២២ សីហា ២០២៦

Written on 13/02/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី២០ ឆ្នាំ«គូ»
ពណ៌ស

បុណ្យរម្លឹក
ព្រះនាងម៉ារី ជាព្រះមហាក្សត្រីយានី

សូមចុចទីនេះ

ដោយព្រះនាងម៉ារីមានបុត្រដែលជា “ព្រះគ្រីស្ត និងជាព្រះអម្ចាស់” គឺដូចជាព្រះមហាក្សត្រនៃពិភពលោកដែរ។ គ្រីស្តបរិស័ទយល់ឃើញថា ព្រះនាងក៏ជាព្រះមហាក្សត្រីយានីដូចក្សត្រីដទៃដែរ។ នៅថ្ងៃនេះ ព្រះសហគមន៍នាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ដែលសង្គ្រោះមនុស្សលោក ដែលមានព្រះនាងម៉ារីជាតំណាង។

សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល (អគ ៤៣,១-៧ក)

បុរសដែលព្រះជាម្ចាស់ចាត់ឱ្យមក នាំខ្ញុំទៅកាន់ខ្លោងទ្វារខាងកើត។ ពេលនោះ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលបណ្តែតមក ពីទិសខាងកើត មានសន្ធឹកដូច​មហាសាគរ ហើយផែនដីភ្លឺដោយសិរីរុងរឿងរបស់ព្រះអង្គ។ និមិត្តហេតុដែលខ្ញុំឃើញ​នៅពេលនោះ ក៏ដូចនិមិត្តហេតុដែលខ្ញុំបានឃើញនៅពេលព្រះអង្គយាងមកកម្ទេចក្រុងយេរូសាឡឹម។ និមិត្តហេតុទាំងពីរនេះ ក៏ដូចជានិមិត្តហេតុដែលខ្ញុំបានឃើញនៅមាត់ទន្លេកេបារដែរ។ ពេលនោះខ្ញុំក្រាបចុះឱនមុខដល់ដី។ សិរីរុងរឿងរបស់ព្រះអម្ចាស់អណ្តែតចូលមកក្នុងព្រះដំណាក់តាមទ្វារខាងកើត។ ព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយយកខ្ញុំទៅដាក់កណ្តាលទីលានខាងក្នុង។ សិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះដំណាក់។ ពេលបុរសនោះនៅក្បែរខ្ញុំ ខ្ញុំឮព្រះសូរសៀងចេញពីព្រះដំណាក់មកកាន់ខ្ញុំថា៖«កូនមនុស្សអើយ! កន្លែងនេះជាបល្ល័ង្ករបស់​យើង និងជាកន្លែងដាក់ជើងរបស់យើងផង។ យើងនឹងស្ថិតនៅកន្លែងនេះជាមួយ​ជនជាតិអ៊ីស្រាអែលរហូតតទៅ»។

ទំនុកតម្កើងលេខ ៨៥ (៨៤),៩កខ,១០-១៤ បទកាកគតិ

៩ក យើងខ្ញុំត្រង់ត្រាប់ ត្រចៀកប្រុងស្តាប់ បន្ទូលព្រះអង្គ
  ទ្រង់នឹងប្រទាន ខ សុខសាន្តគ្មានហ្មង លើរាស្ត្រទ្រង់ផង
    ដែលមិនលេលា
១០ ក្នុងពេលឆាប់ៗ ទ្រង់នឹងប្រញាប់ ជួយយើងរាល់គ្នា
  ដល់អ្នកកោតខ្លាច ព្រះអង្គគ្រប់គ្រា សិរីមហិមា
    នៅលើដីយើង
១១ ទ្រង់មានព្រះទ័យ សប្បុរសថ្លាថ្លៃ បារមីរុងរឿង
  ព្រះអង្គស្មោះស្ម័គ្រ ករុណាមិនឆ្មើង យុត្តិធម៌កើតឡើង
    នៅលើលោកីយ៍
១២ សេចក្តីទៀងត្រង់ ចាប់ដុះរហង់ ពាសពេញផែនដី
  សេចក្តីសុចរិត ក៏លាស់ជាថ្មី ពីសួគ៌ាល័យ
១៣ ព្រះអម្ចាស់ផ្ទាល់ ប្រទានមង្គល ឱ្យយើងគ្រប់គ្នា
  ចំណែកផែនដី បង្កើតផលា ភោគផលផ្លែផ្កា
    សំបូរមិនខ្វះ
១៤ សេចក្តីសុចរិត យុត្តិធម៌ប្រណីត នៅមុខព្រះម្ចាស់
  សុខសាន្តតាមដាន រៀបផ្លូវថ្វាយព្រះ ឥតមានក្រឡះ
    សុខសាន្តរហូត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ២៣,៩,១០)

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នករាល់គ្នាមានព្រះបិតាតែមួយព្រះអង្គគត់ គឺព្រះបិតាដែលគង់នៅស្ថានបរមសុខ។ អ្នករាល់គ្នាក៏មានព្រះបរមគ្រូតែមួយគត់ គឺព្រះគ្រីស្ត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២៣,១-១២) 

ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជន និងក្រុមសាវ័កថា៖«ពួក​ធម្មចារ្យ និងពួកខាងគណៈផារីស៊ីមានភារកិច្ចបង្រៀនធម្មវិន័យរបស់លោកម៉ូសេ។ អ្វីៗដែលគេបង្រៀនអ្នករាល់គ្នាចូរស្តាប់ ហើយយកទៅប្រតិបត្តិតាមទៅ តែកុំយកតម្រាប់តាមអំពើដែលគេប្រព្រឹត្តឡើយ ដ្បិតគេមិនប្រតិបត្តិតាមសេចក្តីដែលគេ​បង្រៀននោះទេ។ អ្នកទាំងនោះបានបង្កើតវិន័យយ៉ាងតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយមិនជួយសម្រាលបន្ទុកនោះទេ សូម្បីតែបន្តិចក៏មិនជួយផង។ គេធ្វើកិច្ចផ្សេងៗដើម្បីឱ្យមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់កាន់តែធំឡើងៗ និងធ្វើខ្សែរំយោលនៅជាយអាវកាន់តែវែងឡើងៗដែរ។ ពួកគេចូលចិត្តកន្លែងកិត្តិយសក្នុងពិធីជប់លៀង ហើយ​រើសកន្លែងអង្គុយនៅមុខគេក្នុងធម្មសាលា។ ពួកនេះចូលចិត្តឱ្យគេឱនកាយគោរពនៅតាមផ្សារ និងឱ្យគេហៅខ្លួនថា “លោកគ្រូ”។ រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេ​ឱ្យហៅខ្លួនថា “លោកគ្រូ”សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “ព្រះបរមគ្រូ”តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។ កុំហៅនរណាម្នាក់នៅលើផែនដីនេះថា “លោកឪពុក”ឱ្យសោះ ដ្បិតអ្នករាល់គ្នាមាន “ឪពុក” តែមួយគត់ គឺព្រះបិតាដែលគង់​នៅស្ថានបរមសុខ។ កុំឱ្យគេហៅអ្នករាល់គ្នាថា “អ្នកណែនាំ” ឡើយ ដ្បិតមានព្រះគ្រីស្តតែមួយព្រះអង្គប៉ុណ្ណោះដែលណែនាំអ្នករាល់គ្នា។ ក្នុងចំណោមអ្នករាល់គ្នា អ្នក​ណាមានឋានៈធំជាងគេ ត្រូវឱ្យអ្នកនោះបម្រើអ្នករាល់គ្នា អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។