ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី១៩ ឆ្នាំ«គូ»
ពណ៌ក្រហម
បុណ្យរម្លឹក
សន្តម៉ាកស៊ីមីលីយាង ម៉ារីកុលបេ
ជាបូជាចារ្យ និងជាមរណសាក្សី
សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល (អគ ១៦,១-១៥.៦០.៦៣ ឬ ១៦,៥៩-៦៣)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«កូនមនុស្សអើយ! ចូរប្រាប់អ្នកក្រុងយេរូសាឡឹមឱ្យដឹងពីអំពើដ៏គួរឱ្យស្អប់ខ្ពើមដែលពួកគេបានប្រព្រឹត្ត។ ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ក្រុងយេរូសាឡឹមដូចតទៅ៖ នាងមានកំណើតនៅស្រុកកាណាន។ ឪពុករបស់នាងជាសាសន៍អាម៉ូរី ម្តាយរបស់នាងជាសាសន៍ហេត។ នៅថ្ងៃដែលនាងកើត គេមិនបានកាត់ផ្ចិតនាងទេ គេមិនបានយកទឹកមកលាងសម្អាតនាង គេមិនបានយកទឹកអំបិលមកលាបនាង ហើយគេក៏មិនបានយកសំពត់មករុំនាងដែរ។ គ្មាននរណាយកចិត្ដទុកដាក់មើលនាងទេ ហើយក៏គ្មាននរណាថែទាំនាងដែរ។ ផ្ទុយទៅវិញ នៅថ្ងៃនាងកើត គេស្អប់ខ្ពើមនាង ហើយយកនាងទៅបោះចោលនៅវាលស្រែ។ យើងដើរកាត់តាមនោះ ឃើញនាងកំពុងតែបម្រះក្នុងថ្លុកឈាម យើងក៏ប្រាប់នាងថា ចូរមានជីវិតឡើង! ទោះបីនាងស្ថិតនៅក្នុងឈាមក៏ដោយ! ចូរមានជីវិតឡើង!។ យើងធ្វើឱ្យនាងចម្រើនឡើង ដូចដំណាំលូតលាស់នៅតាមចម្ការ។ នាងក៏បានចម្រើនធំឡើងពេញរូបពេញរាង មានរូបឆោមល្អឥតខ្ចោះ។ ប៉ុន្តែ នាងគ្មានសម្លៀកបំពាក់បិទបាំងកាយទេ។ យើងបានដើរកាត់តាមនោះ ឃើញនាងពេញវ័យ ដល់ពេលមានគូស្រករហើយ យើងក៏លាតអាវធំរបស់យើងបិទបាំងរូបកាយនាង។ យើងបានសន្យាយ៉ាងឱឡារឹក ហើយចងសម្ពន្ធមេត្រីជាមួយនាង ដើម្បីឱ្យនាងបានទៅជាភរិយារបស់យើង។ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងបានយកទឹកមកលាងនាង ហើយជម្រះឈាមដែលប្រឡាក់រូបកាយនាង រួចចាក់ប្រេងក្រអូបលាបនាងទៀតផង។ យើងឱ្យនាងស្លៀកសម្លៀកបំពាក់ធ្វើពីក្រណាត់ប៉ាក់។ យើងយកស្បែកជើងដ៏ល្អវិសេសមកបំពាក់ឱ្យនាង ហើយក៏យកស្បៃដ៏ល្អប្រណីត និងអាវធំធ្វើពីសូត្រមកពាក់ឱ្យនាងដែរ។ យើងយកគ្រឿងអលង្ការមកបំពាក់ឱ្យនាង គឺមានខ្សែដៃ ខ្សែក ក្រវិល ទំហូ និងមកុដដ៏ភ្លឺផ្លេក។ នាងពាក់សុទ្ធតែមាស និងប្រាក់ ស្លៀកសម្លៀកបំពាក់ដ៏ល្អប្រណីតធ្វើអំពីសូត្រ និងក្រណាត់ប៉ាក់ដ៏មានតម្លៃ។ នាងបរិភោគសុទ្ធតែម្ហូបអាហារឆ្ងាញ់ពិសេស គឺម្ហូបធ្វើពីម្សៅម៉ដ្ឋ ទឹកឃ្មុំ និងប្រេងដ៏មានតម្លៃ។ នាងមានរូបឆោមលោមពណ៌កាន់តែស្អាតឡើងៗ ហើយបានទទួលឋានៈជាព្រះមហាក្សត្រិយានី។ កេរ្តិ៍ឈ្មោះរបស់នាងល្បីរន្ទឺសុសសាយក្នុងចំណោមប្រជាជាតិទាំងឡាយ ព្រោះនាងមានសម្ផស្សល្អឥតខ្ចោះ និងតាក់តែងខ្លួនដោយគ្រឿងអលង្ការដែលយើងប្រគល់ឱ្យ។ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ក៏ប៉ុន្តែ នាងអួតអាងលើរូបសម្បត្តិ និងកេរ្តិ៍ឈ្មោះ ហើយក្លាយទៅជាស្រីពេស្យា ដោយប្រគល់ខ្លួនឱ្យអ្នកដែលដើរកាត់មុខនាង។
ប្រសិនបើអានយ៉ាងខ្លីសូមអានត្រឹមនេះទៅ
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«យើងជាព្រះអម្ចាស់យើងនឹងប្រព្រឹត្តចំពោះនាងតាមអំពើដែលនាងបានប្រព្រឹត្ត គឺនាងបានបំភ្លេចពាក្យសន្យាដោយផ្តាច់សម្ពន្ធមេត្រីរបស់យើង។ ក៏ប៉ុន្តែ យើងនៅនឹកដល់សម្ពន្ធមេត្រីដែលយើងបានចងជាមួយនាង កាលពីនាងនៅក្មេង ហើយយើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយនាង។ នាងនឹងនឹកឃើញពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនៅពេលនាងទទួលបងស្រី និងប្អូនស្រីឱ្យនៅជាមួយ នោះនាងនឹងនឹកខ្មាស។ យើងនឹងឱ្យនាងត្រួតត្រាលើបងស្រី និងប្អូនស្រី តែពួកគេមិនចូលរួមក្នុងសម្ពន្ធមេត្រីដែលយើងចងជាមួយនាងទេ។ យើងនឹងចងសម្ពន្ធមេត្រីជាមួយនាង។ ពេលនោះ នាងនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ នាងនឹងនឹកឃើញពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនឹកខ្មាស់។ យើងនឹងលើកលែងទោសចំពោះកំហុសទាំងប៉ុន្មានដែលនាងបានប្រព្រឹត្ត ពេលនោះនាងនឹកស្តាយរកអ្វីថ្លែងពុំបាន»។ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ទំនុកតម្កើងអេសាយ ១២,២.៤-៦ បទពាក្យ ៧
| ២ | ព្រះអម្ចាស់ជាព្រះសង្គ្រោះ | ជីវិតខ្ញុំរស់ស្គាល់តែសុខ | |
| លែងភ័យលែងខ្លាចលែងកើតទុក្ខ | ពីនេះទៅមុខពឹងលើព្រះ | ។ | |
| ដ្បិតព្រះអម្ចាស់ជាកម្លាំង | ខ្ញុំអាចតតាំងអាចយកឈ្នះ | ||
| ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ | ព្រោះទ្រង់សង្គ្រោះដល់រូបខ្ញុំ | ។ | |
| ៤ | ចូរអរព្រះគុណព្រះអម្ចាស់ | ហើយចូរប្រកាសនាមព្រះអង្គ | |
| ថ្លែងស្នាព្រះហស្តអស្ចារ្យទ្រង់ | ប្រាប់ប្រជាជនផងទាំងឡាយ | ។ | |
| ៥ | ចូរស្មូត្រទំនុកតម្កើងថ្វាយ | ព្រះអម្ចាស់ថ្លៃគ្រប់ៗកាយ | |
| ដ្បិតការអស្ចារ្យច្រើនពេកក្រៃ | ឱ្យមនុស្សលើដីបានដឹងផង | ។ | |
| ៦ | អុះឱ! អ្នកក្រុងស៊ីយ៉ូនអើយ | ចូរកុំកន្តើយស្រែករំពង | |
| ដោយអរសប្បាយដ្បិតព្រះអង្គ | វិសុទ្ធឥតហ្មងព្រះនៃយើង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ថស២,១៣
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរបងប្អូនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ កុំចាត់ទុកថាជាពាក្យសម្តីរបស់មនុស្ស គឺព្រះអង្គមានព្រះបន្ទូលមកបងប្អូនមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៩,៣-១២)
មានពួកខាងគណៈផារីស៊ីចូលមកជិតព្រះយេស៊ូ ហើយទូលសួរព្រះអង្គក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖«តើស្វាមីមានសិទ្ធិនឹងលែងភរិយាដោយសំអាងលើមូលហេតអ្វីក៏ដោយបានឬមិនបាន?»។ ព្រះអង្គមានព្រះបន្ទូលតបថា «អ្នករាល់គ្នាធ្លាប់អានគម្ពីរ រួចមកហើយថា កាលដើមដំបូងព្រះជាម្ចាស់បានបង្កើតមនុស្សមកជាបុរស ជាស្ត្រី» រួចព្រះអង្គមានព្រះបន្ទូលថា «ហេតុនេះហើយ បានបុរសត្រូវចាកចេញពីឪពុកម្តាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។ គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ពួកគេទូលសួរព្រះអង្គថា៖«ចុះហេតុដូចម្តេចបានជាលោកម៉ូសេបញ្ជាឱ្យស្វាមីធ្វើលិខិតលែងលះភរិយា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«លោកម៉ូសេអនុញ្ញាតឱ្យអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្តរឹងរូស តែកាលដើមឡើយ មិនមែនដូច្នោះទេ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា (លើកលែងតែរួមរស់ជាមួយគ្នាដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្រ្តីម្នាក់ទៀត បុរសនោះជាអ្នកប្រព្រឹត្តអំពើផិតក្បត់»។ សាវ័កនាំគ្នាទូលព្រះអង្គថា៖«បើមានល័ក្ខខ័ណ្ឌរវាងប្តីប្រពន្ធបែបនេះ គួរកុំរៀបការប្រសើរជាង»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖«មនុស្សគ្រប់រូបពុំអាចយល់សេចក្តីនេះបានឡើយ គឺមានតែអ្នកដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យយល់ប៉ុណ្ណោះ ទើបអាចយល់បាន។ អ្នកខ្លះមិនអាចរៀបការបានមកពីកំណើត អ្នកខ្លះទៀតមិនអាចរៀបការបាន មកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀបការ មកពីគេយល់ដល់ព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតឱ្យយល់ចុះ!»។

