ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី២០ ឆ្នាំ«គូ»
ពណ៌ស
បុណ្យរម្លឹក
សន្តប៊ែរណា ជាចៅអធិការ
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
លោកប៊ែរណា (១០៩០-១១៥៣) បានចូលបួសនៅអារាមស៊ីតូ (ប្រទេសបារាំង) ជាមួយអ្នកស្ម័គ្រចិត្តសាមសិបនាក់។ លោកធ្លាប់ស្មឹងស្មាធិ៍ នឹកសញ្ជឹងគិតយ៉ាងជ្រៅបំផុតអំពីអាថ៌កំបាំងរបស់ព្រះជាម្ចាស់។ លោកនិពន្ធសៀវភៅជាច្រើនដើម្បីបកស្រាយទាំងទេវវិជ្ជាយ៉ាងជ្រៅដែរ។ លោកធ្វើអន្តរាគមន៍នៅគ្រប់កន្លែងដែលព្រះសហគមន៍ត្រូវការ ជាពិសេសជួយឃោសនាឱ្យស្តេចអឺរ៉ុបយាងទៅដណ្តើមស្រុកដែលមានថ្នូររបស់ព្រះគ្រីស្តមកត្រួតត្រាវិញ។ គេជ្រើសរើសលោកឱ្យធ្វើជាចៅអធិការអារាមនៅភូមិក្លែវ៉ូ (ប្រទេសលុចសំបួរ)។ លោកបានបង្កើតអារាមហុកសិបប្រាំទៀត ហើយលោកចេះតែធ្វើដំណើរទៅប្រកាសដំណឹងល្អដែរ។ លោកធ្វើជាទីប្រឹក្សាសម្តេចប៉ាប និងព្រះមហាក្សត្រជាច្រើនអង្គ ទាំងហ៊ានស្តីបន្ទោសស្តេចដែលប្រព្រឹត្តអំពើអយុត្តិធម៌ លោកមានឈ្មោះល្បីដោយបាននិពន្ធអត្ថបទជាច្រើនកោតសរសើរព្រះនាងម៉ារី។
សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល (អគ ៣៦,២៣-២៨)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«យើងនឹងសម្តែងបារមីឱ្យប្រជាជាតិនានាស្គាល់នាមដ៏វិសុទ្ធរបស់យើង គឺនាមដែលអ្នករាល់គ្នាបានបង្អាប់បង្អោនក្នុងចំណោមប្រជាជាតិទាំងនោះ។ ពេលណាយើងសម្តែងភាពដ៏វិសុទ្ធរបស់យើងក្នុងចំណោមអ្នករាល់គ្នាឱ្យប្រជាជាតិទាំងនោះឃើញ ពេលនោះពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន! នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងនឹងយកអ្នករាល់គ្នាចេញពីចំណោមប្រជាជាតិទាំងឡាយ យើងនឹងប្រមូលអ្នករាល់គ្នាពីគ្រប់ស្រុក ឱ្យវិលត្រឡប់មកមាតុភូមិវិញ។ យើងនឹងប្រោះទឹកដ៏បរិសុទ្ធលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ។ យើងនឹងជម្រះអ្នករាល់គ្នាឱ្យបានស្អាតបរិសុទ្ធ ផុតពីអំពើសៅហ្មងទាំងឡាយ លែងឱ្យអ្នករាល់គ្នាជាប់ចិត្តនឹងព្រះក្លែងក្លាយទាំងប៉ុន្មាន។ យើងនឹងប្រគល់ចិត្តគំនិតថ្មីឱ្យអ្នករាល់គ្នា ហើយដាក់វិញ្ញាណថ្មីក្នុងអ្នករាល់គ្នា។ យើងនឹងដកចិត្តរឹងដូចថ្មចេញពីអ្នករាល់គ្នា រួចឱ្យអ្នករាល់គ្នាមានចិត្តអាណិតអាសូរវិញ។ យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាអាចធ្វើតាមដំបូន្មាន ហើយកាន់តាមវិន័យរបស់យើង។ អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឱ្យដូនតាអ្នករាល់គ្នា អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា»។
ទំនុកតម្កើងលេខ ៥១ (៥០),១២-១៥.១៨-១៩ បទពាក្យ ៧
| ១២ | ឱព្រះជាអម្ចាស់ខ្ញុំអើយ | សូមជួយប្រោសឱ្យបរិសុទ្ធ | |
| បង្កើតចិត្តថ្មីមាំមោះមុត | រឹងប៉ឹងបំផុតដល់ខ្ញុំផង | ។ | |
| ១៣ | សូមកុំបោះបង់រូបខ្ញុំចោល | ឱ្យនៅតែលតោលឆ្ងាយព្រះអង្គ | |
| កុំដកវិញ្ញាណដ៏ត្រចង់ | វិសុទ្ធព្រះអង្គពីខ្ញុំឡើយ | ។ | |
| ១៤ | សូមប្រោសឱ្យខ្ញុំអរសប្បាយ | ព្រោះព្រះម្ចាស់ថ្លៃសង្គ្រោះហើយ | |
| សូមគាំទ្រខ្ញុំកុំកន្តើយ | ដោយប្រទានឱ្យធ្វើតាមផង | ។ | |
| ១៥ | រូបខ្ញុំនឹងខំប្រៀនប្រដៅ | មនុស្សពាលកម្លៅមិនឱ្យហ្មង | |
| ឱ្យស្គាល់មាគ៌ាដ៏ត្រចង់ | របស់ព្រះអង្គជាដរាប | ។ | |
| ១៨ | ព្រះអង្គមិនដែលសព្វព្រះទ័យ | ឱ្យដាក់យញ្ញថ្វាយច្រើនឬតិច | |
| ទោះតង្វាយដុតទាំងមូលស្រេច | ក៏ទ្រង់គ្មានកិច្ចចង់បានដែរ | ។ | |
| ១៩ | យញ្ញដែលព្រះអង្គសព្វព្រះទ័យ | ឱ្យរូបខ្ញុំថ្វាយរាល់ថ្ងៃខែ | |
| គឺចិត្តសោកសៅទុក្ខឥតល្ហែ | និងចិត្តកែប្រែលែងក្អេងក្អាង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន៩៥,៨)
អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២២,១-១៤)
ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាថា៖«ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបាននឹងស្តេចមួយអង្គដែលរៀបវិវាហមង្គលការព្រះរាជបុត្រ។ ព្រះរាជាចាត់រាជបម្រើឱ្យទៅអញ្ជើញភ្ញៀវមកជប់លៀងក្នុងឱកាសមង្គលការនោះ តែគ្មាននរណាមកសោះ។ ព្រះអង្គចាត់រាជបម្រើផ្សេងទៀតឱ្យទៅជម្រាបភ្ញៀវថា “យើងបានរៀបចំភោជនាហារសម្រាប់ជប់លៀង គឺបានសម្លាប់គោ និងសម្លាប់សត្វដែលបានបំប៉ននោះរួចរាល់អស់ហើយ សូមអញ្ជើញមកពិសារចុះ!”។ ប៉ុន្តែ ភ្ញៀវមិនរវីរវល់អើពើឡើយ អ្នកខ្លះទៅចម្ការ អ្នកខ្លះទៅធ្វើជំនួញ អ្នកខ្លះទៀតចាប់ពួករាជបម្រើវាយធ្វើបាប ព្រមទាំងសម្លាប់ចោលថែមទៀត។ ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានឱ្យទៅប្រហារជីវិតឃាតករទាំងនោះ ហើយដុតកម្ទេចស្រុកភូមិរបស់គេផង។ បន្ទាប់មក ទ្រង់មានរាជឱង្កាទៅពួករាជបម្រើថា “យើងបានរៀបចំពិធីមង្គលការរួចស្រេចហើយ ប៉ុន្តែ ភ្ញៀវទាំងនោះមិនសមនឹងមកចូលរួមទេ។ ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយអញ្ជើញមនុស្សទាំងអស់ដែលអ្នករាល់គ្នាជួបឱ្យមកជប់លៀង”។ ពួករាជបម្រើកក៏ចេញទៅតាមផ្លូវប្រមូលមនុស្សម្នាដែលគេបានជួបទាំងប៉ុន្មានមក ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ។ ពេលនោះ មានភ្ញៀវពេញរោងការ។ ព្រះរាជាយាងចូលមកមើលភ្ញៀវនៅក្នុងរោងការ ទតឃើញបុរសម្នាក់ស្លៀកពាក់មិនត្រូវនឹងរបៀបពិធីការ ទ្រង់ក៏មានរាជឱង្ការទៅអ្នកនោះថា “សម្លាញ់អើយ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សម្រាប់មង្គលការដូច្នេះ?”។ បុរសនោះរកនិយាយអ្វីមិនចេញឡើយ។ ព្រះរាជាបង្គាប់ទៅពួករាជបម្រើថា៖ “ចូរចងដៃ ចងជើងអ្នកនេះ សែងយកទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោកខឹងសង្កៀតធ្មេញនោះទៅ!”»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖«ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ តែព្រះអង្គជ្រើសរើសយកបានចំនួនតិចទេ»។

