១៥ សីហា ២០២៦

Written on 13/02/2026
Sokhorn Oem

បុណ្យឱឡារិក ព្រះជាម្ចាស់លើកតម្កើង
ព្រះនាងម៉ារីឡើងស្ថានបរមសុខ ពណ៌ស

គ្រីស្តបរិស័ទគោរពថ្វាយបង្គំព្រះយេស៊ូគ្រីស្តតែមួយព្រះអង្គគត់ ទុកជាព្រះសង្គ្រោះរបស់ខ្លួន និងរបស់មនុស្សលោក។ តាំងពីដើមរៀង​មក គ្រីស្តបរិស័ទក៏តែងតែគោរពព្រះនាងម៉ារីក្នុងឋានៈជាព្រះមាតារបស់ព្រះយេស៊ូ ដែលជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ពេលបុណ្យគោរពព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងឋានបរមសុខ ព្រះសហគមន៍លើកតម្កើងការសង្គ្រោះរបស់ព្រះយេស៊ូ គឺព្រះអង្គបានប្រោសឱ្យព្រះមាតាទៅនៅជាមួយព្រះអង្គ ទាំងរូបកាយទាំងវិញ្ញាណ។ ព្រះនាងម៉ារីជាតំណាងរបស់ព្រះសហគមន៍ទាំងមូល ព្រះនាងបានទទួលសិរីរុងរឿងពីព្រះគ្រីស្តមុនគ្រីស្តបរិស័ទឯទៀតៗទាំងអស់ ព្រោះព្រះនាងមានជំនឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរួមជាមួយព្រះយេស៊ូយ៉ាងជិតស្និទ្ធជាងគេ។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫ​ទ័យ លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ទាំងរូបកាយទាំងវិញាណ គឺព្រះអង្គបានប្រោសព្រះនាងម៉ារីមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឋានៈជាព្រះមាតានៃព្រះបុត្រាព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យផ្ចង់ចិត្តនឹងសម្បត្តិសួគ៌ សូមឱ្យយើងខ្ញុំបានទទួលសិរីរុងរឿងរួមជាមួយព្រះនាងនៅថ្ងៃណាមួយផង។

សូមថ្លែងព្រះគម្ពីរវិវរណៈ វវ ១១,១៩; ១២,១-៦.១០

ពេលនោះ ទ្វារព្រះវិហាររបស់ព្រះជាម្ចាស់នៅស្ថានបរមសុខក៏បើកចំហឡើង ហើយហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គក៏លេចមកនៅក្នុងព្រះវិហារ ហើយក៏មានផ្លេកបន្ទោរ មានឮសូរសំឡេងផ្គរលាន់ មានរញ្ជួយផែនដី និងមានព្រិលធ្លាក់មកយ៉ាងខ្លាំងផងដែរ។ ពេលនោះ មានទីសម្គាល់មួយយ៉ាងធំលេចចេញមកនៅលើមេឃ គឺមានស្ត្រីម្នាក់ស្លៀកពាក់ព្រះអាទិត្យបិទបាំងកាយ មានព្រះច័ន្ទនៅក្រោមជើង ព្រមទាំងមានពាក់ផ្កាយដប់ពីរជាមកុដនៅលើក្បាលផង។ ស្ត្រីនោះមានផ្ទៃពោះ ហើយកំពុងស្រែកឈឺចុកចាប់ហៀបនឹងសម្រាលបុត្រ។ មានទីសម្គាល់មួយទៀតលេចចេញមកលើមេឃដែរ គឺមាននាគមួយយ៉ាងធំ សម្បុរក្រហមឆ្អិនឆ្អៅដូចភ្លើង។ នាគនោះមានក្បាលពីរ និងមានស្នែងដប់ ហើយនៅលើក្បាលទាំងប្រាំពីររបស់វាមានមកុដប្រាំពីរដែរ។ កន្ទុយវាកៀរប្រមូលផ្កាយនៅលើមេឃមួយភាគបីទម្លាក់មកផែនដី។ នាគមកពេននៅមុខស្ត្រីដែលហៀបនឹងសម្រាលបុត្រ ចាំត្របាក់លេបបុត្រនៅពេលបុត្រនោះកើតមក។ នាងសម្រាលបានបុត្រមួយ ដែលត្រូវកាន់ដំបងដែកដឹកនាំជាតិសាសន៍ទាំងអស់។ ក៏ប៉ុន្តែ ព្រះជាម្ចាស់បានឆក់យកបុត្រនោះឡើងទៅជាមួយព្រះអង្គ គឺនៅជិតបល្ល័ង្ករបស់ព្រះអង្គ។ រីឯស្ត្រីវិញ នាងរត់ភៀសខ្លួនទៅនៅវាលរហោស្ថាន ត្រង់កន្លែងដែលព្រះជាម្ចាស់បានរៀបចំទុក។ ពេលនោះខ្ញុំបានឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងនៅលើមេឃថា៖«ឥឡូវនេះដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើងព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ»។

ទំនុកតម្កើងលេខ ៤៥​ (៤៤),១១-១៦ បទព្រហ្មគីតិ

១១ ព្រះម្ចាស់ក្សត្រីយ៍អើយ កុំកន្តើយសណ្តាប់ខ្ញុំ  
  កុំនឹកនាពួនយំ ដល់រាជវង្សព្រះនាងអី
១២ សូមឱ្យមហាក្សត្រ បានគាប់ចិត្តអង្គក្សត្រីយ៍  
  បង្គំគាល់ក្រាបថ្វាយ កុំនឿយណាយទ្រង់ជាម្ចាស់
១៣ អ្នកមានក្រុងទីរ៉ុស ទាំងស្រីប្រុសមានច្រើនណាស់  
  នាំតង្វាយទាំងអស់ តម្រង់ឆ្ពោះផ្គាប់ក្សត្រី
១៤ ព្រះនាងគង់នៅក្នុង ព្រះរាជវាំងសុខពេកក្រៃ  
  រូបឆោមស្រស់ឥតបី ព្រះភូសារំលេចមាស
១៥ គេដង្ហែព្រះនាង ចូលក្នុងវាំងមនុស្សដេរដាស  
  ភីលៀងមានច្រើនណាស់ ហែទៅគាល់ព្រះរាជា
១៦ ព្រះនាងចូលទៅកាន់ វិមានស្ថានអង្គក្សត្រា  
  អស់ទាំងរាស្រ្តប្រជា គ្រប់ៗគ្នារីករាយក្រៃ

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ១៥,២០-២៧)

 បងប្អូនជាទីស្រឡាញ់!
ព្រះគ្រីស្តពិតជាទទួលព្រះជន្មថ្មីដ៏រុងរឿងមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គទទួលព្រះជន្មថ្មីដ៏រុងរឿងមុនគេបង្អស់។ បើមនុស្សលោកត្រូវស្លាប់ព្រោះតែមនុស្សម្នាក់ គេក៏នឹងរស់ឡើងវិញដោយសារតែមនុស្សតែម្នាក់ដែរ។ មនុស្សទាំងអស់បានស្លាប់រួមជាមួយលោក​អដាំយ៉ាងណា គេក៏នឹងរស់ឡើងវិញរួមជាមួយព្រះគ្រីស្តយ៉ាងនោះដែរ ម្នាក់ៗតាមលំដាប់លំដោយ គឺព្រះគ្រីស្តទទួលព្រះជន្មដ៏ថ្មីរុងរឿងមុនគេបង្អស់​ បន្ទាប់មក អស់អ្នកដែលជាសាវ័ករបស់ព្រះគ្រីស្តនឹងរស់ឡើងវិញនៅពេលព្រះអង្គយាងមកដល់។ បន្ទាប់មកទៀត នឹងដល់អវសានកាល គឺនៅពេលនោះ ព្រះគ្រីស្តនឹងប្រគល់ព្រះរាជ្យថ្វាយព្រះជាម្ចាស់ជាព្រះបិតា ក្រោយពីបានរំលំរាជ្យអំណាច និងឫទ្ធិទាំងប៉ុន្មានរួចស្រេចហើយ។ ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទំរាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មានមកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ។ សត្រូវចុងក្រោយបង្អស់ដែលនឹងត្រូវរំលាយចោលនោះ គឺសេចក្តីស្លាប់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ទ្វារស្ថានបរមសុខបើកហើយ! នៅថ្ងៃនេះ ព្រះនាងម៉ារីទទួលសិរីរុងរឿងពីព្រះអម្ចាស់ហើយ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១,៣៩-៥៦)

នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយនៅតំបន់ភ្នំក្នុងស្រុកយូដា។ នាងបានចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាប់សួរនាងអេលីសាបិត។ ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបម្រះឡើង ហើយគាត់ក៏បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ រួចបន្លឺសំឡេងឡើងថា៖ “ព្រះជាម្ចាស់បានប្រទានដល់នាងលើសស្ត្រីនានា ហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។ តើរូបខ្ញុំនេះមានឋានៈអ្វី? បានជាមាតាព្រះអម្ចាស់របស់ខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ?។ កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបម្រះឡើងដោយអំណរសប្បាយ នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាង មុខជាបានសម្រេចមិនខាន”។ ពេលនោះ នាងម៉ារីថ្លែងឡើងថា៖ “ព្រលឹងខ្ញុំសូមលើកតម្កើងព្រះជាម្ចាស់ ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើងខ្ញុំ ព្រះអង្គទតមកមើលទុក្ខវេទនានៃអ្នកបម្រើរបសព្រះអង្គ។ អំណើះតទៅមនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន ព្រះដ៏មានឫទ្ធានុភាពបានសម្តែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមព្រះអង្គពិតជាវិសុទ្ធមែន! ទ្រង់មានព្រះហឫទ័យមេត្តាករុណាដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ។ ទ្រង់បានសម្តែងឫបារមីកំចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូរណ៍ដល់អ្នកដែលស្រែកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃ​ទទេ។ ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្តែងព្រះហឫទ័យមេត្តាករុណាដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើងឥតភ្លេចសោះឡើយ។ នាងម៉ារីបានស្នាក់នៅជាមួយនាងអេលីសាបិតអស់រយះពេលប្រមាណបីខែទើបនាងត្រឡប់ទៅផ្ទះវិញ”។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យលើកព្រះនាងម៉ារីឡើងស្ថានបរមសុខ និងឱ្យព្រះនាងទទួលសិរីរុងរឿងរបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួលពាក្យអង្វររបស់យើងខ្ញុំ រួមនិងតង្វាយទាំងនេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗ និងផ្ចង់ចិត្តទៅលើសម្បត្តិសួគ៌ផង។

ធម៌លើកតម្កើង

បពិត្រព្រះជាម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ! ជាព្រះដែលគង់នៅអស់កល្បជានិច្ច និងដែលមានតេជានុភាពសព្វប្រការ យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។ នៅថ្ងៃនេះ ព្រះអង្គបានលើកព្រះនាងម៉ារីជាព្រះមាតារបស់ព្រះជាម្ចាស់ឡើងស្ថានបរមសុខ និងប្រទានសិរីរុងរឿងឱ្យព្រះនាងដែរ។ ព្រះនាងម៉ារីពិតជាតំណាងនៃព្រះសហគមន៍ ព្រះនាងបានទទួលសិរីរុងរឿងមុនគ្រីស្តបរិស័ទឯទៀតៗ។ ដោយព្រះអង្គប្រោសព្រះនាង ដូច្នេះ សូមពង្រឹងសេចក្តីសង្ឈឹមនៃប្រជារាស្ត្រព្រះអង្គ ដែលនៅតែបន្តដំណើរក្នុងលោកនេះ។ ព្រះអង្គបានប្រោសរូបកាយព្រះមាតានៃព្រះបុត្រាព្រះអង្គដែលប្រទានជីវិតថ្មីឱ្យមនុស្សលោកមិនឱ្យរលួយ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយនៅស្ថានបរមសុខ ដើម្បីប្រកាសថា “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

ពាក្យអរព្រះគុណ

បពិត្រព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានសម្រេចការអស្ចារ្យចំពោះមនុស្សលោក ដោយលើកព្រះនាងម៉ារីដែលជាមនុស្សដូចយើងខ្ញុំឡើងស្ថានបរមសុខ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យយកតំរាប់ធ្វើតាមព្រះនាងម៉ារី ក្នុងគ្រប់កិច្ចការប្រចាំជីវិតជារៀងរាល់ថ្ងៃ។ សូមប្រោសយើងខ្ញុំឱ្យរស់ឡើងវិញ និងបានសិរីរុងរឿងដូចព្រះនាងផង។