មតា អាទិត្យទី២២ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ៣,១-៩)
បងប្អូនជាទីស្រឡាញ់!
ចំពោះខ្ញុំ ខ្ញុំពុំអាចនិយាយជាមួយបងប្អូន ដូចនិយាយទៅកាន់អ្នកដែលបានទទួលព្រះវិញ្ញាណនោះទេ គឺខ្ញុំនិយាយទៅកាន់បងប្អូនដូចនិយាយទៅកាន់មនុស្សលោកីយ៍ ឬនិយាយទៅកាន់កូនខ្ចីខាងជំនឿដែរ។ ខ្ញុំបានយកទឹកដោះឱ្យបងប្អូនពិសា ពុំឱ្យចំណីអាហាររឹងៗទេ ព្រោះបងប្អូនពុំអាចពិសាបាន។ សូម្បីតែនៅពេលនេះក្ដី ក៏បងប្អូននៅតែពុំអាចទទួលបានដែរ មកពីបងប្អូននៅមានចិត្តគំនិតជាមនុស្សលោកីយ៍នៅឡើយ។ ក្នុងចំណោមបងប្អូន បើនៅតែមានការច្រណែនទាស់ទែងគ្នាដូច្នេះ បញ្ជាក់ឱ្យឃើញថា បងប្អូននៅតែមានចិត្តគំនិតជាមនុស្សលោកីយ៍ឡើយ ហើយបងប្អូនក៏រស់នៅតាមរបៀបមនុស្សធម្មតាដែរ។ ពេលមានម្នាក់និយាយថា “ខ្ញុំជាកូនចៅរបស់លោកប៉ូល!” និងម្នាក់ទៀតថា៖ «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!” នោះបញ្ជាក់ឱ្យឃើញថា បងប្អូននៅតែមានរបៀបរស់នៅដូចមនុស្សធម្មតាពិតមែន!។ តើលោកអប៉ូឡូសមានឋានៈអ្វី? រីឯប៉ូលមានឋានៈអ្វីដែរ? អ្នកទាំងពីរគ្រាន់តែជាអ្នកបម្រើដែលណែនាំបងប្អូនឱ្យមានជំនឿប៉ុណ្ណោះ គឺម្នាក់ៗបំពេញតែកិច្ចការដែលព្រះអម្ចាស់ប្រទានឱ្យធើ្វ។ ខ្ញុំជាអ្នកដាំ លោកអប៉ូឡូសជាអ្នកស្រោចទឹក ប៉ុន្ដែ មានតែព្រះជាម្ចាស់ទេដែលធ្វើឱ្យដុះឡើង ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់អ្វីឡើយ គឺព្រះជាម្ចាស់ដែលធើ្វឱ្យដុះឡើងឯណោះ ទើបសំខាន់។ អ្នកដាំ និងអ្នកស្រោចទឹករួមគ្នាធើ្វការតែមួយទេ ម្នាក់ៗនឹងទទួលរង្វាន់តាមការនឿយហត់របស់ខ្លួន ដ្បិតយើងជាសហការីរបស់ព្រះជាម្ចាស់។ បងប្អូនជាចម្ការដំណាំរបស់ព្រះជាម្ចាស់។
ទំនុកតម្កើងលេខ ៣៣ (៣២),១២-១៥.២០-២១ បទព្រហ្មគីតិ
| ១២ | ប្រជាដែលគោរព | បម្រើគ្រប់គ្មានទំនេរ | |
| ទុកជាព្រះឥតប្រែ | នោះជួបតែសុខគ្រប់គ្រា | ។ | |
| ជនដែលព្រះអង្គជ្រើស | ឥតមានឃ្នើសជាទ្រព្យា | ||
| ជារាស្រ្ដផ្ទាល់អង្គា | នោះមុខជារួចផុតទុក្ខ | ។ | |
| ១៣ | ព្រះម្ចាស់ទតមកពី | ស្ថានរមណីបរមសុខ | |
| ទតមើលពីលើមក | ឃើញមនុស្សយើងទាំងអស់គ្នា | ។ | |
| ១៤ | ពីព្រះរាជដំណាក់ | ល្អសមសក្ដិឥតមានទាស់ | |
| ទតមើលជនទាំងអស់ | ដែលនៅរស់លើផែនដី | ។ | |
| ១៥ | គឺពិតជាព្រះអង្គ | ដែលបង្កើតចិត្តប្រុសស្រី | |
| ទ្រង់ពិនិត្យរំពៃ | មើលសព្វអ្វីដែលគេធើ្វ | ។ | |
| ២០ | យើងសូមផ្ញើជីវិត | លើព្រះពិតឥតខកខាន | |
| ជាខែលដ៏ចំណាន | សង្គ្រោះប្រាណផុតភិតភ័យ | ។ | |
| ២១ | យើងខ្ញុំសែនរីករាយ | ចិត្តសប្បាយអរពេកក្រៃ | |
| សូមផ្ញើជីវិតថ្លៃ | លើព្រះទ័យល្អបំផុត | ។ |
ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អ (លក៤,១៨-១៩)
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានចាត់ខ្ញុំឱ្យមកនាំដំណឹងល្អទៅប្រាប់ប្រជាជនក្រីក្រ ឱ្យមកប្រកាសប្រាប់ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៤,៣៨-៤៤)
ព្រះយេស៊ូយាងចេញពីធម្មសាលាទៅផ្ទះលោកស៊ីម៉ូន។ ពេលនោះ ម្ដាយក្មេកលោកស៊ីម៉ូនគ្រុនយ៉ាងខ្លាំង។ គេទូលព្រះអង្គមេត្តាប្រោសគាត់ឱ្យបានជា។ ព្រះយេស៊ូឧិនទៅលើអ្នកជំងឺ ព្រះអង្គគំរាមជំងឺគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅ។ រំពេចនោះ គាត់ក្រោកឡើង ហើយបម្រើភ្ញៀវ។ នៅពេលថ្ងៃលិច អ្នកស្រុកទាំងអស់នាំបងប្អូនដែលមានជំងឺផ្សេងៗមករកព្រះយេស៊ូ។ ព្រះអង្គដាក់ព្រះហស្ដលើអ្នកទាំងនោះ ហើយប្រោសគេឱ្យជាសះស្បើយគ្រប់ៗគ្នា។ មានខ្មោចចេញពីមនុស្សជាច្រើន ទាំងស្រែកថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ប៉ុន្ដែ ព្រះយេស៊ូគំរាមខ្មោចទាំងនោះ មិនឱ្យនិយាយជាដាច់ខាត ព្រោះពួកវាដឹងថា ព្រះអង្គជាព្រះគ្រីស្ដ។ ព្រលឹមឡើង ព្រះយេស៊ូយាងចេញពីក្រុងទៅកន្លែងស្ងាត់។ បណ្ដាជននាំគ្នាដើររកព្រះអង្គ។ លុះជួបហើយ គេឃាត់ព្រះអង្គឱ្យនៅជាមួយ មិនចង់ឱ្យយាងចាកចោលគេឡើយ ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំត្រូវនាំដំណឹងល្អពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅក្រុងឯទៀតៗដែរ ដ្បិតព្រះអង្គបានចាត់ខ្ញុំឱ្យមកបំពេញការនេះឯង»។ បន្ទាប់មក ព្រះយេស៊ូប្រកាសដំណឹងល្អ តាមធម្មសាលានានានៅក្នុងស្រុកកាលីឡេ។

