១៦ កញ្ញា ២០២៦

Written on 16/02/2026
Sokhorn Oem

ថ្ងៃពុធ រដូវធម្មតា អាទិត្យទី២៤  ឆ្នាំ«គូ»
ពណ៌ក្រហម

បុណ្យរម្លឹក
សន្តគ័រណី ជាសម្តេចប៉ាប សន្តស៊ីព្រីយំុាង
ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី

សូមចុចទីនេះ

គ្រីស្តបរិស័ទបោះឆ្នោតជ្រើសរើសលោកគ័រណីឱ្យបំពេញមុខងារជាអភិបាលក្រុងរ៉ូម នៅឆ្នាំ ២៥១។ លោកសុខចិត្តអត់ទោសឱ្យ​គ្រីស្តបរិស័ទដែលលះបង់ចោលព្រះគ្រីស្តនៅពេលខ្មាំងបៀតបៀនធ្វើបាប ហើយដែលកែប្រែចិត្តគំនិតនៅពេលក្រោយ។ លោកជំទាស់នឹងលោកណូវ៉ាទីយាំងដែលមិនព្រមទទួលគ្រីស្តបរិស័ទទាំងនោះក្នុងព្រះសហគមន៍វិញ។ លោកស៊ីព្រីយ៉ាំងជួយគាំទ្រអភិបាលក្រុងរ៉ូមអំពីរឿងនេះ។ លោកស៊ីព្រីយាំង (២១០-២៥៨) ជាអភិបាលព្រះសហគមន៍ក្រុងការតាស្ស (ក្រុងនិស្សសព្វថ្ងៃ)។ កាលមុន លោកជាមេធាវី ហើយប្រែចិត្តជឿលើព្រះយេស៊ូ។ លោកនិពន្ធសៀវភៅជាច្រើនស្តីអំពីទេវវិទ្យា លោកកាន់វិន័យតឹងរឹងមិនព្រមទទួលស្គាល់ពិធីជ្រមុជទឹកដែលគ្រីស្តបរិស័ទបែកចេញពីព្រះសហគមន៍។ ត្រង់ចំណុចនេះ លោកក៏ជំទាស់នឹងសម្តេចប៉ាបស្ទេផាន (២៥៤-២៥៧)។ ពេលព្រះចៅរ៉ូម៉ាំងព្រះនាមឌែល បៀតបៀនធ្វើបាបសម្លាប់គ្រីស្តបរិស័ទលោករួចខ្លួនបាន។ តែនៅពេលព្រះចៅវ៉ាលេរីយ៉ាំងបៀតបៀនគ្រីស្តបរិស័ទម្តងទៀត លោកសុខចិត្តធ្វើជាសាក្សីថ្វាយព្រះគ្រីស្តនៅមុខព្រះសហគមន៍របស់លោក។ ថ្ងៃ ១៤ កញ្ញា ២៥៨ គេកាត់កលោកព្រោះលោកមិនព្រមថ្វាយសក្ការបូជាដល់ព្រះក្លែងក្លាយ។

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ១២,៣១-១៣,១៣)

បងប្អូនជាទីស្រឡាញ់!
ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានណាដែលសំខាន់ៗជាងគេ។ ខ្ញុំចង់បង្ហាញ់ប្រាប់បងប្អូនអំពីមាគ៌ាមួយទៀតដែលប្រសើរលើសលប់​បំផុត។ ទោះបីខ្ញុំចេះនិយាយភាសាចំឡែកអស្ចារ្យរបស់មនុស្សលោក និងរបស់ទេវតាក្ដី បើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំប្រៀបបីដូចជាសំឡេងគងដែលលាន់ឮឡើង ឬដូចជាស្គរដែលឮរំពងឡើងតែប៉ុណ្ណោះ។ ទោះបីខ្ញុំទទួលព្រះអំណោយទានខាងថ្លែងព្រះបន្ទូល និងស្គាល់គម្រោងការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំរហូតដល់ធើ្វឱ្យភ្នំរើពីកន្លែងមួយទៅកន្លែងមួយទៀតបានក៏ដោយ តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។ ទោះបីខ្ញុំយកទ្រព្យសម្បត្តិរបស់ខ្ញុំទាំងប៉ុន្មានទៅចែកទានក្ដី ទោះបីខ្ញុំ​សុខចិត្តឱ្យគេយករូបកាយខ្ញុំទៅដុតទាំងរស់ក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ។ អ្នកមានចិត្តស្រឡាញ់ តែងតែអត់ធ្មត់ជួយធុរៈគេ ហើយមិនចេះឈ្នានីសគេទេ។ អ្នកមានចិត្តស្រឡញ់ មិនវាយប្ញកខ្ពស់ មិនអួតបំប៉ោងឡើយ។ អ្នកមានចិត្តស្រឡាញ់​មិនប្រព្រឹត្តអំពើថោកទាប មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន មិនមួម៉ៅ មិនចងគំនុំ គ្មានអំណរដោយអំពើទុច្ចរិតទេ តែមានអំណរដោយសេចក្ដីពិតវិញ។ អ្នកមានចិត្ត​ស្រឡាញ់ អត់ឧិនក្នុងគ្រប់កាលៈទេសៈ ជឿក្នុងគ្រប់កាលៈទេសៈ សង្ឃឹមក្នុងគ្រប់កាលៈ​ទេសៈ ហើយទ្រាំទ្រក្នុងគ្រប់កាលៈទេសៈ។ សេចក្ដីស្រឡាញ់មិនបរាជ័យឡើយ។ ការថ្លែងព្រះបន្ទូលមុខជាត្រូវអស់ខ្លឹមសារ ការនិយាយភាសាចំឡែកអស្ចារ្យនឹង​ត្រូវចប់ រីឯចំណេះក៏នឹងអស់ខ្លឹមសារទៅដែរ។ សព្វថ្ងៃនេះ យើងចេះដឹងត្រឹមតែ​​​មួយផ្នែកប៉ុណ្ណោះ ហើយយើងក៏ថ្លែងព្រះបន្ទូលបានត្រឹមតែមួយផ្នែកប៉ុណ្ណោះដែរ។ ពេលបានអ្វីៗដ៏ពេញលក្ខណៈ អ្វីៗដែលមានតែមួយផ្នែកត្រូវតែអស់ខ្លឹមសារហើយ។ កាលពីក្មេង ខ្ញុំនិយាយស្ដីដូចកូនក្មេង ខ្ញុំមានគំនិតដូចជាកូនក្មេង ហើយខ្ញុំរិះគិតដូច​កូនក្មេងដែរ។ លុះខ្ញុំពេញវ័យហើយ ខ្ញុំចាត់ទុកអ្វីៗទាំងអស់ដែលជាលក្ខណៈរបស់កូន​ក្មេងថា អស់ខ្លឹមសារហើយ។ សព្វថ្ងៃនេះ យើងស្គាល់ព្រះជាម្ចាស់មិនច្បាស់ទេ គឺ​ស្គាល់ព្រាលៗ ដូចជាមើលក្នុងកញ្ចក់ នៅពេលខាងមុខ​ ទើបយើងឃើញព្រះអង្គទល់​មុខគ្នា។ សព្វថ្ងៃ ខ្ញុំស្គាល់ព្រះអង្គបានត្រឹមតែមួយផ្នែកប៉ុណ្ណោះ ពេលខាងមុខ ទើប​ខ្ញុំស្គាល់ព្រះអង្គច្បាស់ ដូចព្រះអង្គស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។ ឥឡូវនេះ មានសេចក្ដី​បី​យ៉ាងស្ថិតនៅ គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់។ ប៉ុន្ដែ សេចក្ដីស្រឡាញ់​ប្រសើរជាងគេបំផុត។

ទំនុកតម្កើងលេខ ៣៣ (៣២) ,២-៥.១២.២២​​ បទព្រហ្មគីតិ

២ ដេញពិណលើកតម្កើង ព្រះនៃយើងគ្មានអ្វីស្មើ  
  លេងចាប៉ីបណ្ដើរ ដេញបង្ហើរខ្សែដប់ថ្វាយ ។
៣ ចូរច្រៀងទំនុកថ្មី ទាំងតន្រី្ដកុំជិនណាយ  
  សូរសៀងពិរោះក្រៃ ពេលសប្បាយអបអរទ្រង់ ។
៤ ដ្បិតព្រះជាអម្ចាស់ បន្ទូលច្បាស់ពិតទៀងត្រង់  
  ព្រះអង្គតែងផ្ចិតផ្ចង់ ហើយតម្រង់តាមសន្យា ។
៥ ព្រះអង្គសព្វព្រះទ័យ នឹងសេចក្ដីពិតសត្យា  
  សុចរិតគ្រប់ប្រការ ហើយរក្សាយុត្តិធម៌ ។
  ផែនដីទាំងមូលថ្លែង ខំសម្ដែងដោយអំណរ  
  ពីហប្ញទ័យបវរ ករុណាល្អព្រះជាម្ចាស់ ។
១២ ប្រជាដែលគោរព បម្រើគ្រប់គ្មានទំនេរ  
  ទុកជាព្រះឥតប្រែ នោះជួបតែសុខគ្រប់គ្រា ។
  ជនដែលព្រះអង្គជ្រើស ឥតមានឃ្នើសជាទ្រព្យា  
  ជារាស្រ្ដផ្ទាល់អង្គា នោះមុខជារួចផុតទុក្ខ ។
២២ សូ​មព្រះជាអម្ចាស់ សម្ដែងព្រះទ័យវិសុទ្ធ  
  មេត្តាខ្ពស់បំផុត កាយជីវិតផ្ញើព្រះអង្គ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ៦,៦៣,៦៨)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ ព្រះបន្ទូលរបស់ព្រះអអង្គសុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្ដល់ជីវិតឱ្យយើងខ្ញុំ។ ព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៧,៣១-៣៥) 

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្ដាលជនថា៖«តើខ្ញុំត្រូវប្រដូចមនុស្សជំនាន់នេះ​ទៅនឹងមនុស្សប្រភេទណា? តើគេដូចនរណា? គឺគេប្រៀបបីដូចជាកូនក្មេងដែល​អង្គុយលេងនៅផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា៖«យើងបានផ្លុំខ្លុយ តែ​ពួកឯងមិនព្រមរាំ យើងបានស្មូត្របទទំនួញ តែពួកឯងក៏ពុំព្រមយំដែរ»។ យ៉ាងណាមិញ​លោកយ៉ូហានបាទីស្ដបានមក លោកតមអាហារ លោកតមសុរា តែអ្នករាល់គ្នាពោលថា៖«លោកមានខ្មោចចូល»។ រីឯបុត្រមនុស្សក៏បានមកដែរ លោកបរិភោគអាហារ និង​ពិសាសុរា តែអ្នករាល់គ្នាពោលថា៖« មើលចុះ អ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់​ជាមួយពួកទារពន្ធនិងមនុស្សបាប»។ ប៉ុន្ដែ អស់អ្នកដែលមានប្រាជ្ញាទទួលស្គាល់ថា​ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ពិតជាល្អត្រឹមត្រូវមែន»។