១៩ កញ្ញា ២០២៦

Written on 16/02/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី២៤ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ១៥,៣៥-៣៧.៤២-៤៩)

បងប្អូនជាទីស្រឡាញ់!
ប្រហែលជាមានម្នាក់ចង់សួរថា៖ «តើមនុស្សស្លាប់នឹងរស់​ឡើងវិញបែបដូចម្ដេច? តើអ្នករស់ឡើងវិញមានរូបកាយយ៉ាងណា?»។ មនុស្សឆោត​ល្ងង់អើយ! គ្រាប់ពូជដែលអ្នកសាបព្រោះហើយ វាមានជីវិតបានលុះត្រាតែវាស្លាប់សិន។ គ្រាប់ពូជដែលអ្នកសាបព្រោះទៅនោះ មិនមែនមានរូបរាងដូចដើមដែលនឹងដុះនោះ​ឡើយ គឺគ្រាន់តែជាគ្រាប់មួយ ដូចគ្រាប់ស្រូវ ឬគ្រាប់អ្វីមួយផ្សេងទៀតប៉ុណ្ណោះ​ចំណែកមនុស្សស្លាប់ដែលរស់ឡើងវិញក៏ដូច្នោះដែរ រូបកាយដែលគេកប់ក្នុងដី រមែង​តែងតែរលួយ រីឯរូបកាយដែលរស់ឡើងវិញមិនចេះរលួយទេ។ រូបកាយដែលគេកប់​ក្នុងដី ជារូបកាយដ៏ថោកទាប រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីរុងរឿង។ រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ទន់ខ្សោយ រីឯរូបកាយដែលរស់​ឡើងវិញ ជារូបកាយប្រកបដោយឫទ្ធានុភាព។ រូបកាយដែលគេកប់ក្នុងដីជារូបកាយ​ដែលធ្លាប់មានជីវិត រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយព្រះ​វិញាណ។ ប្រសិនបើមានរូបកាយដែលមានជីវិតមែន រូបកាយប្រកបដោយវិញ្ញាណ​ក៏មានដែរ។ ហេតុនេះហើយ បានជាមានចែងទុកមកថា “មនុស្សទីមួយ គឺលោកអដាំ ជាមនុស្សដែលមានជីវិត”។ រីឯលោកអដាំចុងក្រោយបង្អស់ ជាព្រះវិញ្ញាណដែលផ្ដល់​ជីវិត។ មិនមែនរូបកាយប្រកបដោយព្រះវិញ្ញាណទេដែលកើតមុន គឺរូបកាយដែល​មានជីវិតវិញឯណោះទេដែលបានកើតមុន ទើបរូបកាយប្រកបដោយព្រះវិញ្ញាណកើតមកតាមក្រោយ។ មនុស្សទីមួយកើតចេញពីដីមកមានលក្ខណៈជាដី។ រីឯមនុស្សទីពីរ​វិញកើតមកពីស្ថានបរមសុខ។ អស់អ្នកដែលកើតពីដី ក៏មានលក្ខណៈដូចអ្វីៗនៅលើដី​នេះ ហើយអស់អ្នកដែលកើតពីស្ថានបរមសុខ ក៏មានលក្ខណៈដូចព្រះអង្គដែលនៅស្ថានបរមសុខដែរ។ យើងដូចមនុស្សដែលមានលក្ខណៈជាដីយ៉ាណា យើងក៏នឹងដូចព្រះ​អង្គដែលគង់នៅស្ថានបរមសុខយ៉ានោះដែរ។

ទំនុកតម្កើងលេខ ៥៦ (៥៥) ,៤-៥.១០-១៤ក ២ បទព្រហ្មគីតិ

៤ ឱព្រះជាម្ចាស់អើយ ថ្ងៃនេះហើយខ្ញុំតក់ស្លុត  
  ភ័យខ្លាចញ័ររន្ធត់ ផ្ញើជីវិតលើព្រះអង្គ ។
៥ ខ្ញុំកោតសរសើរព្រះ បន្ទូលច្បាស់មិនដែលឆ្គង  
  ទុកចិត្តលើព្រះអង្គ ខ្ញុំគ្មានហ្មងមិនខ្លាចអ្វី ។
១០ ថ្ងៃខ្ញុំស្រែករកព្រះ ជាអម្ចាស់លើលោកា  
  សត្រូវថយគ្រប់គ្នា ខ្ញុំដឹងថាព្រះជួយខ្ញុំ ។
១១ ខ្ញុំកោតខ្លាចខ្លាំងណាស់ សន្យាច្បាស់ឥតបន្លំ  
  ព្រះបន្ទូលរងំ ធើ្វឱ្យខ្ញុំស្ញប់ស្ញែងក្រៃ ។
១២ ខ្ញុំទុកចិត្តលើព្រះ ជាអម្ចាស់រៀងរាល់ថ្ងៃ  
  មនុស្សដែលតែងតែក្ស័យ អាចធើ្វអ្វីរូបខ្ញុំបាន? ។
១៣ ឱព្រះជាម្ចាស់អើយ ពេលនេះហើយមិនហ៊ានខាន  
  ថ្វាយតង្វាយប៉ុន្មាន ដែលខ្ញុំបានពោលបែរបន់ ។
១៤ ដ្បិតទ្រង់បានរំដោះ ខ្ញុំឱ្យរស់រានមានជន្ម  
  ការពារគ្រាអាសន្ន មិនឱ្យមានអ្វីរំខាន ។
  ឱ្យខ្ញុំបានដើរឆ្ពោះ រកភក្រ្តព្រះដោយសុខសាន្ដ  
  ក្រោមពន្លឺថ្កើងថ្កាន បំភ្លឺស្ថានមនុស្សលោក ។

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (លក៨,១៥)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្ដបានសាបព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធើ្វឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គលមែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៨,៤-១៥) 

បណ្ដាលជនច្រើនកុះករចេញពីក្រុងនានាមករកព្រះយេស៊ូ។ ព្រះអង្គមានព្រះបន្ទូល​ជាប្រស្នាថា៖«មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់​ពូជខ្លះធ្លាក់ទៅលើផ្លូវត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានថ្ម កាលពន្លកដុះឡើងក៏ក្រៀមស្វិតទៅវិញ ព្រោះខ្វះទឹក។ ​មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹត​ពូជនោះមិនឱ្យដុះឡើងបាន។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជដុះឡើងឱ្យផលមួយជាមួយរយ»។ ព្រះយេស៊ូបន្លឺព្រះសូរសៀងបន្ថែមទៀតថា៖«អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ សាវ័ករបស់ព្រះយេស៊ូទូលសួរព្រះអង្គថា៖«តើពាក្យប្រស្នានោះមានន័យដូម្ដេច?»។ ព្រះអង្គមានព្រះ​បន្ទូលតបថា៖«ព្រះជាម្ចាស់បានប្រោសប្រទាន​ឱ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់​កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ។ ចំពោះអ្នកដ៏ទៃ ព្រះអង្គប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំយល់ដែរ។ រីឯប្រស្នានោះមានន័យដូចតទៅ៖គ្រាប់ពូជគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សខ្លះប្រៀបបីដូចជាផ្លូវ​ដែលគ្រាប់ពូជធ្លាក់ គេបានស្ដាប់ព្រះបន្ទូល តែមារសាតាំងមកឆក់យកពីចិត្តគេដើម្បី​កុំឱ្យគេជឿ និងកុំឱ្យគេរួចជីវិត។ មនុស្សខ្លះទៀត ប្រៀបបីដូចជាដីមានថ្ម កាលបាន​ស្ដាប់ព្រះបន្ទូលហើយ គេទទួលយកដោយអំណរ។ ប៉ុន្ដែ គេជឿតែមួយភ្លែត ពុំទុកឱ្យ​ព្រះបន្ទូលចាក់ប្ញសឡើយ នៅពេលណាមានការល្បួងគេបោះបង់ចោលជំនឿ។ គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូល តែ​ចិត្តខ្វល់ខ្វាយ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាលមករួបរឹតផលផ្លែ​មិនឱ្យទុំបានឡើយ។ រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ត រហូតដល់បានបង្កើតផល​ផ្លែជាច្រើនដោយចិត្តស៊ូទ្រាំ»។